
ហានិភ័យនៃការសម្រាលកូននៅផ្ទះ៖ ករណីសិក្សានៅខេត្តស្ទឹងត្រែង
នៅខេត្តស្ទឹងត្រែង ការសម្រាលកូនតាមផ្ទះនៅតែអនុវត្តនៅតាមស្រុកមួយចំនួន បើទោះបីមានមណ្ឌលសុខភាពក៏ដោយ។ ខណៈពេលដែលទំនៀមទម្លាប់ប្រពៃណីវប្បធម៌នៅតែមានសារៈសំខាន់ ការសម្រាលកូនតាមផ្ទះអាចបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរដល់សុខភាពមាតា និងទារក។ យោងតាមប្រសាសន៍របស់ឯកឧត្តមវេជ្ជ. អ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាលខេត្ត ស្ទឹងត្រែងក្នុងកម្មវិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការថែទាំស្ត្រី និងទារកប្រកបដោយការគោរព បានឱ្យដឹងថា ក្នុងឆ្នាំ ២០២៤ មានស្ត្រីចំនួន ១០០នាក់ដែលបានសម្រាលកូននៅផ្ទះ លោកបានបញ្ជាក់បន្ថែមថា បើស្ត្រីគ្មានលទ្ធភាពទទួលបានការថែទាំដោយឆ្មបជំនាញទាន់ពេលវេលា និងកន្លែងព្យាបាលត្រឹមត្រូវ ផលវិបាកអាចកើនឡើងយ៉ាងឆាប់រហ័ស ដែលអាចមានគ្រោះថ្នាក់ធ្ងន់ធ្ងរ រួមទាំងការស្លាប់របស់មាតា ឬទារកផងដែរ។
ករណីសោកនាដកម្មមួយបានកើតឡើងនៅភូមិតាឡាត ស្រុកសេសាន ដែលស្ត្រីម្នាក់បានជ្រើសរើសយកការសម្រាលកូននៅផ្ទះ។ អំឡុងពេលសម្រាលគាត់បានជួបនឹងផលវិបាក ហើយការសម្រាលមិនអាចបញ្ចប់ដោយសុវត្ថិភាពបានឡើយ។ ដោយស្ថានភាពស្ត្រីមានសភាពធ្ងន់ធ្ងរគាត់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ប៉ុន្តែការធ្វើដំណើរត្រូវចំណាយរយៈពេលវែង និងស្មុគស្មាញ ព្រោះតម្រូវឱ្យមានការដឹកជញ្ជូនតាមទូក និងតាមរថយន្តសង្គ្រោះពីមណ្ឌលសុខភាពមូលដ្ឋានទៅមន្ទីរពេទ្យខេត្តបង្អែកដែលមានចម្ងាយផ្លូវប្រមាណ ១២០ គីឡូម៉ែត្រ។ ជាអកុសល ដោយសារការពន្យារពេលក្នុងការទទួលបានការថែទាំកម្រិតខ្ពស់ទារកដែលមិនទាន់បានកើតស្លាប់ក្នុងអំឡុងពេលសម្រាល។
ហេតុការណ៍នេះមិនត្រឹមតែបណ្តាលឱ្យមានការឈឺចាប់ផ្លូវចិត្តយ៉ាងជ្រាលជ្រៅចំពោះស្ត្រី និងគ្រួសាររបស់នាងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានឥទ្ធិពលយ៉ាងខ្លាំងដល់សហគមន៍ផងដែរ។
បញ្ហាសំខាន់ៗដែលបានរកឃើញគឺ ការថែទាំមិនគ្រប់គ្រាន់ក្នុងអំឡុងពេលសម្រាលនៅផ្ទះ។ ការពន្យារពេលការបញ្ជូនបន្ត និងឧបសគ្គដឹកជញ្ជូនភ្លាមៗដោយមិនបានព្រាងទុក ជាពិសេសនៅតំបន់ដាច់ស្រយាល នាំឱ្យហានិភ័យមានកាន់តែខ្ពស់នៃការស្លាប់សម្រាប់ទាំងម្តាយនិងទារកក្នុងការសម្រាលកូនដ៏ស្មុគស្មាញ ព្រមទាំងការយល់ដឹង និងការអប់រំមានកម្រិតលើសារៈសំខាន់នៃសម្រាលដោយឆ្មបជំនាញដែលបានទទួលការបណ្តុះបណ្តាលនៅតែជាតម្រូវការចាំបាច់ និងទាមទារឱ្យមានការផ្សព្វផ្សាយ និងគាំទ្រ។
ករណីនៅភូមិតាឡាត បានបង្ហាញពីសោកនាដកម្មដែលអាចបង្ការបាន។ ដើម្បីការពារសុខភាពមាតា និងទារក ការលើកកម្ពស់ការយល់ដឹង កែលម្អឥរិយាបថស្វែងរកសុខភាព និងធានាថាកន្លែងថែទាំសុខភាពអាចទទួលបាន និងជឿទុកចិត្តដោយសហគមន៍ គឺជាអទិភាពដែលភាគីពាក់ព័ន្ធត្រូវធ្វើការសហការ និងជម្រុញបន្ថែម តួយ៉ាងដូចជា៖
ពង្រឹងការអប់រំសហគមន៍អំពីហានិភ័យនៃការសម្រាលកូនតាមផ្ទះ និងអត្ថប្រយោជន៍នៃការសម្រាលកូននៅមូលដ្ឋានសុខាភិបាល។
ការកែលម្អលទ្ធភាពទទួលបានសេវាថែទាំសុខភាពមាតា រួមទាំងប្រព័ន្ធដឹកជញ្ជូនដែលអាចទុកចិត្តបានសម្រាប់ការបញ្ជូនសង្គ្រោះបន្ទាន់។
ការលើកកម្ពស់ការពិនិត្យផ្ទៃពោះមុនពេលសម្រាល និងការត្រៀមសម្រាល ធានាឱ្យស្ត្រីទទួលបានព័ត៌មាន និងការគាំទ្រមុនពេលសម្រាល។
កិច្ចសហប្រតិបត្តិការជាមួយអ្នកដឹកនាំសហគមន៍ ដើម្បីលើកទឹកចិត្តដល់ការអនុវត្តការសម្រាលកូនដោយសុវត្ថិភាព និងកាត់បន្ថយប្រពៃណីដែលបង្កគ្រោះថ្នាក់។
មតិយោបល់