
អ្វីដែលត្រូវពិចារណានៅពេលជ្រើសរើសវិធីសាស្ត្រពន្យារកំណើត?
ជម្រើសនៃវិធីសាស្ត្រពន្យារកំណើតអាចធ្វើឱ្យអ្នកមានអារម្មណ៍ស្មុគស្មាញ ព្រោះមានជម្រើសជាង១០ប្រភេទ ដែលប្រភេទនីមួយៗមានអត្ថប្រយោជន៍ និងផលរំខានខុសៗគ្នា។ វិធីពន្យារកំណើតល្អបំផុត គឺជាវិធីដែលអ្នកអាច និងមានឆន្ទៈប្រើប្រាស់បានជាប្រចាំ។ ទោះជាយ៉ាងណា ខាងក្រោមនេះគឺជាចំណុចមួយចំនួនទៀត ដែលអ្នកគួរពិចារណា នៅពេលធ្វើការជ្រើសរើសវិធីពន្យារកំណើត។
១. ការរៀបចំផែនការគ្រួសារ
ប្រសិនបើអ្នកមានបំណងចង់ចាប់ផ្តើមយកកូនក្នុងពេលឆាប់ៗ អ្នកនឹងត្រូវការវិធីសាស្ត្រណាដែលអ្នកអាចបញ្ឈប់បានយ៉ាងងាយស្រួលនៅពេលអ្នកត្រៀមខ្លួនរួចរាល់ ដូចជាថ្នាំគ្រាប់ពន្យារកំណើត ឬស្រោមអនាម័យជាដើម។
ផ្ទុយទៅវិញ ប្រសិនបើអ្នកមិនទាន់គិតចង់មានកូនក្នុងពេលអនាគតដ៏ខ្លីខាងមុខទេ ជម្រើសដែលមានប្រសិទ្ធភាពយូរអង្វែង និងអាចដកចេញវិញបាន ដូចជាការដាក់កងក្នុងស្បូន (IUD) ឬការដាក់កងក្រោមស្បែក ដែលអាចនឹងមានភាពងាយស្រួល និងមានប្រសិទ្ធភាពជាង។ វិធីសាស្ត្រទាំងនេះអាចជាប់បានច្រើនឆ្នាំ មុនពេលអ្នកត្រូវការផ្លាស់ប្តូរវា។
ប្រសិនបើអ្នកប្រាកដថាអ្នកមិនចង់បានកូនទេ អ្នកអាចសម្រេចចិត្តជ្រើសរើសវិធីសាស្ត្របញ្ឈប់កំណើតជាអចិន្ត្រៃយ៍។ ប្រសិនបើអ្នកជាស្ត្រី អ្នកអាចធ្វើការចងដៃស្បូន ចំណែកបុរសវិញ អាចធ្វើការចងបំពង់បង្ហូរមេជីវិត។
២. ការបំបៅដោះកូន
ប្រសិនបើអ្នកកំពុងបំបៅដោះកូន ឱកាសនៃការមានផ្ទៃពោះរបស់អ្នកគឺទាប ប៉ុន្តែអ្នកនៅតែត្រូវការវិធីសាស្ត្រពន្យារកំណើតប្រភេទណាមួយ។ អ្នកក៏ត្រូវប្រាកដដែរថា ជម្រើសដែលអ្នកជ្រើសរើសនឹងមិនប៉ះពាល់ដល់ការផលិតទឹកដោះរបស់អ្នកឡើយ។
៣. ភាពងាយស្រួល និងពេលវេលានៃការប្រើប្រាស់
វិធីពន្យារកំណើតមានច្រើនទម្រង់ខុសៗគ្នា។ ចូរជ្រើសរើសវិធីសាស្ត្រណាដែលអ្នកទំនងជានឹងប្រើប្រាស់បានត្រឹមត្រូវបំផុត៖
