រំលងម៉ឺនុយទំព័រ

ភាពពេញវ័យ និងការអនាម័យខ្លួនប្រាណរបស់យុវវ័យ

ភាពពេញវ័យ និងការអនាម័យខ្លួនប្រាណរបស់យុវវ័យ

រឿងជោគជ័យ
12

នៅក្នុងពេលពេញវ័យអាយុ១៥​ឆ្នាំ ក្មេងប្រុសម្នាក់ មានបំណងចង់ឈប់រៀន ដោយសារមានការរើសអើងពីមិត្តរួមថ្នាក់ដោយពួកគេបានចំអកឱ្យដារ៉ាថាមានក្លិនមាត់ ដែលបច្ចុប្បន្នកំពុងសិក្សានៅអនុវិទ្យាល័យមួយក្នុងក្រុងបាត់ដំបង។

យុវជនដារ៉ា (ឈ្មោះដាក់) អាយុ១៥ឆ្នាំ ជាកូនទី២ក្នុងចំណោមបងប្អូនចំនួន៥នាក់។ នៅដើមឆ្នាំ ២០២៤ គាត់បានឡើងថ្នាក់មករៀននៅអនុវិទ្យាល័យមួយក្នុងក្រុងបាត់ដំបង។ គាត់បានជួបជាមួយមិត្តភក្តិថ្មីៗ ជាច្រើនដែលឡើងមករៀនពីសាលាផ្សេងៗគ្នា ដើម្បីបន្តនៅអនុវិទ្យាល័យក្នុងថ្នាក់ជាមួយគ្នា។ ដារ៉ាពិតជាសប្បាយចិត្តដែលបានស្គាល់មិត្តថ្មីៗ។​ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ដារ៉ាបានជួបរឿងមួយដែលនឹកស្មានមិនដល់នោះគឺគាត់ត្រូវបានមិត្តរួមថ្នាក់មួយ ចំនូនតូចរើសអើង។ ពួកគេបាននិយាយបង្អាប់ ចំអកឡកឡឺយ និងមិនសូវចង់និយាយជាមួយ។ ពួកគេ បានចំអកឱ្យដារ៉ាថាមានក្លិនមាត់។ «ដំបូងខ្ញុំគិតថាពួកគេគ្រាន់តែនិយាយលេងសើចទេ ខ្ញុំមិនបានចាប់អារម្មណ៍ខឹង ឬអន់ចិត្តឡើយ» ។ ប៉ុន្តែពាក្យសម្តីទាំងអស់នោះនៅតែបន្តដដែលៗ យូរៗទៅវាបានធ្វើឱ្យប៉ះពាល់អារម្មណ៍របស់ដារ៉ាជាខ្លាំង ដែលពេលខ្លះធ្វើឱ្យដារ៉ាចង់ឈប់រៀនម្តងៗ ព្រោះដារ៉ាខ្មាសគេ មិនចង់ជួបនរណាទេ។ បន្ទាប់មក ដារ៉ាចាប់ផ្តើមមិនសូវមានមិត្តដូចមុន និងនៅតែទទួលការរើសអើង ការមើលងាយ ថែមទាំងមានមិត្តផ្សេងៗបាននិយាយរឿងអំពីការអនាម័យខ្លួនប្រាណរបស់ដារ៉ា ប្រាប់តៗគ្នា ពីម្នាក់ទៅម្នាក់ ធ្វើឱ្យដារ៉ាខ្មាសគេ និងមិនចង់ទៅសាលារៀនតទៀតទេ។ ដោយពិបាកចិត្តជាមួយពាក្យដំណាលទាំងនេះ ដារ៉ាបានទៅព្យាបាលមាត់ធ្មេញ ព្យាយាមងូតទឹកច្រើនដង សម្អាតធ្មេញជាច្រើនដងក្នុងមួយថ្ងៃ ដើម្បីកុំឱ្យមានក្លិនមាត់ ព្រមទាំងពាក់ម៉ាសជានិច្ចពេលចេញទៅក្រៅ ឬទៅរៀន។ នៅក្នុងថ្នាក់រៀន ដារ៉ាមិនសូវចូលរួមជាមួយមិត្តភក្តិដូចមុនទេ ព្រោះពួកគេនៅតែហៅដារ៉ាថា «... អា... ព្រមទាំងសើចចំអកដាក់ខ្ញុំមិនឈប់... ខ្ញុំពិតជាតូចចិត្តចំពោះខ្លួនឯងណាស់....»

