រំលងម៉ឺនុយទំព័រ

តើមានអ្វីខុសប្លែកសម្រាប់ជំងឺមហារីកសុដន់ចំពោះស្ត្រីវ័យក្មេង?

តើមានអ្វីខុសប្លែកសម្រាប់ជំងឺមហារីកសុដន់ចំពោះស្ត្រីវ័យក្មេង?

ព័ត៌មានសុខភាពយុវវ័យ
6

ខ្លឹមសារសំខាន់ៗដែលអ្នកអានអាចទទួលបានក្នុងអត្ថបទនេ

  • តើមហារីកសុដន់ចំពោះស្ត្រីវ័យក្មេងមានអ្វីខុសពីស្ត្រីវ័យចំណាស់?

  • តើស្ត្រីអាយុក្រោម 40 ឆ្នាំគួរពិនិត្យ ដោយការកៀបសុដន់ (Mammogram) ដែរឬទេ?

  • តើវិធីណាល្អបំផុតសម្រាប់ពិនិត្យរកមហារីកសុដន់ចំពោះស្ត្រីវ័យក្មេង?

  • តើមហារីកសុដន់ចំពោះស្ត្រីវ័យក្មេងត្រូវព្យាបាលយ៉ាងដូចម្តេច?

ស្ត្រីវ័យក្មេងភាគច្រើនមិនសូវគិតថាខ្លួនអាចកើត មហារីកសុដន់ នោះទេ។ ជាក់ស្តែង ករណីមហារីកសុដន់ប្រមាណតិចជាង 7% កើតឡើងចំពោះស្ត្រីអាយុក្រោម 40 ឆ្នាំ។ ទោះជាយ៉ាងណា មហារីកសុដន់អាចកើតឡើងនៅគ្រប់វ័យ ដូច្នេះការយល់ដឹងអំពីកត្តាហានិភ័យមានសារៈសំខាន់ មិនថាអ្នកមានអាយុប៉ុន្មាននោះទេ។

បច្ចុប្បន្ន ការព្យាបាលមហារីកសុដន់កំពុងមានការរីកចម្រើន ដោយផ្តោតកាន់តែខ្លាំងលើការធ្វើរោគវិនិច្ឆ័យ និងការថែទាំដែលសមស្របទៅតាមស្ថានភាពរបស់មនុស្សម្នាក់ៗ។

កត្តាដែលអាចបង្កើនហានិភ័យកត្តាខាងក្រោមអាចធ្វើឱ្យហានិភ័យនៃការកើតមហារីកសុដន់កើនឡើង៖

  • ធ្លាប់មានប្រវត្តិមហារីកសុដន់ ឬជំងឺសុដន់មួយចំនួនដែលមិនមែនជាមហារីក

  • ប្រវត្តិគ្រួសារកើតមហារីកសុដន់ ជាពិសេសម្តាយ កូនស្រី ឬបងប្អូនស្រី

  • ធ្លាប់ទទួលការព្យាបាលដោយកាំរស្មីទៅលើតំបន់ទ្រូង មុនអាយុ 40 ឆ្នាំ

  • មានការប្រែប្រួលហ្សែនជាក់លាក់ ដូចជា BRCA1 ឬ BRCA2

  • មានរដូវដំបូងមុនអាយុ 12 ឆ្នាំ

  • សម្រាប់ស្ត្រីមួយចំនួន អាយុនៅពេលមានកូនដំបូងក៏អាចជាកត្តាមួយផងដែរ

កត្តាហានិភ័យផ្សេងទៀតរួមមាន ការផឹកស្រាច្រើន ការទទួលទានសាច់ក្រហមច្រើន សុដន់មានជាលិកាក្រាស់ (dense breasts) ភាពធាត់ និងកត្តាពូជសាសន៍។

ការសិក្សាមួយចំនួនបានបង្ហាញថា ការប្រើថ្នាំពន្យារកំណើតក្នុងរយៈពេល 10 ឆ្នាំកន្លងមក អាចបង្កើនហានិភ័យនៃមហារីកសុដន់បន្តិច។ ទោះជាយ៉ាងណា ការសិក្សាផ្សេងទៀតមិនបានរកឃើញទំនាក់ទំនងបែបនេះទេ។

ការព្យាបាលដោយអ័រម៉ូនជំនួស (Hormone Replacement Therapy) ដែលមានអឺស្ត្រូសែន និងប្រូហ្សេស្ទីន ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងនៃហានិភ័យកើតមហារីកសុដន់។ 

តើមហារីកសុដន់ចំពោះស្ត្រីវ័យក្មេងមានអ្វីខុសប្លែកគ្នា?ការធ្វើរោគវិនិច្ឆ័យមហារីកសុដន់ចំពោះស្ត្រីអាយុក្រោម 40 ឆ្នាំអាចមានភាពពិបាកជាង ព្រោះជាលិកាសុដន់របស់ស្ត្រីវ័យក្មេងជាទូទៅមានភាពក្រាស់ជាងស្ត្រីវ័យចំណាស់។ ដូច្នេះ នៅពេលដុំសាច់ក្នុងសុដន់អាចប៉ះដឹងបាន មហារីកអាចស្ថិតក្នុងដំណាក់កាលវិវត្តលឿនរួចទៅហើយ។

