
ធ្វើយ៉ាងដូចម្ដេចដើម្បីងាយ គេងលក់ស្រួល?
តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាមនុស្សមួយចំនួនហាក់ដូចជាគេងលក់ស្រួលរាល់យប់ ខណៈពេលដែលអ្នកខ្លះមានប្រែខ្លួនចុះឡើងៗរាប់ម៉ោង ឬភ្ញាក់ម្ដងហើយម្ដងទៀតទម្រាំនឹងអាចគេងលក់? បញ្ហាទាំងនេះអាចមកពី ទម្លាប់នៃការគេងរបស់អ្នក។ ទម្លាប់ល្អនៃការគេង គឺជាការរួមបញ្ចូលគ្នារវាងលក្ខខណ្ឌនៃការគេង និងទម្លាប់រស់នៅ ដែលជួយឱ្យអ្នកគេងលក់បានស្កប់ស្កល់ និងគេងលក់បានយូរដោយគ្មានការរំខាន។
អត្ថប្រយោជន៍នៃទម្លាប់ល្អនៃការគេង
ទម្លាប់ល្អនៃការគេងអាចជួយអ្នកបានយ៉ាងច្រើន។ នៅពេលអ្នកគេងបានគ្រប់គ្រាន់ (ចន្លោះពី ៧ ទៅ៨ ម៉ោងក្នុងមួយយប់) អ្នកអាចនឹង៖
កាត់បន្ថយការឈឺថ្កាត់ផ្សេងៗ
រក្សាទម្ងន់ឱ្យមានសុខភាពល្អ
បង្ការបញ្ហាសុខភាពនានាដូចជា ជំងឺទឹកនោមផ្អែម និងជំងឺបេះដូង
មានអារម្មណ៍រីករាយជាងមុន និងកាត់បន្ថយភាពតានតឹង
អាចគិតអ្វីៗបានច្បាស់លាស់ក្នុងអំឡុងពេលថ្ងៃ
ចូរគិតគូរពីការផ្លាស់ប្តូរទម្លាប់នៃការគេងរបស់អ្នក ប្រសិនបើអ្នកមានបញ្ហាពិបាកគេងលក់ គេងមិនលក់ពេញមួយយប់ ឬមានអារម្មណ៍ងងុយគេងខ្លាំងនៅពេលថ្ងៃ ដែលទាំងនេះអាចជាសញ្ញានៃទម្លាប់មិនល្អនៃការគេង។
របៀបអនុវត្តទម្លាប់ល្អនៃការគេង
អ្នកអាចអនុវត្តតាមជំហានសាមញ្ញៗខាងក្រោមដើម្បីបោះបង់ទម្លាប់អាក្រក់ និងទទួលបានការគេងដែលមានគុណភាពល្អ៖
ធ្វើឱ្យមានភាពទៀងទាត់៖ សូមចូលគេង និងក្រោកពីគេងនៅម៉ោងដដែលជារៀងរាល់ថ្ងៃ (រួមទាំងថ្ងៃចុងសប្តាហ៍ផងដែរ)។ ការធ្វើបែបនេះនឹងបង្វឹកឱ្យរាងកាយរបស់អ្នកស៊ាំទៅនឹងទម្លាប់ ដែលជួយឱ្យអ្នកងងុយគេងតាមម៉ោងកំណត់ និងភ្ញាក់មកវិញដោយភាពស្រស់ស្រាយ។
រៀបចំបន្ទប់គេង៖ រក្សាបន្ទប់គេងឱ្យស្ងាត់ ងងឹត និងមានសីតុណ្ហភាពសមរម្យ (គ្រូពេទ្យភាគច្រើនណែនាំចន្លោះពី ១៥°C ទៅ ១៩°C)។
បង្កើតបរិយាកាសសម្រាក៖ រក្សាបន្ទប់គេងឱ្យស្អាត និងមានរបៀបរៀបរយ។
បង្កើតទម្លាប់មុនពេលចូលគេង៖ សាកល្បងធ្វើសមាធិ ធ្វើយូហ្គា ឬហាត់ពត់ខ្លួនតិចៗមុនពេលចូលគេង។
កម្រិតការគេងថ្ងៃ៖ កុំគេងថ្ងៃយូរពេក។
គ្រែសម្រាប់តែគេងប៉ុណ្ណោះ៖ កុំអានសៀវភៅ ឬមើលទូរទស្សន៍នៅលើគ្រែ។
កុំយកឧបករណ៍អេឡិចត្រូនិកចូលបន្ទប់គេង៖ ទូរស័ព្ទ ឬកុំព្យូទ័រ ដែលអាចបញ្ចេញពន្លឺពណ៌ខៀវ (Blue light) ដែលប៉ះពាល់ដល់ការផលិតជាតិមេឡាតូនីន (Melatonin) ក្នុងរាងកាយ។
កុំបរិភោគអាហារច្រើនជ្រុលមុនគេង កាត់បន្ថយជាតិកាហ្វេអ៊ីន និងគ្រឿងស្រវឹង។
ហាត់ប្រាណនៅពេលថ្ងៃ៖ ការធ្វើចលនារាងកាយនៅពេលថ្ងៃ ជួយឱ្យអ្នកគេងលក់កាន់តែងាយស្រួល។
តើពេលណាដែលត្រូវទៅជួបគ្រូពេទ្យ?
ប្រសិនបើអ្នកបានសាកល្បងផ្លាស់ប្តូរទម្លាប់ហើយ ប៉ុន្តែនៅតែមិនមានប្រសិទ្ធភាព ចូរពិគ្រោះជាមួយគ្រូពេទ្យ។ អ្នកអាចនឹងមានបញ្ហានៃការគេង ដូចជាវិបត្តិដំណេក ដែលត្រូវការ ប្រឹក្សា និងព្យាបាលជាមួយអ្នកជំនាញ។
អ្នកជំនាញអាចនឹងណែនាំនូវវិធីមួយចំនួនដូចជា៖
ការប្រើប្រាស់ថ្នាំ៖ ដូចជាជាតិមេឡាតូនីន (ដែលរាងកាយផលិតឡើងដើម្បីជួយដល់ការគេង)។
ការព្យាបាលដោយពន្លឺ (Light therapy)។
ការព្យាបាលតាមរយៈការកែប្រែការយល់ដឹង និងឥរិយាបថ ដែលគ្រូពេទ្យនឹងជួយអ្នកឱ្យផ្លាស់ប្តូរ គំនិត និងឥរិយាបថអវិជ្ជមានជុំវិញការគេង។
ប្រភពអត្ថបទ៖ WebMD
មតិយោបល់