រំលងម៉ឺនុយទំព័រ

កិច្ចសម្ភាសន៍អំពី  "ទំនាក់ទំនងជំងឺរលាកថ្លើមប្រភេទបេ និងការរួមភេទ"

កិច្ចសម្ភាសន៍អំពី "ទំនាក់ទំនងជំងឺរលាកថ្លើមប្រភេទបេ និងការរួមភេទ"

ព័ត៌មាន
151
កម្មវិធី “កិច្ចសម្ភាសន៍អំពីសុខភាព” គឺជាកម្មវិធីមួយ ដែលផ្តោតសំខាន់ទៅលើចំណេះដឹងសុខភាព 🤩។ នៅខែកក្កដានេះ កិច្ចសម្ភាសន៍អំពីសុខភាពរបស់រ៉ាក់ បាននាំមកនូវប្រធានបទ “ទំនាក់ទំនងជំងឺរលាកថ្លើមប្រភេទបេ និងការរួមភេទ” ជាមួយលោកវេជ្ជ. អៀង ទូច គ្រូពេទ្យនៅគ្លីនិករ៉ាក់ទឹកថ្លា ជូនអ្នកទាំងអស់គ្នាបានស្វែងយល់។
  1. តើអ្វីទៅជាជំងឺរំលាកថ្លើម?
ចម្លើយ៖ ជំងឺរលាកថ្លើមគឺជាជំងឺមួយដែលបង្កដោយមេរោគវីរុស ហើយមេរោគហ្នឹង មានដូចជា ប្រភេទ A, B, C ជាដើម ហើយគេចែកជំងឺរលាកថ្លើមជា២ដំណាក់កាល គឺដំណាក់កាលស្រួចស្រាវ និងរ៉ាំរ៉ៃ។ បើសិនជាយើងមិនបានព្យាបាលទាន់ពេលវេលាទេ ជំងឺរលាកថ្លើមបេនេះ នឹងធ្វើឱ្យសាច់ថ្លើមរបស់យើងក្រិន ឬក៏មហារីក។
  1. តើជំងឺរលាកថ្លើមបេឆ្លងតាមរបៀបណាខ្លះ?
ចម្លើយ៖ ជំងឺរលាកថ្លើមប្រភេទបេ ឆ្លងតាមការរួមភេទដែលមិនមានប្រើប្រាស់ស្រោមអនាម័យត្រឹមត្រូវ ឆ្លងតាមការប៉ះពាល់ឈាម តាមការប៉ះពាល់ទឹករំអិល ទឹករងៃជាដើម។
  1. តាមការស្រាវជ្រាវបង្ហាញថា ជំងឺរលាកថ្លើមបេ ងាយឆ្លងតាមការរួមភេទ ជាងជំងឺអេដស៍ ៥០ ទៅ១០០ ដង។ តើពិតមែនទេ?
ចម្លើយ៖ ជំងឺរលាកថ្លើមប្រភេទបេ ឆ្លងតាមការរួមភេទងាយជាងជំងឺអេដស៍ ដោយសារការរួមភេទដែលប្រឈមដូចជាមានដៃគូច្រើន មានការរួមភេទដោយមិនប្រើប្រាស់ស្រោមត្រឹមត្រូវ ហើយវាឆ្លងដោយសារដូចជាការប៉ះពាល់ទឹករអិល វាប៉ះពាល់អាចឱ្យឆ្លងទៅលើដៃគូរបស់គាត់ បើសិនជាដៃគូគាត់មានមេរោគជំងឺរលាកថ្លើមប្រភេទបេ។
  1. តើយើងធ្វើយ៉ាងដូចម្តេចទើបអាចដឹងថា ដៃគូរបស់យើងមិនមានជំងឺរលាកថ្លើមបេនេះ មុនពេលដែលយើងរួមភេទ? តើវាមានរោគសញ្ញាបង្ហាញឲ្យដឹងដែរឬទេ? បើមានអ្វីខ្លះ អាចជារោគសញ្ញាគួរឲ្យកត់សម្គាល់? 
ចម្លើយ៖ ដើម្បីឱ្យដឹងថា ដៃគូរបស់យើងមានជំងឺរលាកថ្លើមប្រភេទបេ មុននឹងការរួមភេទ យើងត្រូវនាំដៃគូមកពិនិត្យឈាម ដើម្បីរកមើលមេរោគរលាកថ្លើមបេ។ រោគសញ្ញាថ្លើមយើងដឹងហើយថា ការឆ្លងនៅដំបូងៗ មិនមានចេញរោគសញ្ញាឱ្យបានដឹងច្បាស់លាស់ទេ ទាល់តែគាត់មានសភាពធ្ងន់ធ្ងរ ទើបអាចចេញជារោគសញ្ញាបាន ដូចជា អស់កម្លាំង ភ្នែកលឿង ស្បែកឡើងលឿង ហើយពោះធំជាដើម។
  1. តើឥរិយាបថរួមភេទអ្វីខ្លះ ដែលងាយប្រឈមមុខនឹងការឆ្លងជំងឺរលាកថ្លើមបេនេះ? (ដូចជាការរួមភេទតាមគូទងាយឆ្លងជាងជាដើម...)