លើសពីនេះ មហារីកសុដន់ចំពោះស្ត្រីវ័យក្មេងអាចមានលក្ខណៈឆាប់រីករាលដាល និងអាចមិនឆ្លើយតបល្អចំពោះការព្យាបាល។ ស្ត្រីដែលត្រូវបានធ្វើរោគវិនិច្ឆ័យនៅវ័យក្មេង ក៏មានលទ្ធភាពខ្ពស់ជាងក្នុងការមានការប្រែប្រួលនៃហ្សែន BRCA1 ឬ BRCA2។

ការពន្យារពេលក្នុងការធ្វើរោគវិនិច្ឆ័យអាចបង្កបញ្ហា។ ស្ត្រីវ័យក្មេងជាច្រើនមិនយកចិត្តទុកដាក់ចំពោះសញ្ញាព្រមាន ដូចជា មានដុំក្នុងសុដន់ ឬមានទឹករំអិល/សារធាតុរាវហូរចេញខុសធម្មតាពីក្បាលសុដន់ ព្រោះពួកគេគិតថាខ្លួននៅក្មេងមិនអាចកើតមហារីកសុដន់បានទេ។ ពួកគេអាចគិតថា ដុំនោះគ្រាន់តែជាគីស (Cyst) ឬដុំសាច់ដែលមិនមានគ្រោះថ្នាក់។ ក្នុងករណីខ្លះ គ្រូពេទ្យក៏អាចយល់ថាដុំក្នុងសុដន់របស់ស្ត្រីវ័យក្មេងគ្រាន់តែជាគីសផងដែរ។

តើស្ត្រីអាយុក្រោម 40 ឆ្នាំគួរពិនិត្យដោយ ការកៀបសុដន់ (Mammogram) ដែរឬទេ?

ជាទូទៅ ការកៀបសុដន់ Mammogram ជាប្រចាំ មិនត្រូវបានណែនាំសម្រាប់ស្ត្រីអាយុក្រោម 40 ឆ្នាំទេ។ មូលហេតុមួយគឺជាលិកាសុដន់របស់ស្ត្រីវ័យក្មេងមានសភាពក្រាស់ ដែលអាចធ្វើឱ្យការកៀបសុដន់ Mammogram ពិបាកមើលឃើញភាពមិនប្រក្រតី។

សមាគមមហារីកអាមេរិក (American Cancer Society – ACS) ណែនាំថា៖

  • ស្ត្រីអាយុ 40–44 ឆ្នាំ អាចជ្រើសរើសចាប់ផ្តើម ការកៀបសុដន់ Mammogram ប្រចាំឆ្នាំ ប្រសិនបើពួកគេចង់។

  • ស្ត្រីអាយុ 45–54 ឆ្នាំ គួរកៀបសុដន់ Mammogram រៀងរាល់ឆ្នាំ។

  • ស្ត្រីអាយុ 55 ឆ្នាំឡើងទៅ គួរបន្តកៀបសុដន់ Mammogram រៀងរាល់ 1–2 ឆ្នាំ ឬតាមការណែនាំរបស់គ្រូពេទ្យ។

អ្នកជំនាញជាច្រើនយល់ថា ដោយសារហានិភ័យនៃមហារីកសុដន់នៅវ័យក្មេងមានកម្រិតទាប អត្ថប្រយោជន៍នៃការកៀបសុដន់ Mammogram ជាប្រចាំអាចមិនទាន់សមស្របនឹងការប៉ះពាល់នឹងកាំរស្មី និងការចំណាយនោះទេ។

ទោះជាយ៉ាងណា ស្ត្រីវ័យក្មេងដែលមាន ប្រវត្តិគ្រួសារកើតមហារីកសុដន់ ឬមានកត្តាហានិភ័យផ្សេងៗ អាចត្រូវបានណែនាំឱ្យចាប់ផ្តើមពិនិត្យមុនអាយុ 40 ឆ្នាំ តាមការវាយតម្លៃរបស់គ្រូពេទ្យ។

តើវិធីណាល្អបំផុតសម្រាប់ពិនិត្យមហារីកសុដន់ចំពោះស្ត្រីវ័យក្មេង?

