
ស្វែងយល់ពីភាពអារ និងការពិបាកមានកូនរបស់បុរស៖ មូលហេតុ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល
ការយកបុត្រ គឺជាផ្នែកសំខាន់នៃសុខភាពបន្តពូជ ប៉ុន្តែមានបុរសមួយចំនួនអាចនឹងការពិបាកមានកូន គឺដោយសារបញ្ហាគុណភាពមេជីវិតឈ្មោល ដែលពាក់ព័ន្ធនឹងកត្តាជាច្រើន ដូចជាស្ថានភាពសុខភាព និងជម្រើសនៃរបៀបរស់នៅជាដើម។ សូមស្វែងយល់ពីមូលហេតុនៃការពិបាកមានកូន និងដំណោះស្រាយ ដើម្បីជួយឱ្យសុខភាពបន្តពូជរបស់បុរសប្រសើរឡើង។
តើការពិបាកមានកូនរបស់បុរសជាអ្វី?
ភាពពិបាកមានកូនរបស់បុរសត្រូវបានគេចាត់ទុកថា ជាការអសមត្ថភាពរបស់បុរសក្នុងការធ្វើឱ្យស្ត្រីមានគភ៌។ យោងតាមការសិក្សាស្រាវជ្រាវមួយចំនួនបានបង្ហាញថា មូហេតុមកពីបុរសមានប្រហែល 30-50% ក្នុងចំណោមករណីពិបាកមានកូនទាំងអស់។ មូលហេតុនៃការពិបាកមានកូនរបស់បុរសគឺមានភាពចម្រុះ តែអាចចាត់ចូលជាបីប្រភេទធំៗដូចជា៖ បញ្ហាក្នុងការផលិតមេជីវិតឈ្មោល បញ្ហាលំហូរមេជីវិតឈ្មោល កត្តាបរិយាកាស និងរបៀបរស់នៅ។
បញ្ហាក្នុងការផលិតមេជីវិតឈ្មោល៖ គឺជាមូលហេតុមួយក្នុងចំណោមមូលហេតុទូទៅបំផុតនៃភាពពិបាកមានកូនរបស់បុរស។ រួមទាំងលក្ខខណ្ឌដូចជា ការរីកធំនៃសរសៃវ៉ែននៅក្នុងស្រោមពងស្វាស ដែលនាំឱ្យមានការថយចុះគុណភាពនៃមេជីវិតឈ្មោល។ ជំងឺហ្សែន ឬក្រូម៉ូសូម ការឆ្លងមេរោគដូចជាស្រឡទែន កាមរោគ ឬបញ្ហាដូចជាអតុល្យភាពអ័រម៉ូន (ដែលអាចបណ្តាលមកពីអ័រម៉ូនតេស្តូស្តេរ៉ូនទាប ឬភាពមិនប្រក្រតីនៃក្រពេញភីតូរីស) ក៏អាចប៉ះពាល់ដល់ការផលិត និងគុណភាពមេជីវិតឈ្មោលផងដែរ។
បញ្ហាលំហូរមេជីវិតឈ្មោល៖ បញ្ហានៃការចែកចាយមេជីវិតឈ្មោលរួមមាន បញ្ហារាងកាយជាច្រើនដែលអាចរារាំងការធ្វើដំណើររបស់មេជីវិតឈ្មោលពីពងស្វាស មកខាងក្រៅ។ ការស្ទះនៅបំពង់បង្ហូរមេជីវិតឈ្មោល និងបញ្ហានៃការបញ្ចេញទឹកកាម ដូចជាទឹកកាមហូរចូលប្លោកនោម។ ភាពមិនប្រក្រតីដូចជាការងាប់លិង្គក៏នាំទៅរកភាពពិបាកមានកូនផងដែរ។
កត្តាបរិស្ថាន និងរបៀបរស់នៅដែលនាំឱ្យបុរសមិនអាចមានកូន៖ ការប៉ះពាល់នឹងសារធាតុគីមី លោហធាតុធ្ងន់ និងវិទ្យុសកម្មអាចបង្អាក់ដល់ការផលិតមេជីវិតឈ្មោល។ កត្តារបៀបរស់នៅដូចជា ភាពធាត់ ការជក់បារី ការប្រើប្រាស់គ្រឿងស្រវឹងច្រើនហួសប្រមាណ និងការប្រើប្រាស់សារធាតុញៀន ដែលអាចកាត់បន្ថយចំនួនមេជីវិតឈ្មោល និងលទ្ធភាពមានកូនបាន។ ជាងនេះទៅទៀត ភាពតានតឹង និងសំពាធរាងកាយខ្លាំងពេកត្រូវបានគេទទទួលស្គាល់ដែរថាធ្វើឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរឡើង។
តើអ្វីទៅជាវិធីត្រឹមត្រូវក្នុងការធ្វើរោគវិនិច្ឆ័យចំពោះភាពពិបាកមានកូនរបស់បុរស?
