រំលងម៉ឺនុយទំព័រ

ហេតុអ្វីបានជាមានភាពពិបាកក្នុងការទទួលស្គាល់អត្តសញ្ញាណភេទរបស់បុគ្គល

ហេតុអ្វីបានជាមានភាពពិបាកក្នុងការទទួលស្គាល់អត្តសញ្ញាណភេទរបស់បុគ្គល

ព័ត៌មានសុខភាពយុវវ័យ
982

នេះ គឺជាសំណួរដែលពិបាកក្នុងការឆ្លើយ ទាំងទៅកាន់អ្នកដទៃ និងសូម្បីតែខ្លួនឯង ហើយជាពិសេសក្នុងចំណោមក្មេងប្រុសវ័យជំទង់។

ដើម្បីចូលរួមក្នុងការលើកកម្ពស់ការយល់ដឹង និងជំហានក្នុងការកំណត់អត្តសញ្ញាណរបស់បុគ្គល រ៉ាក់បានដកស្រង់សំណួរ និងចម្លើយ LGBT សម្រាប់ក្មេងប្រុសជំទង់ ដូចខាងក្រោម៖

វ័យជំទង់អាចជាពេលវេលាដ៏លំបាក និងច្របូកច្របល់។ រាងកាយរបស់អ្នកមិនត្រឹមតែផ្លាស់ប្តូរទេ អារម្មណ៍របស់អ្នកក៏អាចនឹងផ្លាស់ប្តូរផងដែរ។ ស្ថានភាពនេះ អាចបណ្តាលឱ្យមានអារម្មណ៍រំជើបរំជួល នៅពេលអ្នករុករកអត្តសញ្ញាណផ្លូវភេទរបស់អ្នក។

វា​គឺ​ជា​កំឡុង​ពេល​វ័យ​ជំទង់​ដែល​ក្មេងប្រុស និង​ក្មេងស្រី​ភាគច្រើន​ចាប់ផ្តើម​មើល​ឱ្យ​បាន​ដិតដល់​អំពី​ទំនោរ​ផ្លូវភេទ​របស់​ពួកគេ។ ព្រោះទំនោរផ្លូវភេទ គឺ​ប្រើ​ដើម្បី​ពណ៌នា​អំពី​ការ​ទាក់​ទាញ​ផ្លូវ​កាយ និង​មនោសញ្ចេតនា​របស់​ខ្លូន​ទៅ​កាន់​អ្នក​ដទៃ។

ជាចំណុចចាប់ផ្តើម រ៉ាក់សូមផ្តល់និយមន័យងាយៗ សម្រាប់ពាក្យគន្លឹះសំខាន់ៗមួយចំនួន។​ អ្នកប្រហែលជាធ្លាប់លឺ ពាក្យថា LGBT។ ពាក្យនេះ មកពីអក្សរកាត់ភាសាអង់គ្លេស lesbian, gay, bisexual, and transgender (តំណាងឱ្យស្ត្រី ឬបុរសស្រឡាញ់ភេទដូចគ្នា អ្នកស្រលាញ់ទ្វេរភេទ អ្នកប្តូរភេទ/យេនឌ័រ)។ ហើយពាក្យនេះ គឺ​ប្រើ​ដើម្បី​ពណ៌នា​អំពី​ប្រភេទ​នៃ​ទំនោរ​ផ្លូវភេទ។ ហើយវាក៏មិនមែនមានតែប៉ុណ្ណេះដែរ ទំនោរផ្លូវភេទ គឺមានច្រើនជាងនេះ និងចម្រុះ។

  • បុរសស្រលាញ់បុរស (អ្នកបុំលិង្គ)៖ សំដៅលើបុរសដែលមានអារម្មណ៍ផ្លូវភេទ និងមនោសញ្ចេតនា​ទៅកាន់បុរសដែលមានភេទដូចគ្នា។

  • ស្ត្រីស្រលាញ់ស្រី (អ្នកឥត្ថិភេទនិយម)៖ សំដៅលើមនុស្ស​ស្រី​ដែល​មាន​មនោសញ្ចេតនា និង​ទាក់​ទាញ​ចិត្ត​ជាមួយនឹងមនុស្ស​ស្រី​ដូចគ្នា។

  • អ្នកស្រលាញ់ទ្វេរភេទ (ទ្វិកភេទនិយម)៖ បុរស​ឬ​ស្ត្រី​ដែល​មាន​ចំណង់​ផ្លូវភេទ និងមនោសញ្ចេតនាទាក់ទាញជាមួយនឹងបុរសក៏បាន ស្ត្រីក៏បាន​។

