រំលងម៉ឺនុយទំព័រ

អ្វីដែលត្រូវដឹងអំពីការរួមភេទលើកដំបូង

អ្វីដែលត្រូវដឹងអំពីការរួមភេទលើកដំបូង

ព័ត៌មានសុខភាពយុវវ័យ
42

ការគិតអំពីការរួមភេទលើកដំបូងអាចជាអារម្មណ៍ធំធេង ជាពិសេសដោយសារសង្គម និងវប្បធម៌ បានបង្កើតគំនិតថា "ការបាត់បង់ព្រហ្មចារីយ៍" ដែលបាត់ទៅហើយមិនអាចយកវិញបាន។ ប៉ុន្តែអ្នកអប់រំផ្នែកផ្លូវភេទបានពន្យល់ថា៖ "ព្រហ្មចារីយ៍" (Virginity) មិនមែនជាផ្នែកណាមួយនៃរាងកាយនោះទេ ប៉ុន្តែវាគឺជា គំនិតសង្គម ដែលត្រូវបានកសាងឡើងលើជំនឿហួសសម័យអំពីភាពបរិសុទ្ធ និងសីលធម៌។ ពាក្យនេះបង្កើតអារម្មណ៍អាម៉ាស់ និងកំហុស ជាពិសេសចំពោះស្ត្រី ហើយផ្តោតតែលើការរួមភេទតាមទ្វារមាស ដោយមិនរាប់បញ្ចូលទំនាក់ទំនងផ្លូវភេទផ្សេងទៀត ឬទំនាក់ទំនងភេទដូចគ្នាឡើយ ហើយនេះជាកំហុសមួយដ៏ធ្ងន់ធ្ងរ។

១. ស្វែងយល់និយមន័យនៃការរួមភេទ

ការរួមភេទមិនមែនសំដៅតែលើ ការស៊កលិង្គបញ្ចូល ក្នុងទ្វារមាសនោះទេ។ អ្នកអប់រំផ្លូវភេទ ជំរុញឱ្យយុវវ័យ និងមនុស្សពេញវ័យ សួរខ្លួនឯងថា តើការរួមភេទមានន័យយ៉ាងណាសម្រាប់ពួកគេ? តើជាសេចក្តីរីករាយ ភាពស្និទ្ធស្នាល ការភ្ជាប់ទំនាក់ទំនង ឬគ្រាន់តែជាការរំពឹងទុករបស់សង្គម? ហើយឱ្យយុវវ័យ និងមនុស្សម្នាក់ៗ ស្វែងយល់ពីមធ្យោបាយនានាដើម្បីបង្ហាញអារម្មណ៍ទាំងនោះដោយសុវត្ថិភាព និងមានអត្ថន័យ។

«ការរួមភេទ» គឺជាជម្រើសផ្ទាល់ខ្លួន ដែលរាប់បញ្ចូលទាំងការស្ទាបអង្អែល ការរួមភេទតាមមាត់ ការស៊កបញ្ចូលលិង្គក្នុងទ្វារមាស ឬរន្ធគូទ ឬការសម្រេចកាមដោយខ្លួនឯង ឬការជួយគ្នាទៅវិញទៅមក (Mutual Masturbation)។ ការពង្រីកន័យនេះ ធ្វើឱ្យអត្ថន័យ នៃការរួមភេទកាន់តែទូលំទូលាយ កាត់បន្ថយសម្ពាធទៅលើសកម្មភាពណាមួយ ហើយអនុញ្ញាតឱ្យមនុស្សស្វែងយល់ពីអ្វីដែលផ្តល់អារម្មណ៍ល្អ និងមានសុវត្ថិភាពផ្លូវចិត្ត មុនពេលឈានដល់សកម្មភាពដែលមានផលវិបាកធ្ងន់ធ្ងរ។

