រំលងម៉ឺនុយទំព័រ

លើកកម្ពស់ការយល់ដឹងពីបញ្ហាប្រឈមនៃការបរិភោគភេសជ្ជៈផ្អែម

លើកកម្ពស់ការយល់ដឹងពីបញ្ហាប្រឈមនៃការបរិភោគភេសជ្ជៈផ្អែម

រឿងជោគជ័យ
15

ក្នុងស្មារតីលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជន ព្រមទាំងបង្ការហានិភ័យនៃជំងឺមិនឆ្លង ជាពិសេសជំងឺទឹកនោមផ្អែមដែលពាក់ព័ន្ធនឹងទម្លាប់ទទួលទានចំណីអាហារ ភេសជ្ជៈផ្អែម និងភេសជ្ជៈប៉ូវកម្លាំង ក្រសួងអប់រំ យុវជន និងកីឡាបានដាក់ចេញនូវសេចក្ដីណែនាំលេខ ៧១ អយក.សណន ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ស្ដីពីការហាមឃាត់ការទទួលបាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទនៅក្នុង និងជុំវិញជាប់បរិវេណគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជន និងគ្រឹះស្ថានអប់រំបច្ចេកទេស។ ទន្ទឹមនឹងនេះ ការអនុវត្តតាមសេចក្ដីណែនាំនៅមិនទាន់បានគ្រប់ជ្រុងជ្រោយនៅឡើយទេ ដោយការទទួលទានភេសជ្ជៈផ្អែមនៅតែមានច្រើន និងជាទីពេញនិយមជាងគេក្នុងចំណោមយុវវ័យ។ តើការពេញនិយមកាន់តែខ្លាំងទៅៗ និងការបណ្ដុះទំលាប់ទទួលទានភេសជ្ជៈផ្អែមទាំងនេះក្នុងចំណោមយុវវ័យមកពីអ្វី?

ដើម្បីចូលរួមស្វែងយល់ពីមូលហេតុ អង្គការរ៉ាក់បានធ្វើការស្ទង់មតិ និងសម្ភាសន៍យុវវ័យ និងភាគីពាក់ព័ន្ធ។ យុវជនជាង ៨០នាក់ បានឯកភាពគ្នាថានៅក្នុង​ចំណោមមូលហេតុចម្បងដែលជម្រុញឱ្យយុវវ័យនៅតែបន្តបរិភោគភេសជ្ជៈផ្អែមរួមមាន៖ ការផ្ដល់កម្លាំងថាមពល មានរសជាតិឆ្ងាញ់ ផឹកតាមរង្វាន់ ចង់សាករសជាតិថ្មី ឬចង់ឱ្យគេមើលទៅថាខ្លួនឡូយតាមតារាឃោសនាភេសជ្ជៈគ្រឿងកំប៉ុងដែរ។ មូលហេតុផ្សេងទៀតគឺ ភេសជ្ជៈផ្អែមទាំងនេះគឺងាយរកទិញបាន ហើយមានលក់នៅគ្រប់ទីកន្លែងទាំងនៅតូបចាប់ហួយ និងតាមហាងកាហ្វេ ហើយក៏មានតម្លៃសមរម្យផងដែរ។ យុវវ័យមួយចំនួនបានលើកឡើងថាឥទ្ធិពលជុំវិញខ្លួនគាត់ក៏ជាកត្តាជំរុញមួយដែល ហើយមូលហេតុចម្បងគឺកង្វះការយល់ដឹងពីផលប៉ះពាល់នៃភេសជ្ជៈមានជាតិស្ករខ្ពស់មកលើសុខភាព។ មានយុវវ័យមួយរូបបានលើកឡើងថា “ពេលខ្លះ យុវវ័យមានលុយតែ ២០០០ រៀល មិនអាចទិញចំណីអាហារឆ្ងាញ់បំពេញភាពស្រេកឃ្លានបានទេ ហេតុនេះមានតែទិញភេសជ្ជៈថាមពលមកផឹកទើបមានកម្លាំងភ្លាមៗ!”

នៅពេលជជែកគ្នាជាមួយយុវវ័យ យុវវ័យមួយចំនួនមានការផ្តួចផ្ដើម អះអាងថាខ្លួនឯងត្រូវធ្វើអ្វីខ្លះដើម្បីកាត់បន្ថយការទទួលទានភេសជ្ជៈផ្អែមញឹកញាប់ក្នុងមួយថ្ងៃ។ យុវវ័យមួយចំនួនទៀតអាចធ្វើការងារជាក្រុម តួយ៉ាងបណ្ដាញយុវវ័យរ៉ាក់ដើម្បីសុខភាព មានផែនការធ្វើការលើកកម្ពស់ចំណេះដឹងពីផលប៉ះពាល់នៃភេសជ្ជៈផ្អែម និងកាត់បន្ថយការទទួលទានភេសជ្ជៈផ្អែមតាមរយៈគំនិតផ្តួចផ្ដើមការផលិត និងបង្ហោះផ្ទាំងរូបភាពពីផលប៉ះពាល់នៃភេសជ្ជៈផ្អែមនៅលើហ្វេសប៊ុកផេករបស់បណ្ដាញយុវវ័យ រៀបចំព្រឹត្តិការណ៍ ឬវេទិកាផ្សព្វផ្សាយ និងធ្វើក្រុមពិភាក្សាតាមថ្នាក់រៀន។

ការងារផ្សេងៗទៀត👇
ជំងឺទឹកនោមផ្អែមប្រភេទទី ២ ចំពោះកុមារhttps://shorturl.at/i9AkE

ជំងឺទឹកនោមផ្អែម និងស្ត្រីមានផ្ទៃពោះហានិភ័យនៃជំងឺទឹកនោមផ្អែម និងវិធានការការពារ

អត្ថបទដោយ: RHAC

មតិយោបល់