នៅក្នុងអំឡុងពេលមានផ្ទៃពោះ រាងកាយស្ត្រីត្រូវការចាំបាច់នូវការថែទាំ និងអាហារបំប៉នគ្រប់គ្រាន់ដើម្បីទ្រទ្រង់រាងកាយ និងការលូតលាស់របស់ទារកក្នុងផ្ទៃ។ ខាងក្រោមនេះជាគន្លឹះសំខាន់មួយចំនួនដែលអ្នកម្ដាយគួរអនុវត្ត៖
១. ទទួលទានអាហារសុខភាព
ញ៉ាំផ្លែឈើ បន្លែចម្រុះពណ៌ គ្រាប់ធញ្ញជាតិ អាហារសម្បូរជាតិកាល់ស្យូម និងចៀសវាង បរិភោគអាហាដូចជា៖ សាច់ឆៅ ថ្លើម ស៊ុតឆៅ ជាដើម។ កូនរបស់អ្នកត្រូវការសារធាតុចិញ្ចឹមដើម្បីលូតលាស់មានសុខភាពល្អនិងរឹងមាំនៅក្នុងស្បូន។
២. ទទួលទានវីតាមីនជំនួយបន្ថែម
ការទទួលទានវីតាមីនចម្រុះមុនសម្រាល ជារៀងរាល់ថ្ងៃអាចជួយធានាថាអ្នកទទួលបានបរិមាណត្រឹមត្រូវនៃសារធាតុចិញ្ចឹមសំខាន់ៗដែលអ្នកនិងកូនរបស់អ្នកត្រូវការក្នុងអំឡុងពេលមានផ្ទៃពោះ។ ទាំងនេះរួមមានអាស៊ីតហ្វូលិកជាតិដែក និងកាល់ស្យូម។ សូមពិគ្រោះជាមួយគ្រូពេទ្យសិនមុនប្រើប្រាស់។
៣. រក្សាជាតិទឹក
រាងកាយស្ត្រីមានផ្ទៃពោះត្រូវការទឹកច្រើនជាងស្ដ្រីដែលមិនមានផ្ទៃពោះ។ ក្នុងមួយថ្ងៃគួរញ៉ាំឱ្យបានប្រាំបី ទៅ ដប់ពីរកែវ ដែលមានចំណុះប្រហែល ២៥០មីលីលីត្រ។
៤. ទៅពិនិត្យសុខភាពមុនពេលសម្រាល
ស្ត្រីគួរតែទទួលបានការថែទាំមុនពេលសម្រាល ឱ្យបានទៀងទាត់ពីអ្នកផ្តល់សេវាថែទាំសុខភាព។ ម្តាយដែលមិនទទួលបានការថែទាំមុនពេលសម្រាលជាធម្មតាងាយនឹងមានកូនដែលមានទម្ងន់កំណើតទាប ឬផលវិបាកផ្សេង ទៀត។ ស្ត្រីគប្បីការទទួលសេវាថែទាំផ្ទៃពោះឱ្យបានយ៉ាងតិចបំផុត៤ដង រួមជាមួយការទទួលបានថ្នាំជាតិដែក វ៉ាក់សាំងបង្ការជំងឺតេតាណូស និងការពិនិត្ទឈាមរកមើលជំងឺឆ្លងផ្សេងៗ។
៥. ចៀសវាងការទទួលទានគ្រឿងស្រវឹង
ស្ត្រីចៀសវាងការទទួលទានគ្រឿងស្រវឹង មុនពេលមានផ្ទៃពោះ អំឡុងពេលមានផ្ទៃពោះ និងពេលបំបៅដោះកូន ការទទួលទានគ្រឿងស្រវឹងបង្កើនហានិភ័យនៃការមានកូនដែលមានលក្ខណៈខុសពីធម្មតា ពិការភាពខាងបញ្ញាធ្ងន់ធ្ងរ និងបញ្ហាអាកប្បកិរិយា។ ទោះជាយ៉ាងណាក៏ដោយ ការទទួលទានគ្រឿងស្រវឹងតិចតួចមិនត្រូវបានរកឃើញថាមានគ្រោះថ្នាក់ដល់ទារកនោះទេ តែទោះជាយ៉ាងនេះក៏ដោយគ្រូពេទ្យមិនលើកទឹកចិត្តឱ្យស្រីទទួលទានគ្រឿងស្រវឹងនោះទេជាពិសេសក្នុងអំឡុងពេលពពោះ។
