រំលងម៉ឺនុយទំព័រ

វិធីធ្វើឱ្យការរួមភេទ មានផាសុកភាព បើទោះជាអ្នកចូលវ័យអស់រដូវ

វិធីធ្វើឱ្យការរួមភេទ មានផាសុកភាព បើទោះជាអ្នកចូលវ័យអស់រដូវ

ព័ត៌មានសុខភាពយុវវ័យ
5458

បន្ទាប់ពីអស់រដូវ ការរួមភេទប្រហែលជាមិនសូវស្រណុកសុខស្រួលនោះទេ។ វាមានហេតុផលជាច្រើន តែជាទូទៅបំផុតគឺមកពីភាពស្ងួតនៃទ្វារមាស។ មូលហេតុផ្សេងទៀតអាច ស្បែកនៅក្នុង និងជុំវិញទ្វារមាសរបស់អ្នកមានភាពរមាស់ ឬរលាក។ លក្ខខណ្ឌវេជ្ជសាស្រ្តមួយចំនួនអាចប៉ះពាល់ដល់លំហូរឈាមរបស់អ្នក។ ហើយភាពតានតឹង និងការថប់បារម្ភ ក្នុងពាក់កណ្តាលជីវិតក៏ជាមូលហេតុផងដែរ។

វិធីល្អបំផុតដើម្បីមានអារម្មណ៍ធូរស្រាលគឺស្វែងរកប្រភពនៃការឈឺចាប់របស់អ្នក។ ប្រសិនបើអ្នកមិនដឹងថាហេតុអ្វីបានជាការរួមភេទឈឺចាប់នោះ សូមទៅជួបគ្រូពេទ្យ។

ការព្យាបាលមួយចំនួននឹងបន្ធូរបន្ថយរោគសញ្ញារបស់អ្នកភ្លាមៗ។ ប៉ុន្តែវាអាចមានលក្ខខណ្ឌផ្សេងចំពោះមនុស្សផ្សេងៗគ្នា។ សូមពិភាក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នកអំពីអ្វីដែលអ្នករំពឹងទុក។

អ្នកអាចសាកល្បងបន្ថែមសំណើមខ្លះ

ទឹករំអិលគឺជាមធ្យោបាយលឿន និងងាយស្រួលក្នុងការធ្វើឱ្យភាពសើមរបស់អ្នកមកវិញ។ វាជួយសម្រាលភាពស្ងួតនៃទ្វារមាស ហើយកកិតក្នុងពេលរួមភេទ ។ មានទឹករំអិលជាច្រើនប្រភេទ និងច្រើនម៉ាកនៅលើទីផ្សារ។ អ្នកគួរព្យាយាមស្វែងរកជម្រើសមួយណាដែលសាកសមសម្រាប់អ្នក។ អ្នកត្រូវដាក់វានៅក្នុងទ្វារមាស និងនៅលើលិង្គ ឬម្រាមដៃ ឬឧបករណ៍សម្រេចចង់ផ្លូវភេទ រាល់ពេលដែលអ្នករួមភេទ ឬប្រើប្រាស់វា។

សូមចងចាំថា សារជាតិគីមីមួយចំនួនអាចនឹងធ្វើឱ្យអ្នកមានការរមាស់ ឬរលាក ហេតុនេះ អ្នកគួរពិនិត្យផលិតផលទាំងឡាយណាដែលគ្មានសារជាតិដូចជា៖Glycerin, Parabens, Propylene glycol, Chlorhexidine, សារជាតិបន្ថែមឱ្យមានក្លិនក្រអូប ឬសារជាតិដែលបន្ថែមភាពត្រជាក់ ឬក្តៅ ជាដើម។ អ្នកក៏មិនត្រូវប្រើប្រាស់ប្រភេទ ប្រេងជែល វ៉ាសាលីន ប្រេងលាបទារក ប្រេងអូលីវ ប្រេងសារជាតិរ៉ែ (ប្រេងឆា) ព្រោះវាបង្កើនឱកាសនៃការឆ្លងជំងឺ។ វាក៏ធ្វើឱ្យស្បែករបស់អ្នករលាក ឬបណ្តាលឱ្យមានប្រតិកម្ម។ ជម្រើសណាមួយនេះ ក៏នឹងធ្វើឱ្យស្រោមអនាម័យខូច ដែលអាចមានប្រសិទ្ធភាពតិចប្រឆាំងនឹងជំងឺកាមរោគ។

ប្រើក្រែមផ្តល់សំណើម

ជាធម្មតា អ្នកប្រើក្រែមផ្តល់សំណើមគ្មានអ័រម៉ូនរៀងរាល់ 2 ឬ 3 ថ្ងៃម្តងសម្រាប់សំណើមពេញមួយថ្ងៃ។ វាអាចជួយកែលម្អជាលិកាក្នុង និងជុំវិញទ្វារមាសរបស់អ្នកផងដែរ។

ស្ត្រីខ្លះចូលចិត្តប្រើផលិតផលធម្មជាតិដូចជា វីតាមីនE និងប្រេងដូង។ ទាំងនេះជាទូទៅមានសុវត្ថិភាពសម្រាប់ស្បែករបស់អ្នក។ ប៉ុន្តែមិនមានការសិក្សាដើម្បីបង្ហាញពីរបៀបដែលពួកវានឹងប៉ះពាល់ដល់ខាងក្នុង ឬខាងក្រៅទ្វារមាសរបស់អ្នកនោះទេ។ ហើយប្រេងអាចជាប់បានមួយរយៈ ដែលអាចឱ្យបាក់តេរីលូតលាស់ ឬអាចឆ្លងមេរោគលឿន។

