រំលងម៉ឺនុយទំព័រ

ការយល់ដឹងជុំវិញជំងឺមហារីកសុដន់

ការយល់ដឹងជុំវិញជំងឺមហារីកសុដន់

ព័ត៌មានសុខភាពយុវវ័យ
808

 មហារីកសុដន់ គឺជាទម្រង់ពិសេសមួយនៃជំងឺមហារីក ដូចជំងឺមហារីកផ្សេងទៀតដែរ ដែលកោសិកាធ្វើការវិវឌ្ឍន៍លូតលាស់ យ៉ាងអនាធិបតេយ្យបំផុត។ កោសិកាមានជំងឺ (កាច) បង្កើនខ្លួនច្រើនឡើងៗ ដោយគ្មានសណ្តាប់ធ្នាប់ រហូតបង្កើតជាដុំពកដែលមានសមត្ថភាពវាយប្រហារជាលិការ សរីរាង្គល្អៗនៅជិត និងអាចពង្រីក ការរាតត្បាតជាកោសិកាមហារីកពេញខ្លួន ដែលគេហៅថា ដំណើរប្តូរកន្លែងឈឺ ឬការឆ្លងជំងឺពីតំបន់មួយទៅតំបន់មួយនៃខ្លួន។

ជំងឺមហារីកសុដន់អាចកើតលើស្ត្រីនៅវ័យណាខ្លះ? ពីរភាគបីនៃជំងឺមហារីកសុដន់ មានកើតនៅលើស្ត្រីអាយុចាប់ពី៥០ឆ្នាំឡើងទៅ។ ផ្ទុយទៅវិញ គេកម្រឃើញមានកើតជំងឺនេះ ចំពោះស្ត្រីក្រោម៣៥ឆ្នាំណាស់ និងកាន់តែកម្រ ឬអាចជាករណីពិសេសផង បើមានកើតលើស្ត្រីក្រោមអាយុ២០ឆ្នាំ។ ក្នុងករណីនេះ សូមគិតគូរដល់បញ្ហាតំណរពូជ។

 តើមហារីកសុដន់ មានរោគសញ្ញាអ្វីខ្លះ?

គឺជាការចាំបាច់ដែលស្ត្រីគ្រប់រូបត្រូវចេះត្រួតពិនិត្យការប្តូរទម្រង់និងសណ្ឋាននៃដើមទ្រូងរបស់ខ្លួន ពីព្រោះបើកាន់តែឆាប់រកឃើញអាការៈសញ្ញា ឱកាសក្នុងការដែលអាចព្យាបាលមហារីកសុដន់ មានកាន់តែច្រើន។ ដូច្នេះ រាល់ការមានលេចចេញជាដុំនៅសុដន់ នៅក្រោមឃ្លៀក រាល់ការប្តូរផ្លាស់ ទំហំ រាងសុដន់ ការចេញទឹកតាមក្បាលដោះ ឬក៏ការប្តូរផ្លាស់សណ្ឋានស្បែកខាងក្រៅនៅជុំវិញសុដន់ ជុំវិញតំបន់ក្បាលដោះ ត្រូវប្រញាប់រួសរាន់ទៅជួបគ្រូពេទ្យ ព្រោះអាការៈដែលរៀបរាប់ខាងលើអំបាញ់មិញនេះ ជាសញ្ញាអាសន្ន ដែលជាញឹកញាប់បញ្ជាក់អំពីការវិវឌ្ឍន៍នៃជំងឺមហារីកសុដន់។

៤- តើមានកត្តាប្រឈមណាខ្លះដែលនាំឲ្យកើតមាននូវជំងឺមហារីកសុដន់? មានកត្តាជាច្រើន ដែលជាកត្តាប្រឈមក្នុងការដែលនាំឲ្យកើតជំងឺមហារីកសុដន់នេះ។

  • ប្រវត្តិគ្រួសារ ៖ ស្ត្រីដែលមានម្តាយ មានបងឬប្អូនស្រី កើតជំងឺមហារីកសុដន់ អាចមានគ្រោះកើតជំងឺនេះច្រើនជាស្ត្រីគ្មានប្រវត្តិគ្រូសារកើតសោះ។ ប្រសិនបើអ្នកស្ថិតក្នុងចង្កោមគ្រួសារនេះ អ្នកត្រូវតាមដានសុខភាព ត្រួតពិនិត្យការប្រើប្រាស់ថ្នាំ យ៉ាងហោចណាស់មួយដងក្នុងមួយឆ្នាំ
  • ប្រវត្តិបុគ្គល ៖ ១៥%នៃស្ត្រីដែលធ្លាប់ព្យាបាលជំងឺមហារីកសុដន់ម្ខាងហើយ ងាយនឹងកើតមហារីកនៅសុដន់ម្ខាងទៀត។ ក្នុងករណីនេះ ត្រូវតាមដាននិងស្ថិតក្រោមត្រួតពិនិត្យសុខភាពជាប្រចាំ និងដោយទៀតទាត់។
  • ស្រ្តីដែលមានអាយុច្រើនចាប់ពី ៤០ឆ្នាំឡើងទៅ
  • ស្រ្តីមិនដែលមានកូនសោះ
  • ស្រ្តីដែលក្រអស់រដូវ(លើសពីអាយុ៥៥ឆ្នាំ)
  • ស្រ្តីវ័យក្មេងដែលឆាប់មកឈាមរដូវពេល(អាយុតិចជាង១២ឆ្នាំ) និង
  • ស្រ្តីអាយុលើសពី៣០ឆ្នាំហើយមិនទាន់មានកូន


តើមានវិធីសាស្រ្តណាដែលអាចការពារកុំឱ្យកើតជំងឺមហារីកសុដន់បានដែរឬទេ ?

