យើងទាំងអស់គ្នាបានដឹងហើយថា ក្នុងកំឡុងពេលពរពោះរយៈពេល៩ខែ ស្ត្រីគ្រប់រូបចាំបាច់ត្រូវទទួលការថែទាំ និងពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់តាមការណាត់របស់គ្រូពេទ្យ ក្នុងគោលបំណងតាមដានសុខភាពម្ដាយ និងទារក ជាពិសេសរកឱ្យឃើញនូវសញ្ញាគ្រោះថ្នាក់ដែលអាចកើតមានឡើង និងព្យាបាលបានទាន់ពេលវេលា។ សញ្ញាគ្រោះថ្នាក់ដែលអាចមានក្នុងនោះរួមបញ្ចូលទាំងជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះផងដែរ។
តើអ្វីទៅជាជំងឺទឹកនោមផ្អែម?
ជំងឺទឹកនោមផ្អែមគឺជាជំងឺមិនឆ្លង ដែលកើតដោយសារលើសជាតិស្ករក្នុងឈាម មុនពេលញាំអាហារ និង ក្រោយពេលញាំអាហារ ដែលភាគច្រើនពុំលេចចេញរោគសញ្ញាឱ្យដឹងមុនទេ។
ជំងឺទឹកនោមផ្អែមលើស្រ្តីមានផ្ទៃពោះ គឺជាការកើនឡើងជាតិស្ករក្នុងឈាមកំឡុងពេលមានផ្ទៃពោះ ហើយជាតិ ស្ករ នឹងត្រឡប់មកធម្មតាវិញក្រោយពេលសម្រាលហើយ ប៉ុន្តែការកើនឡើងជាតិស្ករក្នុងឈាមពេលមានផ្ទៃពោះនេះហើយដែលបង្ករឱ្យមានផលវិបាកទាំងម្ដាយនិងកូន។
កម្រិតជាតិស្ករដែលចាត់ទុកថាមានជំងឺទឹកនោមផ្អែមលើស្រ្តីមានផ្ទៃពោះមានដូចខាងក្រោម ៖
កម្រិតជាតិស្ករក្នុងឈាមមុនពេលញាំអាហារ ≥ 92 mg/dl
កម្រិតជាតិស្ករក្រោយពីផឹកទឹកស្ករ 75g 1h ≥ 180 mg/dl
កម្រិតជាតិស្ករក្រោយពីផឹកទឹកស្ករ 75g 2h ≥ 153 mg/dl
តើស្រ្តីមានផ្ទៃពោះណាខ្លះដែលមានការប្រឈមមុខទៅនឹងការកើតជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះ?
ស្រ្តីដែលមានអាយុចាប់ពី៣៥ឆ្នាំឡើងទៅ
ស្រ្តីដែលទម្ងន់ខ្លួន ធៀបនឹងកម្ពស់ ធំជាង ឬស្មើ ២៧ (≥ 27) (វិធីគណនា BMI ស្មើនឹងទម្ងន់ខ្លួន(គិតជាគីឡូក្រាម) ចែកនឹងផលគុណនៃកម្ពស់គុណ និងកម្ពស់)។ ឧទាហរណ៍ 60Kg / (1.60mx1.60m)= 60 / 2.56 =23
ជនជាតិ អាស៊ី និងអាហ្រ្វិក
មានសាច់ញាតិ មានជំងឺទឹកនោមផ្អែមប្រភេទទី ២
មានប្រវត្តិជំងឺពហុគីសកន្សោមពងតូចៗច្រើន
ធ្លាប់មានប្រវត្តិកូនថ្លោសពេក (លើសពី 4000g) នឹងមានទឹកភ្លោះច្រើន
ធ្លាប់មានប្រវត្តិកូនស្លាប់ក្នុងពោះដោយរកមូលហេតុមិនឃើញ
ជំងឺទឺកនោមផ្អែមលើស្រ្តីមានផ្ទៃពោះអាចបង្កឱ្យមានផលវិបាកទាំងម្ដាយ ទាំងកូនមានដូចជា៖
ផលវិបាកចំពោះម្ដាយ
មានការប្រឈមមុខទៅនឹងជំងឺក្រឡាភ្លើងកាន់តែខ្លាំងកាលណាទម្ងន់ ធៀបនឹងកម្ពស់ ≥ 27
មានការប្រឈមមុខទៅនឹងការបង្កររោគនៅលើផ្លូវទឹកនោម នឹង រលាកស្រទាប់ស្ដើងរបស់ស្បូនក្រោយសម្រាល
មានការរងរបួស ឬដាច់រហែកទ្វារមាស មាត់ស្បូន ដោយសារកូនធំពេក
ទឹកភ្លោះច្រើន អាចឱ្យធ្លាក់ឈាមក្រោយសម្រាលដោយសារស្បូនខ្សោយ
កើតជំងឺទឹកនោមផ្អែមប្រភេទទី២ នៅពេលអនាគត
ផលវិបាកចំពោះកូន
ការលូតលាស់មិនប្រក្រតីជាពិសេសបេះដូង
