រំលងម៉ឺនុយទំព័រ

ជំងឺមហារីកសុដន់នៅកម្ពុជា

ជំងឺមហារីកសុដន់នៅកម្ពុជា

ព័ត៌មាន
206
ជំងឺមហារីកសុដន់គឺជាជំងឺមហារីកមួយដែលវិវត្តចេញពីជាលិការសុដន់ដែលនៅក្នុងប្រទេសកម្ពុជាយើងគឺជាប់ចំណាត់ថ្នាក់លេខ១នៃជំងឺមហារីក បើគិតត្រឹមឆ្នាំ២០១៨ គឺមានអត្រាមហារីកសុដន់​១០,៤%​ និងអត្រាមរណភាពដោយសារមហារីកសុដន់គឺ៧,១%។ នេះបើយោងតាមប្រសាសន៍​របស់វេជ្ជបណ្ឌិត គឹម ថុនា ជាគ្រូពេទ្យទទួលបន្ទុកនៅគ្លីនិករ៉ាក់ ទួលទំពូង។ វេជ្ជបណ្ឌិត ថុនា បានឱ្យដឹងថា ចំពោះជំងឺមហារីកសុដន់អាចកើតឡើងចំពោះភាគច្រើនជាស្រ្តី ស្រ្តីដែលគាត់មានគីឡូលើសខ្លាំង ស្រ្តីដែលគាត់មិនសូវនិយមលេងកីឡា ស្រ្តីដែលគាត់​ប្រើប្រាស់​គ្រឿងស្រវឹងច្រើន​ ស្រ្តី​ដែល​​គាត់មាន​រដូវនៅមុន១២ឆ្នាំ និងស្រ្តីដែលគាត់មិនធ្លាប់មានកូន​ ឬក៏ស្រ្តី​ដែលគាត់មានកូនច្រើន ឬក៏ស្រ្តី​ដែល​គាត់​​មាន​កូននៅវ័យក្រោយ៣៥ឆ្នាំ ឬក៏ស្រ្តី​ដែល​គាត់​ធ្លាប់​មាន​ម្ដាយ ឬបងស្រី​ដែលមាន​ជំងឺមហារីក​សុដន់ពី​មុន ស្រ្តីដែល​គាត់ធ្លាប់ប្រើប្រាស់​ថ្នាំព្យាបាល​អរម៉ូន​ច្រើន​កំឡុងពេលអស់រដូវ និង​៥ទៅ១០% គឺជាកត្តាតំណពូជ។ វេជ្ជបណ្ឌិតបានបន្តថា ជាទូទៅយើងសិក្សាឃើញថាស្រ្តីដែលគាត់មានអាយុធំជាង៥០ឆ្នាំ គឺ​ប្រឈម​មុខ​នឹងមហារី​ក​សុដន់​ច្រើន​។ ចំពោះបុរសក៏អាចកើតជំងឺមហារីកសុដន់ ប៉ុន្តែវា​ជាកត្តាមួយ​ដ៏កម្រ​ដែល​​ក្នុងជំងឺមហារីកសុដន់ ១០០នាក់​អាចនឹង​មានត្រឹមតែ​ម្នាក់ដែល​ជាទូទៅគេសង្កេត​ឃើញថាមាន​នៅ​ក្នុង​វ័យចន្លោះពី ៦០​ ទៅ៧០ឆ្នាំ។ វេជ្ជបណ្ឌិតបានបន្តទៀតថា ចំពោះមហារីកសុដន់ គឺមានរោគសញ្ញាប្រែប្រួលទៅតាម​ដំណាក់កាល​នៃមហារីកសុដន់ ដែល​សំណាក់កាល​ដំបូងនៃមហារីកសឹងតែ​មិនមានរោគសញ្ញា​ធ្វើឱ្យយើងកត់​សម្គាល់ ហើយ​ដំណាក់​កាលបន្ទាប់អាចមានដូចជា ដុំនៅបរិវេណសុដន់ ស្នាមកន្ទួលនៅ​បរិវេណ​សុដន់ មានហូរទឹកថ្លាៗ​ចេញ​ពី​ក្បាលសុដន់​ មានហើមកូនកណ្ដុរ មានការខូចទ្រង់ទ្រាយនៃសុដន់ មានការឈឺចាប់​ត្រង់​បរិវេណ​​ឆ្អឹង និងមានអាការៈហត់ពិបាកដកដង្ហើម។ ចំពោះការស្រាវជ្រាវរកមើលជំងឺមហារីកសុដន់ គឺយើងអាចធ្វើបានតាមរយៈការថតឆ្លុះសុដន់ និ​ង​ការ​ច្រិបយកសាច់ហ្នឹងទៅពិនិត្យមើល។ ចំពោះការបង្ការជំងឺមហារីកសុដន់ គឺយើងអាច​កាត់​បន្ថយ​កត្តាប្រឈមមុខដែលមានដូចជា ស្រ្តីគួរតែថែរក្សាគីឡូរបស់គាត់ឱ្យមានតុល្យភាព​មានន័យថា​មិន​ឱ្យ​លើសគីឡូខ្លាំងគាត់គួរតែកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងគាត់អាចធ្វើការបំបៅដោះកូនដោយទឹកដោះសារកាត់បន្ថយច្រើន​ចំពោះ​ជំងឺមហារីក និងស្រ្តីគាត់គួរអាចកាត់បន្ថយការប្រើប្រាស់ថ្នាំ​ព្យាបាល​ដោយអរម៉ូនដោយ​មិន​មានការ​ប្រឹក្សាត្រឹមត្រូវ។ វេជ្ជបណ្ឌិតបានបញ្ជាក់ថា ចំពោះការព្យាបាលជំងឺមហារីកសុដន់ គឺយើងមាន៥យ៉ាងដែល​ក្នុង​នោះរួមមាន (១)ការព្យាបាលដោយ​ការវះកាត់ (២)ការព្យាបាលកាំរស្មី (២)ការព្យាបាល​ដោយ​សារធាតុគីមី ការព្យាបាលដោយឱសថអរម៉ូន និង​(៣)ចុង​ក្រោយ​ការព្យាបាល​ដោយ​ឱសថ​ប្រឆាំងនឹងជំងឺមហារីក។​ ជាចុងក្រោយនាងខ្ញុំ​សុំ​ផ្ដាំ​ផ្ញើ​ទៅដល់​មិត្តៗ​នារីទាំងអស់ គាត់គាប់បីគួរតែ ពិនិត្យសុខភាព រោគស្រ្តីឱ្យបានយ៉ាងហោចណាស់​១ឆ្នាំ​ម្ដង​ ដើម្បីកុំឱ្យគាត់វិវត្តទៅធ្ងន់ធ្ងរហើយ ទើបគាត់ស្ដាយក្រោយ៕
អត្ថបទដោយ: RHAC

មតិយោបល់