
ចំណេះដឹងសុខភាពទាក់ទង និងបញ្ហាការស្រុតស្បូន
ការស្រុតស្បូនគឺជាបញ្ហាសុខភាពរបស់ស្ត្រីមួយចំនួន ដែលត្រូវយកចិត្តទុកដាក់ និងស្វែងយល់។យោងតាមការសិក្សាមួយចំនួនបានបង្ហាញថា មាន ស្រ្តី ៩.៧% នៅអាយុចន្លោះពី២០ទៅ៣០ឆ្នាំ និង ស្ត្រី ចំនួន៤៩.៧% ដែលមានអាយុចាប់ពី៨០ឆ្នាំឡើង មានបញ្ហាស្រុតស្បូន។
សូមស្វែងយល់ពីបញ្ហានេះ ទាំងអស់គ្នា!
តើអ្នកដឹងទេថាអ្វីទៅជាបញ្ហាស្រុតស្បូន?
បញ្ហាស្រុតស្បូនគឺនៅពេលស្បូននិងផ្នែកខាងលើនៃទ្វារមាសបានធ្លាក់ចេញមកក្រៅតាមទ្វារមាស ដែលបណ្តាលមកពីការចុះខ្សោយនៃរចនាសម្ព័ន(សាច់ដុំនិងជាលិកា)ដែលទ្រទ្រង់ស្បូន។
តើកត្តាអ្វីខ្លះដែលនាំបណ្តាលឱ្យមានបញ្ហាស្រុតស្បូន?
កត្តាប្រឈមចំបងមួយចំនួនដែលអាចបង្កអោយមានបញ្ហាស្រុតស្បូននេះ រួមមាន៖
ការសម្រាលកូនដោយធម្មជាតិ ជាពិសេសការបូម កូនដែលមានទម្ងន់ចាប់ពី៤គីឡូឡើង
ស្ត្រីដែលមានកូនច្រើន
ស្ត្រីអស់រដូវ
ភាពទន់ខ្សោយនៃសាច់ដុំអាងត្រគាកជាមួយនឹងអាយុវ័យចំណាស់
មានជំងឺដែលនាំឱ្យមានការក្អករាំរ៉ៃ
មានជំងឺទល់លាមករាំរ៉ៃ
លើករបស់ធ្ងន់ៗញឹកញាប់
លើសទម្ងន់ ឬធាត់ជាមួយនឹងភាពតានតឹងដែលបន្ថែមទម្ងន់នៅលើសាច់ដុំអាងត្រគាក
ការវះកាត់ធំនៅតំបន់អាងត្រគាកនាំឱ្យបាត់បង់ការគាំទ្រពីខាងក្រៅ
ការជក់បារី ជាដើម
ប្រវត្តិនៃគ្រួសារ ក៏អាចជាកត្តាជម្រុញឱ្យមានបញ្ហាជំងឺស្រុតស្បូននេះផងដែរ។
តើអ្នកអាចសម្គាល់ថា អ្នកអាចមានសញ្ញាស្រុតស្បូនតាមរយៈអាការៈអ្វីខ្លះ?
មានសញ្ញាដែលយើងតែងតែអាចសម្គាល់បាន រួមមាន៖
មានអារម្មណ៍ធ្ងន់ៗនៅតំបន់អាងត្រគាគ
ពិបាកនោម រឺនោមទាស់ អាចលេចនោមពេលក្អក កណ្តាស់ រឺនៅពេលធ្វើលំហាត់ប្រាណ
ឈឺចាប់នៅពេលរួមភេទ រឺអារម្មណ៍ផ្លូវភេទថយចុះ
មានអារម្មណ៍ថាមានអ្វីលានចេញមកក្រៅទ្វារមាស
ឈឺចង្កេះ ជាដើម
ការស្រុតស្បូនមាន៤ដំណាក់កាល៖
ដំណាក់កាលទី១៖ ស្បូនស្ថិតនៅផ្នែកខាងលើនៃទ្វារមាស
ដំណាក់កាលទី២៖មាត់ស្បូនបានធ្លាក់មកដល់ផ្នែកខាងក្រោមទ្វារមាស
ដំណាក់កាលទី៣៖ មាត់ស្បូនបានលៀនចេញមកខាងក្រៅទ្វារមាស
ដំណាក់កាលទី៤៖ ស្បូនទាំងស្រុងបានលៀននចេញខាងក្រៅទ្វារមាស
ប្រសិនបើមិនមានរោគសញ្ញាស្រុតស្បូន ក៏មិនមានតម្រូវការព្យាបាលអ្វីដែរ ប៉ុន្តែអ្នកអាចផ្លាស់ប្តូររបៀបរស់នៅ ដូចជា សម្រកទម្ងន់ ចៀសវាងលើករបស់ធ្ងន់ៗ បង្ការនិងព្យាបាលការទល់លាមក ជាដើម។ ប៉ុន្តែប្រសិនបើស្ត្រីដែលមានបញ្ហាស្រុតស្បួនមិនបានទទួលការព្យាបាល វាបណ្តាលអោយមានការហូរខ្ទុះនៅទ្វារមាស ដំបៅ ឬមានការហូរឈាម និងនាំមកនៅវិបត្តិដទៃទៀត ដូចជាស្ត្រីបាត់បង់ជំនឿចិត្តលើខ្លួនឯង មានវិបត្តិផ្លូវចិត្ត អាចប្រឈមនឹងការស្រុតប្លោកនោម ស្រុតពោះវៀនធំ ឬ ស្រុតរន្ធគូថ។។ ហេតុដូច្នេះ បើអ្នកមានការសង្ស័យថា អ្នកអាចប្រឈមនឹងបញ្ហាស្រុតស្បូន វិធីសាស្ត្រដែលល្អបំផុត គួរទៅជួបនឹងអ្នកជំនាញដើម្បីធ្វើរោគវិនិច្ជ័យលើរោគសញ្ញា និង ពិនិត្យរាងកាយ ព្រមទាំងតេស្តអមវេជ្ជសាស្ត្រផ្សេងៗ។
ចំពោះ ការព្យាបាលបញ្ហាការស្រុតស្បូន រួមមាន៖
លំហាត់ប្រាណអាងត្រគៀក
ការព្យាបាលដោយអរម៉ូន
ការស៊ុលទ្វារមាស រឺដាក់កង(vaginal pessaries)
ការព្យាបាលដោយវះកាត់
ប្រភពអត្ថបទ
https://www.webmd.com/women/prolapsed-uterus
https://www.nhs.uk/conditions/pelvic-organ-prolapse/
https://www.ncbi.nlm.nih.gov/books
https://my.clevelandclinic.org/health/diseases/16030-uterine-prolapse
មតិយោបល់