
វគ្គបណ្ដុះបណ្ដាលស្ដីពីវិធីសាស្រ្ដផ្ដោតលើមនុស្ស នៃកម្មវិធីជាតិផ្ដល់ថ្នាំបង្ការ (HCD-TIP) នៅកម្ពុជា ឆ្នាំ២០២៥
អង្គការរ៉ាក់ បានសហការជាមួយមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ក្រោមការឧបត្ថម្ភគាំទ្រថវិកាដោយអង្គការ The GAVI Alliance បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីវិធីសាស្រ្ដផ្ដោតលើមនុស្សនៃកម្មវិធីជាតិផ្ដល់ថ្នាំបង្ការ (HCD-TIP) ដល់បុគ្គលិកមណ្ឌលសុខភាពសរុបចំនួន៥១នាក់ នៅក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិពោធិសែនជ័យ និងបាសាក់ ព្រែកព្នៅ មេគង្គ និងចតុមុខនៅក្នុងរាជធានីភ្នំពេញ។
នៅថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥ ដល់ ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ២០២៥ អង្គការរ៉ាក់បានរៀបចំ វគ្គបណ្តុះបណ្តាលស្ដីពីវិធីសាស្រ្ដផ្ដោតលើមនុស្សនៃកម្មវិធីជាតិផ្ដល់ថ្នាំបង្ការ (HCD-TIP) លើកទី២ ដែលមានបុគ្គលិកមណ្ឌលសុខភាពចំនួន១៤ មកពីការរិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ព្រែកព្នៅ មេគង្គ និងចតុមុខ សរុបចំនួន៣៤នាក់ ចូលរួមជាសិក្ខាកាម។ គួរបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលលើកទីមួយ រៀបចំឡើងសម្រាប់ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិពោធិសែនជ័យ និងបាសាក់ នាខែមីនាកន្លងមក។
វគ្គបណ្តុះបណ្តាលនេះ បានចាប់ផ្តើមដំណើរការ ក្រោមអធិបតីភាពនៃ លោកវេជ្ជបណ្ឌិត ចាន់ អាន អនុប្រធានមន្ទីសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ លោកស្រីបណ្ឌិត សាផន សុមោលីរស្មី នាយិការរងអង្គការរ៉ាក់ និងលោកវេជ្ជបណ្ឌិត ផាន ភារ័ត្ន ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ មេគង្គ។ នាឱកាសនោះក៏មានការចូលរួមពីលោកវេជ្ជបណ្ឌិត ប៉ូ រិទ្ធី ប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ និងជាប្រធានកម្មវិធីផ្តល់ថ្នាំបង្ការនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញផងដែរ។
លោកស្រីបណ្ឌិត សាផន សុមោលីរស្មី តំណាងអង្គការរ៉ាក់ មានប្រសាសន៍ថា ចាប់តាំងពីត្រីមាសទី៤ ក្នុងឆ្នាំ២០២៤ រ៉ាក់បានសហការជាមួយកម្មវិធីជាតិផ្តល់ថ្នាំបង្ការ ក្នុងការធ្វើឱ្យប្រសើរឡើងនូវសមភាពក្នុងការផ្តល់ថ្នាំបង្ការដល់កុមារក្រោមអាយុ១ឆ្នាំរស់នៅក្នុងតំបន់ហានិភ័យក្នុងទីក្រុងភ្នំពេញ និងសៀមរាប។ អង្គការរ៉ាក់តែងតែចូលរួមសហការណ៍ជាមួយនឹងកម្មវិធីជាតិ និងថ្នាក់ក្រោមជាតិធ្វើការអនុវត្ត លើកកម្ពស់សុខមាលភាពប្រជាជន ជាពិសេសសម្រាប់ស្ត្រី និងក្មេងស្រី។ ជាបទពិសោធន៍ រ៉ាក់បានធ្វើការយ៉ាងសកម្មក្នុងការធានាបាននូវសមភាពនៃការទទួលបានថ្នាំបង្ការដល់កុមារ និងលើកកម្ពស់ការទទួលបានថ្នាំបង្ការមហារីកមាត់ស្បូនដល់ស្ត្រី និងក្មេងស្រី អស់រយៈកាលជាងមួយទស្សវត្សមកហើយ។
ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាល លោកវេជ្ជបណ្ឌិត ចាន់ អាន មានប្រសាសន៍ថ្លែងអំណរគុណដល់អង្គការរ៉ាក់ ដែលបានរៀបចំឡើងនូវវគ្គបណ្ដុះបណ្ដាលស្ដីពីវិធីសាស្រ្ដផ្ដោតលើមនុស្សនៃកម្មវិធីជាតិផ្ដល់ថ្នាំបង្ការ (HCD-TIP) ដ៏មានសារៈសំខាន់នេះ។ លោកវេជ្ជបណ្ឌិតក៏បានបង្ហាញពីការពេញចិត្តចំពោះសកម្មភាពគម្រោង ក៏ដូចជាសកម្មភាពដែលអង្គការរ៉ាក់បានអនុវត្តដើម្បីធានាដល់ អត្រាគ្របដណ្ដប់នៃថ្នាំបង្ការ ចំណេះដឹង និងឥរិយាបថរបស់អាណាព្យាបាលដែលមានកូនក្រោម១ឆ្នាំនៅក្នុងសហគមន៍ ដែលទាមទារឱ្យមានការស្វែងយល់និងអន្តរាគមន៍សមស្របសម្រាប់ផ្ដល់ថ្នាំបង្ការផងដែរ។
មតិយោបល់