២. យល់ច្បាស់អំពីការព្រមព្រៀង

តាមការពន្យល់របស់អ្នកជំនាញ “អ្វីគ្រប់យ៉ាងដែលយើងធ្វើជាមួយរាងកាយរបស់យើង រាប់តាំងចាប់ពីការចាប់ដៃរហូតដល់ការរួមភេទ ទាំងអស់ត្រូវការការព្រមព្រៀង (Consent)។ ការព្រមព្រៀងមានន័យថា អ្នកមានសេរីភាព និងទំនុកចិត្តក្នុងការនិយាយថា "យល់ព្រម" ឬ "មិនយល់ព្រម" នៅពេលណាមួយក៏បាន។
អ្នកជំនាញបានលើកឧទាហរណ៍៖ ពីការញាំអាហារ ដើម្បីប្រៀបធៀបអំពីការព្រមព្រៀង។ គាត់និយាយថា៖ “អ្នកមិនអាចបញ្ជារទិញអាហារឱ្យនរណាម្នាក់ដោយមិនសួរគេថាចង់ញាំអ្វីនោះទេ ហើយក៏មិនគួរចាប់អាហារពីចានរបស់គេដោយមិនសុំអនុញ្ញាតនោះដែរ។”

គោលការណ៍ដូចគ្នានេះក៏អនុវត្តចំពោះដែនកំណត់ផ្លូវភេទដែរ។​ ទំនាក់ទំនងគឺជាគន្លឹះសំខាន់។ វាជារឿងពិបាកណាស់ក្នុងការ ទទួលយកការបដិសេធ «មិនយល់ព្រម» របស់ដៃគូដោយការគោរព និងគ្រប់គ្រងអារម្មណ៍ជុំវិញការបដិសេធ និងការផ្លាស់ប្តូរការសម្រេចចិត្ត គឺជាអ្វីដែលអ្នកត្រូវធ្វើសម្រាប់ខ្លួនឯង និងដៃគូ។

👉 «ការព្រមព្រៀងគឺជាចំណុចស្នូលនៃទំនាក់ទំនងផ្លូវភេទដែលមានសុវត្ថិភាព និងគោរពគ្នា»

៣. ស្វែងយល់ពីអ្វីដែលផ្តល់អារម្មណ៍ល្អដល់អ្នក

មនុស្សគួរតែរៀនស្វែងយល់ពីរាងកាយខ្លួនឯង និងបង្កើតអារម្មណ៍រីករាយដោយខ្លួនឯង ដោយមិនចាំបាច់ពឹងផ្អែកលើនរណាម្នាក់នោះទេ។ ការសម្រេចបំណងដោយខ្លួនឯង ជួយឱ្យអ្នកយល់ពីអ្វីដែលផ្តល់អារម្មណ៍ល្អដល់អ្នក និងអាចជួយឱ្យអ្នកអាចប្រាប់ដៃគូឱ្យដឹងនៅពេលក្រោយបានច្បាស់ជាងមុន។

អ្នកជំនាញបានលើកឡើងថា វីដេអូរឿងផ្លូវភេទ (Pornography) ជារឿយៗបង្ហាញរូបភាពរួមភេទហួសពីការពិត។ អ្នកជំនាញលើកឡើងថា ការសម្រេចបំណងដោយខ្លួនឯងយ៉ាងហោចណាស់អ្នកប្រើពេលពាក់កណ្តាលនៃពេលវេលាដោយត្រូវធ្វើការស្រមើស្រមៃ ជំនួសឱ្យការមើលរឿងផ្លូវភេទ ដើម្បីបង្កើនការស្វែងយល់ពីខ្លួនឯង ភាពច្នៃប្រឌិត និងការភ្ជាប់ទំនាក់ទំនងផ្លូវអារម្មណ៍ ដែលសុទ្ធសឹងជាធាតុសំខាន់ៗនៃភាពស្និទ្ធស្នាល​ក្នុងជីវិតពិត។

