រំលងម៉ឺនុយទំព័រ

តើគូស្វាមីភរិយា គួរពិនិត្យអ្វីខ្លះសម្រាប់ការត្រៀមមានផ្ទៃពោះ?

តើគូស្វាមីភរិយា គួរពិនិត្យអ្វីខ្លះសម្រាប់ការត្រៀមមានផ្ទៃពោះ?

ព័ត៌មានសុខភាពយុវវ័យ
241

​​​​​ មិត្តអ្នកអានជាទីមេត្រី!

       អត្ថបទបានសរសេរឡើងដើម្បីជាជំនួយដល់គូស្វាមីភរិយាទាំងឡាយដែលត្រៀមនឹងមានផ្ទៃពោះ

       ដើម្បីផ្តល់កំណើតដល់ទារកដែលប្រកបដោយសុខភាពល្អនិងសុវត្ថិភាព​ តើប្រិយមិត្ត ត្រូវយល់ដឹងត្រៀមបម្រុងនិងអនុវត្តដូចម្តេចខ្លះ?

​​​១. ម្តាយឪពុកមានសុខភាពល្អទើបអាចផ្តល់កំណើតដល់ទារកដែលប្រកបដោយសុខភាពល្អនិងសុវត្ថិភាព។​

តើដូចម្តេចដែលហៅថាសុខភាពល្អ និងសុវត្ថិភាពដល់ទារក? គឺអ្នកទាំងពីរមិនមានផ្ទុកជំងឺឆ្លងនាៗដែលឆ្លងទៅដល់ទារក។​

តើជំងឺឆ្លងទាំងនោះគឺអ្វីខ្លះ? ជំងឺទាំងនោះដូចជាជំងឺអេដស៍, ជំងឺស្វាយ, ជំងឺប្រមេះទឹកបាយ​ ប្រមេះទឹកថ្លា, ជំងឺរលាកថ្លើមប្រភេទB ប្រភេទC ជាដើម។ល។

     ដើម្បីបង្ការពីជំងឺទាំងនេះ គឺត្រូវធ្វើតេស្តដើម្បីរកមើលថាតើមានផ្ទុកជំងឺទាំងអស់ឬទេ? ប្រសិនបើយើងមានផ្ទុកមេរោគទាំងនោះដូចជាជំងឺស្វាយ, ប្រមេះទឹកបាយ, ប្រមេះទឹកថ្លា ត្រូវព្យាបាលឱ្យជា ជាមុនសិន ចៀសវាងការឆ្លងទៅទារក ឬផ្ទៃពោះដែលមិនមានសុវត្ថិភាព។ តែប្រសិនបើមិនមានផ្ទុកមេរោគ និងមិនមានប្រព័ន្ធភាពសុំា អ្នកត្រូវបង្ការដោយចាក់វ៉ាក់សាំងដូចជាជំងឺរលាកថ្លើមប្រភេទB  វ៉ាក់សាំងបង្ការជំងឺតេតាណូស វ៉ាក់សាំងស្អូចជាដើម ព្រោះ ជាឧទាហរណ៍ ប្រសិនបើម្តាយមានកើតជំងឺស្អូចនេះនៅអំឡុងពេលមានផ្ទៃពោះ នាំឱ្យទារកកើតមកមិនគ្រប់លក្ខណ:ដូចនេះតើលើលោកនេះមានឳពុកម្តាយ ឯណាដែលចង់ឱ្យកូនកើតមកមិនគ្រប់លក្ខណៈនោះមែនទេ?។ ​

      ជំងឺដែលរៀបរាប់ខាងលើទាំងអស់នេះមិនមែនតែស្រ្តីម្នាក់ទេដែលជាអ្នកទទួលខុសត្រូវលើសុវត្ថិភាពនិងសុខភាពល្អដល់ទារក វាសំខាន់ណាស់ដែលត្រូវមានការចូលរួមពីស្វាមីផងដែរ។

២. ការយល់ដឹងពីសញ្ញានៃការមានផ្ទៃពោះតើមានការប្រែប្រួលអ្វីខ្លះដែលស្រ្តីត្រូវយល់ដឹងជាមុន?

