រំលងម៉ឺនុយទំព័រ

ជំងឺសិរមាន់លើប្រដាប់ភេទ

ជំងឺសិរមាន់លើប្រដាប់ភេទ

ព័ត៌មានសុខភាពយុវវ័យ
91

អ្វីទៅជាជំងឺសិរមាន់?

សិរមាន់ជា ជំងឺឆ្លងតាមការរួមភេទ ដែលបង្កឡើងដោយ វីរុស Human Papilloma Virus ហៅកាត់ថា អេច ភី វី (HPV) ប្រភេទទី៦ ​និង​១១។

តើជំងឺសិមាន់មានរោគសញ្ញាដូចម្ដេច?

រោគសញ្ញាដំបូងនៃជំងឺសិរមាន់ ផ្តើមដោយកំពកសាច់តូច មួយឬច្រើន នៅទ្វារមាស ឬលិង្គ ឬតំបន់ជិតៗទ្វារមាស ឬរន្ធគូទ មានការរមាស់​និងអាចមានធ្លាក់ស។ ការដុះកំពកៗដោយសារកើតជំងឺសិរមាន់គឺសំដៅទៅលើការដុះសាច់ដូចជាសិរមាន់ដែលអាចឡើងខ្ពស់ ឬសំប៉ែត មួយ ឬច្រើន តូច ឬធំ។ ខ្លះប្រមូលផ្តុំគ្នា​បង្កើតបាន​ជារាង​ដូច​ផ្កាខាត់ណា។

ការធ្វើរោគវិនិច្ឆ័យដោយគ្រូពេទ្យ

  • គ្រូពេទ្យនឹងសុំការអនុញ្ញាតពីអ្នកដើម្បីពិនិត្យមើលប្រដាប់ភេទ។ ដោយឲ្យអ្នកគេងលើគ្រែពិនិត្យជំងឺ។

  • គ្រូពេទ្យធ្វើការពិនិត្យដោយភ្នែកទទេទៅលើដុំសាច់ដែលដុះ និងធ្វើការវែកញែកអំពីប្រភេទដុះពកៗដទៃទៀតដែលមិនមែនជាជំងឺសិរមាន់។

  • ជួនកាលសាច់ដុះខ្លះមិនមែនជាជំងឺសិរមាន់ទេ ដូចជាពេលខ្លះមានពងសៗ ដូចគុជនៅលើចុងលិង្គរបស់បុរស។ ជួនកាលមានចំណុចពកៗនៅលើប្រដាប់ភេទស្ត្រី។

  • គ្រូពេទ្យអាចស្នើសុំបូមឈាម ឬធ្វើតេស្តរកមើលជំងឺឆ្លងដទៃទៀតតាមផ្លូវបន្តពូជ។

  • សូមមកជួបគ្រូពេទ្យជាមុនសិន មុននឹងសិន្និដ្ឋានថាដុំពកតូចៗនោះជាជំងឺសិរមាន់។

តើជំងឺសិមាន់អាចព្យាបាលតាមវិធីណាខ្លះ?

ការរព្យាបាល ធ្វើទៅតាមទីតាំងសាច់ដែលដុះ ដូចជា សាច់ជាជំងឺសិរមាន់ ដែលដុះនៅផ្នែកខាងក្រៅប្រដាប់បន្តពូជ សិរមាន់ដែលដុះនៅក្នុងរន្ធនោម សិរមាន់ដែលដុះក្នុងទ្វារមាស ឬមាត់ស្បូន ឬរន្ធគូទ។ ជាទូទៅវិធីព្យាបាលមានដូចខាងក្រោម៖

  • គ្រូពេទ្យអាចឲ្យទឹកថ្នាំ Podophyllin 0.5% លាប​លើ​សាច់​ដុះ ២ ដងក្នុង១ថ្ងៃ រយៈពេល ៣ ថ្ងៃរួចឈប់ ៤ ថ្ងៃ។ ​អាច​រំលឹក​ឡើង​វិញ​រហូតដល់ ៤ សប្តាហ៍ ឬ

  • Trichloroacetic acid 80-90% (TCA) លាបម្តងក្នុងមួយ​សប្តាហ៍​​​​​​​​​រយៈ​​​​​ពេល​ច្រើន​សប្តាហ៍ប្រសិនបើចាំបាច់​

  • គ្រូពេទ្យអាចប្រើឧបករណ៍ដុតយកសាច់ដែលដុះពកៗទាំងនោះចេញ។

ការប្រឹក្សា និងតាមដាន

  • អ្នកត្រូវតមរួមភេទ ឬប្រើស្រោមអនាម័យក្នុងអំឡុងពេលព្យាបាល។

  • ប្រាប់ និងណែនាំដៃគូឲ្យមកពិនិត្យទោះគ្មានរោគសញ្ញាក៏ដោយ។

  • សិរមាន់អាចបាត់ទៅវិញ ឬនៅដដែល ឬដុះច្រើនទៅៗ និងធំទៅៗ។ ការព្យាបាលគឺគ្រាន់តែយកសាច់ដុះចេញប៉ុណ្ណោះ មិនមានថ្នាំអាចសម្លាប់មេរោគឲ្យជាសះស្បើយបានទេ ។ ​ការដុះឡើងវិញ អាចកើតមានជាពិសេសក្នុងអំឡុង ៣ខែបន្ទាប់ពីព្យាបាល។

  • មេរោគ អេច ភី វី អាចចម្លងទៅអ្នកដទៃទោះបីជាគ្មានរោគសញ្ញាក៏ដោយ។

  • គ្រូពេទ្យអាចឲ្យអ្នកចាក់វ៉ាក់សាំង អេច ភី វី បើអ្នកមិនទាន់ឆ្លងវីរុស HPV ដែលបង្កជំងឺសិរមាន់។

អត្ថបទពាក់ព័ន្ធផ្សេងៗទៀត

ការយល់ដឹងពីជំងឺមហារីកមាត់ស្បូន និងការបង្ការ​
https://tinyurl.com/kfyb4ydn

ស្វែងយល់អំពីជំងឺសិរមាន់https://tinyurl.com/5bk36b2t

តើយើងត្រូវការពារខ្លួនពីមេរោគដែលបង្កជំងឺមហារីក ឬ HPV ដោយរបៀបណា?https://tinyurl.com/2mft63hr

សំណួរ-ចម្លើយស្ដីពីជំងឺសិរមាន់
https://tinyurl.com/2jzzcjup

អត្ថបទដោយ: RHAC

មតិយោបល់