រំលងម៉ឺនុយទំព័រ

មុនពេលមានផ្ទៃពោះ ត្រូវពិនិត្យសុខភាពសំខាន់ៗទាំងនេះ

មុនពេលមានផ្ទៃពោះ ត្រូវពិនិត្យសុខភាពសំខាន់ៗទាំងនេះ

ព័ត៌មានសុខភាពយុវវ័យ
12

ទោះបីជាអ្នកមិនទាន់មានផ្ទៃពោះក៏ដោយ ប៉ុន្តែមានរឿងជាច្រើនដែលអ្នកអាចធ្វើបានចាប់ពីពេលនេះទៅ ដើម្បីរៀបចំសុខភាពឱ្យបានល្អបំផុតសម្រាប់ទារកដែលនឹងត្រូវលូតលាស់ក្នុងផ្ទៃរបស់អ្នក។ ចូរចាត់ទុកចំណុចទាំងនេះជាកិច្ចការដែលត្រូវធ្វើមុនពេលមានផ្ទៃពោះ៖

១.  ណាត់ជួបជាមួយគ្រូពេទ្យ

ទោះបីជាអ្នកធ្លាប់មានផ្ទៃពោះពីមុនក៏ដោយ ការទៅជួបគ្រូពេទ្យមុនពេលមានផ្ទៃពោះគឺជារឿងចាំបាច់។ ប្រសិនបើអ្នកមានបញ្ហាសុខភាពណា  មួយដែលប៉ះពាល់ដល់លទ្ធភាពបង្កកំណើត ឬធ្វើឱ្យការមានផ្ទៃពោះ  មានហានិភ័យ អ្នកអាចគ្រប់គ្រងវាឱ្យបានតាំងពីឥឡូវនេះ។

គ្រូពេទ្យនឹងពិនិត្យប្រវត្តិវេជ្ជសាស្ត្ររបស់អ្នក និងដៃគូ ហើយអាចនឹងធ្វើតេស្តមួយចំនួនដូចជា តេស្តឈាម និងការពិនិត្យមហារីកមាត់ស្បូន។ គ្រូពេទ្យអាចនឹងពិនិត្យរកជំងឺដូចជា៖

  • ភាពស៊ាំនឹងជំងឺស្អូច (Rubella)

  • ជំងឺអុតស្វាយ (Chickenpox)

  • មេរោគអេដស៍ (HIV),

  • រលាកថ្លើមប្រភេទ B

  • ជំងឺពងទឹក (Herpes)

  • ជំងឺឆ្លងតាមការរួមភេទផ្សេងៗ (ប្រមេះទឹកបាយ, ប្រមេះទឹកថ្លា, ស្វាយ)

  • បញ្ហាក្រពេញទីរ៉ូអ៊ីត និងជំងឺផ្សេងៗទៀត។

អាស្រ័យលើជាតិសាសន៍របស់អ្នក គ្រូពេទ្យអាចណែនាំឱ្យធ្វើតេស្តហ្សែន រកជំងឺដូចជា៖ ជំងឺស្លេកស្លាំងដោយសារគ្រាប់ឈាមក្រហម ជំងឺមហារីកឈាមប្រភេទ Thalassemia ឬជំងឺហ្សែនដទៃទៀតជាដើម។

ការចាក់វ៉ាក់សាំង៖ អ្នកគួរធ្វើបច្ចុប្បន្នភាពវ៉ាក់សាំងមុនពេលមានផ្ទៃពោះ។ វ៉ាក់សាំងខ្លះដូចជា ស្អូច ស្រឡទែន កញ្ជ្រិលត្រូវចាក់យ៉ាងតិច ២៨ ថ្ងៃ មុនពេលព្យាយាមយកកូន។

២.  ពិនិត្យសុខភាពអញ្ចាញធ្មេញ

សុខភាពមាត់ធ្មេញល្អមានទំនាក់ទំនងនឹងការមានផ្ទៃពោះដែលមានសុខភាពល្អ។ បាក់តេរីដែលបង្កគ្រោះថ្នាក់ពីការឆ្លងមេរោគកក្នុងមាត់អាចចូលទៅក្នុងចរន្តឈាម និងបង្កឱ្យមានការរលាកដែលអាច បណ្តាលឱ្យកើតមិនគ្រប់ខែ ឬមានទម្ងន់ទាប។

