រំលងម៉ឺនុយទំព័រ

ស្វែងយល់ពីបញ្ហាផ្សិតទ្វារមាស

ស្វែងយល់ពីបញ្ហាផ្សិតទ្វារមាស

ព័ត៌មានសុខភាពយុវវ័យ
245

ការ​បង្ក​រោគ​ដោយ​ផ្សិត​នៅ​តំបន់​ទ្វារមាស កើត​ឡើង​នៅ​លើ​ស្ត្រី​ជា​ញឹកញាប់ ព្រោះ​ធម្មតា​ទ្វារមាស មាន​ផ្ទុក​បាក់តេរី និង​កោសិកា​ផ្សិត​មួយ​ចំនួន ប៉ុន្តែ​នឹង​ធ្វើ​ឲ្យ​មាន​បញ្ហា​នៅ​ពេល​តុល្យភាព​កោសិកា​ទាំងនោះ​មាន​ការ​ប្រែប្រួល ដែលអាចបង្ក​ឱ្យមាន រមាស់​ខ្លាំង ហើម ​ក្រហាយទ្វារមាស និងបរិវេណយោនី ជាដើម។

ផ្សិត​ក្នុង​ទ្វារមាស មិន​ត្រូវ​ចាត់​ទុក​ជា​ក្រុម​ជំងឺ​ឆ្លង​តាម​ការ​រួមភេទ​នោះ​ទេ បើ​ទោះជា​អាច​ឆ្លង​តាម​រួមភេទក៏ដោយ ប៉ុន្តែ​ក៏អាច​កើត​លើ​ស្រ្តីដែល​មិន​ធ្លាប់មានការ​រួមភេទដែរ។

នៅពេលអ្នកចាប់ផ្តើមមានសកម្មភាពផ្លូវភេទ អ្នកប្រឈមហានិភ័យនៃការឆ្លងមេរោគផ្សិតក្នុងទ្វារមាស។ ហើយការឆ្លងមេរោគផ្សិតនេះ មិនមែនតែនៅលើប្រដាប់ភេទ ប៉ុណ្ណោះទេ វាក៏អាចឆ្លងនៅពេលដែលអ្នកមានទំនាក់ទំនងផ្លូវភេទរវាងមាត់ និងតំបន់ប្រដាប់បន្តពូជ បានផងដែរ។

បើអ្នក​ធ្លាប់​មានការ​បង្ករោគ​ដោយមេរោគ​ផ្សិត​ម្តង​រួច​ អ្នក​នឹង​ប្រឈម​​ការ​បង្ក​រោគ​ជា​ច្រើន​ផ្សេង​ទៀត។

​ទោះជាយ៉ាងណាវាមិនមែនជារឿងដែលគួរឱ្យបារម្ភខ្លាំងនោះទេ។ ជំងឺ​ផ្សិត​ក្នុង​ទ្វារមាសអាចព្យាបាលបានដោយឱសថ។ ប៉ុន្តែការឆ្លងមេរោគផ្សិតដែលកើតឡើង បួនដង ឬច្រើនជាងនេះក្នុងមួយឆ្នាំ អាចត្រូវការ ការព្យាបាលរយៈពេលយូរ និងត្រូវមានវិធានការបង្ការ។

អ្នកអាចកត់សម្គាល់ថាអ្នកមានជំងឺផ្សិតក្នុងទ្វារមាសបាន ដោយត្រូវចាប់អារម្មណ៍នូវរោគសញ្ញាមួយចំនួន។

រោគសញ្ញានៃការឆ្លងមេរោគផ្សិតអាចមានចាប់ពីកម្រិតស្រាលទៅមធ្យម។ រោគសញ្ញាទាំងនោះរួមមាន៖

• រមាស់ និងរលាកក្នុងទ្វារមាស និងជាលិកានៅទ្វារមាស ហៅថា យោនី។

• មានអារម្មណ៍ក្ដៅ ឬក្រហាយ ក្នុងអំឡុងពេលរួមភេទ ឬពេលបត់ជើងតូច។

• ក្រហម និងហើមទ្វារមាស។ អ្នកអាចអង្កេតយ៉ាងហ្មត់ចត់ប្រសិនបើអ្នកមានស្បែកខ្មៅ ឬត្នោត ព្រោះអាចពិបាកមើលជាងស្បែកស។

• ឈឺនៅបរិវេណទ្វារមាស។

• មានធ្លាក់ស សភាព កកៗ ដែលមានក្លិនតិចតួច ឬគ្មានក្លិន។

ការឆ្លងមេរោគផ្សិតស្មុគស្មាញ

អ្នកអាចមានការឆ្លងមេរោគផ្សិតដ៏ស្មុគស្មាញ ប្រសិនបើ អ្នកមានរោគសញ្ញាដូចខាងក្រោម៖

• ឡើងក្រហមច្រើន ហើម និងរមាស់ ធ្លាក់ស ប្រេះ ឬដំបៅក្នុងទ្វារមាស

• អ្នកមានការឆ្លងមេរោគផ្សិតលើសពី៤ដងក្នុងមួយឆ្នាំ។

• ជាប្រភេទផ្សិតដែលមិនសូវកើតមានទូទៅ។

• ស្ត្រីមានផ្ទៃពោះ។

• អ្នកមានជំងឺទឹកនោមផ្អែមដែលគ្រប់គ្រងមិនបានល្អ។

• ប្រព័ន្ធភាពស៊ាំរបស់អ្នកចុះខ្សោយដោយសារតែថ្នាំ ឬលក្ខខណ្ឌមួយចំនួនដូចជាការឆ្លងមេរោគអេដស៍។

ពេលណាត្រូវទៅជួបពិគ្រោះជាមួយគ្រូពេទ្យ

ធ្វើការណាត់ជួបជាមួយអ្នកជំនាញថែទាំសុខភាពរបស់អ្នក ប្រសិនបើ៖

• នេះជាលើកទីមួយហើយដែលអ្នកមានរោគសញ្ញានៃការឆ្លងមេរោគផ្សិត។

• អ្នកមិនប្រាកដថា តើអ្នកមានការឆ្លងមេរោគផ្សិតឬអត់?

• រោគសញ្ញារបស់អ្នកមិនបាត់ទៅវិញទេ បន្ទាប់ពីអ្នកព្យាបាលវាដោយប្រើថ្នាំលាបទ្វារមាស ឬថ្នាំគ្រាប់ដែលអ្នកបានទទួលដោយគ្មានវេជ្ជបញ្ជា។

• អ្នកមានរោគសញ្ញាផ្សេងទៀតដែលគួរឱ្យបារម្ភ ឬអ្នកមិនមានភាពស្រណុក និងរំខានក្នុងការធ្វើសកម្មភាពប្រចាំថ្ងៃ។

អ្នកអាចស្វែងរកការពិគ្រោះ និងសេវាព្យាបាលតាមរយៈលេខទំនាក់ទំនងខាងក្រោម៖
010 812 812  /089 333 990 /088 7107 107

 

ប្រភពអត្តបទ៖ MAYO CLINIC

 

 

 

 

 

 

 

 

អត្ថបទដោយ: RHAC

មតិយោបល់