ភាពជោគជ័យនៃការប្រើថ្នាំពន្យារកំណើតដោយខ្លួនឯង20 February, 2022រឿងជោគជ័យ4ស្ថិតក្នុងវ័យ២៦ឆ្នាំ ស្រីពេជ្រ ជាកម្មករកាត់ដេរនៅក្នុងរោងចក្រញ៉ូអេធីធី (New ATT) ដែលមានទីលំនៅរស់នៅភូមិត្បែង ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ស្រីពេជ្របានរៀបការរួច និងមានកូនមួយនាក់ជាមួយនឹងស្វាមី។ នៅកំឡុងពេលកូវីដ-១៩ រីករាលដាលអស់រយៈពេលជិតពីរឆ្នាំកន្លងមកនេះ រោងចក្រមួយចំនួនត្រូវបានបិទ ស្រីពេជ្រដែលជាកម្មករកាត់ដេរនៅរោងចក្រញ៉ូអេធីធី (New ATT) មានការបារម្ភពីការរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ ជាហេតុធ្វើឱ្យជីវភាពរបស់នាងមានការយ៉ាប់យឺន។ ពីមួយថ្ងៃទៅមួយថ្ងៃ ស្រីពេជ្រក៏មានការបារម្ភពីការមានផ្ទៃពោះក្នុងកំឡុងពេលនេះផងដែរ ព្រោះនាងខ្លាចធ្វើឲ្យប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ចគ្រួសារជាចំបង។ ថ្ងៃមួយ បុគ្គលិកអង្គការរ៉ាក់បានមកធ្វើការអប់រំផ្សព្វផ្សាយ ក៏ដូចជាការចាក់ផ្សាយការអប់រំតាមទូរទស្សន៍ ទាក់ទងនឹងការប្រើប្រាស់មធ្យោបាយពន្យារកំណើត នាងក៏បានខលសុំការប្រឹក្សាពីបុគ្គលិកចុះអប់រំទាក់ទងនឹងការប្រើប្រាស់ថ្នាំគ្រាប់ពន្យារកំណើត ព្រោះគាត់មិនទាន់ចង់បានកូនទៀត។ តាមរយៈការមើលទូរទស្សន៍ដែលបានចាក់អប់រំផ្សព្វផ្សាយស្តីពីការប្រើប្រាស់ថ្នាំគ្រាប់ពន្យារកំណើត រួមទាំងការផ្តល់ប្រឹក្សារបស់បុគ្គលិកផងដែរនោះ ស្រីពេជ្របានរៀបរាប់ថា៖ «ខ្ញុំបានយល់ដឹងពីវិធីប្រើប្រាស់ថ្នាំគ្រាប់ដើម្បីពន្យារកំណើត ហើយខ្ញុំក៏សម្រេចចិត្តទៅទិញថ្នាំគ្រាប់ពន្យារកំណើតឈ្មោះ “ស្រីពេជ្រ” ពីកន្លែងលក់ថ្នាំពេទ្យយកមកលេបដោយខ្លួនឯង»។ ស្រីពេជ្របន្តទៀតថា នាងបានព្យាយាមលេបថ្នាំគ្រាប់ពន្យារកំណើតនេះឱ្យបានទៀងទាត់ បើទោះបីជានាងបានរៀបរាប់ថា កំឡុងពេលប្រើប្រាស់ថ្នាំគ្រាប់ពន្យារកំណើតនេះដំបូងវាមានផលរំខានធ្វើឱ្យឈឺក្បាល វិលមុខ អស់កម្លាំង ហើយធ្វើឱ្យសុខភាពនាងទ្រុឌទ្រោមបន្តិចបន្តួច ប៉ុន្តែក្រោយពីការព្យាយាមលេបថ្នាំគ្រាប់ពន្យារកំណើតដោយខ្លួនឯងរយៈពេលពី ៣ ទៅ ៥ថ្ងៃក្រោយមក ធ្វើឲ្យខ្លួននាងមានភាពស៊ាំនឹងការប្រើប្រាស់ថ្នាំគ្រាប់ពន្យារកំណើតនេះ។ ស្រីពេជ្របន្តថា នាងសប្បាយចិត្តណាស់ព្រោះនាងអាចពន្យារកំណើតមិនឱ្យមានកូន និងមិនបារម្ភពីការមានផ្ទៃពោះក្នុងកំឡុងពេលកូវីដ-១៩នេះផងដែរ។ ក្រោយពីការប្រើប្រាស់ថ្នាំគ្រាប់ពន្យារកំណើតដោយខ្លួនឯងទទួលបានជោគជ័យ ស្រីពេជ្របានចែករំលែកបទពិសោធន៍ពីការប្រើថ្នាំពន្យារកំណើតដោយខ្លួនឯងដល់មិត្តរួមការងារ និងអ្នកជិតខាងនាងបន្តទៀតផងដែរ។ ស្រីពេជ្រ បាននិយាយមកកាន់បុគ្គលិកបង្កើនតម្រូវការសេវាសុខភាពថា «ការដែលនាងខ្ញុំសម្រេចចិត្តទទួលយកការពន្យារកំណើតព្រោះខ្ញុំមានកូនមួយនាក់ ឮហើយខ្ញុំពុំចង់បានកូនទៀតទេ ខ្ញុំចង់ចំណាយពេលវេលាសម្រាប់រកថវិការផ្គត់ផ្គង់គ្រួសារអោយធូរធារដូចគេ»។ ស្រីពេជ្របន្តទៀតថា សូមអរគុណដល់អង្គការរ៉ាក់ និងបុគ្គលិកអង្គការដែលបានចុះអប់រំតាមរោងចក្រ និងចាក់ទូរទស្សន៍អប់រំដល់កម្មករ ឱ្យកម្មករចេះនិងយល់ដឹងពីការការពារជំងឺកូវីដ-១៩ ការយល់ដឹងពីការពិនិត្យផ្ទៃពោះតាមរយះការធ្វើតេស្តទឹកនោម ការប្រើប្រាស់ថ្នាំគ្រាប់ពន្យាកំណើត និងការប្រើប្រាស់ថ្នាំគ្រាប់រំលូតជាដើម។ មិនត្រឹមតែផ្តល់ចំណេះដឹងប៉ុណ្ណោះទេ អង្គការរ៉ាក់មានកម្មវិធីសំណួរ-ចម្លើយ ដោយមានការផ្តល់រង្វាន់ជាកាតទូរស័ព្ទ និងទូរសព្ទដៃដល់កម្មករទៀតតាមរយៈការចូលរួមឆ្លើយសំណួរក្នុងកម្មវិធី-ចម្លើយដើម្បីយករង្វាន់ថែមទៀតផង៕អត្ថបទដោយ: RHACមតិយោបល់