រំលងម៉ឺនុយទំព័រ

ហេតុអ្វី មានការឈឺចាប់ពេលមានរដូវ?

ហេតុអ្វី មានការឈឺចាប់ពេលមានរដូវ?

ព័ត៌មាន
126

ការមករដូវជារឿងធម្មជាតិនៃរាងកាយមនុស្សស្រី។ ការមករដូវជាផ្នែកមួយនៃការបង្ហាញពីដំណាក់កាលនៃភាពពេញវ័យ។ ពាក្យថា រដូវស្ដាប់ទៅ សាមញ្ញ ប៉ុន្តែរឿងជាក់ស្ដែងនៅពីក្រោយ មានច្រើនណាស់ ដែលស្ត្រីខ្លះអាច​មិនបានដឹង។ ដោយសារការប្រែប្រួលអ័រម៉ូន ការមករដូវធ្វើឱ្យស្ត្រី ងាយមានការប្រែប្រួលអារម្មណ៍ភ្លាមៗ និងមិនស្រណុកក្នុងចិត្ត ឬពេលខ្លះមានការឈឺចាប់ជាដើម។ ការឈឺចាប់ពេលមានរដូវ ( dysmenorrhea ) គឺជាការឈឺចុកចាប់នៅផ្នែកខាងក្រោមពោះ។ ស្ត្រីជាច្រើនមានការឈឺចុកចាប់មុនពេលមករដូវ និងអំឡុងពេលមករដូវ។

សម្រាប់ស្ត្រីមួយចំនួន ការឈឺចាប់ គឺគ្រាន់តែជាការរំខានប៉ុណ្ណោះ។ ចំពោះអ្នកផ្សេងទៀត ការឈឺចាប់ពេលមានរដូវអាចធ្ងន់ធ្ងរ ដែលអាចរំខានដល់សកម្មភាពប្រចាំថ្ងៃ ពីរទៅបីថ្ងៃជារៀងរាល់ខែ។

ការឈឺចាប់ពេលមានរដូវ អាចមានមូលហេតុសំខាន់ៗ មួយចំនួន ដូចជា៖ ទម្រង់នៃស្បូនមានភាពបត់បែនពីកំណើត ភាពមិនប្រក្រតីនៃភ្នាសក្នុងស្បូន ឬ មានដុំ (Endometriosis ឬ fibroids) ស្បូនអាចបណ្តាលឱ្យមានការឈឺចាប់ពេលមានរដូវ។

រោគ​សញ្ញា​នៃ​ការ​ឈឺចាប់​ពេល​មក​រដូវ​រួម​មាន​៖

  • ចុករោយ ឬរមួល ខ្លាំងនៅក្នុងពោះផ្នែកខាងក្រោម

  • ការឈឺចាប់ដែលចាប់ផ្តើមពី 1 ទៅ 3 ថ្ងៃមុនពេលមករដូវរបស់អ្នក កើនឡើងដល់ 24 ម៉ោងបន្ទាប់ពីការចាប់ផ្តើមមករដូវ ហើយនឹងថយចុះក្នុងរយៈពេល 2 ទៅ 3 ថ្ងៃ

  • វិលមុខ ឈឺជាបន្តបន្ទាប់

  • ការឈឺចាប់ដែលរាលដាលដល់ខ្នងផ្នែកខាងក្រោម និងភ្លៅរបស់អ្នក។

ស្ត្រីខ្លះក៏អាចមាន៖

  • ក្អួត ចង្អោរ

  • រាកតិចតួច

  • ឈឺក្បាល

  • វិលមុខ

ចំណុចដែលមានរៀបរាប់ខាងលើ ជាសញ្ញាទូទៅនៃការឈឺចាប់ពេលមករដូវ ប្រសិនបើអ្នកមានអារម្មណ៍ថា​មានការរំខានទៅលើការងារ ឬមិនមានផាសុកភាព សូមទៅជួបអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកប្រសិនបើ៖

  • ការឈឺចាប់ពេលមានរដូវរំខានដល់ការងារប្រចាំថ្ងៃរបស់អ្នកជារៀងរាល់ខែ

  • រោគសញ្ញារបស់អ្នកកាន់តែធ្ងន់ធ្ងរទៅៗ

  • អ្នកទើបតែចាប់ផ្តើមមានការឈឺចាប់ពេលមករដូវខ្លាំងបន្ទាប់ពីអាយុ 25 ឆ្នាំ។

ការព្យាបាលទៅតាមមូលហេតុ គឺជាគន្លឹះក្នុងការកាត់បន្ថយការឈឺចាប់។ ការឈឺចុកចាប់ពេលមានរដូវដែលមិនបណ្តាលមកពីស្ថានភាពផ្សេងទៀត ទំនងជាថយចុះទៅតាមអាយុ ហើយជារឿយៗមានភាពប្រសើរឡើងបន្ទាប់ពីសម្រាលកូនរួច។

 

ប្រភពអត្ថបទ៖ MAYO CLINIC

កែសម្រួល និងរៀបរៀងដោយ៖ អ្នកស្រី កាយ ផល្គុន

អត្ថបទដោយ: RHAC

មតិយោបល់