៦. ចៀសវាងការជក់បារី
ការជក់បារី គឺមិនល្អចំពោះអ្នកនិងកូនក្នុងផ្ទៃរបស់អ្នកឡើយ ដោយសារកាបូនម៉ូណូអុកស៊ីត និងជាតិនីកូទីនដែលមាននៅក្នុងថ្នាំជាក់ អាចកាត់បន្ថយការផ្គត់ផ្គង់អុកស៊ីសែន និងសារធាតុចិញ្ចឹម ដល់ទារកក្នុងផ្ទៃ ដូច្នេះវាបង្កើន ហានិភ័យនៃការស្លាប់ទារកក្នុងផ្ទៃ ការកើតមិនគ្រប់ខែ រលូតដោយឯកឯង និងលទ្ធផលមិនល្អផ្សេងទៀត។
៧. ការធ្វើលំហាត់ប្រាណ
ការធ្វើលំហាត់ប្រាណប្រចាំថ្ងៃ ឬ ការធ្វើសកម្មភាពផ្សេងទៀតអាចជួយឱ្យអ្នកមានសុខភាពល្អអំឡុងពេលមានផ្ទៃពោះ។ លំាហត់ប្រាណទាំងនោះមានដូចជា ការដើរ ហែលទឹក ធាក់កង់នៅមួយកន្លែង និងលំហាត់យូហ្គាជាដើម។
៨. ទទួលថ្នាំបង្ការជំងឺផ្តាសាយ
ជំងឺផ្តាសាយអាចធ្វើឱ្យស្ត្រីមានផ្ទៃពោះឈឺធ្ងន់ និងបង្កើនហានិភ័យនៃផលវិបាកដល់កូនរបស់អ្នក។ ការចាក់ថ្នាំបង្ការជំងឺផ្តាសាយអាចការពារអ្នកពីជំងឺធ្ងន់ធ្ងរ និងជួយការពារកូនរបស់អ្នកក្រោយពេលកើតផងដែរ។
៩. សម្រាន្តឱ្យបានគ្រប់គ្រាន់
ការសម្រាន្តឱ្យបានគ្រប់គ្រាន់ (៧ ទៅ ៩ ម៉ោង) មានសារៈសំខាន់សម្រាប់អ្នកនិងកូនរបស់អ្នក។ ព្យាយាមដេកផ្អៀងទៅឆ្វេងដើម្បីធ្វើឱ្យលំហូរឈាមប្រសើរឡើង។
១០. កាត់បន្ថយភាពតានតឹង
ការកាត់បន្ថយស្ត្រេសគឺមានសារៈសំខាន់សម្រាប់ការកែលម្អលទ្ធផលកំណើត។ ស្ត្រីមានផ្ទៃពោះគួរចៀសវាងស្ថានភាពស្ត្រេសតាមដែលអាចធ្វើទៅបាន។ ជ្រើសរើសមនុស្សជាទីស្រលាញ់របស់អ្នកដើម្បីជួយអ្នកគ្រប់គ្រងភាពតានតឹងក្នុងជីវិតរបស់អ្នក។
១១. រៀបចំផែនការពេលវេលាត្រឹមត្រូវដើម្បីមានផ្ទៃពោះ
ប្រសិនបើអ្នកជ្រើសរើសមានផ្ទៃពោះក្នុងពេលដែលអ្នកដឹងថាអ្នកមានសុខភាពល្អបំផុតនោះ វាជួយបង្កើនឱកាសនៃការមានផ្ទៃពោះប្រកបដោយសុខភាពល្អនិងកំណើតប្រកបដោយសុខភាពល្អ។
អត្ថបទអត្ថប្រយោជន៍បន្ថែមទៀតតាមលិងខាងក្រោម៖
តើគូស្វាមីភរិយា គួរពិនិត្យអ្វីខ្លះសម្រាប់ការត្រៀមមានផ្ទៃពោះ?
កិច្ចសម្ភាសន៍អំពីសុខភាព-ការថែទាំផ្ទៃពោះ
មតិយោបល់