
ម៉ែរឿន៖ នៅពីក្រោយការងារក្នុងហាងមាស្សា និងក្តីសង្ឃឹមថ្មី
ជាស្ត្រីវ័យ ៥១ ឆ្នាំម្នាក់ ម៉ែរឿន រស់នៅខេត្តពោធិ៍សាត់ ឆ្លងកាត់ការលំបាកតាំងពីក្មេង ដោយត្រូវបង្ខំចិត្ដឈប់រៀនត្រឹមថ្នាក់ទី៤ ហើយចេញទៅធ្វើការនៅទីក្រុង ដើម្បីជួយគ្រួសារ។ គាត់ចាប់ផ្តើម ធ្វើការនៅក្នុងហាងម៉ាស្សាមួយ។ ក្នុងមជ្ឈិមវ័យ គាត់បានស្គាល់បុរសម្នាក់រហូតបានរៀបការតាមប្រពៃណីក្លាយជាស្វាមី និងរស់នៅបែកផ្ទះពីឪពុក-ម្ដាយ និងបងប្អូននៅឯស្រុកកំណើត។
ម៉ែរឿន បានរស់នៅជាមួយស្វាមីយ៉ាងសុខសាន្ត ហើយបង្កើតបានកូនចំនួន ៤នាក់ ជាចំណងដៃទៀតផង។ ប៉ុន្មានឆ្នាំក្រោយមក ជីវិតដែលធ្លាប់តែរស់នៅសុខសាន្ដជាមួយស្វាមី និងកូនៗ ប្រែជាជួបឧបសគ្គ ដោយសារស្វាមីដែលជាបង្អែកគ្រួសារធ្លាក់ខ្លួនឈឺ ត្រូវការប្រាក់ព្យាបាលជាប្រចាំ ហើយបន្ទុកគ្រួសារក៏កាន់តែធ្ងន់។
គាត់ក៏សម្រេចចិត្ដបើកហាងមាស្សាតូចមួយគ្រប់គ្រងដោយខ្លួនឯង ព្រោះគិតថាខ្លួនមានបទពិសោធន៍ក្នុងមុខរបរនេះស្រាប់។ ក្នុងនាមជាអ្នកគ្រប់គ្រងផង និងផ្ដល់សេវាកោសជប់ដល់ភ្ញៀវដោយខ្លួនឯងផង ម៉ែរឿន ត្រូវបានភ្ញៀវលួងលោម ភ្ជាប់ទំនាក់ទំនងស្នេហារហូតដល់មានការរួមភេទដោយមិនបានប្រើស្រោមអនាម័យ។
ម៉ែរឿន និយាយថា ការសម្រេចចិត្ដខ្លះត្រូវធ្វើឡើងទាំងបង្ខំ ម្យ៉ាងវិញទៀតចំណេះដឹងផ្នែកសុខភាពនៅមានកម្រិត ហើយស្លុងគិតតែទៅលើប្រាក់ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ ក្រោយពីមានឥរិយាបទប្រឈមមួយរយៈមក គាត់បានចាប់ផ្ដើមមានរោគសញ្ញាមួយចំនួនបានស្ដែងចេញលើខ្លួនដូចជា គ្រុនក្ដៅ ស្រកទម្ងន់ និងរាកញឹកញាប់។ ម៉ែរឿនបានរៀបរាប់រឿងរ៉ាវជីវិតដោយបើកចំហរទៅកាន់បុគ្គលិក រ៉ាក់ នៅពេលដែលគាត់បានចូលរួមស្ដាប់ការអប់រំ ប្រឹក្សា ធ្វើតេស្ដរកមេរោគអេដស៍នៅហាងម៉ាស្សារបស់ខ្លួនផ្ទាល់។
បុគ្គលិកគ្រប់គ្រងក្រុមគោលដៅរបស់រ៉ាក់ ក៏បានផ្ដល់ប្រឹក្សា និងធ្វើតេស្តជូនគាត់ ហើយជាលទ្ធផល តេស្តមានប្រតិកម្ម។ ក្រុមការងារបានបញ្ចូនគាត់ទៅធ្វើតេស្តបញ្ជាក់នៅមន្ទីរពេទ្យ លទ្ធផល គឺ ម៉ែរឿនមានផ្ទុកមេរោគអេដស៍។ ទោះបីជាលទ្ធផលនេះធ្វើឲ្យគាត់តក់ស្លុត និងខកចិត្តក៏ដោយ ប៉ុន្ដែគាត់បានសម្រេចទទួលយកការពិត និងចាប់ផ្តើមជីវិតថ្មី។
បច្ចុប្បន្ន ម៉ែរឿនបានផ្លាស់ប្តូរឥរិយាបទប្រឈមដែលអាចឆ្លងទៅអ្នកដទៃ ដោយប្រើស្រោមគ្រប់ពេលមានដៃគូរួមភេទ និងគោរពតាមការណែនាំរបស់វេជ្ជបណ្ឌិត ដោយរស់នៅស្អាត និងលេបថ្នាំទៀងទាត់។ សុខភាពម៉ែរឿនក៏ប្រសើរ អាចបន្តការងារដោយមានការប្រុងប្រយ័ត្ន និងទំនួលខុសត្រូវខ្ពស់។
តាមរយៈសាច់រឿងនេះ ម៉ែរឿនចង់បង្ហាញថា ស្ថានភាពជីវិតដែលខ្វះការយល់ដឹង និងការសម្រេចចិត្តខុសមួយគ្រា នាំឲ្យមានផលវិបាកធ្ងន់ធ្ងរ និងយូរអង្វែង ប៉ុន្តែមនុស្សគ្រប់រូបនៅតែអាចកែប្រែខ្លួន និងចាប់ផ្តើមជីវិតថ្មីដោយក្ដីសង្ឃឹម៕
មតិយោបល់