
ខ្ញុំចង់មានផ្ទៃពោះ តើខ្ញុំគួរធ្វើអ្វីខ្លះ?
ស្វាគមន៍មកកាន់អត្ថបទសុខភាពរបស់រ៉ាក់!
ប្រសិនបើអ្នកកំពុងពិចារណាយកកូន អ្នកប្រហែលជាមានសំណួរជាច្រើន ដូចជា៖ តើខ្ញុំត្រូវចំណាយពេលប៉ុន្មានដើម្បីមានផ្ទៃពោះ? ពេលណាខ្ញុំត្រូវរួមភេទ និងញឹកញាប់ប៉ុណ្ណា?
ស្វែងរកចម្លើយចំពោះសំណួររបស់អ្នកនៅទីនេះ។
ឱកាសនៃការមានផ្ទៃពោះ
វាជាសំណួរទូទៅមួយថា តើខ្ញុំនឹងអាចមានផ្ទៃពោះក្នុងខែនេះទេ? សម្រាប់គូស្វាមីភរិយាភាគច្រើនដែលព្យាយាមមានផ្ទៃពោះ ឱកាសដែលស្ត្រីនឹងមានផ្ទៃពោះគឺចន្លោះពី 15% ទៅ 25% ក្នុងខែជាក់លាក់ណាមួយ។
ប៉ុន្តែមានរឿងមួយចំនួនដែលអាចកាត់បន្ថយឱកាសនៃការមានផ្ទៃពោះរបស់អ្នកដូចជា៖
១. អាយុ៖ បន្ទាប់ពីអ្នកឈានដល់អាយុ៣០ ឆ្នាំ ឱកាសនៃការមានគភ៌របស់អ្នកនៅក្នុងខែនីមួយៗមានការធ្លាក់ចុះ ហើយវានឹងរឹតតែថយចុះយ៉ាងខ្លាំងនៅពេលអ្នកមានអាយុ ៤០ ឆ្នាំ។
២. វដ្តរដូវមិនទៀងទាត់៖ ការមានវដ្ដរដូវមិនទៀងទាត់ ធ្វើអោយពិបាកក្នុងការគណនាពេលវេលាដែលអ្នកបញ្ចេញមេជីវិតញី ហើយអ្នកក៏ពិបាកក្នុងការដឹងពីពេលវេលាដ៏ល្អសម្រាប់ការរួមភេទដែរ។
៣. ភាពញឹកញាប់នៃការរួមភេទ៖ ប្រសិនបើអ្នករួមភេទមិនបានញឹកញាប់ ឱកាសនៃការមានផ្ទៃពោះក៏ទំនងជាតិចទៅតាមនោះដែរ។
៤. រយៈពេលដែលអ្នកព្យាយាមចង់មានផ្ទៃពោះ៖ ប្រសិនបើអ្នកមិនមានផ្ទៃពោះក្រោយរយៈពេលមួយឆ្នាំនៃការព្យាយាមមានគភ៌ នោះ ឱកាសនៃការមានផ្ទៃពោះរបស់អ្នកអាចនឹងទាប។ ហេតុនេះ អ្នកគួរទៅពិភាក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នកអំពីការធ្វើតេស្តរកភាពអាររបស់ភរិយានិងស្វាមី។
៥. ស្ថានភាពជំងឺ ឬលក្ខខណ្ឌវេជ្ជសាស្រ្តអាចប៉ះពាល់ដល់ការមានផ្ទៃពោះ។
ស្វែងយល់អំពីវដ្តរដូវរបស់អ្នក
ការដឹងបន្ថែមអំពីវដ្តរដូវអាចជួយអ្នកបានផងដែរ។ វដ្តរដូវរបស់ស្ត្រីចាប់ផ្តើមនៅថ្ងៃដំបូងនៅពេលដែល មានការធ្លាក់ឈាមក្រហមច្រាល (មិនមែនគ្រាន់តែមានតំណក់តិចៗនោះទេ) ហើយការធ្លាក់ឈាមនេះគួរត្រូវបញ្ចប់នៅថ្ងៃមុនវដ្តនៃរដូវខែថ្មីបន្ទាប់ចាប់ផ្តើម។ វដ្តរដូវមួយមានរយៈពេលពី ២១ ទៅ ៣៥ ថ្ងៃ ឬលើសជាងនេះ។ ប្រសិនបើវដ្តរដូវអ្នកប្រែប្រួលក្នុងរយៈពេលពីរបីថ្ងៃពីមួយខែទៅមួយខែ នោះមានន័យថាអ្នកមានរដូវមិនទៀងទាត់ទេ ប៉ុន្តែវាជារឿងធម្មតា។ ស្ត្រីជាច្រើនមិនមានវដ្តរដូវទៀងទាត់នោះឡើយ តែវាក៏មិនមានន័យថាមានបញ្ហាអ្វីដែរ ប្រសិនបើការប្រែប្រួលស្ថិតក្នុងចន្លោះដូចរៀបរាប់ខាងលើ។