ឥរិយាបថនៃការរួមភេទដែលប្រឈមមុខនឹងការឆ្លងជំងឺរលាកថ្លើមបេនេះ មានដូចជា បុរសស្រលាញ់បុរស អាចមានការរួមភេទតាមរន្ធគូទ ឬទ្វារក្រោយ ដែលងាយប្រឈមនឹងការឆ្លង ពីព្រោះការរួមភេទតាមទ្វារក្រោយនេះវាមានការកកិតខ្លាំងជាងនៅទ្វារមាសរបស់ស្រ្តី។
  1. តើការថើបអាចធ្វើឲ្យឆ្លងមេរោគរលាកថ្លើមប្រភេទបេដែរឬទេ?
ចម្លើយ៖ ចំពោះការដែលថើបគ្នាតាមមាត់ វាមិនអាចឆ្លងជំងឺថ្លើមប្រភេទបេទេ លុះត្រាតែ ប្រសិនបើដៃគូគាត់ទាំងពីរមានដំបៅ ឬមានរលាកមាត់ អញ្ចឹងគឺអាចប្រឈមនឹងការឆ្លងដែរ។ ប៉ុន្តែយើងមិនត្រូវរើសអើងចំពោះអ្នកដែលមានជំងឺរលាកថ្លើមបេទេ ពីព្រោះជំងឺរលាកថ្លើមបេ យើងរស់នៅជាមួយគ្នា ហូបចុកជាមួយគ្នា មិនមានការឆ្លងមេរោគថ្លើមប្រភេទបេនេះទេ។
  1. តើធ្វើដូចម្តេចដើម្បីការពារខ្លួនពីការឆ្លងមេរោគរលាកថ្លើមប្រភេទបេនេះ?
ចម្លើយ៖ ដើម្បីការពារខ្លួនយើងកុំឱ្យឆ្លងជំងឺរលាកថ្លើមប្រភេទបេ ទីមួយយើងត្រូវធ្វើការរួមភេទដោយប្រើប្រាស់ស្រោមអនាម័យឱ្យបានត្រឹមត្រូវ ទីពីរ យើងត្រូវមកពិនិត្យឈាមរកមើលមេរោគថ្លើមបេឱ្យបានគ្រប់ៗគ្នា ទីបី យើងត្រូវតែចាក់វ៉ាក់សាំង​ការពារឱ្យបានគ្រប់ៗគ្នា
  1. តើជំងឺរលាកថ្លើមប្រភេទបេ អាចព្យាបាលបានឬទេ?
ចម្លើយ៖ ជំងឺរលាកថ្លើមប្រភេទបេ គេចែកចេញជា២ដំណាក់កាល ដំណាក់កាលស្រួចស្រាវ គឺជាដំណាក់កាលដែលអ្នកជំងឺកើតជំងឺរលាកថ្លើមប្រភេទបេ រហូតដល់ក្រោម៦ខែ ហើយវាអាចវិវត្តជាទៅវិញដោយឯកឯង៩៥% ហើយដំណាក់កាលទីពីរ គឺដំណាក់កាលរ៉ាំរ៉ៃ គឺអ្នកជំងឺមានឆ្លងជំងឺថ្លើមប្រភេទបេលើសពី៦ខែ ដែលគាត់មិនអាចព្យាបាលជា៩៥%។ មានចែកជា២ដំណាក់កាលទៀត នៅក្នុងដំណាក់កាលរ៉ាំរ៉ៃ គឺមានដំណាក់កាលស្ងៀមស្ងាត់ និងដំណាក់កាលវិវត្ត។ ដំណាក់ស្ងៀមស្ងាត់គេអត់ព្យាបាលទេ គេឱ្យតាមដានរហូត ៦ខែមើលម្តងៗ ព្រោះថ្លើមគាត់អត់មានធ្វើទុក្ខ តែដំណាក់កាលវិវត្ត វាអាចធ្វើឱ្យថ្លើមគាត់រាងក្រិនបន្តិចម្តងៗ។ អញ្ចឹងត្រូវការឱ្យគាត់មកពិនិត្យ តាមដានជាមួយគ្រូពេទ្យជំនាញឱ្យបានទៀងទាត់ ហើយរយៈពេលយូរ ព្រោះថ្លើមបេមិនងាយព្យាបាលអស់សំបកវាទេ។
  1. ប្រសិនបើមិនបានទទួលការព្យាបាល តើជំងឺរលាកថ្លើមប្រភេទបេ នឹងផ្តល់ការលំបំបាកអ្វីខ្លះ?
ចម្លើយ៖ បើសិនជាអ្នកជំងឺគាត់មានជំងឺថ្លើម ហើយគាត់មិនបានមកព្យាបាលត្រឹមត្រូវនោះទេ ជំងឺនេះនឹងធ្វើឱ្យថ្លើមរបស់គាត់ក្រិន ឬមហារីកថ្លើម។   គ្លីនិករ៉ាក់ មានសេវាកម្មពិនិត្យឈាមរកមើលជំងឺរលាកថ្លើមប្រភេទបេ និងចាក់វ៉ាក់សាំងការពារផងដែរ។ `
អត្ថបទដោយ: RHAC

មតិយោបល់