រំលងម៉ឺនុយទំព័រ

កិច្ចសម្ភាសន៍អំពីសុខភាព-ជំងឺកាមរោគ

កិច្ចសម្ភាសន៍អំពីសុខភាព-ជំងឺកាមរោគ

ព័ត៌មានសុខភាពយុវវ័យ
717
កម្មវិធី “កិច្ចសម្ភាសន៍អំពីសុខភាព” នៅខែកុម្ភៈនេះ យើងផ្តោតលើជំងឺកាមរោគ ដោយសារតែនៅថ្ងៃទី១៣ ខែកុម្ភៈ គឺជាទិវាស្រោមអនាម័យអន្តរជាតិ ដូច្នេះហើយ ការលើកអំពីចំណេះដឹងនៃជំងឺកាមរោគ អាចជាផ្នែកមួយនៃការលើកទឹកចិត្តអ្នកគ្រប់គ្នាឲ្យជ្រើសរើសមធ្យោបាយការពារសម្រាប់ការរួមភេទដែលសុវត្ថិភាព ដើម្បីចៀសវាងពីជំងឺកាមរោគនេះ។ ចង់ដឹងថា តើមានអ្វីខ្លះទាក់ទងនឹងជំងឺនេះ ដែលយើងគ្រប់គ្នាគួរតែបានដឹង និងគួរតែយកចិត្តទុកដាក់នោះ សូមអានកិច្ចសម្ភាសន៍ជាមួយនឹងលោកវេជ្ជ. ម៉ៅ វណ្ណៈ ប្រធានគ្លីនិករ៉ាក់ ឬស្សីកែវ ទាំងអស់គ្នា។ ១. តើអ្វីទៅជាជំងឺកាមរោគ? បើនិយាយពីជំងឺកាមរោគ គេចង់សំដៅទៅលើជំងឺទាំងឡាយណា​ដែលមានការករោគនៅលើប្រដាប់ភេទ ទាំងបុរស ទាំងស្រ្តី។ វាជាជំងឺដែលអាចកើតឡើងដោយខ្លួនឯង ឬជាជំងឺដែលអាចកើតឡើងតាមរយៈការរួមភេទរវាងបុរសនិងស្រ្តី បុរសនិងបុរស ស្រ្តីនិងស្រ្តី។ ឲ្យតែថាមានការរួមភេទហើយឆ្លងជំងឺនេះ​ អញ្ចឹងជាទូទៅ គេឲ្យនិយមន័យថា ជំងឺកាមរោគ ឬការរោគនៅតាមផ្លូវបន្តពូជ។ ២. តើអ្នកកើតជំងឺកាមរោគ មានន័យថាកើតជំងឺអេដស៍ដែរមែនទេ? ធម្មតាជំងឺកាមរោគមានច្រើន ជាង២០មុខឯណោះ ឧទាហរណ៍ជាសាមញ្ញ ជំងឺប្រមេះទឹកបាយ ជំងឺប្រមេះទឹកថ្លា ឬក៏ជំងឺស្វាយ ជំងឺសិរមាន់ជាដើម។ ជំងឺអេដស៍ ក៏ចាត់ទុកថាជាជំងឺកាមរោគដែរ ពីព្រោះជំងឺនេះវាឆ្លងតាមការរួមភេទ ប៉ុន្តែមិនមែនមានន័យថា អ្នកដែលកើតជំងឺកាមរោគហើយ សុទ្ធតែឆ្លងជំងឺអេដស៍ទេ គ្រាន់តែថាបុគ្គលណាដែលមានការឆ្លងជំងឺកាមរោគ​ បុគ្គលនោះងាយនឹងប្រឈមមុខនឹងការឆ្លងមេរោគអេដស៍ដែរ។ ដោយសារអ្វី គឺដោយសារតែជំងឺកាមរោគហ្នឹងមានការមុត ការដាច់របួស ឬមានដំបៅជាដើម​ ដែលជាឱកាសដ៏ល្អក្នុងការធ្វើឲ្យមេរោគឆ្លងចូលតាមរយៈដំបៅ ឬការដាច់រលាត់នោះ។ ៣. តើជំងឺកាមរោគឆ្លងដោយរបៀបណាខ្លះ? ជំងឺកាមរោគ ភាគច្រើនគឺឆ្លងតាមការរួមភេទ។ មានជំងឺផ្សេងៗទៀតអាចឆ្លងតាមរយៈក្រៅពីការរួមភេទដែរដូចជា​ ឆ្លងតាមឈាម ឬពីម្តាយទៅកូន។ ៤. តើជំងឺកាមរោគមានរោគសញ្ញាអ្វីខ្លះ? ជាទូទៅ រោគសញ្ញានៃជំងឺកាមរោគ វាអាចស្តែងចេញជាសញ្ញាដូចជា បើបុរសគាត់អាចចេញជាដំបៅនៅលើប្រដាប់ភេទ ឬមានហូរខ្ទុះ នោមក្រហាយ ដុះសាច់នៅលើប្រដាប់ភេទ។ ចំណែកឯស្រ្តី គឺភាគច្រើនធ្លាក់ស ឬរមាស់ជាដើម។ បើសិនជាអ្នកនិយមចូលចិត្តរួមភេទភេទដូចគ្នា (បុរសរួមភេទជាមួយបុរស) ច្រើនមានរោគសញ្ញានៅតាមទ្វារក្រោយទៅវិញ។ ប៉ុន្តែភាគច្រើន អ្នកខ្លះកើតជំងឺកាមរោគដែរ ប៉ុន្តែមិនចេញរោគសញ្ញាឲ្យយើងដឹងទេ លុះត្រាតែមកពិនិត្យនៅគ្លីនិកដែលមានជំនាញខាងសុខភាពផ្លូវភេទ សុខភាពបន្តពូជហ្នឹង ដែលយកវត្ថុវិភាគទៅពិនិត្យមើលនៅមន្ទីរពិសោធន៍ ទើបអាចដឹងថាគាត់មានជំងឺកាមរោគ។ ៥. តើអ្នកណាខ្លះដែលប្រឈមមុខនឹងជំងឺកាមរោគ? ចំពោះអ្នកដែលប្រឈមមុខទៅនឹងជំងឺកាមរោគ ជាទូទៅ យើងបែងចែកចេញជា២។ ជួនកាលបុគ្គលខ្លួនគាត់ ជាអ្នកប្រឈមមុខផ្ទាល់ ឧទាហរណ៍ថា គាត់មានដៃគូច្រើន ហើយម្យ៉ាងទៀតគាត់មិនបានប្រើមធ្យោបាយការពារ ដូចជាស្រោមអនាម័យជាដើម ឬជួនកាលគាត់ចូលចិត្តសាក់ ប្រើគ្រឿងញៀន ជាពិសេសអ្នកដែលរួមភេទដូចគ្នា (បុរសរួមភេទជាមួយបុរស) អ្នកទាំងនោះក៏ប្រឈមមុខដែរ។ តែជួនកាលបុគ្គលខ្លួនគាត់មិនអីទេ មិនមានដៃគូ មិនមានអ្វីទាំងអស់ ប៉ុន្តែដៃគូគាត់ ជាអ្នកមានដៃគូច្រើនទៅវិញ ដែលធ្វើឲ្យបុគ្គលគាត់ហ្នឹងក៏អាចប្រឈមមុខទៅនឹងការឆ្លងជំងឺកាមរោគដែរ។ ៦. ដើម្បីអាចដឹងថា មនុស្សម្នាក់មានកើតជំងឺកាមរោគឬអត់ តើត្រូវធ្វើយ៉ាងណា? បើសិនជាយើងសង្ស័យថាមានការប្រឈមមុខ ឬមានការឆ្លងជំងឺកាមរោគ យើងគួរតែមកពិនិត្យ ឬមកពិគ្រោះយោបល់ជាមួយគ្រូពេទ្យដែលមានជំនាញសុខភាពផ្លូវភេទ សុខភាពបន្តពូជ  ដូចជាគ្លីនិករ៉ាក់ជាដើម អញ្ចឹងខាងគ្រូពេទ្យគាត់នឹងសាកសួរ ពិនិត្យ ផ្តល់ការប្រឹក្សា និងផ្តល់​វិធានការការពារឲ្យគាត់។ ហើយម្យ៉ាងទៀត គាត់(អ្នកជំងឺ)អាចចេះណែនាំដៃគូធ្វើម៉េចឲ្យដៃគូបានព្យាបាលទាំងអស់គ្នាទៅ នៅពេលនោះគឺ យើងជាទាំងអស់គ្នាហើយ។ ៧. តើជំងឺកាមរោគអាចព្យាបាលជាដែរឬទេ? បើសិនជាជំងឺកាមរោគណា