
ភាពពេញវ័យ និងសុបិន្តសើមរបស់ក្មេងប្រុស
(តួអង្គបូរ៉ា ជាឈ្មោះត្រូវបានដាក់ឱ្យ)
ការបញ្រ្ចាបចំណេះដឹងលើសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ នៅតែដើរតួនាទីសំខាន់នៅក្នុងប្រទេសកម្ពុជាក្នុងចំណោមយុវវ័យ និងចូលរួមលើកកម្ពស់សិទ្ធិយុវវ័យក្នុងការទទួលបានចំណេះដឹងលើសុខភាពផ្លូវភេទ សុខភាពបន្តពូជ ព្រមទាំងចំណេះដឹងស្តីពី « ភាពពេញវ័យរបស់ក្មេងស្រី និងក្មេងប្រុស » ដោយទទួលបានព័ត៌មានត្រឹមត្រូវ និងគ្មានការរើសអើងពីយុវវ័យដូចគ្នា ឬមនុស្សជុំវិញខ្លួន ព្រោះភាពពេញវ័យ និងការលូតលាស់របស់មនុស្សគ្រប់រូបជាកត្តាជីវសាស្ត្រ ដូចនេះមនុស្សគ្រប់រូបនឹងលូតលាស់រាងកាយ និងអារម្មណ៍នៅពេលពេញវ័យដំបូង។ រឿងរ៉ាវខាងក្រោមនេះនឹងរៀបរាប់អំពី
បទពិសោធន៍ និងការជួបប្រទះ ពេលឈានដល់ភាពពេញវ័យដំបូង របស់យុវវ័យបូរ៉ា ហើយការជួបប្រទះបញ្ហានេះក៏អាចកើតឡើងក្នុងចំណោមយុវវ័យផ្សេងៗទៀតដែរ។
បូរ៉ាមានអាយុ ១៣ ឆ្នាំ ជាសិស្សថ្នាក់ទី៧ នៅវិទ្យាល័យព្រះមុនីវង្ស។ បូរ៉ាជាកូនច្បងក្នុងចំណោមបងប្អូនពីរនាក់ ហើយបច្ចុប្បន្ន បូរ៉ារស់នៅជាមួយលោកយាយដែលស្ថិតនៅ ក្រុង/ខេត្ត បាត់ដំបង។ ពេលទំនេរ បូរ៉ាចូលចិត្តជួបជុំជាមួយមិត្តភក្តិអានសៀវភៅ ហើយពេលនាអនាគត គាត់ចង់ក្លាយជាបុគ្គលិកធ្វើការក្នុងការិយាល័យម្នាក់(ការងារផ្នែករដ្ឋបាល)។ ក្នុងឆ្នាំ២០២៤ បូរ៉ាមានអាយុ១២ឆ្នាំ បូរ៉ាបានពេញវ័យដំបូង ហើយបានសង្គេតខ្លួនឯងថា « ខ្ញុំមានអារម្មណ៍រំភើប ចូលចិត្តឱ្យអ្នកដទៃសរសើរ ចង់សប្បាយ ចង់ជួបមិត្តនៅខាងក្រៅ និងចង់មានភាពឯករាជ្យលើខ្លួនឯង ហើយពេលខ្លះទៀតខ្ញុំមានអារម្មណ៍ថាឆាប់ឆេវឆាវ ឆាប់ខឹង និងពេលខ្លះពិបាកគ្រប់គ្រងអារម្មណ៍ខ្លួនឯងជាខ្លាំង...»។ យ៉ាងណាមិញ ដំណើរការនៃភាពពេញវ័យដំបូងរបស់បូរ៉ា ក៏ចាប់ផ្តើមវិវត្តតាមធម្មជាតិ។ រាងកាយមានការប្រែប្រួលខុសប្លែកពីមុន ដូចជាមានមុនលើមុខ និងខ្នង មានរោមលើដងខ្លួន និងដុះពុកមាត់ និងមានការប្រែប្រួលលើសិរីរាងបន្តពូជ ។ បូរ៉ាបានបន្តថា៖ «ខ្ញុំមានការងឿងឆ្ងល់ជាខ្លាំងថា ហេតុអ្វីបានជារាងកាយរបស់ខ្ញុំខុសប្លែកពីមុនចឹង?» ជាពិសេស បូរ៉ាបានដឹងថាខ្លួនឯងមានទឹកសើម ប្រឡាក់ខោ ដែលធ្វើឱ្យបូរ៉ា មានភាពភ័យខ្លាច ហើយមិនដឹងថា «តើការសើមខោមកពីមូលហេតុអី? » បូរ៉ាបានលាក់ទុក និងមិនហ៊ានសួរអ្នកណាឡើយអំពីការប្រែប្រួលនេះ សូម្បីតែគ្រួសារ និងមិត្តភក្តិ ព្រោះបូរ៉ាមានភាពខ្មាសអៀន មិនតែបុណ្ណោះ ប្អូនបានគិតថា «ខ្ញុំមានបញ្ហាសុខភាព» ព្រោះរាងកាយរបស់គាត់មានដុះរោមដូចជា ជើង និងពុកមាត់ដែលអ្នកដទៃអាចមើលឃើញ និងគ្មានទំនុកចិត្តលើរូបរាងកាយខ្លួននោះទេ។