  • ដូចជាការចាញ់ (ចង់ក្អួត​ ចង្អោរ ឆ្អល់)

  • ការប្រែប្រួលរាងកាយ

៣. សញ្ញាណាខ្លះដែលជាគ្រោះថ្នាក់នៅពេលមានផ្ទៃពោះ​​​​​ ដូចជា

  • ក្តៅខ្លួនខ្លាំង

  • ក្អួតខ្លាំង

  • ធ្លាក់ឈាម

  • ធ្លាក់សធំក្លិន

  • ស្លេកស្លាំង

៤. យល់ដឹងពីសញ្ញាប្រឈមមុខខ្លះពេលមានផ្ទៃពោះ​ ដូចជា

  • ការប្រឈមមុខនឹងជំងឺទឹកនោមផ្អែម កាលណាស្រ្តីឡើងគីឡូខ្លាំងពេក, មានប្រវត្តិមានជំងឺទឹកនោមផ្អែមឬក៏ក្រុមគ្រួសារឪពុកម្តាយបងប្អូនមានជំងឺទាំងអស់នេះ។

  • ការប្រឈមមុខនឹងជំងឺក្រឡាភ្លើង​ ត្រៀមក្រឡាភ្លើងដូចជាវិលមុខ​ ស្រវាំងភ្នែក​​​ សំពាធឈាមលើស ទឹកនោមមានជាតិប្រៃ ហើមជាដើម។

  • ការប្រឈមមុខនឹងពិបាកក្នុងការសម្រាលដូចជាគាត់មានកំពស់ទាបពេក<1.45m​​ អាងត្រគាកគាត់តូច ស្តើង ។ល។

៥. គាត់ត្រូវយល់ដឹងពីការបរិភោគអាហារដែលល្អដូចជា

  • ទឹកដោះគោ​ បន្លែ ផ្លែឈើ ត្រីសាច់ ស៊ុត​ គ្រាប់ធញ្ញជាតិនិងសណ្តែក

  • បន្លែពណ៌បៃតងដែលសំបូរជាតិដែកនិងអាស៊ីតហ្វូលីក

  • ប្រើអំបិលអ៊ីយ៉ូតធ្វើជាអាហារដើម្បីបង្ការជំងឺពកក

  • ត្រូវេចៀសវាងការជក់បារី និងគ្រឿងស្រវឹងដែលប៉ះពាល់ដល់ខួរក្បាល និងការលូតលាស់របស់ទារក។

  • មិនត្រូវប្រើថ្នាំងងុយគេង ឬថ្នាំផ្សេងៗទេ។

៦.​​ ការងារ

កិច្ចការស្រាលៗខ្លះស្រ្តីអាចធ្វើបានតែបើការងារតម្រូវឱ្យឈរយូរ ចូរព្យាយាមអង្គុយសណ្តូកជើងឱ្យខ្ពស់។​ ផ្ទុយទៅវិញបើស្រ្តីអង្កុយច្រើន ចូរឧស្សាហ៍ងើបឈរ និងដើរចុះឡើង២-៣នាទីរៀងរាល់ម៉ោង។

៧. ការសម្រាក

ស្ត្រីមានគភ៌ត្រូវការសម្រាក៨ម៉ោងនៅពេលយប់ហើយនិងនៅពេលថ្ងៃខ្លះដែរ។

៨. សម្ព័ន្ធផ្លូវភេទ

ក្នុងអំឡុងពេលមានផ្ទៃពោះនៅដើមត្រីមាសទី១និងចុងត្រីមាសទី៣ ការរួមភេទគួរតែប្រុងប្រយ័ត្នពិសេសចំពោះអ្នកដែលមានប្រវត្តិរលូតឯកឯង ឬកូនកើតមិនគ្រប់ខែ។ ជាញឹកញាប់ព្រោះក្នុងអំឡុងពេលនោះទារកងាយរលូត និងកើតមិនគ្រប់ខែ។

៩.ការថែទាំផ្ទៃពោះស្រ្តីគួរតែមកតាមដានថែទាំផ្ទៃពោះយ៉ាងហោចណាស់ក៏បាន៤ដងដែរ។

   មិត្តអ្នកអានជាទីគោរព ជាពិសេសចំពោះគូស្វាមីភរិយា ដែលបានសង្ស័យ ថាមានគភ៌ដើម្បីយល់ដឹងឱ្យបានកាន់តែស៊ីជម្រៅ​លម្អិត​ពីការថែទាំសុខភាព ការប្រព្រឹត្តប្រកបដោយសុសុវត្ថិភាព និងការទទួលសេវាដែលមានប្រយោជន៍ដល់ទារកត្រូវមកមន្ទីរពេទ្យ ឬគ្លីនិក។                                                                                                                                      

រៀបរៀងដោយ៖ វេជ្ជបណ្ឌិត ចក ចិន្តា

ប្រភពឯកសារ៖ ដកស្រង់ចេញពីសៀវភៅពិធីសារថ្នាក់ជាតិ សៀវភៅពិធីសារគ្លីនិករ៉ាក់ និងសៀវភៅអប់រំសុខភាពរបស់គ្លីនិករ៉ាក់

អត្ថបទដោយ: RHAC

មតិយោបល់