រំលងម៉ឺនុយទំព័រ

ស្វែងយល់ពីបញ្ហាដុំគីសនៅប្រដាប់ភេទ

ស្វែងយល់ពីបញ្ហាដុំគីសនៅប្រដាប់ភេទ

ព័ត៌មានសុខភាពយុវវ័យ
18

ដុំគីសជាដុំមួយដែលបំពេញទៅដោយទឹករំអិល ខ្យល់ ខ្ទុះ ឈាម ឬក៏សារធាតុផ្សេងៗទៀត។

ដុំគីសនៅប្រដាប់ភេទគឺជាដុំដែលស្ថិតនៅទីតាំងទ្វារមាសជួនកាលវាស្ថិតនៅបបូរធំ ឬបបូរតូច ឬជួនកាលទៀតនៅរន្ធទ្វារមាស។ ភាគច្រើននៃគីសទ្វារមាសមិនបង្កបញ្ហាអ្វីធ្ងន់ធ្ងរទេ ប៉ុន្តែគីសខ្លះវាធ្វើឱ្យមានការឈឺចាប់នៅពេលមានការឆ្លងមេរោគ។  គីសនៅប្រដាប់ភេទច្រើនជួបប្រទះលើស្ត្រីនៅវ័យបន្តពូជ និងពេលអស់រដូវ។

តើមូលហេតុអ្វីខ្លះដែលធ្វើឱ្យមានដុំគីសទ្វារមាស?

ជាទូទៅមូលហេតុដែលធ្វើឱ្យមានដុំគីសនេះវាទៅតាមប្រភេទរបស់វា។ ដុំគីសទ្វារមាសមានច្រើនប្រភេទដែលគេឱ្យឈ្មោះទៅតាមសារជាតិឬកោសិកាដែលមាននៅក្នុងដុំនោះ។ ហើយគីសដែលគេជួបញឹកញាប់ជាងគេរួមមាន៖

  • គីស Mullerian: ជាប្រភេទដុំដែលកើតនៅលើទ្វារមាស ដោយសារមូលហេតុនៃការដុះខុសកន្លែងនៃកោសិកាមាត់ស្បូន ដៃស្បូន ឬស្រទាប់ស្តើងស្បូន ហើយគេសង្កេតឃើញថាវាកើតឡើងបន្ទាប់ពីការសម្រាលកូនតាមធម្មជាតិ ការប៉ះទង្គិច ឬការវះកាត់។

  • គីស Inclusion: ដុះចេញពីកោសិកាទ្វារមាស ហើយតែងតែកើតឡើងនៅពេលមានប៉ះទង្គិច មុតរបួស ហើយពេលមានការជាស្បះស្បើយជាលិកាទាំងនោះត្រូវបានរាំងខ្ទប់ដោយសារស្លាកស្នាមរបួស បង្កើតបានជាដុំ ហើយច្រើនតែបំពេញទៅដោយទឹករំអិលខាប់ៗ។

  • គីស Gartner Duct: ជាដុំដែលកើតចេញពីបំណែកនៃកោសិកាដើមណាមួយដែលនៅសល់ ហើយនៅពេលណាមួយនោះវាបានរីកលូតលាស់វាបង្កើតបានជាដុំដែលបំពេញទៅដោយទឹក។

  • គីសក្រពេញ បាត់តូលីន (Bartholin gland): ជាដុំគីសដែលកើតនៅក្រពេញបាត់តូលីនដែលជាក្រពេញបញ្ចេញទឹករំអិលសម្រាប់ផ្សើមទ្វារមាសស្ត្រី ហើយស្ថិតនៅសងខាងរន្ធទ្វារមាស នៅពេលក្រពេញនេះត្រូវបានស្ទះ ឬមានការកររោគហើយក្លាយជាអាប់សែ។

រោគសញ្ញា

ជាទូទៅដុំគីសទ្វារមាសភាគច្រើនមិនមានរោគសញ្ញាអ្វីទេដោយសារដុំគីសវាមានទំហំតូចៗហើយនៅខាងក្នុង ហើយរោគសញ្ញាច្រើនមាននៅពេលដែលដុំនោះវាធំ។ រោគសញ្ញាវាប្រែប្រួលទៅតាមទំហំ និងទីតាំងរបស់ដុំ។
រោគសញ្ញាអាចមាន៖

  • មានអារម្មណ៍ទើសៗនៅក្នុងទ្វារមាសនៅពេលប្រើសំឡីអនាម័យដែលដាក់ចូលក្នុងទ្វារមាស

  • បត់ជើងតូចមិនអស់

  • ធ្លាក់ស

  • មានអារម្មណ៍ថាមិនមានភាពសុខស្រួល និងឈឺនៅពេលមានរួមភេទ

  • មានការឈឺចាប់ និងហើមនៅពេលមានការករោគ។

តើដុំគីសនៅទ្វារមាសត្រូវព្យាបាលយ៉ាងដូចម្តេច?

ការព្យាបាលគឺធ្វើឡើងនៅពេលមានរោគសញ្ញា ឬពេលគ្រូពេទ្យសង្ស័យថាដុំវាបង្កជាផលវិបាក ឬក៏ទំហំរបស់វាកាន់តែធំទៅៗ។ ប្រសិនបើដុំនោះវាជាដុំតូច មិនមានការឈឺចាប់ទេ គ្រូពេទ្យអាចណែនាំឱ្យស្ត្រីអង្គុយត្រាំទឹកក្តៅ ប៉ុន្តែករណីខ្លះ ដុំគីសវារំខាន ឬធំ គេអាចព្យាបាលដោយបូមសារជាតិនៅក្នុងដុំ វះបង្ហូរ និងដោយការវះបើកមុខរបស់ដុំ ឬវះយកដុំចេញ។

តើយើងអាចការពារ​ ឬក៏បង្ការដុំគីសទ្វារមាសបានដែរឬទេ?

មកដល់បច្ចុប្បន្ននេះគ្មានវិធីសាស្ត្រអ្វីការពារការកើតដុំគីសនេះទេ ប៉ុន្តែយើងអាចធ្វើអនាម័យទ្វារមាសឱ្យបានត្រឹមត្រូវ និងការប្រើប្រាស់ស្រោមអនាម័យជាមួយដៃគូដែលមិនជាប់លាប់ដើម្បីការពារជំងឺកាមរោគ និងការកររោគទៅលើដុំគីស។

 

ប្រភពអត្ថបទ

រៀបរៀង និងកែសម្រួលដោយ វេជ្ជ. ពេជ្រ ធីតា គ្រូពេទ្យព្យាបាលនៅគ្លីនិករ៉ាក់ សៀមរាប

https://www.webmd.com/women/vaginal-cysts

https://my.clevelandclinic.org/health/diseases/23452-vaginal-cysts

https://medlineplus.gov/ency/article/001509.htm

អត្ថបទដោយ: RHAC

មតិយោបល់