រំលងម៉ឺនុយទំព័រ

ផលវិបាកនៃការប្រើប្រាស់អ័រម៉ូន

ផលវិបាកនៃការប្រើប្រាស់អ័រម៉ូន

រឿងជោគជ័យ
58

ទូច ស្រីល័ក្ខ ជាឈ្មោះហៅក្រៅរបស់អ្នកប្តូរយេនឌ័រ ជាស្រ្តីម្នាក់ដែលរស់នៅតំបន់ផ្លូវរទេះភ្លើង ខណ្ឌទួលគោក ភ្នំពេញ។ មកដល់ឥឡូវ ស្រីលក្ខ័មានអាយុ ៣៦ ឆ្នាំ មានស្រុកកំណើតនៅភូមិព្រែកសំរោង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។


ជីវិតរបស់ស្រីលក្ខ័មិនខុសពីអ្នកប្តូរយេនឌ័រផ្សេងទៀតក្នុងប្រទេសកម្ពុជាប៉ុន្មាននោះទេ។ នាងទទួលបានការរើសអើងពីគ្រួសាររបស់នាងផ្ទាល់ជាពិសេសឪពុករបស់នាង នៅពេលដែលពួកគេចាប់ផ្តើមបង្ហាញពីអត្តចរិកជានារីភេទនៅអាយុ១០ឆ្នាំ។


នាងជាកូនតែម្នាក់គត់ក្នុងចំណោមបងប្អូនទាំង១០នាក់ដែលជាអ្នកប្តូរយេនឌ័រ ហើយនាងមានអារម្មណ៍ថានាងទទួលបានក្តីស្រឡាញ់ពីឪពុកម្តាយរបស់នាងតិចជាងគេ។  នាងមិនត្រូវបានក្រុមគ្រួសាររបស់នាងយកចិត្តទុកដាក់ខ្លាំងនោះទេ ជារឿយៗគ្រួសាររបស់នាង តែងតែមិនអើពើជាមួយរូបនាង។


ស្រីលក្ខ័បានសម្រេចចិត្តចាកចេញពីគ្រួសាររបស់នាងនៅពេលដែលនាងបានបញ្ចប់ការសិក្សាត្រឹមថ្នាក់ទី១១ប៉ុណ្ណោះ។ នៅពេលនាងបានមកដល់ភ្នំពេញ នាងក៏បានជួបបងស្រីម្នាក់ដែលជាអ្នកប្តូរយេនឌ័រដូចរូបនាងដែរ។ ដោយការអាណិតស្រឡាញ់ នារីប្តូរយេនឌ័រម្នាក់នោះក៏បានហៅនាងមករស់នៅជាមួយនៅម្តុំបូឌីញ។ ដោយឥតមានការងារធ្វើផងនោះ នាងសម្រេចចិត្តប្រកបរបររកស៊ីផ្លូវភេទ តាមការបញ្ចុះបញ្ចូលរបស់បងស្រីធម៏របស់នាង។


ដើម្បីឱ្យកាន់តែមានភាពទាក់ទាញសម្រាប់មុខរបររបស់នាង និងដោយការស្រឡាញ់ភាពជានារីភេទរបស់ខ្លួនផងនោះ ស្រីលក្ខ័បានសម្រេចចិត្តឱ្យមិត្តរបស់នាងចាក់ប្រេងច័ន្ទ និងថ្នាំអ័រម៉ូនទឹកដើម្បីឱ្យ មានថ្ពាល់ពេញស្អាត និងដើមទ្រូងធំដូចមិត្តរបស់នាងដែរ ដោយគ្មានការពិគ្រោះយោបល់ជាមួយគ្រូពេទ្យត្រឹមត្រូវ។ ការមានភាពស្រស់ស្អាតដូចជាមនុស្សស្រី បានជួយឱ្យរបររកស៊ីផ្លូវភេទរបស់នាងកាន់តែល្អប្រសើរ ដោយនាងទទួលបានអតិថិជនជា​ច្រើនប្រចាំថ្ងៃ។


ប៉ុន្តែការកែរប្ររូបរាងខ្លួនទៅជាស្រី្តម្នាក់ ធ្វើឱ្យគ្រួសាររបស់នាងរើសអើងនាងកាន់តែខ្លាំងឡើង។ ឪពុកម្តាយរបស់នាងមិននិយាយស្តីរកនាងនៅពេលដែលនាងទៅសួរសុខទុក្ខគាត់ ហើយ ស្តីឱ្យនាងថា  “’ អញស្អប់ណាស់ខ្ទើយ ‘’ ហើយក៏បានប្រកាសកាត់កាលនាងចោលចេញពីគ្រួសារ ដោយចោទថានាងជាកូនមិនស្តាប់ដំបូន្មានឪពុកម្តាយ ធ្វើអ្វីស្រេចតែអំពើចិត្ត។ នាងក៏បានអង្វរគាត់ហើយនិយាយថា «ខ្ញុំឥតបានធ្វើអីខុសទេ នេះជាអត្តចរិកធម្មជាតិរបស់ខ្ញុំ»  ប៉ុន្តែគាត់នៅតែមិនព្រមទទួលយកនាង ហើយបានបណ្តេញនាងចេញពីផ្ទះ។


មកដល់ទីក្រុងវិញ ជីវិតរបស់នាងកាន់តែលំបាកទាំងសុខភាព និងទាំងសេដ្ឋកិច្ច។ សុខភាពរបស់នាងកាន់តែទ្រុឌទ្រោម ដោយសារតែផលប៉ះពាល់នៃការចាក់ទឹកអរម៉ូន និងប្រេងច័ន្ទ។


នាងមិនអាចទៅប្រកបមុខរបរជារៀងរាល់ដោយសាររាល់ពេលចេញទៅណាមកណាមានការពិបាក ដើមទ្រូងរបស់នាងយារធ្លាក់ខ្លាំង ធ្ងន់ ឈរយូរមិនបាន ធ្វើអោយរោយក និងថប់ដង្ហើមម្តងៗ។ នាងពុំមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ព្យាបាលជម្ងឺនេះទេ ដោយសារជម្ងឺនេះត្រូវការវះកាត់ និងត្រូវចំណាយអស់ច្រើន។ ដូចនេះនាងមានលទ្ធភាពត្រឹមតែចំណាយសម្រាប់ថ្នំាបំបាត់ការឈឺចុកចាប់ប៉ុណ្ណោះ។


ស្រីលក្ខ៍មានការសោកស្តាយណាស់ចំពោះការសម្រេចចិត្តចាក់ទឹកអរមូន និងប្រេងដូងចូលទៅក្នុងដើមទ្រូងរបស់គាត់ ប៉ុន្តែនាងមិនអាចបកក្រោយបាន ដោយសារការមិនទទួលបានព័ត៌មានគ្រប់គ្រាន់ និងការធ្វើការពិចារណាឱ្យបានដិតដល់។ នាងសូមណែនាំអោយប្អូនៗជំនាន់ក្រោយដែលអ្នកប្តូរយេនឌ័រ មុននឹងសម្រេចចិត្តកែខ្លួនប្រាណ សូមទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យមានជំនាញឱ្យបានច្បាស់លាស់ កុំឱ្យបង្កើតកំហុស និងមានវិបត្តដូចជារូបនាង។ 

អត្ថបទដោយ: RHAC

មតិយោបល់