  • អ្នកប្តូរភេទ/យេនឌ័រ៖ អ្នក​ដែល​មាន​អារម្មណ៍​ថា​ជា​បុរស ឬ​ស្ត្រី​ខុស​ពី​កាយវិភាគសាស្ត្រ​ផ្លូវភេទ​របស់​ពួកគេ។ ជា​ឧទាហរណ៍ មនុស្ស​ម្នាក់​អាច​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​បុរស​ដោយ​សារ​ពួក​គេ​មាន​លិង្គ។ ប៉ុន្តែ​ក្នុង​ចិត្ត​គេ​ប្រហែល​ជា​មាន​អារម្មណ៍​ដូច​មនុស្ស​ស្រី។ អ្នកប្តូរភេទ/យេនឌ័រ មិនដូចគ្នាទៅនឹងស្ត្រី ឬបុរសស្រលាញ់ភេទដូចគ្នាទេ។ អ្នកប្តូរភេទ/យេនឌ័រអាចជាភេទផ្ទុយគ្នា (ទាក់ទាញចំពោះភេទផ្ទុយ) ឯអ្នកស្រឡាញ់ភេទដូចគ្នា គឺពួកគាត់មានការទាក់ទាញអារម្មណ៍តែជាមួយអ្នកដែលមានភេទដូចគ្នា ឬអ្នកស្រឡាញ់ទ្វេរភេទ។

ខ្ញុំ​មិន​ប្រាកដ​ថា​ខ្ញុំជាអ្នកស្រលាញ់ទ្វេរភេទ ឬ​ក៏​អ្នក​ស្រឡាញ់​ភេទផ្ទុយគ្នាទេ! តើខ្ញុំដឹងច្បាស់ដោយរបៀបណា?

ការ​កំណត់​ចំណង់​ផ្លូវ​ភេទ​អាច​ជា​ការ​លំបាកសម្រាប់​មនុស្ស​មួយ​ចំនួន។ អត្តសញ្ញាណផ្លូវភេទជារឿយៗវិវត្តន៍ទៅតាមពេលវេលា។ ដូច្នេះ អ្នក​ប្រហែល​ជា​មិន​ដឹង​ថា​អ្នក​ពិត​ជា​ទាក់​ទាញ​នរណា​ទេ រហូត​ដល់​អ្នក​ចាស់។

វា​មិនមែន​ជា​រឿង​ចម្លែក​ទេ​សម្រាប់​មនុស្ស​ភេទ​ផ្ទុយគ្នា  ក្នុងការ​មាន​គំនិត​ស្រមើស្រម៉ៃ ឬ​ចង់​ដឹង​អំពី​អារ្មណ៍នៃភាពស្និទ្ធស្នាលជាមួយមនុស្ស​ភេទ​ដូចគ្នា​។ ដោយសារ​តែ​អ្នក​មាន​អារម្មណ៍ស្រមើស្រម៉ៃបែបនេះ ​មិន​មែន​មាន​ន័យ​ថា​អ្នក​ជាអ្នកស្រលាញ់ភេទដូចគ្នានោះឡើយ។ ប៉ុន្តែប្រសិនបើអ្នកជាអ្នកស្រលាញ់ភេទដូចគ្នា យូរៗទៅអារម្មណ៍ផ្លូវភេទរបស់អ្នកចំពោះមនុស្សភេទដូចគ្នានឹងកាន់តែរឹងមាំទៅៗ និងច្បាស់ជាងមុន។

តើមានអ្វីខុស បើខ្ញុំជាអ្នកស្រលាញ់ភេទដូចគ្នា?

ទេ! មិនមានអ្វីខុសជាមួយអ្នកទេ។ អ្នកគឺជាអ្នកជាអ្នក ហើយនៅតែជាអ្នក!

ហេតុអ្វីបានជាខ្ញុំបែបនេះ? តើ​ខ្ញុំ​អាច​ចៀស​វាង​ការ​ក្លាយខ្លួនជាអ្នកស្រលាញ់ភេទដូចគ្នា​បាន​ទេ?

