រំលងម៉ឺនុយទំព័រ

៥ យ៉ាងដែលអ្នកប្រហែលជាមិនធ្លាប់ដឹងអំពីការមករដូវ

៥ យ៉ាងដែលអ្នកប្រហែលជាមិនធ្លាប់ដឹងអំពីការមករដូវ

ព័ត៌មានសុខភាពយុវវ័យ
14

តើអ្នកគិតថាអ្នកបានដឹងគ្រប់យ៉ាងអំពីការមករដូវហើយមែនទេ?

ស្ត្រីម្នាក់អាចមករដូវប្រហែល ៤៥០ដងក្នុងមួយជីវិត ដែលមានន័យថាអ្នកមានឱកាសច្រើនណាស់ក្នុងការសិក្សាពីវា។ ហេតុនេះ ការមករដូវនៅតែអាចធ្វើឱ្យអ្នកភ្ញាក់ផ្អើលបាន រួមទាំងការមកនៅពេលដែលអ្នកមិនបានត្រៀមខ្លួនផងដែរ។

តើអ្នកបានដឹងពីការពិតទាំង ៥ នេះអំពី "រដូវប្រចាំខែ" របស់អ្នកហើយឬនៅ?

១. អ្នកអាចមានផ្ទៃពោះក្នុងអំឡុងពេលមករដូវ

ដល់ពេលដែលត្រូវបញ្ឈប់ជំនឿមិនត្រឹមត្រូវតាំងពីបុរាណហើយ។ ការមករដូវមិនបានការពារអ្នកពីការមានផ្ទៃពោះនោះទេ។ មានហេតុផលមួយចំនួន៖ ទីមួយ ស្ត្រីខ្លះអាចមានឈាមហូរនៅពេលកន្សោមពងខ្ជាក់មេជីវិត (Ovulation) ហើយច្រឡំថាជាឈាមរដូវ។ អ្នកមានលទ្ធភាពបង្កកំណើតខ្ពស់បំផុតនៅពេលមេជីវិតធ្លាក់ ដូច្នេះប្រសិនបើអ្នករួមភេទក្នុងអំឡុងពេលនេះ វាអាចធ្វើឱ្យអ្នកងាយមានផ្ទៃពោះ។ ទីពីរ អ្នកអាចធ្លាក់មេជីវិតមុនពេលរដូវអស់ ឬប៉ុន្មានថ្ងៃបន្ទាប់ពីឈប់ធ្លាក់ឈាមរដូវ។ ដោយសារមេជីវិតឈ្មោលអាចរស់នៅក្នុងស្បូនអ្នកបានរហូតដល់ ៣ថ្ងៃ ឬប្រមាណ​៧២ម៉ោង ការរួមភេទក្នុងអំឡុងពេលមករដូវអាចនាំឱ្យមានការបង្កកំណើតបាន។ សូមប្រើស្រោមអនាម័យ ឬវិធីពន្យារកំណើតផ្សេងទៀត ដើម្បីការពារការមានផ្ទៃពោះដែលមិនចង់បាន ទោះបីជាក្នុងពេលណាក៏ដោយ។

២. ការមករដូវនៅពេលលេបថ្នាំពន្យារកំណើត មិនមែនជាការមករដូវ "ពិតប្រាកដ" ទេ

អ្នកប្រាកដជាមានឈាមរដូវក្នុងអំឡុងសប្តាហ៍ដែលអ្នកលេបថ្នាំពន្យារកំណើត។ ប៉ុន្តែតាមបច្ចេកទេស វាគឺជាការហូរឈាមដោយសារការផ្អាកអ័រម៉ូន" (Monthly withdrawal bleeding)។ វាខុសប្លែកបន្តិចបន្តួចពីការមករដូវធម្មតា។

ជាធម្មតា អ្នកធ្លាក់មេជីវិតនៅពាក់កណ្តាលវដ្តរដូវ។ ប្រសិនបើមេជីវិតមិនត្រូវបានបង្កកំណើត កម្រិតអ័រម៉ូនរបស់អ្នកនឹងធ្លាក់ចុះ បណ្តាលឱ្យភ្នាសក្នុងស្បូនរបកចេញ ហើយអ្នកក៏មករដូវ។ ចំណែកឯថ្នាំពន្យារកំណើតវិញ គឺវាជួយទប់ស្កាត់ការធ្លាក់មេជីវិត។ ថ្នាំអ័រម៉ូន ភាគច្រើនតម្រូវឱ្យអ្នកលេប ៣ សប្តាហ៍ និងផ្អាក ១ សប្តាហ៍។ ទោះបីជាវាបញ្ឈប់ការបញ្ចេញមេជីវិតញី ប៉ុន្តែវាមិនបានបញ្ឈប់ការបង្កើតភ្នាសក្នុងស្បូនទាំងស្រុងនោះទេ។ ការហូរឈាមដូចមករដូវក្នុងសប្តាហ៍ទី៤ នោះ គឺជាប្រតិកម្មរបស់រាងកាយទៅនឹងការខ្វះអ័រម៉ូនដែលទទួលបានពីសប្តាហ៍មុនៗ។

៣. ការមករដូវរបស់អ្នកផ្លាស់ប្តូរទៅតាមវ័យ

នៅពេលដែលអ្នកមានអារម្មណ៍ថា អ្នកអាចទស្សន៍ទាយដឹងច្បាស់ពីពេលដែលរដូវមកដល់ គ្រប់យ៉ាងអាចនឹងផ្លាស់ប្តូរ។ នេះគឺដោយសារតែការប្រែប្រួលអ័រម៉ូនពេញមួយជីវិតរបស់អ្នក។