ក្រោយមក ដារ៉ាបានស្គាល់អង្គការរ៉ាក់ ដោយសារតែបុគ្គលិកបានចុះទៅផ្សព្វផ្សាយចំណេះដឹងអំពីសុខភាព   ផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិនៅក្នុងសាលារៀនរបស់ដារ៉ា។ បុគ្គលិកបានណែនាំអំពីមណ្ឌលយុវវ័យរ៉ាក់ ដែលបង្កលក្ខណៈងាយស្រួលឱ្យយុវវ័យអាចរៀនជាក្រុម ស្វ័យសិក្សា ប្រើប្រាស់អ៊ីនធឺណេតដោយ​ឥតគិតថ្លៃ និងចូលរួម សកម្មភាពជាច្រើនទៀត។ ថ្ងៃបន្ទាប់ ដារ៉ាបានទៅមណ្ឌលយុវវ័យរ៉ាក់ ហើយបុគ្គលិកបានចែករំលែកចំណេះដឹងពីភាពពេញវ័យ និងការធ្វើអនាម័យខ្លួនប្រាណទៅកាន់យុវវ័យជាច្រើនដែលមកកាន់មណ្ឌលយុវវ័យរ៉ាក់ ព្រមទាំងបានពន្យល់អំពីការប្រែប្រួលរាងកាយរបស់ក្មេងស្រី ក្មេងប្រុស ពេលពេញវ័យ។ បន្ទាប់ពីបញ្ចប់ការពិភាក្សាតាមក្រុម ដារ៉ាបានចូលជួបជាមួយបុគ្គលិករ៉ាក់ សុំការប្រឹក្សាពីបញ្ហារឿងផ្ទាល់ខ្លួនដើម្បីស្វែងរកដំណោះស្រាយ។ បុគ្គលិករ៉ាក់បាន និយាយលើកទឹកចិត្ត និងណែនាំឱ្យដារ៉ាចេះគ្រប់គ្រងការអនាម័យខ្លួនប្រាណ សម្អាតធ្មេញឱ្យត្រឹមត្រូវ បីទីបួនដងក្នុងមួយថ្ងៃ បោកសម្អាតសម្លៀកបំពាក់ ងូតទឹកសម្អាតខ្លួនជាមួយសាប៊ូ ជាពិសេសត្រូវមានភាពក្លាហានក្នុងការនិយាយត្រង់ៗទៅកាន់ពួកគេ ដើម្បីឱ្យគេបញ្ឈប់រាល់ទង្វើទាំងអស់នោះដោយនិយាយថា «ខ្ញុំមិនចូលចិត្តរាល់ទង្វើដែលអ្នកធ្វើមកខ្ញុំ អ្នកត្រូវតែបញ្ឈប់ការនិយាយបែបនេះតទៅទៀត» បន្ទាប់មក ដារ៉ាបានអនុវត្តតាមការណែនាំ ព្រមទាំងអនាម័យខ្លួនប្រាណបានស្អាតត្រឹមត្រូវនៅមុនពេលជួបមិត្តភក្កិនៅជុំវិញខ្លួន ដែលធ្វើឱ្យគេមានទំនុកចិត្តច្រើន ព្រមទាំងមានភាពក្លាហាន ហ៊ាននិយាយតតាំងជាមួយអ្នកដែលតែងតែសើចចំអកមកលើខ្លួន។ ដារ៉ាសប្បាយចិត្តយ៉ាងខ្លាំង និងមានភាពជឿជាក់ជាងមុនព្រោះគេមិនមានបញ្ហាក្លិនខ្លួន និងមាត់ដូចពេលមុនទៀតឡើយ។​ ដារ៉ាឈប់មានចិត្តចង់បោះបង់ការសិក្សាដូចមុនទៀតហើយ និងត្រឡប់ចូលរួមប្រាស្រ័យទាក់ទងជាមិត្តភក្តិក្នុងថ្នាក់ដូចធម្មតា។

ដារ៉ាបាននិយាយថា៖ «ខ្ញុំសូមអរគុណដល់បុគ្គលិករ៉ាក់ដែលបានលើកទឹកចិត្ត ណែនាំខ្ញុំ និងចែករំលែកចំណេះដឹងអំពីភាពពេញវ័យ និងអនាម័យខ្លួនប្រាណ ដែលធ្វើឱ្យខ្ញុំចេះដឹងអំពីរបៀបអនាម័យខ្លួនប្រាណជាមុន។ សម្រាប់    យុវវ័យឯទៀត សូមកុំឱ្យមានភាពខ្មាស់អៀន ឬភ័យខ្លាច ប្រសិនបើអ្នកត្រូវបាននរណាម្នាក់និយាយចំអកឡកឡឺយមកលើខ្លួន អ្នកត្រូវតែមានភាពក្លាហានហ៊ាននិយាយត្រង់ៗទៅកាន់អ្នកទាំងនោះដើម្បីឱ្យពួកគេបញ្ឈប់រាល់ទង្វើ ទាំងឡាយណាដែលមិនសមរម្យ ឬការនិយាយបង្អាប់លើនរណាម្នាក់ ដែលប៉ះពាល់ដល់គុណតម្លៃអ្នកដទៃ ហើយស្វែងរកជំនួយពីនរណាម្នាក់ដែលអ្នកទុកចិត្ត។ ម្យ៉ាងទៀត សូមអ្នកថែទាំ និងអនាម័យខ្លួនប្រាណឱ្យស្អាត ជាពិសេសសម្អាតខ្លួន និងមាត់ ចៀសវាងជះក្លិនមិនល្អទៅអ្នកដទៃ។ ប្រសិននរណាម្នាក់មានបញ្ហាទាំងនេះ សូមអ្នកធ្វើការណែនាំនិងលើកទឹកចិត្តគេ ជាជាងសើចចំអក ឬរើសអើងគេ...។»

អត្ថបទដោយ: RHAC

មតិយោបល់