រំលងម៉ឺនុយទំព័រ

ជំងឺរលាកថ្លើម

ជំងឺរលាកថ្លើម

ព័ត៌មានសុខភាពយុវវ័យ
63

ជំងឺរលាកថ្លើមគឺជាស្ថានភាពនៃការរលាកនៃថ្លើមដែលបណ្តាលមកពីមេរោគឆ្លងផ្សេងៗ និងកត្តាឥរិយាបថរស់នៅមួយចំនួនដែលនាំឱ្យមានការរលាកថ្លើមនេះឡើង និងអាចឈានដល់ការបាត់បង់ជីវិត។ វីរុសនៃជំងឺរលាកថ្លើមមាន 5ប្រភេទ ដែលហៅថាប្រភេទ A, B, C, D និង E។ ជំងឺរលាកថ្លើមមានរបៀបនៃការចម្លងផ្សេងៗ គ្នា ហើយភាពធ្ងន់ធ្ងរនៃជំងឺ វិធីការការពារ និងការព្យាបាលក៏ផ្សេងគ្នាផងដែរ។ ជាពិសេស ប្រភេទ B និង C ដែលនាំឱ្យកើតជំងឺរ៉ាំរ៉ៃលើមនុស្សរាប់រយលាននាក់ក្នុងសាកលលោក។ មេរោគប្រភេទទាំង២នេះ គឺជាមូលហេតុទូទៅបំផុតនៃជំងឺ ក្រិនថ្លើម មហារីកថ្លើម និងការស្លាប់ដោយសារមេរោគរលាកថ្លើម។ យោងតាមទិន្នន័យនៃអង្គការសុខភាពពិភពលោកបានឱ្យដឹងថា មានមនុស្សប្រមាណ 354 លាននាក់នៅទូទាំងពិភពលោករស់នៅជាមួយជំងឺរលាកថ្លើមប្រភេទ B ឬ C ប៉ុន្តែភាគច្រើន គឺមិនបានទទួលការធ្វើ តេស្ត និងការព្យាបាលនោះឡើយ។

ទោះជាយ៉ាងណា ជំងឺរលាកថ្លើមប្រភេទមួយចំនួនអាចការពារបានតាមរយៈការចាក់វ៉ាក់សាំង។ ទិន្នន័យរបស់អង្គការសុខភាពពិភពលោក ដដែល បានរកឃើញថា មានមនុស្សប្រមាណ 4.5 លាននាក់អាចត្រូវបានការពារពីការស្លាប់មុនអាយុ នៅក្នុងប្រទេសដែលមានចំណូលទាប និងមធ្យមនៅឆ្នាំ 2030 តាមរយៈការចាក់វ៉ាក់សាំង ការធ្វើតេស្តរោគវិនិច្ឆ័យ ប្រើប្រាស់ថ្នាំព្យាបាល និងយុទ្ធនាការអប់រំ។ ហេតុនេះ ការចាក់វ៉ាក់សាំង គឺជាផ្នែកមួយនៃការឆ្លើយតបគោលដៅនៃការកាត់បន្ថយជំងឺរលាកថ្លើមនៅក្នុងពិភពលោក គឺ កាត់បន្ថយការឆ្លងជំងឺរលាកថ្លើមថ្មីចំនួន 90% និងការស្លាប់ចំនួន 65% ចន្លោះឆ្នាំ 2016 និង 2030។

សូមស្វែងយល់ពីជំងឺរលាកថ្លើមទាំង ៥ប្រភេទជាមួយគ្នា៖

១.​ ជំងឺ​រលាក​ថ្លើម​ប្រភេទ A៖ ជា​ទូទៅ ឆ្លង​តាម​រយៈ​ការប៉ះពាល់ ឬហូបចំណី​អាហារ ឬ​ភេសជ្ជៈ​កខ្វក់​​ដែលមានមេរោគ។ រោគសញ្ញា​នៃ​ជំងឺ​រលាក​ថ្លើម​ប្រភេទ A អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​ដោយ​មិន​ចាំ​បាច់​ព្យាបាល ប៉ុន្តែ​ការ​ជា​សះ​ស្បើយ​អាច​ចំណាយ​ពេល ២-៣ សប្តាហ៍។

២. ជំងឺ​រលាក​ថ្លើម​ប្រភេទ B៖ អាច​ជា​ជំងឺ​ស្រួច​ស្រាល ឬ​ជំងឺ​រ៉ាំរ៉ៃ។ វា​ឆ្លងតាមរយៈសារធាតុ​រាវ​ក្នុង​រាងកាយ​ដូចជា​ឈាម ទឹក​រងៃ​ ដែលអាចឆ្លង​ពីម្ដាយទៅកូនអំឡុងពេលសម្រាល​ និងឆ្លងតាមរយៈការរួមភេទ ជាដើម។ ចំពោះ ជំងឺ​រលាក​ថ្លើម​ប្រភេទ​នេះ​អាច​ព្យាបាល​បាន តែមិនជាសះស្បើយ ១០០% ​​ទេ។ មាន​ន័យ​ថាបើ​យើង​កើត​ជំងឺ​នេះ ព្យាបាល​កាន់​តែឆាប់ ភាគ​រយ​នៃ​ការ​រង​ផល​វិបាក​កាន់​តែ​ទាប។