រួមភេទ ដើម្បីមានផ្ទៃពោះ
នេះជាសំណួរទូទៅមួយទៀតរបស់គូស្នេហ៍ដែលព្យាយាមមានគភ៌៖ តើយើងគួររួមភេទញឹកញាប់ប៉ុណ្ណា? និយាយឱ្យខ្លី ចម្លើយគឺត្រូវញឹកញាប់។
គូស្វាមីភរិយាជាច្រើនដែលព្យាយាមមានគភ៌បានចំណាយពេលវេលា និងថាមពលច្រើនក្នុងការរួមភេទ ទៅតាមពេលវេលា ដែលគណនាពីដំណើរនៃបញ្ចេញមេជីវិតញីរបស់ស្ត្រី។ យោងតាមការសិក្សាថ្មីៗបានបង្ហាញថា ឱកាសសម្រាប់មេជីវិតឈ្មោលចូលទៅបង្កកំណើតគឺមានកម្រិតទាប៖ មានតែរយៈពេល ៣ ទៅ ៥ថ្ងៃប៉ុណ្ណោះ នៃការបញ្ចេញមេជីវិតញី ឬអូវុល។ ហេតុនេះឱកាសល្អបំផុតរបស់អ្នកគឺ ១ទៅ២ ថ្ងៃមុនពេលដំណើរនៃការបញ្ចេញមេជីវិតញី។ គ្រូពេទ្យជំនាញណែនាំដៃគូឱ្យរួមភេទជារៀងរាល់ថ្ងៃ នៅក្នុងមួយសប្តាហ៍មុនការបញ្ចេញពងអូវុល ឬចាប់ផ្តើមនៅក្នុងសប្តាហ៍បន្ទាប់ពីការបញ្ចប់នៃការមករដូវ។
ប៉ុន្តែនៅពេលដែលអ្នកមានការកំណត់ពេលវេលារួមភេទទៅតាមថ្ងៃ និងផែនការនោះ វាក៏មានគុណវិបត្តិមួយចំនួនផងដែរ។ តួយ៉ាង ដោយសារតែរាងកាយរបស់អ្នកមិនតែងតែមានឥរិយាបទដូចធ្វើការងារទៀងទាត់នោះទេ។ ហេតុនេះ ទោះបីជាវដ្តរដូវរបស់អ្នកទៀងទាត់ក៏ដោយ ក៏ការបញ្ចេញមេជីវិតញីអាចកើតឡើងគ្រប់ពេលក្នុងអំឡុងពេលវដ្តរដូវ។ ប្រសិនបើអ្នករួមភេទនៅថ្ងៃដែលអ្នកគិតថាអ្នកកំពុងបញ្ចេញពងអូវុល ហើយអ្នកឈប់សម្រាកពីរបីថ្ងៃ អ្នកអាចនឹងបាត់សំណាងនៅពេលនោះក៏ថាបាន។ ដូច្នេះដំបូន្មានអ្នកជំនាញគឺដើម្បីជំនះនិងសម្រេចជោគជ័យ អ្នកគួររួមភេទយ៉ាងហោចណាស់ពីរទៅបីដងក្នុងមួយសប្តាហ៍។ ដរាបណាបុរសមានមេជីវិតឈ្មោលធម្មតា ការរួមភេទរំលងមួយថ្ងៃម្តង ឬជារៀងរាល់ថ្ងៃ កាន់តែបង្កើនឱកាសនៃការមានផ្ទៃពោះ។
បញ្ឈប់ការលេបថ្នាំពន្យាកំណើត
តើត្រូវប្រើពេលប៉ុន្មានទើបឥទ្ធិពលនៃថ្នាំពន្យារកំណើតអស់? ជាការពិត អ្នកអាចមានផ្ទៃពោះភ្លាមៗបន្ទាប់ពីអ្នកឈប់លេបថ្នាំ ព្រោះវានឹងអស់ប្រសិទ្ធិភាពនៅពេលដែលអរម៉ូនរបស់ថ្នាំអស់ពីរាងកាយអ្នក។ តែវាក៏វាអាចចំណាយពេលពីរបីខែ ដើម្បីឱ្យវដ្តនៃការបញ្ចេញមេជីវិតញីចាប់ផ្តើមត្រលប់មកសភាពធម្មតាម្តងទៀត។
តើវាមានសុវត្ថិភាពឬទេក្នុងការមានផ្ទៃពោះភ្លាមៗបន្ទាប់ពីអ្នកឈប់លេបថ្នាំពន្យារកំណើត? ប្រាកដណាស់ គឺសុវត្ថិភាព។ ស្ត្រីដែលមានគភ៌ភ្លាមៗបន្ទាប់ពីបានបញ្ឈប់ការលេបថ្នាំពន្យាកំណើត ទំនងជាមានកូនដែលមានសុខភាពល្អដូចស្ត្រីដែលបានរង់ចាំប៉ុន្មានខែក្រោយពីឈប់លេបថ្នាំដើម្បីមានផ្ទៃពោះដែរ។
ប្រភព៖ WebMD
មតិយោបល់