កូនថ្លោសពេកធ្វើឱ្យពិបាកក្នុងការសម្រាលជាប់ស្មា រឺបាក់ឆ្អឹងដងកាំបិត
ទឹកភ្លោះច្រើន អាចឱ្យបែកស្រោមទឹកភ្លោះមុនកំណត់ កូនសម្រាលមុនខែ កូនស្លាប់ក្នុងពោះ
កូនពិបាកដកដង្ហើមក្រោយពេលកើត
កូនខ្វះជាតិស្ករក្រោយពេលកើត
កូនមានជំងឺខាន់លឿង ក្រោយពេលកើត
ការគ្រប់គ្រង ដើម្បីបង្ការ និងការពារផលវិបាកជំងឺទឹកនោមផ្អែមលើស្រ្តីមានផ្ទៃពោះ
គ្រប់ស្រ្តីដែលមានផ្ទៃពោះទូទៅ គួរតែបានធ្វើតេស្តជាតិស្ករមុនពេលញាំអាហារ នៅពេលមកពិនិត្យផ្ទៃពោះលើកដំបូង បើសិនជាកម្រិតជាតិស្ករមុនពេលញាំអាហារកើនឡើងលើសកម្រិតធម្មតា ស្រ្តីមានផ្ទៃពោះគួរតែបានណែនាំឱ្យធ្វើតេស្តជាតិ ស្ករ ក្រោយពេលញាំទឹកស្ករ ៧៥ក្រាម ហើយពិនិត្យមើលកម្រិតជាតិស្ករ ១ម៉ោង និង ២ម៉ោង ក្រោយញាំទឹកស្ករ។ បើកម្រិតជាតិស្ករធម្មតា ត្រូវតាមដានកម្រិតជាតិស្ករក្រោយញាំទឹកស្ករនៅពេលអាយុផ្ទៃពោះ ២៤ ទៅ ២៨ សប្ដាហ៍ឡើងវិញ។ ប្រសិនបើលទ្ធផលនៃការធ្វើតេស្តកម្រិតជាតិស្ករក្រោយញាំទឹកស្ករលើសពីធម្មតា ត្រូវបញ្ជូនទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតដើម្បីផ្ដល់ជម្រើសការព្យាបាល។
ចំពោះស្រ្តីដែលមានការប្រឈមមុខទៅនឹងជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះ និងស្រ្តីដែលមានផ្ទៃពោះ ២៤ ទៅ ២៨ សប្ដាហ៍ ហើយទើបបានមកពិនិត្យផ្ទៃពោះ គួរតែណែនាំឱ្យធ្វើតេស្តមើលកម្រិតជាតិស្ករក្រោយពេលញាំទឹកស្ករវិញ។
ជម្រើសការព្យាបាលដំបូងគឺជាការផ្លាស់ប្ដូររបៀបរបបរស់នៅ ការហូបចុកដោយតាមអាហារដែលមានស្ករ បាយ ដំឡូង បង្កើនការហូបបន្លែផ្លែឈើ បន្ថយទំងន់ ហាត់ប្រាណឱ្យបាន ៣០ នាទី ក្នុងមួយថ្ងៃ និងឱ្យបាន ៣ ទៅ ៥ ដងក្នុងមួយសប្ដាហ៍ នោះនឹងអាចឱ្យកម្រិតជាតិស្ករចុះត្រឡប់មកធម្មតាវិញ។ បើសិនកម្រិតជាតិស្ករមិនចុះមកធម្មតាទេ ទើបត្រូវព្យាបាលដោយថ្នាំ។
សូមចងចាំថា៖ គ្រប់ពេលមកពិនិត្យផ្ទៃពោះ ស្រ្តីគួរតែមានការតាមដានសម្ពាធឈាម ជាតិប្រៃ ជាតិផ្អែមក្នុងទឹកនោម ជាតិស្ករ ក្នុងឈាម និងទម្ងន់ខ្លួន។ ហើយ ក្រោយសម្រាលបាន ៦ ទៅ ៨ សប្ដាហ៍ ស្រ្តីក៏ត្រូវតាមដានកម្រិតជាតិស្ករមុនពេលញាំអាហារ និង ២ម៉ោងក្រោយពេលញាំទឹកស្ករ 75g ភាគច្រើនកម្រិតជាតិស្កររបស់គាត់ត្រឡប់មកធម្មតាវិញ។ សូមបន្តការហាត់ប្រាណតមអាហារដើម្បីបង្ការ ជំងឺ ទឹកនោមផ្អែមប្រភេទទី២ នៅពេលអនាគត ។
រៀបរៀងដោយ៖ គ្រូពេទ្យ ជា ទិត្យដារ៉ា គ្រូពេទ្យព្យាបាលនៅគ្លីនិករ៉ាក់បាត់ដំបង
ឯកសារយោង៖ គ្លីនិករ៉ាក់៖ ពិធីសាររ៉ាក់សម្ភពនិងរោគស្ត្រីឆ្នាំ២០១៩
អត្ថបទពាក់ព័ន្ធផ្សេងៗទៀត៖
តើស្រ្តីមានផ្ទៃពោះគួរយល់ដឹងពីការប្រែប្រួលសុខភាពអ្វីខ្លះក្នុងអំឡុងពេលពរពោះ?
មតិយោបល់