សមាគមមហារីកអាមេរិក (ACS) ណែនាំឱ្យស្ត្រីគ្រប់រូប ស្គាល់ពីរូបរាង និងអារម្មណ៍ធម្មតារបស់សុដន់របស់ខ្លួន ហើយប្រសិនបើមានការប្រែប្រួលណាមួយ គួររាយការណ៍ទៅគ្រូពេទ្យ។

ការស្រាវជ្រាវមិនទាន់បង្ហាញយ៉ាងច្បាស់ថា ការពិនិត្យសុដន់ដោយខ្លួនឯងជាប្រចាំអាចផ្តល់អត្ថប្រយោជន៍ច្បាស់លាស់ក្នុងការកាត់បន្ថយការស្លាប់ដោយសារមហារីកសុដន់នោះទេ។ ដូច្នេះ គួរពិភាក្សាជាមួយគ្រូពេទ្យអំពីអត្ថប្រយោជន៍ និងគុណវិបត្តិនៃការពិនិត្យសុដន់ដោយខ្លួនឯង។

អត្ថបទនេះបានរៀបរាប់ថា ការពិនិត្យសុដន់ដោយគ្រូពេទ្យយ៉ាងហោចណាស់រៀងរាល់ ៣ ឆ្នាំ ត្រូវបានណែនាំសម្រាប់ស្ត្រីចាប់ពីអាយុ 20 ឆ្នាំ។ ទោះជាយ៉ាងណា ក្រុមអ្នកជំនាញផ្សេងៗគ្នាមិនទាន់មានការឯកភាពដូចគ្នាទាំងស្រុងអំពីអាយុដែលគួរចាប់ផ្តើមកៀបសុដន់ Mammogram ទេ។ ដូច្នេះ គួរពិភាក្សាជាមួយគ្រូពេទ្យ ដើម្បីកំណត់ពេលវេលា
ពិនិត្យដែលសមស្របសម្រាប់អ្នក។

ស្ត្រីវ័យក្មេងគួរពិគ្រោះជាមួយគ្រូពេទ្យអំពីពេលវេលាដែលសមស្របក្នុងការចាប់ផ្តើមកៀបសុដន់ (Mammogram)។ Digital Mammography អាចជាជម្រើសមួយសម្រាប់ស្ត្រីវ័យក្មេង ព្រោះវាអាចជួយរកឃើញភាពមិនប្រក្រតីនៅក្នុងជាលិកាសុដន់ដែលមានភាពក្រាស់បានល្អជាង Mammogram ជំនាន់មុនមួយចំនួន។

តើមហារីកសុដន់ចំពោះស្ត្រីវ័យក្មេងត្រូវព្យាបាលយ៉ាងដូចម្តេច?ការសម្រេចចិត្តព្យាបាលអាស្រ័យលើថា មហារីកបានរាលដាលចេញពីសុដន់ឬអត់ ព្រមទាំងសុខភាពទូទៅ និងស្ថានភាពផ្ទាល់ខ្លួនរបស់ស្ត្រីម្នាក់ៗ។

ជម្រើសនៃការព្យាបាលអាចរួមមាន៖

១. ការវះកាត់ (Surgery) មានពីរប្រភេទសំខាន់ៗ៖

  • វះកាត់យកដុំមហារីក និងជាលិកាជុំវិញមួយផ្នែកចេញ ដោយរក្សាសុដន់ទុក (Lumpectomy)។

  • វះកាត់យកសុដន់ចេញ (Mastectomy) ។

២. ការព្យាបាលដោយកាំរស្មី (Radiation Therapy)៖ ជាទូទៅ ការព្យាបាលដោយកាំរស្មីត្រូវបានប្រើបន្ទាប់ពីការវះកាត់យកដុំមហារីក ឬជាលិកាសុដន់ចេញ (Lumpectomy) ដើម្បីជួយបំផ្លាញកោសិកាមហារីកដែលអាចនៅសល់។

៣. ការព្យាបាលដោយគីមី (Chemotherapy)៖ ការព្យាបាលដោយគីមីអាចត្រូវបានណែនាំបន្ទាប់ពីការវះកាត់ ដើម្បីជួយបំផ្លាញកោសិកាមហារីកដែលនៅសល់ និងកាត់បន្ថយហានិភ័យដែលមហារីកត្រឡប់មកវិញ។

៤. ការព្យាបាលដោយអ័រម៉ូន (Hormone Therapy)៖ សម្រាប់មហារីកសុដន់ប្រភេទដែលឆ្លើយតបទៅនឹងអ័រម៉ូន ការព្យាបាលដោយអ័រម៉ូនអាចត្រូវបានប្រើ ដើម្បីជួយការពារការកើតឡើងវិញនៃមហារីក។

ផលប៉ះពាល់នៃការព្យាបាលលើសម្រាប់ស្ត្រីវ័យក្មេង

ការព្យាបាលមហារីកសុដន់អាចប៉ះពាល់ដល់ជីវិតផ្លូវភេទ សមត្ថភាពក្នុងការមានកូន និងការមានផ្ទៃពោះ។ ប្រសិនបើអ្នកមានបំណងចង់មានកូននៅពេលអនាគត គួរពិភាក្សាជាមួយគ្រូពេទ្យមុនពេលចាប់ផ្តើមការព្យាបាលដើម្បីពិភាក្សាអំពីជម្រើសក្នុងការរក្សាសមត្ថភាពបន្តពូជ។

អត្ថបទដោយ: RHAC

មតិយោបល់