ថ្នាំគ្រាប់ពន្យារកំណើត៖ អ្នកត្រូវចាំលេបវាជារៀងរាល់ថ្ងៃក្នុងម៉ោងដដែល។
កៅអៀកពន្យារកំណើត (Patch)៖ អ្នកត្រូវផ្លាស់ប្តូរវារាល់សប្តាហ៍។
ស្រោមអនាម័យ៖ អ្នកត្រូវតែមានវាជាប់ខ្លួន និងប្រើប្រាស់វាឱ្យបានត្រឹមត្រូវរាល់ពេលរួមភេទ។
ថ្នាំសម្លាប់មេជីវិតឈ្មោល (Spermicide)៖ អ្នកត្រូវដាក់វាទៅក្នុងទ្វារមាសមិនឱ្យលើសពី ១ ម៉ោងមុនពេលរួមភេទ ហើយវាត្រូវតែស្ថិតនៅទីនោះរហូតដល់ ៨ ម៉ោងបន្ទាប់ពីរួមភេទរួច។
ថ្នាំចាក់ពន្យារកំណើត៖ អ្នកត្រូវចាក់វា រៀងរាល់៣ខែម្ដង។
មានវិធីសាស្ត្រផ្សេងទៀតដែលអ្នកមិនចាំបាច់រវល់ជាមួយវាច្រើន ដែលជួយកាត់បន្ថយការភ័ន្តច្រឡំរបស់អ្នកប្រើប្រាស់ ព្រោះមានប្រសិទ្ធភាពយូរអង្វែងដូចជា កងដាក់ក្រោមស្បែក និងកាងដាក់ក្នុងស្បូន ប៉ុន្តែតម្រូវឱ្យទៅជួបគ្រូពេទ្យនៅមន្ទីរពេទ្យ។ សូមគិតពីរបៀបដែលវិធីសាស្ត្រនីមួយៗសមស្រប មានភាពងាយស្រួល របៀបរស់នៅរបស់អ្នក និងអាចរកបាននៅក្នុងសហគមន៍អ្នក។
ក្រៅពីការជួយពន្យារកំណើតមានចំណុចមួយចំនួនទៀតដែលអ្នកគួរត្រូវពិចារណាមុនពេលសម្រេចចិត្តជ្រើសរើសមធ្យោបាយពន្យារកំណើតមួយណានោះ៖
៤. ការការពារជំងឺឆ្លងតាមការរួមភេទ (STIs)
ស្រោមអនាម័យគឺជាវិធីពន្យារកំណើតតែមួយគត់ ហើយអាចការពារជំងឺឆ្លងតាមការរួមភេទផងដែរ។ ប្រសិនបើនេះជាការព្រួយបារម្ភសម្រាប់អ្នក និងដៃគូ អ្នកត្រូវប្រើស្រោមអនាម័យរាល់ពេលរួមភេទ ទោះបីជាអ្នកប្រើវិធីពន្យារកំណើតផ្សេងទៀតរួមគ្នាជាមួយក៏ដោយ។
៥. វដ្តរដូវ
វិធីពន្យារកំណើតខ្លះផ្តល់អត្ថប្រយោជន៍បន្ថែម គឺវាជួយឱ្យឈប់មានរដូវ ឬកាត់បន្ថយលំហូរឈាមរដូវបានយ៉ាងច្រើន។ ប្រសិនបើនេះជាលក្ខណៈពិសេសដែលសំខាន់សម្រាប់អ្នក ចូរពិភាក្សាជាមួយគ្រូពេទ្យថាតើវិធីសាស្ត្រណាដែលផ្តល់អត្ថប្រយោជន៍នេះ?