៣.  ឈប់ជក់បារី និងផឹកគ្រឿងស្រវឹង

បារី និងគ្រឿងស្រវឹងរារាំងការលូតលាស់របស់ទារក និងធ្វើឱ្យអ្នកពិបាកមានផ្ទៃពោះ ឬប្រឈមនឹងការរលូតខ្ពស់។

៤.   កាត់បន្ថយជាតិកាហ្វេអ៊ីន

ការញ៉ាំកាហ្វេលើសពី ២ កែវក្នុងមួយថ្ងៃ (ប្រហែល ២៥០ មីលីក្រាម) អាចធ្វើឱ្យពិបាកបង្កកំណើត និងបង្កើនហានិភ័យរលូត។

៥.  បរបអាហារ

កាត់បន្ថយអាហារសម្រន់ ហើយងាកមកញ៉ាំផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ  និងប្រូតេអ៊ីនគ្មានខ្លាញ់។ វានឹងជួយកាត់បន្ថយហានិភ័យនៃជំងឺទឹកនោម​​​ផ្អែមពេលមានផ្ទៃពោះ។

៦.  លេបអាស៊ីតហ្វូលិក (Folic Acid)

អ្នកជំនាញណែនាំឱ្យលេបវីតាមីនដែលមានអាស៊ីតហ្វូលិកជារៀងរាល់ ថ្ងៃ រយៈពេល ៣ ខែមុនពេលមានផ្ទៃពោះ ដើម្បីការពារពិការភាពពីកំណើត ផ្នែកខួរក្បាល និងឆ្អឹងខ្នងរបស់ទារក។

៧.  បញ្ចុះទម្ងន់

លើសទម្ងន់បង្កើនហានិភ័យជំងឺលើសឈាមពេលមានផ្ទៃពោះ (Preeclampsia)។ ការសម្រកទម្ងន់ក្នុងពេលមានផ្ទៃពោះមិនមែនជាវីធីល្អទេ ដូច្នេះគួរចាប់ផ្តើមពីឥឡូវនេះ។

៨.  ពិនិត្យមើលថ្នាំដែលអ្នកកំពុងប្រើ

សូមប្រាប់គ្រូពេទ្យអំពីថ្នាំគ្រប់ប្រភេទដែលអ្នកកំពុងប្រើ (ទាំងថ្នាំពេទ្យ ថ្នាំជំនួយ និងថ្នាំបូរាណ) ព្រោះវាអាចប៉ះពាល់ដល់ទារក។

៩.  ប្រយ័ត្នចំពោះអាហារសមុទ្រ

ចៀសវាងត្រីដែលមានជាតិបារតខ្ពស់ (ដូចជា ត្រីដាវ, ត្រីធូណាធំៗ) ព្រោះជាតិបារតត្រូវការពេលរហូតដល់មួយឆ្នាំទើបសាយភាយអស់ពីក្នុងឈាម។ កម្រិតខ្ពស់នៃជាតិបារត ដែលជាលោហៈធាតុធ្ងន់មួយប្រភេទ អាចឆ្លងកាត់សុក និងបំផ្លាញប្រព័ន្ធសរសៃរប្រាសាទខួរក្បាល ការស្ដាប់ និងការមើលឃើញរបស់ទារកដែលកំពុងលូតលាស់ក្នុងផ្ទៃ។

១០. លំហាត់ប្រាណ

ការហាត់ប្រាណជួយឱ្យរាងកាយរឹងមាំសម្រាប់ត្រៀមខ្លួនក្នុងការសម្រាល កូន។

 ១១.  គិតគូរពីការផ្លាស់ប្តូរជីវិត

ការមានកូននឹងផ្លាស់ប្តូរគ្រប់យ៉ាង តាំងពីអាជីពការងារ ហិរញ្ញវត្ថុ រហូត ដល់ទំនាក់ទំនងជាមួយដៃគូ។ ចូររៀបចំផែនការទាំងនេះឱ្យបានមុនពេលសមាជិកថ្មីមកដល់។

 ប្រភពអត្ថបទ៖ WebMD

អត្ថបទដោយ: RHAC

មតិយោបល់