វិធីសាស្រ្តដែលអាចកំណត់ ឬអាចការពារគ្រោះថ្នាក់ក្នុងការកើតជំងឺមហារីកសុដន់ មានដូចជា៖

  • កាត់បន្ថយរបបអាហារដែលមានខ្លាញ់ជ្រុល ធាត់ជ្រុល

  • កាត់បន្ថយការស្ពឹកស្រពន់មិនសូវធ្វើកីឡា បញ្ចេញសកម្មភាពផ្លូវកាយ

  • កាត់បន្ថយការពិសារសុរាច្រើន លើសពីពីរកែវក្នុងមួយថ្ងៃ។

  • បន្ថែមពីនេះ អាយុនៃការមានផ្ទៃពោះជាលើកទីមួយ មានឥទ្ធិពលខ្លាំងលើគ្រោះបង្កជំងឺមហារីកសុដន់។ អ្វីដែលប្រសើរបំផុតសម្រាប់ស្ត្រី គួរតែមានកូនមុនអាយុ២៥ឆ្នាំ និងមានកូនឱ្យលើសពីពីរនាក់។ បំបៅដោះកូន ជាប់រហូតបានលើសពី៦ខែ ក៏អាចកាត់បន្ថយគ្រោះមានជំងឺកំណាចនេះបានដែរ។

តើ​គេ​អាចព្យាបាល​ជំងឺ​មហារីក​សុដន់ ដោយ​វិធី​អ្វី​ខ្លះ? បច្ចុប្បន្ននេះ ក្រៅពីការវះកាត់ នៅមានវិធីសាស្ត្រព្យាបាលច្រើនបែបយ៉ាងសម្រាប់កម្ចាត់ជំងឺមហារីកនេះ។

ដោយ​ការ​វះកាត់ ៖ វិធីសាស្ត្រនេះប្រើញឹកញាប់ជាងគេ។ ប្រសិនបើដុំមហារីកមានទំហំតូចជាង ៣ ស.ម. គ្រូពេទ្យ នឹងសាកល្បងវះឆ្កៀលកាត់យកចេញ តែដុំមានជំងឺចេញ ដោយរក្សាក្រពេញផ្សេងៗទៀត ពោលគឺរក្សាសុដន់ឱ្យមាននៅដដែល។ ការវះកាត់បែបផ្តុំទិសនេះ ត្រូវធ្វើឡើងដោយមានការព្យាបាលតាមបែបវិទ្យុសកម្ម (កាំរស្មី) ឬគីមីវិទ្យា អមជាមួយ។ ប្រសិនបើដុំមហារីកធំខ្លាំង គ្រូពេទ្យនឹងវះកាត់ចេញទាំងអស់នូវក្រពេញទឹកដោះ ក្រពេញកូនកណ្តុរ ដោយរក្សាទុកតែសាច់ដុំសុដន់ ដើម្បីឱ្យអ្នកជំងឺអាចធ្វើការវះកាត់កែទម្រង់សុដន់ឡើងវិញបាន នៅថ្ងៃក្រោយ។

ដោយកាំរស្មី ៖ វិធីព្យាបាលនេះ មានទិសសំដៅទៅបំផ្លាញកោសិកា មហារីក ដោយមានជំនួយពីវិទ្យុសកម្មកំរិតខ្ពស់។ ការព្យាបាលនេះ មានរយៈពេលជាមធ្យម ពី ៥ ទៅ៦ សប្តាហ៍ ដោយមិនចាំបាច់ស្នាក់នៅក្នុងមន្ទីរពេទ្យទេ។

 ដោយថ្នាំគីមីវិទ្យា ៖ គ្រាន់តែឈ្មោះក៏ភ័យទៅហើយ ! តែតាមការពិតការព្យាបាលដោយថ្នាំគីមី គឺជាផ្សព្វផ្សាយថ្នាំក្នុងសរីរាង្គ ដែលមានទិសដៅទៅសម្លាប់កោសិកាមហារីក។ ថ្នាំគីមី ជាលទ្ធផលនៃការស្រាវជ្រាវឱសថដ៏ទំនើប។

ជាសរុប មុននឹងទម្លាក់ខ្លួនទៅគិតគូរព្រួយបារម្ភទាក់ទងនឹងការព្យាបាល ប្រការចាំបាច់ដែលគ្រប់ស្ត្រីគួរចងចាំសម្រាប់ពេលបច្ចុប្បន្ននេះ គឺការធ្វើតេស្តសាកល្បងស្វែងរកជំងឺមហារីក។ ៥០%នៃជំងឺមហារីកសុដន់ អាចទទួលបានការព្យាបាលជាសះស្បើយ ប្រសិនបើគេឆាប់រកឃើញ តាំងពីដុំមហារីកនៅតូច។ ឯការព្យាបាលក៏មិនធ្ងន់ធ្ងរខ្លាំង បើជំងឺស្ថិតក្នុងដំណាក់កាលដំបូង។ ដូច្នេះហើយ ចូរប្រុងប្រយ័ត្នអំពីការប្រែប្រួលនៅសុដន់របស់អ្នក ទោះវាជាលក្ខណៈតូចតាចក៏ដោយ។ ប្រសិនបើអ្នកសម្គាល់ឃើញការប្រែប្រួលណាមួយនៅក្នុងសុដន់របស់អ្នកដូចជាការផ្លាស់ប្តូរដុំសាច់ ឬស្បែកថ្មីសូមពិគ្រោះជាមួយវេជ្ជបណ្ឌិតដែលមានជំនាញភ្លាមៗ ដើម្បីឆាប់បានពិនិត្យនិងទប់ស្កាត់ទាន់ពេលវេលា។

អត្ថបទដោយ: RHAC

មតិយោបល់