បុគ្គលិករ៉ាក់តែងតែធ្វើការជាមួយគ្រូ និងប្រធានថ្នាក់របស់បូរ៉ា ដើម្បីកៀងគរយុវវ័យមកចូលរួមសកម្មភាពនៅមណ្ឌលយុវវ័យរ៉ាក់ហើយប្រធានថ្នាក់បានណែនាំបូរ៉ា និងយុវវ័យឯទៀតឱ្យបានស្គាល់មណ្ឌលយុវវ័យរ៉ាក់។ ពេលនោះបូរ៉ាបានមកលេងមណ្ឌលយុវវ័យរ៉ាក់ និងបានស្គាល់មិត្តភក្តិជាច្រើននៅទីនោះ។ បូរ៉ាបានចូលរួមមើលវីដេអូអប់រគំនូរជីវចលរ៉ាក់ស្តីពី «សរីរាង្គភេទរបស់មនុស្សប្រុសមនុស្សស្រី និងភាពពេញវ័យ» ដែលបុគ្គលិករ៉ាក់បានពន្យល់អំពីតម្លៃអប់រំក្នុងវីដេអូអប់រំ មានសកម្មភាពពិភាក្សាសួរសំណួរផងដែរ។ បូរ៉ាបាននិយាយថា «ខ្ញុំចូលចិត្តវីដេអូ និងចាប់អារម្មណ៍អំពីភាពប្រែប្រួលរាងកាយរបស់ក្មេងប្រុស និងការសម្អាតខ្លួនប្រាណ»។ បុគ្គលិកក៏បានណែនាំ អំពីការចូលរួមមើលវីដេអូអប់រំរ៉ាក់ដែលមានច្រើនប្រធានបទដែលទាក់ទង សុខភាពផ្លូវភេទ និងសុខភាពបន្តពូជ ដោយស្កែន QR Code និងណែនាំអំពីបណ្តាញផ្សព្វផ្សាយសង្គមរបស់រ៉ាក់ ដូចជា តិកតុក ហ្វ៊េសប៊ុក យូធូប និងលេខទូរសព្ទសម្រាប់ពិគ្រោះយោបល់ផងដែរ។ បន្ថែមពីនេះ បូរ៉ាមានអារម្មណ៍រីករាយ និងសប្បាយចិត្តខ្លាំងនៅពេលបានយល់ដឹងអំពីច្បាស់អំពី ភាពប្រែប្រួលនៃភាពពេញវ័យ និងសុបិន្តសើម។ ចំណេះដឹងដែលបូរ៉ាទទួលបានពីរ៉ាក់ ធ្វើឱ្យបូរ៉ាលែងមានការបារម្ភ អំពីការប្រែប្រួលរាងកាយ និងសុបិន្តសើមទាំងអស់នោះទៀតហើយ ព្រោះវាជារឿងធម្មតារបស់មនុស្សទូទៅនៅពេលពេញវ័យ។ បូរ៉ាបានអរគុណដល់អង្គការរ៉ាក់ជាខ្លាំងដែលបានបង្កើតកម្មវិធីអប់រំអំពីចំណេះដឹងសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធទៅកាន់យុវវ័យ ដែលមានទាំងមណ្ឌលយុវវ័យដែលជាទីកន្លែងដែលអាចឱ្យយុវវ័យមកអង្គុយអានសៀវភៅ ធ្វើលំហាត់ ស្វ័យសិក្សា និងប្រើប្រាស់កុំព្យូទ័រសម្រាប់សិក្សាស្រាវជ្រាវបន្ថែមបានដោយឥតគិតថ្លៃទៀតផង។
បូរ៉ាបានពោលថា៖ « កុំមានការព្រួយបារម្ភ ឬភ័យខ្លាច ប្រសិនបើអ្នកមានការប្រែប្រួលរាងកាយ និងមានសុបិន្តសើម ហើយក៏មិនចាំបាច់មានភាពខ្មាសអៀន ឬគិតថាខ្លួនឯងខុសប្លែកពីមនុស្សទូទៅ ឬមានបញ្ហាសុខភាពអី ព្រោះវាជារឿងធម្មតានោះទេ...»
មតិយោបល់