នៅពេលអ្នកមករដូវដំបូង វដ្តរដូវអាចនឹងវែង (រយៈពេលយូរទើបមកម្តងទៀត)។ វដ្តរដូវធម្មតាសម្រាប់យុវតីគឺ ២១ ទៅ ៤៥ ថ្ងៃ។ យូរៗទៅ វានឹងខ្លីជាងមុន និងទៀងទាត់ជាងមុន (ប្រហែល ២១ ទៅ ៣៥ ថ្ងៃ)។ ការប្រែប្រួលអ័រម៉ូនក្នុងវ័យមុនអស់រដូវ (Perimenopause) អាចធ្វើឱ្យអ្នកមានការរំខាន។ រយៈពេលមករដូវអាចខ្លីជាងមុន ឬវែងជាងមុន ហើយឈាមអាចហូរច្រើន ឬតិចជាងមុន។ ដំណាក់កាលនេះអាចអូសបន្លាយដល់ ១០ ឆ្នាំ មុនពេលអ្នកអស់រដូវទាំងស្រុង។ ការផ្លាស់ប្តូរបន្តិចម្តងៗជារឿងធម្មតា ប៉ុន្តែប្រសិនបើមានបញ្ហាភ្លាមៗដូចជា ធ្លាក់ឈាមខ្លាំង ឬបាត់រដូវ ចូរពិភាក្សាជាមួយគ្រូពេទ្យ។

៤. សំឡីអនាម័យ (Pads/Tampons) មិនមែនជាជម្រើសតែមួយគត់ទេ

អ្នកមានជម្រើសច្រើនទៀតក្នុងការគ្រប់គ្រងការមករដូវ៖

  • ពែងរដូវ (Menstrual cup): ជាពែងមានភាពយឺត សម្រាប់ស៊កក្នុងទ្វារមាសដើម្បីត្រងឈាមរដូវ។

  • ខោក្នុងសម្រាប់មករដូវ (Period panties): ជាខោដែលមានសមត្ថភាពបឺតស្រូបខ្ពស់ អាចស្លៀកតែវា ឬស្លៀកការពារបន្ថែមពីលើតាំប៉ុង។

  • សំឡីអនាម័យបែបក្រណាត់ (Reusable cloth pads): អាចបោកគក់ និងប្រើឡើងវិញបាន។ ផលិតផលទាំងនេះជួយសន្សំសំចៃថវិកា និងកាត់បន្ថយសំរាម។ ឧទាហរណ៍៖ អ្នកត្រូវប្តូរសំឡីអនាម័យរាល់ ៣-៤ ម៉ោង ប៉ុន្តែចំពោះពែងមករដូវ អ្នកអាចទុកបានរហូតដល់ ១២ ម៉ោង ទើបយកឈាមចេញម្តង។

៥. រោគសញ្ញាមុនមករដូវនៅតែជាអាថ៌កំបាំង

មុនមករដូវ ១-២ សប្តាហ៍ អ្នកប្រហែលជាមានចេញមុន អស់កម្លាំង មានចំណង់អាហារ ហើមពោះ និងប្រែប្រួលអារម្មណ៍។ គ្រូពេទ្យមិនទាន់ដឹងច្បាស់ពីមូលហេតុឡើយ ប៉ុន្តែវាអាចជាការលាយឡំគ្នារវាងការប្រែប្រួលអ័រម៉ូន ការប្រែប្រួលសារធាតុគីមីក្នុងខួរក្បាល និងបញ្ហាផ្លូវចិត្តផ្សេងៗដូចជាជំងឺបាក់ទឹកចិត្ត ដែលធ្វើឱ្យសញ្ញាមុនមករដូវកាន់តែធ្ងន់ធ្ងរ។

ការសិក្សាមួយរកឃើញថា ការឈឺចាប់ពេលមករដូវ (ឈឺពោះ ហើមពោះ ឈឺចង្កេះ ឈឺក្បាល) អាចធ្វើឱ្យអ្នកពិបាកផ្ដោតអារម្មណ៍លើការងារ ប៉ុន្តែមិនមែនមានន័យថាអ្នកធ្វើមិនបាននោះទេ គ្រាន់តែវាហាក់ដូចជាត្រូវប្រឹងប្រែងខ្លាំងជាងមុន។ ការផ្លាស់ប្តូររបៀបរស់នៅជាវិធីល្អបំផុត៖ ហាត់ប្រាណ ៣០ នាទីក្នុងមួយថ្ងៃ គេងឱ្យបាន ៨ម៉ោង និងមិនជក់បារី។ របបអាហារក៏សំខាន់ដែរ៖ បរិភោគផ្លែឈើ បន្លែ និងគ្រាប់ធញ្ញជាតិ ហើយកាត់បន្ថយប្រៃ ស្ករ កាហ្វេអ៊ីន និងគ្រឿងស្រវឹង។

ចំណាំ៖ ប្រសិនបើសញ្ញាខាងលើ រំខានដល់ជីវិតប្រចាំថ្ងៃខ្លាំង ឬអ្នកមានរោគសញ្ញាថប់បារម្ភ/បាក់ទឹកចិត្តធ្ងន់ធ្ងរ ចូរជួបគ្រូពេទ្យ ព្រោះអ្នកអាចមានស្ថានភាពធ្ងន់ធ្ងរដែលត្រូវការការព្យាបាលតាមវេជ្ជសាស្ត្រ។

 

ប្រភពអត្ថបទ៖ WebMD

អត្ថបទដោយ: RHAC

មតិយោបល់