រំលងម៉ឺនុយទំព័រ

ហ៊ានទទួលស្គាល់ និងស្រឡាញ់ខ្លួនឯង

ហ៊ានទទួលស្គាល់ និងស្រឡាញ់ខ្លួនឯង

រឿងជោគជ័យ
19

កាលពីមុនបើយើងនិយាយពីការមានដៃគូស្នេហា ភាគច្រើនគេផ្តោតទៅលើការស្រឡាញ់ភេទផ្ទុយគ្នា រវាងបុរសនិងស្រ្តី។ បើទោះបីជាយ៉ាងនេះក្តីក៏នៅតែមានមនុស្ស ដែលពួកគេមានអត្តចរិក និងទំនោរទៅលើការស្រឡាញ់ភេទដូចគ្នាដែរ​ ជាហេតុនាំឱ្យមនុស្សភាគច្រើនដាក់សម្ពាធទៅលើអ្នកដែលមាននិន្នាការចម្រុះ និងប្រើពាក្យមិនសមរម្យ។​​​​

តារាធ្វើការជាអ្នកស្ម័គ្រចិត្តសមាជិកបណ្តាញយុវវ័យរ៉ាក់ដើម្បីសុខភាព ក្នុងសហគមន៍ ដែលរស់នៅស្រុកមួយនៅខេត្តសៀមរាបដែលជាតំបន់គោលដៅរបស់រ៉ាក់។ តារាមានអាយុ២២ឆ្នាំ ជាកូនទី៦ នៅក្នុងគ្រួសារដែលមានម្តាយឪពុកជាកសិករ។ តារាបាននិយាយថា  «ខ្ញុំមានសង្សាជាភេទដូចគ្នា ហើយស្គាល់គ្នាតាមរយៈ Face book Chat  ខ្ញុំតែងតែសន្ទនាគ្នាតាមប្រអប់សារជារៀងថ្ងៃ» បន្ទាប់មកនៅពេលដែលនិយាយយូរៗទៅអ្នកទាំងពីរចូលចិត្តណាត់ជួបគ្នាទៅញ៉ាំអាហារខាងក្រៅ និងដើរលេងជាមួយគ្នាពេលដែលពួកគេសម្រាកពីការងាររៀងខ្លួន។ ក្រោយពីបានស្រឡាញ់គ្នារយៈ៤ទៅ៥ខែ ដៃគូររបស់តារាបានណែនាំតារា ឱ្យមីងគាត់បានស្គាល់។ ក្រោយពីបានដឹងរឿង មីងរបស់ដៃគូតារា បាននិយាយថា «មីងមិនថាអ្វីដែលឱ្យតែ ក្មួយៗចេះស្រឡាញ់គ្នា..»។​ មួយរយៈក្រោយមកតារាមានចិត្តក្លាហាន ក៏បានសម្រេចចិត្តប្រាប់រឿងនេះដល់ម្តាយឪពុកខ្លួនអំពីទំនាក់ទនងរបស់ពួកគេ។ ក្រោយពីម្តាយបានស្តាប់ហើយក៏មានការភ្ញាក់ផ្អើល ហើយក៏សួរមកតារាថា៖ «ហេតុអ្វីក៏កូនធ្វើបែបនេះ ឯងមិនខ្មាសគេទេឬ? ឪពុកម្តាយខំរកប្រាក់ឱ្យរៀនបានចេះបានដឹងបានធ្វើការងារ ចុះម្តេចបានទៅធ្វើចរិកបែបនោះ តើឯងឲ្យអញយកមុខទៅទុកនៅឯណា?» តារាបានពន្យល់ដើម្បីឱ្យម្ដាយបានយល់ពីខ្លួន ប៉ុន្តែគាត់មិនព្រមនូវអ្វីដែលកូនបានស្នើនោះទេ។ តារាមានអារម្មណ៍តូចចិត្តខ្លួនឯង ហើយតែងតែគិតខ្លួនឯងថា៖ «ហេតុអ្វីក៏ខ្លួនកើតមកមិនពេញលក្ខណៈជាបុរសដូចគេ»?។ តារាក៏ត្រូវបានមិត្តរួមការងារមួយចំនួនសើចចំអកនិងបានមើលងាយទៅលើគេផងដែរ ប៉ុន្តែតារាមានមិត្តភក្តិមួយក្រុមតូចដែលតែងតែលើកទឹកចិត្ត និងគាំទ្រតារាជានិច្ច។ តារាជាក្មេងប្រុសដែលចូលចិត្តធ្វើការងារសហគមន៍ ដូចនេះតារាធ្លាប់បានចូលរួមជាមួយអង្គការរ៉ាក់ក្នុងបណ្តាញយុវវ័យរ៉ាក់ដើម្បីសុខភាព។ តារាបានទទួលបានទទួលចំណេះដឹងច្រើនទាក់ទង សិទ្ធិផ្លូវភេទ រឿងផ្លូវភេទ អត្តសញ្ញាណភេទ និងសុខភាពផ្លូវភេទ សុខភាពបន្តពូជជាច្រើនទៀត។​ តារាបានស្វែងយល់ខ្លួនឯង និងចាប់ផ្តើមស្រឡាញ់ខ្លួនជាងមុន និងតស៊ូធ្វើអ្វីសម្រាប់ខ្លួនឯង។ តារាបានចូលរួមដឹកនាំគំនិតផ្តួចផ្តើមរបស់យុវវ័យរ៉ាក់ផ្សេងទៀតក្នុងនោះបានបញ្រ្ចាប ចំណេះដឹងសុខភាពផ្លូវភេទ ​សុខភាពបន្តពូជ ជាពិសេសបានផ្តោតលើអត្តសញ្ញាណភេទ ដើម្បីជម្រុញឱ្យយុវវ័យដទៃទៀតបានយល់ដឹង និងចៀសផុតពីការរើសអើងនានា។ បច្ចុប្បន្នម្តាយរបស់តារាបានយល់ពីតារា ច្រើនជាងមុន ទោះបីម្តាយរបស់គាត់មិនទាន់ទទួលយកបានមួយរយភាគរយក៏ដោយ។ ចំណែកតារា បានឆ្លៀតធ្វើការមួយកន្លែងទៀត ដែលអាចរកប្រាក់ចំណូលសម្រាប់ជួយគ្រួសារ និងស្នេហារបស់ខ្លួនឯង។