៤. សមភាព

អ្នកជំនាញបានលើកឡើងពីការរើសអើងសង្គម ដែលរំពឹងថាក្មេងប្រុសទទួលបានអារម្មណ៍រីករាយផ្លូវភេទ ប៉ុន្តែមិនមានការរំពឹងដូចគ្នាចំពោះក្មេងស្រីទេ។ គាត់បាននិយាយថា «ជាញឹកញាប់គេមិនបានយកចិត្តទុកដាក់ពីអារម្មណ៍រីករាយរបស់ស្ត្រីទេ ដែលធ្វើឱ្យការរួមភេទលើកដំបូងកើតឡើងដោយមិនស្មើភាពគ្នា»។

ជាទូទៅស្ត្រីភាគច្រើន មិនអាចឈានដល់ចំណុចកំពូល (orgasm) តែតាមការរួមភេទប៉ុណ្ណោះទេ។ ដូច្នេះ ការសម្រេចបំណងដោយខ្លួនឯង ឬជួយពីដៃគូ អាចជាបទពិសោធន៍ផ្លូវភេទដែលផ្តល់នូវអារម្មណ៍រីករាយ និងស្មើភាពគ្នាជាង។

👉 ទាំងបុរសនិងស្ត្រីគួរត្រូវបានគេចាប់អារម្មណ៍ និងផ្តល់សិទ្ធិស្មើគ្នាក្នុងការទទួលបានអារម្មណ៍រីករាយផ្លូវភេទ។

៥. ការឈឺចាប់

ស្ត្រីជាច្រើន តែងតែត្រូវបានគេប្រាប់ថា ការរួមភេទលើកដំបូងរបស់ពួកគេនឹង មានឈឺចាប់ ឬហូរឈាម។ ការរួមភេទ មិនគួរឈឺចាប់ទេ ប្រសិនបើ ទំនាក់ទំនងបើកចំហ ភាពយកចិត្តទុកដាក់ និងការបន្ធូរអារម្មណ៍។ ការអនុវត្តដោយសន្សឹមៗ ការប្រើ ទឹករំអិល​(Lubrication) និងទទួលបានការរំញោច (Arousal) អាចធ្វើឱ្យមានផាសុកភាព។

ការប្រើម្រាមដៃលូកចូលទ្វារមាសដោយសន្សឹមៗ ជាមុន អាចជួយឱ្យសាច់ដុំរលា សម្របខ្លួនបាន ប៉ុន្តែត្រូវតែមានការព្រមព្រៀងគ្នា ការការពារ មានទឹករំអិលជំនួយ និងត្រូវសម្អាតដៃឱ្យបានស្អាតជានិច្ច មុនមានការរួមភេទ។

សន្ទះព្រហ្មចារិយ៍ (Hymen) ត្រូវបានគេយល់ខុសជាញឹកញាប់ វាគ្រាន់តែជាភ្នាសស្តើងមួយដែលនៅសេសសល់ពីការលូតលាស់នៃគ៌គក្នុងផ្ទៃម្តាយ ហើយជាធម្មតា អាចយឺត ឬរហែក តាំងពីមុនពេលមានការរួមភេទ។ ស្ថានភាពរបស់វាមិនកំណត់ ពីភាពបរិសុទ្ធ ឬបទពិសោធន៍ផ្លូវភេទនោះទេ។

👉 ការរួមភេទលើកដំបូងមិនគួរឈឺទេ ប្រសិនបើមានការព្រមព្រៀង ការយកចិត្តទុកដាក់ និងការប្រាស្រ័យទាក់ទងយ៉ាងស្មោះត្រង់ជាមួយដៃគូ។

ការរួមភេទលើកដំបូង គឺទាក់ទងនឹងផាសុកភាព ការទំនាក់ទំនង និងការគោរព មិនមែនជាសម្ពាធ ឬការសម្តែងនោះទេ។ ការយល់ដឹងអំពីការព្រមព្រៀង សមភាព សេចក្តីរីករាយ និងការរំពឹងទុក ដោយផ្អែកលើការពិត ជួយធានាថាបទពិសោធន៍ផ្លូវភេទដំបូងរបស់អ្នកមានសុវត្ថិភាពដោយការព្រមព្រៀង និងជាបទពិសោធន៍ វិជ្ជមាន។

អត្ថបទដោយ: RHAC

មតិយោបល់