ការធ្វើរោគវិនិច្ឆ័យនៃភាពពិបាកមានកូនរបស់បុរសពាក់ព័ន្ធនឹងការវាយតម្លៃដ៏ទូលំទូលាយ រួមទាំងការពិនិត្យរាងកាយឱ្យបានហ្មត់ចត់ ការវិភាគមេជីវិតឈ្មោល ការធ្វើតេស្តអ័រម៉ូន និងជួនកាលការធ្វើតេស្តហ្សែន។ ការពិនិត្យនេះមានសារៈសំខាន់ណាស់ក្នុងការកំណត់មូលហេតុនៃភាពពិបាកមានកូន និងការព្យាបាលសមស្រប។
អ្វីទៅជាការព្យាបាលភាពពិបាកមានកូនរបស់បុរស?
ការព្យាបាលតាមវេជ្ជសាស្រ្ដអាចរួមបញ្ចូល ការប្រប្រាស់ឱសថអាចជំនួយដល់ការផលិតមេជីវិតឈ្មោល។ ចំណែកឯការព្យាបាល ដោយការវះកាត់អាចរួមបញ្ចូលការកែតម្រូវភាពមិនប្រក្រតីនៃកាយវិភាគសាស្ត្រ ឬនីតិវិធីដើម្បីទាញយកមេជីវិតឈ្មោលដោយផ្ទាល់ពីពងស្វាសក្នុងករណីធ្ងន់ធ្ងរ (Micro TESE) ក៏ជាវិធីសាស្ត្រព្យាបាលមួយផងដែរ។ បច្ចេកវិទ្យាបន្តពូជដែលមានជំនួយ (ART) ដូចជាការបង្កកំណើតក្រៅខ្លួន (IVF) ឬការចាក់មេជីវិតឈ្មោល intracytoplasmic (ICSI) បានក្លាយជាវីធីសាស្ត្រ មានប្រយោជន៍សម្រាប់គូស្វាមីភរិយាដែលកំពុងមានបញ្ហាការពិបាកមានកូន ដោយផ្តល់ឱ្យពួកគេនូវឱកាសក្នុងភាពជាឪពុក ម្ដាយ។
ការកែប្រែរបៀបរស់នៅក៏ដើរតួយ៉ាងសំខាន់ក្នុងការគ្រប់គ្រងភាពពិបាកមានកូនរបស់បុរសផងដែរ។ ការកែលម្អរបបអាហារ ការធ្វើលំហាត់ប្រាណទៀងទាត់ ការឈប់ជក់បារី និងកាត់បន្ថយការទទួលទានជាតិអាល់កុលអាចជួយបង្កើនការមានកូនបានយ៉ាងសំខាន់។ លើសពីនេះទៀត ការគ្រប់គ្រងភាពតានតឹងតាមរយៈបច្ចេកទេសដូចជាការធ្វើសមាធិ ឬការប្រឹក្សាអាចមានប្រយោជន៍។
ប្រសិនបើលោកអ្នកជួបបញ្ហានេះអាចអញ្ជើញមកពិគ្រោះ និងទទួលសេវាជាមួយគ្រូពេទ្យជំនាញនៅគ្លីនិករ៉ាក់ គ្រប់សាខា ក្នុងប្រទេសកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែម អាចទូរសព្ទមកលេខ 010 812 812 /089 333 990 /088 7107 107
ប្រភពអត្ថបទ៖ Cleveland Clinic
https://my.clevelandclinic.org/health/diseases/17201-male-infertility
មតិយោបល់