ជាចុងក្រោយតារាបានអរគុណទៅដល់អង្គការរ៉ាក់ ដែលបានផ្តល់ចំណេះដឹងខ្លួនគេ និងយុវវ័យផ្សេងៗទៀតលើសុខភាពផ្លូវភេទ សុខភាពបន្តពូជនៅក្នុងសហគមន៍។ បន្ថែមពីនេះតារាបានស្វែងយល់ពីខ្លួនឯង រស់នៅមិនមានសម្ពាធដោយគ្មានការរើងអើង ជាពិសេសឳពុកម្តាយរបស់តារាបានយល់អំពីតារាជាងមុនជាផ្នែកមួយដែលតារាចង់បាន។ សម្រាប់យុវវ័យតារាសូមផ្ញ់សារចែករំលែកថា៖«យុវវ័យដែលបានជួបប្រទះដូចខ្ញុំ សូមក្លាហានក្នុងការនិយាយ ជាពិសេសត្រូវចេះឲ្យតម្លៃខ្លួនឯង និងត្រូវស្វែងយល់ពីខ្លួនឯង។ សូមកុំមានការអាក់អន់ចិត្តអី នេះជារឿងធម្មជាតិទេ។ ម្យ៉ាងវិញទៀតក៏សំណូមពរដល់ឪពុកម្តាយ សូមលើកទឹកចិត្តដល់កូន ដែលពួកគាត់មានការស្រឡាញ់ភេទដូចគ្នានេះ ព្រោះការលើកទឹកចិត្តនិងការគាំទ្រពីឪពុកម្តាយជាកម្លាំងចិត្តដែលធំធេងសម្រាប់កូនៗគ្រប់រូប។»

អត្ថបទដោយ: RHAC

មតិយោបល់