មានកត្តាជាច្រើនដែលរួមចំណែកដល់ទំនោរផ្លូវភេទរបស់មនុស្ស។ ទាំងនេះរួមមានជីវវិទ្យា បរិស្ថាន អរម៉ូន និងអារម្មណ៍។ ការស្រឡាញ់ភេទដូចគ្នាមិនបណ្តាលមកពីឪពុកម្តាយក្រីក្រ ឬការរំលោភបំពានផ្លូវភេទទេ។

អ្នកជំនាញភាគច្រើនយល់ស្របថា ទំនោរផ្លូវភេទរបស់មនុស្សមិនអាចផ្លាស់ប្តូរបានទេ។ ទោះជាយ៉ាងនេះក្តី អ្នកស្រឡាញ់ភេទដូចគ្នា ឬអ្នកដែលស្រលាញ់ទ្វេរភេទ ជាច្រើនជ្រើសរើសរស់នៅរបៀបរស់នៅ ដូចអ្នកដែលស្រលាញ់ភេទផ្ទុយគ្នា​ បើទោះបីជាពួកគេមានអារម្មណ៍ផ្ទុយយ៉ាងណាក៏ដោយ ។ ការណ៍នេះ ព្រោះតែដើម្បីជៀសវាងការរើសអើងប្រឆាំងនឹងការស្រឡាញ់ភេទដូចគ្នា។

តើខ្ញុំគួរតែបង្ហាញអារម្មណ៍នេះទេ?

ការលាក់​ទំនោរ​ផ្លូវភេទ​របស់អ្នក ឬ​ធ្វើ​ពុត​ជា​អ្នក​មិន​មែន​ជា​មនុស្ស​ម្នាក់ អាច​ជា​ការ​ឈឺចាប់ និង​ឯកោ។ ការឈឺចាប់បែបនេះអាចប៉ះពាល់ដល់ការគោរពខ្លួនឯងរបស់អ្នក និងនាំទៅរកការឥរិយាបថអវិជ្ជមាន។

ប្រសិនបើអ្នកកំពុងតែមានអារម្មណ៍សម្ពាធ និងប្រឈមនឹងហានិភ័យ អ្នកគួរតែពិចារណាក្នុងការបង្ហាញអារម្មណ៍ខ្លួន​ឯង វាប្រសើរជាងលាក់បាំងការពិត។ ទោះបីជាមានការរើសអើងដែលមនុស្សស្រលាញ់ភេទដូចគ្នាខ្លះអាចជួបប្រទះក៏ដោយ ក៏មនុស្សភាគច្រើននិយាយថាពួកគេមានអារម្មណ៍ធូរស្រាល សប្បាយចិត្ត និងមានទំនុកចិត្តកាន់តែច្រើនបន្ទាប់ពីពួកគេបានបង្ហាញអារម្មណ៍គេចេញមក។

ចូរចាំថា បង្ហាញទំនោរផ្លូវភេទរបស់ខ្លួន មិនមែនមានន័យថា អ្នកប្រាប់អ្នកដទៃគ្រប់គ្នាថាអ្នកជាអ្នកស្រលាញ់ភេទដូចគ្នានោះទេ។ អ្នកអាចចាប់ផ្តើមដោយប្រាប់នរណាម្នាក់ដែលអ្នកទុកចិត្ត អ្នកដែលយល់ចិត្ត ជាដើម។ ពួកគេអាចជាមិត្តភ័ក្តិ បងប្អូនបង្កើត ឪពុកម្តាយ ឬគ្រូបង្រៀន ឬទីប្រឹក្សាសាលា ជាដើម។ បន្ទាប់មក យូរៗទៅ នៅពេលដែលអ្នកកាន់តែមានទំនុកចិត្តជាមួយនឹងទំនោរផ្លូវភេទរបស់អ្នក អ្នកអាចប្រាប់អ្នកដទៃបាន។

តើខ្ញុំគួរប្រាប់ឪពុកម្តាយរបស់ខ្ញុំទេ?

ចាស/បាទ! ប្រសិនបើអ្នកមានអារម្មណ៍ជឿជាក់លើការសម្រេចចិត្តរបស់អ្នក និងត្រៀមខ្លួនរួចរាល់ហើយ អ្នកអាចសាកល្បងបាន។ ទោះយ៉ាងណាក៏ដោយ ចម្លើយចំពោះសំណួរនេះនឹងអាស្រ័យលើទំនាក់ទំនងរបស់អ្នកជាមួយនឹងឪពុកម្តាយ និងរបៀបដែលអ្នកគិតថាពួកគាត់នឹងមានប្រតិកម្ម។

ឪពុកម្តាយខ្លះអាចទទួលយកបានច្រើនជាងអ្នកដទៃ។ អ្នកស្គាល់ឪពុកម្តាយរបស់អ្នកល្អបំផុត និងជាងគេ។ បើ​អ្នក​គិត​ថា​គាត់​នឹង​ទទួល​យក​អ្នក នៅចាំអ្វីទៀត!​សូមប្រាប់ពួកគាត់ទៅ!

ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកគិតថាឪពុកម្តាយរបស់អ្នកនឹងមិនទទួលយកទំនោរផ្លូវភេទរបស់អ្នកទេ ការរង់ចាំគឺអាចប្រសើរជាង។ និយាយជាមួយមិត្ដជិតស្និទ្ធ បងប្អូនបង្កើត ឬមនុស្សពេញវ័យដែលគួរឱ្យទុកចិត្ត ឧទាហរណ៍ គ្រូបង្រៀន ពូ ឬមីងជំនួសវិញ។

ប្រសិនបើឪពុកម្តាយរបស់អ្នកមិនគាំទ្រទេ ចូរទុកពេលឱ្យពួកគាត់គិតអំពីអ្វីដែលអ្នកប្រាប់ទៅកាន់ពួកគាត់។ ប្រសិនបើឪពុកម្តាយរបស់អ្នកបន្តមានការលំបាកក្នុងការទទួលយកការស្រឡាញ់ភេទដូចគ្នា ឬអត្តសញ្ញាណយេនឌ័ររបស់អ្នក អង្គការរ៉ាក់អាចជួយប្រឹក្សាយោបល់ជាមួយអ្នក ព្រោះយើងតែងតែគាំទ្រអ្នក!

តើមិត្តភ័ក្តិ និងគ្រួសាររបស់ខ្ញុំនឹងបដិសេធខ្ញុំទេ?

ខុស​ពី​អតីតកាល មនុស្ស​សម័យ​នេះ​កាន់​តែ​ទទួល​យក​ភាព​ខុស​គ្នា ឬផ្សេងៗគ្នានៃបុគ្គល។ ជា​ពិសេស​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា។ យោងតាមការស្ទង់មតិរបស់អង្គការរ៉ាក់នៅក្នុងឆ្នាំ ២០២៤ បានបង្ហាញថា​កម្រិតនៃការរើសអើងអ្នកស្រលាញ់ភេទដូចគ្នានៅក្នុងសង្គម មានការថយចុះគួរឱ្យកត់សម្គាល់។ ការទទួលស្គាល់ពីសាច់ញាតិក៏មានការកើនឡើងក្នុងសហគមន៍អ្នកស្រលាញ់ភេទដូចគ្នា។

មនុស្សជំនាន់ថ្មី កាន់តែទទួលយកការស្រឡាញ់ភេទដូចគ្នាជាងប្រជាជនទូទៅ ព្រោះការយល់ដឹងពីសុខភាពផ្លូវភេទ សុខភាពបន្តពូជ ត្រូវបានបញ្ជ្រាបជាមួយនឹងគុណតម្លៃនៃសមភាពយេនឌ័រ ដែលបានធ្វើសមាហរណកម្មក្នុងកម្មវិធីសិក្សា និងក្នុងសហគមន៍។

ទោះ​យ៉ាង​នេះ​ក្ដី ក៏​មាន​មនុស្ស​ជា​ច្រើន​ដែល​មិន​ទទួល​យក​ការ​ស្រឡាញ់​ភេទ​ដូច​គ្នាដែរ។ ក្មេងជំទង់ LGBT ជាច្រើនត្រូវបានមើលងាយ ធ្វើឱ្យអាម៉ាស់មុខ និងបៀតបៀនដោយមិត្តភក្ដិរបស់ពួកគេ។ វាជាការសំខាន់ណាស់ដែលត្រូវដឹងរឿងនេះ! ដូច្នេះអ្នកគួរត្រៀមខ្លួនសម្រាប់ប្រតិកម្មអ្វីដែលអ្នកនឹងទទួលបានពីមិត្តភ័ក្តិរបស់អ្នក ប្រសិនបើអ្នកបង្ហាញទំនោរផ្លូវភេទរបស់ខ្លួនជាចំហ។

វ័យជំទង់គឺជារយៈពេលដ៏លំបាក ជាពិសេសប្រសិនបើអ្នកកំពុងតស៊ូជាមួយនឹងនិន្នាការផ្លូវភេទ និងអត្តសញ្ញាណយេនឌ័ររបស់អ្នក។ អ្នក​មិន​ឯកា​ទេ ទោះ​ជា​អ្នក​អាច​មាន​អារម្មណ៍​ឯកោ​ប៉ុណ្ណា​ក៏​ដោយ។ ត្រូវចាំថា មានបុគ្គល ស្ថាប័នជាច្រើនដែលអាចជួយអ្នកបាន ប្រសិនបើអ្នកកំពុងជួបការលំបាក។

យើងសង្ឃឹមថា ចម្លើយទាំងនេះ អាចចូលរួមក្នុងការផ្តល់ជាយោបល់និងព័ត៌មានសម្រាប់ប្អូនៗជាមូលដ្ឋានបាន!

 

អត្ថបទដោយ: RHAC

មតិយោបល់