ដែលឆ្លងដោយពពួកបាក់តេរី ដូចជាពពួកស្វាយ ប្រមេះទឹកបាយ ប្រមេះទឹកថ្លាអីជាដើម អញ្ចឹងជំងឺដែលបង្កឡើងដោយពពួកបាក់តេរីហ្នឹង គឺយើងអាចប្រើថ្នាំផ្សះទៅ ហើយព្យាបាលដៃគូទាំងពីរនាក់ឲ្យបានដូចៗគ្នាទៅ ជំងឺហ្នឹងនឹងជាសះស្បើយ។ ប៉ុន្តែបើសិនជាជំងឺកាមរោគណាដែលឆ្លងដោយវីរុស ជាមេរោគដែរប៉ុន្តែជាប្រភេទវីរុស ដែលច្រើនជាពពួកជំងឺ Herpes ដែលចេញពងបែក នៅលើប្រដាប់ភេទ ឬនៅម្តុំៗប្រដាប់ភេទអីជាដើមហ្នឹង កើតឡើងហើយ ពេលយើងព្យាបាលជាទៅ ពេលណាមួយដែលយើងខ្សោយ យើងអស់កម្លាំងឬប្រព័ន្ធភាពស៊ាំចុះខ្សោយទៅ មេរោគវីរុសហ្នឹងវានឹងរើឡើងវិញ។ ៨. បើសិនជាយើងមិនបានព្យាបាលទេ តើជំងឺកាមរោគនឹងបង្កផលប៉ះពាល់អ្វីខ្លះ? ​ជំងឺកាមរោគខ្លះ បើយើងមិនបានព្យាបាលទេ វានឹងបាត់រោគសញ្ញា ប៉ុន្តែមិនមែនមានន័យថាជានោះទេ បានន័យថា មេរោគហ្នឹងវាក្រាបក្នុងខ្លួន ប៉ុន្តែអត់ចេញរោគសញ្ញាឲ្យសាមីខ្លួនដឹងទេ។ យ៉ាងណាក៏ដោយ ទោះជាចេញរោគសញ្ញាក៏ដោយ មិនចេញរោគសញ្ញាក៏ដោយ ជំងឺហ្នឹងបើសិនជាយើងមិនបានព្យាបាលឲ្យបានត្រឹមត្រូវ នឹងធ្វើឲ្យមានផលវិបាកដូចជា ប៉ះពាល់ទៅដល់​កូន បើសិនជាស្រ្តីហ្នឹងមានផ្ទៃពោះ អាចធ្វើឲ្យភ្នែកទារកខ្វាក់ មានការរលាកសួត ធ្វើឲ្យស្រ្តីរលូតកូន កូនកើតមកមិនគ្រប់ខែ ឬកូនកើតមកស្លាប់ជាដើម។ ហើយបើសិនជាស្រ្តីហ្នឹង កើតជំងឺកាមរោគរ៉ាំរ៉ៃទៅ ជួនកាលវាអាចធ្វើឲ្យគាត់លែងមានកូនតែម្តង។ ចំពោះបុរសវិញ វាអាចធ្វើឲ្យថ្ងៃក្រោយទៅលែងមានកូនរហូត បើសិនជារលាករ៉ាំរ៉ៃធ្វើឲ្យត្បៀតបង្ហួរនោម ធ្វើឲ្យគាត់មានការលំបាកក្នុងការនោម។ ៩. ដើម្បីការពារកុំឲ្យកើតជំងឺកាមរោគ តើយើងត្រូវធ្វើយ៉ាងណា? បើសិនជាយើងចង់កុំឲ្យកើតមានជំងឺកាមរោគ យើងត្រូវតែធ្វើយ៉ាងណាប្រើស្រោមអនាម័យឲ្យបានត្រឹមត្រូវ និងជាប់លាប់ ចៀសវាងកុំឲ្យប្រើស្រោមហើយវានៅតែឆ្លង។   *** គ្លីនិករ៉ាក់ មានផ្តល់ជូនសេវាកម្មពិគ្រោះ ពិនិត្យ និងព្យាបាលជំងឺកាមរោគ សម្រាប់ទាំងបុរសនិងស្រ្តី ប្រកបដោយគុណភាព ប្រសិទ្ធភាព និងការរក្សាការសម្ងាត់។
អត្ថបទដោយ: RHAC

មតិយោបល់