៣. ជំងឺ​រលាក​ថ្លើម​ប្រភេទ C៖ ក៏​អាច​មាន​លក្ខណៈ​ស្រួច​ស្រាល ឬ ​រ៉ាំរ៉ៃ​ដែរ។ ជា​រឿយ​ៗ វា​ឆ្លង​តាម​រយៈ​ការ​ប៉ះពាល់​ឈាម​ពី​អ្នក​​ជំងឺ​រលាក​ថ្លើម​ប្រភេទ C​ (​ ការចម្លងដូចរលាកថ្លើម B ដែរ )​។ ​វា​មិន​បង្ក​រោគ​សញ្ញា​នៅ​ដំណាក់​កាល​ដំបូង វា​អាច​នាំ​ឱ្យ​មាន​ការ​ខូច​ខាត​ថ្លើម​ជា​រហូត​នៅ​ដំណាក់​កាល​ធ្ងន់​ក្រោយ​ៗ​ទៀត។

៤. ជំងឺ​រលាក​ថ្លើម​ប្រភេទ D៖ គឺ​ជា​ទម្រង់​ធ្ងន់ធ្ងរ​មួយ​នៃ​ជំងឺ​រលាក​ថ្លើម​ដែល​កើត​ឡើង​តែ​ចំពោះ​អ្នក​​ជំងឺ​រលាក​ថ្លើម​ប្រភេទ​B វា​ក៏​អាច​មាន​លក្ខណៈ​ស្រួច​ស្រាល ឬ​រ៉ាំរ៉ៃ​ផង​ដែរ។

៥. ជំងឺ​រលាក​ថ្លើម​ប្រភេទ E៖ ច្រើន​តែ​បណ្ដាល​មក​ពី​ផឹក​ទឹក​កខ្វក់។ ជា​ទូទៅ វា​អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​ក្នុង  ​រយៈ​ពេល​ពីរ ទៅបី​សប្ដាហ៍​ដោយ​មិន​មាន​ផល​វិបាក​យូរ​អង្វែង។

ជំងឺ​រលាក​ថ្លើមមាន​៣ ​ប្រភេទ​ដែល​​យើង​ឭញឹក​ញាប់​ជាង​គេ​នោះ​គឺ រលាក​ថ្លើម​ប្រភេទ A, B និង​រលាក​ថ្លើម​ប្រភេទ C ជំងឺរលាក​ថ្លើម​ប្រភេទ A អាច​ព្យាបាល​ជា​សះស្បើយ ប៉ុន្តែ​បើប្រភេទ B និង​ C វិញ ជាជំងឺរ៉ាំរ៉ៃ ពិបាក​ព្យាបាល​ជា​សះស្បើយ​ណាស់។

រោគសញ្ញា៖

  • អ្នកអាចកត់សម្គាល់ពីរោគសញ្ញានៃជំងឺរលាកថ្លើម មានដូចជា៖  

  • អស់កម្លាំងល្ហិតល្ហៃ

  • គ្រុនក្ដៅខ្លាំង

  • ឈឺពោះ

  • ស្បែកនិងភ្នែកឡើងលឿង

  • ក្អួតចង្អោរ

  • ទឹកនោមពណ៌លឿងចាស់

  • បាត់បង់ចំណង់អាហារ

ចំណាំ : ចំពោះករណីអ្នកជំងឺរលាកថ្លើមមួយចំនួនក៏មិនមានលេចចេញនូវ​រោគសញ្ញាដែរ ដូច្នេះហើយទើបទាមទារឱ្យយើងទាំងអស់គ្នាត្រូវតែត្រួតពិនិត្យសុខភាពប្រចាំឆ្នាំ។

ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល

  គេអាចធ្វើរោគវិនិច្ឆ័យជំងឺរលាកថ្លើម បានតាមរយៈ ការសាកសួរប្រវត្តិជំងឺផ្ទាល់ខ្លួន​ និង​គ្រួសារ ការពិនិត្យរាងកាយ និងតេស្តអមវេជ្ជសាស្រ្ត (​តេស្តឈាមរកមេរោគរលាកថ្លើម មុខងារថ្លើម​ និងអេកូសាស្រ្ត ជាដើម)។

ការព្យាបាលអាស្រ័យទៅលើប្រភេទនៃជំងឺរលាកថ្លើម អាចជាថ្នាំគ្រាប់ ឬ​ជាថ្នាំចាក់។​ ការព្យាបាលនេះគឺត្រូវតែទៅពិគ្រោះជាមួយគ្រូពេទ្យឯកទេសដែលមានជំនាញច្បាស់លាស់។

ការបង្ការ

  • យើងអាចបង្ការជំងឺរលាកថ្លើមបានតាមរយៈ

  • ការហូបស្អាត ផឹកស្អាត

  • ចាក់វ៉ាក់សាំងការពារមេរោគរលាកថ្លើមប្រភេទ A និង​ B

  • ប្រើស្រោមអនាម័យឱ្យបានត្រឹមត្រូវរាល់ពេលមានការរួមភេទ

  • កុំប្រើវត្ថុមុតស្រួចចាក់ទម្លុះស្បែករួមគ្នា

 ប្រែសម្រួលដោយ វេជ្ជ. ខូវ ហ្គិចហុង គ្រូពេទ្យទទួលបន្ទុកគ្លីនិករ៉ាក់ ស្ទឹងមានជ័យ

ប្រភពឯកសារ៖ ឯកសារគ្លីនិករ៉ាក់, WHO

អត្ថបទពាក់ព័ន្ធផ្សេងៗទៀត៖

កិច្ចសម្ភាសន៍អំពី "ទំនាក់ទំនងជំងឺរលាកថ្លើមប្រភេទបេ និងការរួមភេទ"

អត្ថបទដោយ: RHAC

មតិយោបល់