សំណួរ-ចម្លើយស្ដីពីជំងឺសិរមាន់22 May, 2021ព័ត៌មាន260១. អ្វីទៅជាជំងឺសិរមាន់? ជំងីសិរមាន់ជាប្រភេទមួយនៃជំងឺកាមរោគដែលបង្កឡើងដោយវីរុសម្យ៉ាងមានឈ្មោះថា Human Papilloma Virus ដែលគេហៅកាត់ថា HPV។ វីរុសHPV មានច្រើនប្រភេទមានរហូតដល់ជាង ៧០ប្រភេទ តែក្នុងនោះគេសង្កេតឃើញ៤០ប្រភេទ ដែលច្រើនបង្ករោគនៅនឹងប្រដាប់បន្តពូជ ជាពិសេសមាន៤ ទៅ៦ ប្រភេទ ដែលមានហានិភ័យខ្ពស់អាចបង្កឱ្យមានជំងឺមហារីកមាត់ស្បូនជាពិសេស គឺប្រភេទទី១៦ និងទី១៨ ដែលអាចឱ្យកើតមហារីកមាត់ស្បូនរហូតដល់ជាង ៩០%។ ចំណែកប្រភេទទី ៦ និងទី១១ គឺមានហានិភ័យទាប ដែលអាចបង្កឱ្យមានជាជំងឺសិរមាន់នៅលើប្រដាប់បន្តពូជបុរសស្ត្រី។ ២. តើជំងឺសិរមាន់ចម្លងតាមរបៀបណា? ជំងីសិរមាន់ឆ្លងតាមរយៈការប៉ះពាល់ផ្ទាល់រវាងស្បែក និងស្បែកក្នុងខណៈពេល ដែលមានការរួមភេទ តាមទ្វារមាស តាមរន្ធគូថ ឬតាមមាត់ជាមួយបុគ្គលដែលមានផ្ទុកមេរោគសិរមាន់។ ក្រៅពីទំនាក់ទំនងផ្លូវភេទជំងឺសិរមាន់ក៏អាចចម្លងពីម្ដាយទៅកូននៅពេលសម្រាល ឬជុំវិញការសម្រាលផងដែរ។ ៣. តើក្រោយពីចម្លងហើយរយៈពេលប៉ុន្មានទើបមានចេញរោគសញ្ញា? ហើយមានរោគសញ្ញាអ្វីខ្លះ? រយៈពេលនៃការចេញរោគសញ្ញាក្រោយពីការចម្លងអាចយូររហូតដល់ច្រើនសប្ដាហ៍ ទៅច្រើនឆ្នាំ។ សញ្ញាស្ដែងឡើងដោយការដុះសាច់ ជាលក្ខណៈកំពីកកំពក ជាដុំសាច់ភ្លឺ ឬក៏ជាដុំសាច់ហាប់ ឬរាងសំប៉ែត្រ ដែលដុះរាយប៉ាយ ឬជាកញ្ចុំ ដែលមានលក្ខណៈ ដូចផ្កាខាត់ណា នៅលើយោនី ឬនៅក្នុង ឬនៅតំបន់ជុំវិញទ្វារមាស នៅលើមាត់ស្បូន លិង្គ ពងស្វាស ក្រលៀន ឬភ្លៅ ឬនៅរន្ធគូថ ដុំសាច់នេះមិនឈឺទេតែរមាស់។ ចំពោះស្ត្រីអាចមានធ្លាក់ស ឬមានធ្លាក់ឈាមក្រោយពេលរួមភេទ បើសិនជាដុះសាច់នៅមាត់ស្បូន។ ចំពោះបុរស ជំងឺសិរមាន់អាចរាលដាលទៅក្នុងលិង្គ ដែលជាហេតុធ្វើឱ្យពិបាកនោម។ ក្នុងនោះដែរ ប្រហែល ៦០-៧០% នៃបុរសដែលបានរួមភេទដោយមិនបានការពារជាមួយដៃគូដែលមានផ្ទុកមេរោគសិរមាន់ បានឆ្លងមេរោគនេះ តែអាចមិនមានចេញរោគសញ្ញានោះទេ។ ទោះបីជាមិនមានរោគសញ្ញាក៏ដោយ តែអាចចម្លងទៅដៃគូផ្សេងទៀតបានបើសិនជាមានការរួមភេទមិនបានការពារ។ ៤. ការបង្ការជំងឺសិរមាន់ - មិនត្រូវឆាប់ប្រឡូកក្នុងការរួមភេទ - មានដៃគូស្មោះត្រង់មួយនឹងមួយ - ប្រសិនមានដៃគូច្រើនត្រូវប្រើប្រាស់ស្រោមអនាម័យឱ្យបានត្រឹមត្រូវ និងទៀងទាត់ - ចាក់វ៉ាក់សាំង Gardasil ដើម្បីបង្ការជំងឺសិរមាន់ទាំងបុរស ស្ត្រី - ប្រាប់ដៃគូឱ្យមកពិនិត្យ និងព្យាបាល ៥. តើជំងឺសិរមាន់អាចព្យាបាលតាមវិធីណាខ្លះ? តើជំងឺសិរមាន់អាចព្យាបាលជាដាច់ឬទេ? ក្នុងចំណោម ២០ទៅ៣០% នៃជំងឺសិរមាន់ដែលមានចេញរោគសញ្ញាដុំសាច់សិរមាន់អាចបាត់ទៅវិញដោយឯកឯងក្នុងរយៈពេលមួយឆ្នាំក្រោយ ឬក៏ដុំសាច់នោះមិនលូតលាស់ ប៉ុន្តែប្រសិនបើបុគ្គលនោះមានភាពស៊ាំក្នុងខ្លួនខ្សោយ ដុំសាច់នោះនឹងរីកលូតលាស់លឿន ហើយអាចធ្ងន់ធ្ងរទៀតផង។ រហូតមកដល់បច្ចុប្បន្ននេះមិនមានថ្នាំអាចសម្លាប់វីរុសដែលបង្កឱ្យមានជំងឺសិរមាន់នៅក្នុងឈាមបានទេ ដូច្នេះការព្យាបាលគ្រាន់តែព្យាបាលបំបាត់ដុំសាច់ដែលដុះនោះតែប៉ុណ្ណោះ។ របៀបនៃការព្យាបាលមានច្រើនជម្រើស អាស្រ័យទៅតាមលក្ខណៈដុំសាច់ ទីតាំងរបស់វា និងទំហំដុំសាច់ដែលដុះដូចជាតាមរយៈ ការប្រើទឹកថ្នាំបន្តក់ដើម្បីរំលាយកោសិកាសិរមាន់ ការដុតរំលាយកោសិកាដោយសីតុណ្ហភាពត្រជាក់ ឬក៏ការដុតរំលាយកោសិកាដោយ សីតុណ្ហភាពក្ដៅ ឬការចៀរដុំសាច់សិរមាន់ចេញតែម្ដង។ ៦. ទីកន្លែងដែលអាចស្វែងរកសេវាព្យាបាលជំងឺសិរមាន់? ប្រសិនបើអ្នកដឹងថាបានឆ្លងជំងឺ ឬមានរោគសញ្ញាហើយ មិនគួរគប្បីព្យាបាលដោយខ្លួនឯងទេ ត្រូវស្វែងរក និងពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញ ព្រមទាំងដៃគូរួមភេទផងដែរ ដូចជានៅគ្លីនិករ៉ាក់ទាំង១៥ទីតាំង មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក។ ៧. ប្រសិនបើអ្នកឆ្លងជំងឺសិរមាន់ហើយ មិនបានទទួលការព្យាបាល ឬព្យាបាលមិនបានត្រឹមត្រូវ តើជំងឺនេះមានផលវិបាកអ្វីខ្លះ? បើសិនជាឆ្លងជំងឺសិរមាន់ហើយ យើងមិនបានព្យាបាល និងតាមដានត្រឹមត្រូវ ជំងឺនេះអាចវិវត្តន៍កាន់តែអាក្រក់ទៅ និងអាចកើតជាមហារីកមាត់ស្បូន បើសិរមាន់ធ្លាប់ដុះលើមាត់ស្បូន និងមហារីកលិង្គ បើសិរមាន់ធ្លាប់ដុះនៅលើក្បាលលិង្គ។ ចំពោះស្ត្រីដែលធ្លាប់ឆ្លងជំងឺសិរមាន់ហើយគួរតែឧស្សហ៍ពិនិត្យរកមើលការប្រែប្រួលកោសិកាមាត់ស្បូន។ ទន្ទឹមនឹងនោះដែរទាំងបុរស និងស្ត្រីដែលធ្លាប់កើតជំងឺសិរមាន់នេះគួរធ្វើតេស្តរកមើលមេរោគអេដស៍ផងដែរ។ ៨. តើជំងឺសិរមាន់កើតនៅលើស្រ្ដីមានផ្ទៃពោះមានផលវិបាកដូចម្ដេចដែរ? ជំងឺសិរមាន់នេះបើកើតទៅលើស្ត្រីមានផ្ទៃពោះ គឺប្រឈមមុខនឹងការសម្រាលមិនគ្រប់ខែ ហើយក៏អាចឆ្លងទៅទារកតាមរយៈទងសុកនៅពេលដែលឈឺពោះសម្រាល ឬជុំវិញនៃការសម្រាល ដែលធ្វើឱ្យទារក និងកុមារអាចកើតជំងឺសិរមាន់នៅលើសួត។អត្ថបទដោយ: RHACមតិយោបល់