៦. ផលរំខាន និងសុវត្ថិភាព
វិធីពន្យារកំណើតមួយចំនួនអាចមានផលរំខាន ឬធ្វើឱ្យអ្នកមានហានិភ័យចំពោះបញ្ហាសុខភាពខ្លះៗ។ វិធីខ្លះអាចមិនមានសុវត្ថិភាពសម្រាប់អ្នកដែលមានជំងឺជាក់លាក់ ឬកំពុងប្រើថ្នាំមួយចំនួន។ ដូច្នេះគ្រូពេទ្យអាចជួយពន្យល់អំពីវិធីពន្យារកំណើតណា ដែលមានហានិភ័យតិចបំផុតក្នុងការបង្កផលរំខានមិនចង់បាន និងវិធីណាខ្លះដែលមានសុវត្ថិភាពបំផុតសម្រាប់អ្នក ដោយផ្អែកលើសុខភាពរបស់អ្នក និងប្រវត្តិបញ្ហាសុខភាពដែលអាចមាននៅក្នុងគ្រួសារ។
៧. តម្លៃ
តម្លៃនៃវិធីសាស្ត្រពន្យារកំណើតនៅប្រទេសកម្ពុជា មានភាពខុសគ្នាតាមប្រភេទ និងកន្លែងផ្តល់សេវា។ មានវិធីដែលមានតម្លៃធូរថ្លៃ ដូចជា ស្រោមអនាម័យ ឬវិធីផ្សេងៗដូចជាថ្នាំគ្រាប់ ចំពោះវិធីបញ្ឈប់កំណើត មានតម្លៃខ្ពស់។ អ្នកគួរពិចារណាលើតម្លៃនេះ សមរម្យសម្រាប់ខ្លួនអ្នក ហើយតើអ្នកមានលទ្ធភាពចំណាយបានប៉ុណ្ណា?
៨. អាយុរបស់អ្នក
ឈានដល់វ័យអស់រដូវ (មានន័យថាអ្នកមិនមានរដូវសោះក្នុងរយៈពេលមួយឆ្នាំ) អ្នកនឹងនៅតែត្រូវការវិធីពន្យារកំណើតដើម្បីការពារការមានផ្ទៃពោះ។ ប៉ុន្តែវិធីសាស្ត្រខ្លះ ដូចជាថ្នាំគ្រាប់ដែលមានជាតិអ័រម៉ូន អាចបង្កហានិភ័យដល់សុខភាពប្រសិនបើអ្នកមានអាយុលើសពី ៤៥ ឆ្នាំ។
៩. អត្តសញ្ញាណយេនឌ័រ
ប្រសិនបើអ្នកជាអ្នកប្តូរយេនឌ័រ (Transgender) ឬ Non-binary អ្នកប្រហែលជាត្រូវសាកល្បងវិធីពន្យារកំណើតមួយចំនួន មុននឹងរកឃើញវិធីដែលសមស្របនឹងអ្នក។ ឧទាហរណ៍ ប្រសិនបើអ្នកជា អ្នកប្ដូរយេនឌ័របុរស (TGM) វិធីពន្យារកំណើតដែលមានជាតិអ័រម៉ូន ដូចជាថ្នាំគ្រាប់ ឬកៅអៀក អាចបញ្ឈប់ការមករដូវបាន ប្រសិនបើអ្នកប្រើវាមិនឈប់។ នេះអាចជាការជួយបញ្ជាក់ពីអត្តសញ្ញាណយេនឌ័ររបស់អ្នកបន្ថែម។ ម្យ៉ាងវិញទៀត ការលេបថ្នាំជារៀងរាល់ថ្ងៃអាចជារឿងដែលអ្នកមិនចង់ធ្វើ។ ចូរពិភាក្សាជាមួយគ្រូពេទ្យដែលអ្នកទុកចិត្តអំពីវិធីសាស្ត្រដែលល្អបំផុតសម្រាប់អ្នក។ អ្នកប្ដូរយេនឌ័រជាបុរសមិនមែនមានន័យថា គាត់មិនមាន ឬមិនត្រូវការដៃគូរួមភេទជាបុរសនោះទេ។
១០. សាសនា និងវប្បធម៌
ជំនឿ និងប្រពៃណីរបស់អ្នក អាចមានឥទ្ធិពលលើការជ្រើសរើសវិធីសាស្ត្រពន្យារកំណើត។ វិធីសាស្ត្រពន្យារកំណើតមួយចំនួន អាចធ្វើឱ្យអ្នកមានអារម្មណ៍ថា សមស្របជាមួយតម្លៃ ជំនឿ និងវប្បធម៌ដែលអ្នកគោរព។
ប្រភពអត្ថបទ៖ WebMD
អត្ថបទសុខភាពពាក់ពាន់ផ្សេងៗទៀត👇
តើមធ្យោបាយពន្យារកំណើតប្រភេទណាដែលសក្តិសមនឹងអ្នក?
មតិយោបល់