
តើយើងត្រូវការពារខ្លួនពីមេរោគដែលបង្កជំងឺមហារីក ឬ HPV ដោយរបៀបណា?
ជាងពាក់កណ្តាលនៃអ្នកដែលធ្លាប់ឆ្លងកាត់ការរួមភេទទាំងអស់បានឆ្លងមេរោគតាមផ្លូវបន្តពូជជាមួយវីរុស ដែលមានឈ្មោះថា HPV (Human Papilloma Virus)។ ប៉ុន្តែភាគច្រើនយើងមិនដែលដឹងពីមេរោគនេះទេ។ ជាលទ្ធផល មេរោគនេះនឹងត្រូវបានចម្លងទៅដល់អ្នកដទៃដោយមិនដឹងខ្លួន។ ប៉ុន្តែ សូមអ្នកកុំបារម្មណ៍ខ្លាំង!
ជាសំណាងល្អ នៅក្នុងពិភពលោកបានផលិត និងចែកចាយការប្រើប្រាស់វ៉ាក់សាំងដើម្បីការពារប្រឆាំងនឹងមេរោគ HPV នេះ ហើយវាក់សាំងនេះក៏មានចរាចរនៅក្នុងប្រទេសកម្ពុជាផងដែរ ។
សូមជម្រាបថា វ៉ាក់សាំងដែលមានមុខងារការពារមេរោគ HPV នេះ នឹងមានប្រសិទ្ធភាពបំផុត ប្រសិនបើអ្នកទទួលបាន មុនពេលដែលមានបទពិសោធន៍សកម្មភាពផ្លូវភេទ (មិនទាន់មានការរួមភេទជាលើកដំបូងក្នុងជីវិត) ។
ការបង្កររោគដោយមេរោគHIV នេះ គឺប្រភេទនៃជំងឺកាមរោគ ដែលកើតមានជាច្រើននៅក្នុងប្រទេស និងសាកលលោក ព្រោះជំងឺនេះឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ តាមរយៈការប៉ះពាល់ផ្ទាល់អំឡុងពេលរួមភេទតាមទ្វារមាស រន្ធគូថ ឬតាមមាត់។
មេរោគ HPV នេះមានប្រភេទផ្សេងៗគ្នា ដែលអាចបណ្តាលឱ្យមានការឆ្លងទៅបំពង់ក ឬតំបន់ប្រដាប់បន្តពូជទាំងបុរស និងស្ត្រី។ ក្នុងករណីភាគច្រើន រោគសញ្ញាដែលបានពីការឆ្លងមេរោគ HPVនេះ អាចបាត់ទៅវិញដោយខ្លួនឯង ដោយមិនបានកត់សម្គាល់ឡើយ។ ប៉ុន្តែនៅពេលខ្លះទៀត វានឹងបង្កឱ្យមានភាពធ្ងន់ធ្ងរដល់សុខភាព ដូចជាការកើតជម្ងឺសិរមាន់លើប្រដាប់បន្តពូជ និងមហារីកមួយចំនួន។ យោងតាមការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា ជំងឺមហារីកជាច្រើនប្រភេទ កើតឡើង គឺបណ្តាលមកពីការឆ្លងមេរោគ HPV ជាពិសេសគឺជំងឺមហារីកមាត់ស្បូនដែលជាជម្ងឺ គួរឱ្យកត់សម្គាល់។
មហារីកមាត់ស្បូនជាជំងឺមហារីកលំដាប់ទី៤ដែលកើតមានខ្ពស់បំផុតក្នុងចំណោមស្ត្រីទូទាំងពិភពលោក។ ស្ទើរតែគ្រប់ករណីទាំងអស់គឺបណ្តាលមកពីការឆ្លងវីរុស HPV ។ រដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក (FDA) បានអនុម័តវ៉ាក់សាំងចំនួន ២ ដែលអាចការពារប្រឆាំងនឹងទម្រង់គ្រោះថ្នាក់នៃមេរោគ HPV ។ វ៉ាក់សាំង HPV ទាំងពីរគឺ Gardasil និង Cervarix។ វាក់សាំងទាំង២ប្រភេទនេះ ការពារប្រឆាំងនឹង មេរោគ HPV ចំនួន ២ ប្រភេទ ដែលមានអត្រា ៧០% បង្កមហារីកមាត់ស្បូន ។ មេរោគ 2 ប្រភេទនេះបណ្តាលឱ្យមានជំងឺមហារីកភាគច្រើននៅរន្ធគូថ ទ្វារមាស និងបំពង់ក ( oropharynx )។ វ៉ាក់សាំងទាំងនេះ ការពារប្រឆាំងនឹងទម្រង់មហារីកទាំងអស់នេះ។ Gardasil ក៏ទប់ស្កាត់មេរោគ HPV ចំនួន 2ប្រភេទដែលបង្កឱ្យមានជំងឺសិរមាន់លើប្រដាប់បន្តពូជ រហូតដល់ 90% ។ វ៉ាក់សាំងទាំងពីរនេះប្រភេទនេះអាចប្រើប្រាស់បានសម្រាប់ស្ត្រី ប៉ុន្តែមានតែ Gardasilប៉ុណ្ណោះដែលអាចប្រើបានសម្រាប់បុរស។
វិធីបង្ការ និងការព្យាបាល
ជម្ងឺមហារីកមាត់ស្បូនអាចព្យាបាលជាសះស្បើយបាន ប្រសិនបើធ្វើរោគវិនិច្ឆ័យនៅដំណាក់កាលដំបូង និងព្យាបាលបានទាន់ពេល។ ការគ្រប់គ្រងជំងឺមហារីកមាត់ស្បូនគ្រប់ជ្រុងជ្រោយ រួមមានការការពារបឋម (ការចាក់វ៉ាក់សាំងប្រឆាំងនឹងមេរោគ HPV) ការការពារបន្ទាប់បន្សំ (ការស្រាវជ្រាវ និងព្យាបាលកោសិកាប្រែប្រួលមុនមហារីក) ការការពារកម្រិតទីបី (ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺមហារីកមាត់ស្បូនដែលរាតត្បាត) និងការថែទាំព្យាបាលអ្នកជម្ងឺ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការការពារ និងព្យាបាលជំងឺមហារីកមាត់ស្បូន។
បន្ថែមពីនោះ ប្រសិនបើអ្នកមានការរួមភេទជាមួយដៃគូរច្រើន ដោយគ្មានការការពារ (ប្រើប្រាស់ស្រោមអនាម័យ) អ្នកគួរទៅទទួលការប្រឹក្សារយោបល់ជាមួយនឹងអ្នកជំនាញ ដើម្បីតាមដានសុខភាពរបស់ខ្លួនឯង និងកែប្រែឥរិយាបថកាត់បន្ថយ ហានីយភ័យនៃការរួមភេទរបស់ខ្លួន ដោយប្រើប្រាស់ស្រោមអនាម័យ។
សម្រាប់ចំងល់ផ្សេង ការប្រឹក្សាយោបល់ និងសេវាទាក់ទងនឹងសុខភាពផ្លូវភេទ សុខភាពបន្តពូជ អ្នកអាចសាកល្បងទាក់ទងទៅលេខទូរសព្ទដូចខាងក្រោម៖ 010 812 812, 089 333 990 និង 088 7 107 107
មតិយោបល់