មហារីកសុដន់គឺជាជំងឺមហារីកមួយដែលវិវត្តមិនប្រក្រតីចេញពីជាលិកាសុដន់។ នៅប្រទេសកម្ពុជាមហារីកសុដន់ ត្រូវបានចាត់ទុកជាប្រភេទជំងឺដែលកើតលើស្ត្រីក្នុងកម្រិតខ្ពស់បំផុត ។ អត្រានេះ មិនខុសពីស្ថានភាពនៃស្ត្រីដែលប្រឈមនឹងការកើតជំងឺមហារីកសុដន់នៅទូទាំងសកលលោកនោះឡើយ។ គិតត្រឹមឆ្នាំ២០២០ មានស្រ្តីប្រមាណ១២,៥% ដែលទទួលរងពីជំងឺមហារីកសុដន់ នៅលើពិភពលោក។ នៅសហរដ្ឋអាមេរិកជំងឺមហារីកសុដន់ត្រូវបានរកឃើញលើស្ត្រីប្រមាណ៣០%។
តើជំងឹមហារីកសុដន់អាចបណ្តាលមកពីអ្វី?
ជំងឺមហារីកសុដន់មិនមានមូលហេតុណាមួយច្បាស់លាស់បានបញ្ជាក់ទេ តែវាអាចបណ្តាលមកពីកត្តាតំណពូជ និងកត្តាជុំវិញខ្លួន ។ មហារីកសុដន់ច្រើនកើតលើស្ត្រីដែលមានអាយុចាប់ពី៥០ឆ្នាំឡើងទៅ។
កត្តាប្រឈមមុខនឹងជំងឺមហារីកសុដន់
- ស្រ្តីដែលធាត់លើសទម្ងន់
- ស្ត្រីមិនសូវធ្វើលំហាត់ប្រាណ
- ស្ត្រីដែលទទួលទានគ្រឿងស្រវឹងច្រើន
- ស្ត្រីដែលមានរដូវដំបូងមុនអាយុ១២ឆ្នាំ
- ស្ត្រីមានកូននៅអាយុច្រើនជាង៣៥ឆ្នាំ ឬ មិនធ្លាប់មានកូន
- ស្រីធ្លាប់មានម្តាយ ឬ បងស្រី មានជំងឺមហារីកសុដន់ពីមុន
- ស្រ្តីដែលប្រើប្រាស់ថ្នាំអ័រម៉ូនព្យាបាលកំឡុងពេលអស់រដូវ
- ៥ ទៅ ១០% បណ្តាលមកពីតំណពូជ
រោគសញ្ញាជំងឺមហារីកសុដន់
ជំងឺមហារីកសុដន់ស្តែងនូវអាការៈទៅតាមដំណាក់កាល ដូចជា ៖
+ ដំណាក់កាលដំបូងមិនមានរោគសញ្ញាកត់សម្គាល់ទេ
+ ដំណាក់កាលបន្ទាប់មានដូចជា ៖
មានដុំនៅសុដន់
ផ្លាស់ប្តូររូបរាងសុដន់ ឬ ខូចទ្រង់ទ្រាយសុដន់
មានហើមកូនកណ្តុរ
មានវត្ថុរាវចេញពីចុងសុដន់
មានស្នាមក្រហមនៅសុដន់
ពិបាកដកដង្ហើម ហត់
ឈឺចាប់ទៅតាមឆ្អឹង
+ ដំណាក់កាលចុងក្រោយអាចរីករាលដាលទៅដល់សរីរាង្គផ្សេងៗ ដូចជា ៖
សួត អាចឱ្យមានភាពហត់
ថ្លើម អាចឱ្យមានការទាចទឹក
ឆ្អឹង អាចឱ្យមានការឈឺចាប់ខ្លាំង
ការធ្វើរោគវិនិច្ឆ័យជំងឺមហារីកសុដន់
ជំងឺមហារីកសុដន់អាចធ្វើរោគវិនិច្ឆ័យបានតាមរយៈការច្រិបសាច់យកទៅពិនិត្យនៅមន្ទីរពិសោធន៍ (Tissue biopsy) ការថតសុដន់ (Mammography) និងអេកូសាស្រ្ត ។
