រំលងម៉ឺនុយទំព័រ

ហេតុអ្វីខ្ញុំត្រូវបានបោកបញ្ឆោត?

ហេតុអ្វីខ្ញុំត្រូវបានបោកបញ្ឆោត?

រឿងជោគជ័យ
7

សុភី (ឈ្មោះដាក់ឱ្យ) ជាក្មេងស្រីម្នាក់ដែលមានបញ្ហាកំសោយផ្នែកស្មារតី ឆាប់ជឿ ឆាប់ទុកចិត្តគេ។ រាល់ថ្ងៃ នាងបានត្រឹមតែជួយកិច្ចការផ្ទះបន្តិចបន្តួច និងនៅក្បែរមើលថែឪពុកដែលមានជំងឺប្រចាំកាយប៉ុណ្ណោះ។ សព្វថ្ងៃនាងរស់នៅជាមួយបងស្រី​ និងឪពុកដែលមានជំងឺប្រចាំកាយ។ ព្រោះតែស្ថានភាពនៃសុខភាព ជីវភាពក្រីក្រ ទើបធ្វើឱ្យនាងមិនបានសិក្សារៀនសូត្រ ដូចក្មេងដទៃនោះទេ។

ដោយមើលឃើញស្ថានភាពគ្រួសារពិបាក មិនមានអាហារហូបចុកគ្រប់គ្រាន់ ឪពុកឈឺ មិនអាចធ្វើការបាន សុភីក៏ចង់រកប្រាក់ចំណូលដើម្បីផ្គត់ផ្គង់ខ្លួនឯង និងជួយគ្រួសារ។ សុភីបានទៅធ្វើការ ជាអ្នកបេះផ្លែស្វាយ នៅចំការមួយដែលនៅមិនឆ្ងាយប៉ុន្មានពីស្រុកដែលនាងរស់នៅ។ នៅក្នុងចំការស្វាយនោះ អ្នកដែលទៅបេះស្វាយមានខ្លះគេងស្នាក់នៅទីនោះ ខ្លះក៏ត្រឡប់ទៅផ្ទះវិញ។ ចំណែកសុភីបានស្នាក់នៅទីនោះជាមួយអ្នកដទៃទៀតផងដែរ ដើម្បីងាយស្រួលបេះស្វាយបានច្រើន។ អំឡុងពេលធ្វើការនោះ សុភីបានស្គាល់ជាមួយបុរសម្នាក់ដែលអ្នកបេះស្វាយចំការមួយគ្នានោះដែរ។ មិនយូរប៉ុន្មានបុរសនោះ បានចាប់ផ្ដើមលួងលោមសុភីរួមភេទ ដោយសន្យារថា «​នឹងចូលស្ដីដណ្ដឹងរៀបការជាមួយ» សុភីក៏យល់ព្រម។ រាល់ពេលបុរសនោះមកល្បួងសុភីរួមភេទ គេតែងតែបិទមុខមាត់ជិត ឃើញតែភ្នែក។ នៅពេលដែលសុភីយកដៃទាញអាវចេញ ឬសុំមើលមុខក៏បុរសនោះមិនព្រមដែរ។ ហេតុនេះសុភីមិនដែលឃើញមុខបុរសនោះឡើយ។ មិនយូរប៉ុន្មានស្វាយនៅចំការនោះបេះអស់ គ្រប់គ្នាក៏ចាកចេញពីចំការ ដើម្បីទៅបេះនៅចំការផ្សេងទៀត។ ចំណែកសុភីបានត្រឡប់មកផ្ទះវិញ។ ចាប់តាំងពីពេលនោះសុភីក៏មិនបានជួបបុរសនោះទៀតទេ តែនាងតែងតែទន្ទឹងចាំការចូលស្ដីដណ្ដឹង តាមការសន្យាដែលបុរសនោះបានប្រាប់។