ពិភាក្សាជាមួយពេទ្យ៖ ប្រសិនបើប្រេងរំអិល និងជាតិសំណើម មិនសម្រាលភាពស្ងួត និងការឈឺចាប់របស់អ្នកបាន ក្រោយពីប្រើវាអស់រយៈពេលពីរបីសប្តាហ៍ សូមទៅជួបគ្រូពេទ្យរបស់អ្នក។ គាត់នឹងចេញថ្នាំតាមវេជ្ជបញ្ជាដែលអាចជួយបាន។ សូមសួរពីផលរំខានរបស់ថ្នាំផង។

សាកល្បងការព្យាបាលអាងត្រគាក៖ សាច់ដុំដែលទ្រទ្រង់ប្លោកនោម និងទ្វារមាសរបស់អ្នកអាចចុះខ្សោយ ឬតឹង។ ទាំងពីរអាចធ្វើឱ្យការរួមភេទមិនស្រួល។ មានលំហាត់ប្រាណដែលអាចជួយអ្នកក្នុងការបង្ហាត់អាងត្រគាករបស់អ្នករឹងមាំឡើងវិញ។

សាកល្បងយូហ្គា និងសមាធិ៖ យូហ្គា និងសមាធិអាចជួយដល់ចំណង់ផ្លូវភេទ និងឈានដល់ចំណុចកំពូល។ មួយផ្នែកដោយសារតែពួកគេមានទំនោរកាត់បន្ថយភាពតានតឹង ការថប់បារម្ភ និងការធ្លាក់ទឹកចិត្ត។ ការធ្វើយូហ្គា និងសមាធិក៏នឹងបង្កើនសតិអារម្មណ៍ឱ្យអ្នកយល់ដឹងកាន់តែច្បាស់អំពីការប្រែប្រួលស្រាលៗក្នុងខ្លួន ។

ប្រើវិធីម៉ាស្សា និងរំញ័រ៖ ការភ្ញោចជាទៀងទាត់អាចជម្រុញលំហូរឈាម និងទឹករំអិលទៅខាងក្នុង និងខាងក្រៅទ្វារមាសរបស់អ្នកបាន។ អ្នកអាចប្រើឧបករណ៍រំញ័រជាមួយនឹងទឹករំអិល២ទៅ៣ដងក្នុងមួយសប្តាហ៍។ សូមកុំភ្លេចប្រើទឹករំអិល រាល់ពេលដែលអ្នកប្រើគ្រឿងរំញ័រ។

រួមភេទកាន់តែច្រើន៖ ពេលដែលអ្នកអាចរួមភេទបានស្រួល អ្នកគួរតែព្យាយាមរួមភេទឱ្យបានច្រើន។ នោះក៏ដោយសារតែវាជួយដល់លំហូរឈាម និងសំណើមដល់ទ្វារមាសរបស់អ្នក។ កុំខ្លាចក្នុងការផ្លាស់ប្តូរកាយវិការ។

ចំណាយពេលជាងមុនក្នុងការបង្កើនអារម្មណ៍៖ បន្ទាប់ពីអស់រដូវ វាអាចចំណាយពេលយូរបន្តិចដើម្បីបង្កើតអារម្មណ៍ភេទ។ ប៉ុន្តែនោះជារឿងធម្មតាទេ។

សាកល្បងបំពេញចំណង់ផ្លូវភេទដោយវិធីផ្សេងទៀត៖ ការរួមភេទមិនមែនជាវិធីតែមួយគត់ដើម្បីចែករំលែកភាពស្និទ្ធស្នាលនោះទេ។ បើការឈឺខ្លាំងពេកនៅពេលដែលស៊កលិង្គចូល សូមបន្ថែមការរួមភេទតាមមាត់។ អ្នកក៏អាចសម្រេចកាមដោយខ្លួនឯង ឬពិសោធន៍ជាមួយឧបករណ៍រំញ័រ។

ជួបអ្នកប្រឹក្សា៖ វាជារឿងធម្មតាទេដែលបាត់បង់ចំណង់ផ្លូវភេទ ប្រសិនបើអ្នកស្ត្រេស ឬមានបញ្ហាជាមួយទំនាក់ទំនងរបស់អ្នក។ ការធ្លាក់ទឹកចិត្ត ឬការថប់បារម្ភអំពីភាពចាស់ក៏អាចធ្វើឱ្យចំណង់ផ្លូវភេទរបស់អ្នកបាត់បង់ដែរ។ អ្នកអាចជួបអ្នកប្រឹក្សាយោបល់ នៅគ្លីនិករ៉ាក់បាន ដោយសាកល្បងធ្វើការទាក់ទងជាមួយនឹងអ្នកប្រឹក្សាយោបល់ ស្វែងរកគ្លីនិករ៉ាក់ដែលជិតអ្នកបំផុត។

ធ្វើការផ្លាស់ប្តូររបៀបរស់នៅដែលមានសុខភាពល្អ៖ សូមព្យាយាមហាត់ប្រាណយ៉ាងហោចណាស់ 30 នាទីក្នុងមួយថ្ងៃដើម្បីឱ្យមានលំហូរឈាមក្នុងរាងកាយល្អ។ ត្រូវប្រាកដថាអ្នកទទួលបានការព្យាបាលសម្រាប់លក្ខខណ្ឌជំងឺផ្សេងៗដូចាំ ជំងឺទឹកនោមផ្អែមដែលមិនអាចគ្រប់គ្រងបាន សម្ពាធឈាមខ្ពស់ និងជំងឺបេះដូងអាចប៉ះពាល់ដល់មុខងារផ្លូវភេទរបស់អ្នក។ ហើយប្រសិនបើអ្នកជក់បារីសូមឈប់។ វាអាចធ្វើឱ្យខូចសរសៃឈាម។

អត្ថបទដោយ: RHAC

មតិយោបល់