ការព្យាបាលជំងឺមហារីកសុដន់
មហារីកសុដន់ជាជំងឺដែលពិបាកព្យាបាលបើយើងធ្វើការព្យាបាលមិនបានទាន់ពេលវេលា និងត្រឹមត្រូវជាមួយក្រុមគ្រូពេទ្យជំនាញ ។ មហារីកសុដន់មិនមែនជាជំងឺឆ្លងទេ តែវាអាចជាជំងឺតំណពូជ ។ ការព្យាបាលជំងឺមហារីកសុដន់អាចនឹងជាសះស្បើយនៅដំណាក់កាលទី១ ទី២ និងទី៣ ប្រសិនជាអ្នកជំងឺមកទទួលការព្យាបាលទាន់ពេលវេលា និងត្រឹមត្រូវ ។ ប៉ុន្តែជំងឺមហារីកសុដន់ក៏អាចលាប់ឡើងវិញនៅរយៈ៥ឆ្នាំបន្ទាប់ពីការព្យាបាលរួច ដែលដំណាក់កាលទី១ អាចមាន២០% ដំណាក់កាលទី២ អាចមាន៣០-៤០% ដំណាក់កាលទី៣ អាចមាន៤០-៥០% ។ អាស្រ័យហេតុនេះអ្នកជំងឺមហារីកសុដន់ទាមទារឲ្យគាត់មកពិនិត្យតាមដានជាប្រចាំ ជាមួយក្រុមគ្រូពេទ្យជំនាញទៅតាមការណាត់ជួបរបស់គ្រូពេទ្យ ។
ការព្យាបាលជំងឺមហារីកសុដន់មាន៥យ៉ាង ដូចជា ៖
ការព្យាបាលដោយវះកាត់
ការព្យាបាលដោយកាំរស្មី
ការព្យាបាលដោយសារធាតុគីមី
ការព្យាបាលដោយអ័រម៉ូន
ការព្យាបាលដោយឱសថ
ស្ត្រីក៏អាចបង្ការជំងឺមហារីកសុដន់ដែរ! គ្រាន់តែអ្នកទំលាប់ ឬផ្លាស់ប្តូរឥរិយាបថមួយចំនួន។
អ្នកគួរគប្បី ៖
រក្សាទំងន់ឱ្យបានសមស្រប
កាត់បន្ថយការទទួលទានគ្រឿងស្រវឹង
លំហាត់ប្រាណឱ្យបានទៀងទាត់ហោចណាស់១៥០នាទីក្នុងមួយសប្តាហ៍
បំបៅដោះកូន
កាត់បន្ថយការប្រើប្រាស់ថ្នាំព្យាបាលអ័រម៉ូន ជាដើម។
ចំពោះស្រី្តដែលមិនទាន់រៀបការ ឬ គ្មានដៃគូររួមភេទកត្តាប្រឈមមុខនឹងជំងឺមហារីកសុដន់អាចមានភាគរយខ្ពស់ជាងស្រ្តីដែលរៀបការរួច ។ ទោះបីជាយ៉ាងណាមិនមានកត្តាណាមួយបានបញ្ជាក់ច្បាស់លាស់អំពីចំណុចនេះទេ ។ ហេតុដូចនេះ គ្រប់ស្ត្រីទាំងអស់ មិនថាមានដៃគូ ឬ គ្មានដៃគូ គប្បីត្រូវលើកទឹកចិត្តទៅធ្វើការពិនិត្យឱ្យបានទៀងទាត់រៀងរាល់មួយឆ្នាំម្តង ព្រមទាំងការពារសុខភាព និងច្រៀសវាងកត្តាដែលនាំឱ្យមានការប្រឈមមុខនឹងជំងឺមហារីកសុដន់ដែលបានរៀបរាប់ខាងលើ ។
អត្ថបទដោយ វេជ្ជ. គីម ថុនា
ប្រភពឯកសារ៖ Centers of disease control and preventive (CDC) and NHS
មតិយោបល់