៣ខែ ក្រោយមកសុភីដឹងថាខ្លួនមានផ្ទៃពោះ នៅពេលដែលទារកចាប់ផ្ដើម​កម្រើកទៅហើយ។ នៅពេលនោះក្រុមគ្រួសារសុភីពិតជាលំបាកណាស់ មិនដឹងត្រូវធ្វើបែបណាឡើយ ព្រោះមិនស្គាល់អត្តសញ្ញាណបុរសនោះឡើយ។ ឪពុកសុភីបានទៅសាលាឃុំដើម្បីដាក់ពាក្យបណ្ដឹង និងស្វែងរកជំនួយ។ ជាលទ្ធផលពួកគាត់មិនអាចស្វែងរកជនល្មើសបានឡើយ ព្រោះមិនដឹងថាជានរណា រស់នៅទីណាឡើយ។ ពេលនោះស្រ្តីបង្គោលបានបញ្ជូនជនរងគ្រោះទៅអង្គការសប្បុរសមួយដែលធ្វើការនៅទីតាំងនោះដើម្បីជួយអន្តរាគន៍។ សុភីត្រូវបានទទួលការយកចិត្តទុកដាក់ថែទាំចាប់តាំងពី ផ្ទៃពោះអាយុ ៤ខែ រហូតសម្រាលបានកូនដល់អាយុ​ ៣ខែ ដោយផ្ដល់ជូន គ្រឿងបរិភោគ សម្ភារៈត្រៀមសម្រាល និងថវិការមួយចំនួន។ សុភី ក៏ត្រូវបានបញ្ជូនមកទទួលសេវាថែទាំផ្ទៃពោះ ពិនិត្យរកមើលជំងឺឆ្លងតាមការរួមភេទ និង ព្យាបាលបញ្ហារោគស្រ្តី នៅគ្លីនិករ៉ាក់បាត់ដំបងក្រោមការគាំទ្រថវិកាពីអង្គការ៉ាក់ផងដែរ។

អស់រយៈពេល ៦ខែកន្លងផុតទៅ សុភីសម្រាលបានកូនប្រុសម្នាក់មានសុភាពល្អ និងគួរឱ្យស្រលាញ់។ ទោះជាយ៉ាងណា សុភី ក៏នៅតែទទួលបានការគាំទ្រពីបុគ្គលិកសង្គម របស់រ៉ាក់ និងអង្គការដៃគូ។ បុគ្គលិកអង្គការ  រ៉ាក់ និងអង្គការ ទឹកចិត្តម្ដាយ បានផ្ដល់ការប្រឹក្សាទៅកាន់សុភី អំពីការថែទាំក្រោយសម្រាល ការចាក់វ៉ាក់សាំងកូន ការប្រើប្រាស់មធ្យោបាយពន្យារកំណើត របបអាហារ និង របៀបថែទាំកូនមួយចំនួន ជាពិសេសការ ការពាកូនពីស្ថានភាពនានា ដែលអាចកើតមានលើទារកពីស្ថានភាពជុំវិញលំនៅដ្ឋានរបស់គាត់ដូចជា មូស ស្រមោច សត្វផ្សេងៗច្រើនទៀត នៅតាមជើងមុង ជាពិសេសពស់ថ្លាន់តែងចេញមកស៊ីកូនមាន់នៅក្បែរៗនោះរាល់យប់។

សុភីថ្វីត្បិតតែពិបាកក្នុងថាឆ្លើយតបអំពីអារម្មណ៍ ប៉ុន្តែសុភីអាចបង្ហាញបានថាគាត់រីករាយ សប្បាយចិត្ត ស្រលាញ់កូន នៅពេលគាត់បានស្ដាប់ការពន្យល់ និង ទទួលបានការគាំទ្រផ្សេងៗ។ ពុកសុភីបានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអនាគតកូនស្រី ដោយសារនាងមានចិត្តទន់ជ្រាយ ងាយជឿ ឆាប់ទុកចិត្តគេពេក និងខ្វះការប្រុងប្រយ័ត្ន។ លោកមានកង្វល់ថា មិនដឹងជាថ្ងៃខាងមុខ នឹងមានជនខិលខូចណាម្នាក់មកលួងលោមបោកប្រាស់នាងជាថ្មីម្ដងទៀតទេ។

អត្ថបទដោយ: RHAC

មតិយោបល់