រំលងម៉ឺនុយទំព័រ

ផលប៉ះពាល់សុខភាពនៃការទទួលទានគ្រឿងស្រវឹងច្រើនហួសកម្រិត

ផលប៉ះពាល់សុខភាពនៃការទទួលទានគ្រឿងស្រវឹងច្រើនហួសកម្រិត

ព័ត៌មានសុខភាពយុវវ័យ
945

អាល់កុល ជាសារធាតុរាវម្យ៉ាងដែលស្តិតក្នុងជំពូកអេតាណុល ដែលគេអាចប្រើសម្រាប់បញ្ឆេះគ្រឿងយន្ត និង​ថ្នាំពេទ្យ ហើយក្នុងចំណីអាហារត្រូវបានគេប្រើប្រាស់ជាគ្រឿងស្រវឹង ហៅថាស្រា។

គ្រឿងស្រវឹង ឬស្រា គឺជាសារជាតិពុលម៉្យាងដែលត្រូវបានផលិតចេញពីម្សៅមេ វាជាសារជាតិដែលមានឥទ្ធិពលដល់ចិត្តសាស្ត្រ និងធ្វើឱ្យមានការផ្លាស់ប្តូរផ្នែកអារម្មណ៍ដល់អ្នកប្រើប្រាស់។​ ស្រាធ្វើឱ្យប៉ះពាល់​ ឬខូចខាតស្ទើរគ្រប់​សរីរាង្អក្នុងខ្លួនយើង ប្រសិនបើមានការទទួលទានច្រើនពេក។ វាក៏នាំឱ្យមានការផ្លាស់ប្តូរដំណើរការក្នុងសរីរាង្គរបស់យើង ទាំងរាងកាយ ខួរក្បាល ហើយក្នុងនោះ អ្នកទទួលទានជាប់អាចនាំឱ្យញៀន។

នៅក្នុងសង្គមបច្ចុប្បន្ន គ្រឿងស្រវឹងភាគច្រើន ត្រូវបានដាក់ជូនសម្រាប់បម្រើការនៅក្នុងពិធីជួបជុំនានា ដូចជា ពិធីអាពាហ៌ពិពាហ៌ ឡើងគេហដ្ឋាន ខួបកំណើត​ និងកម្មពិធីជប់លៀងផ្សេងៗ។ ជាទូទៅ គ្រឿងស្រវឹង មានឈ្មោះផ្សេងៗគ្នាទៅតាមតំបន់ និងប្រទេសនីមួយៗ ដែលក្នុងនោះមានដូចជា ទឹកត្នោតជូរ ស្រាបៀរ ស្រាក្រហម ស្រាវីស្គី ម៉ាទីនី ជាដើម។

បរិមាណនៃជាតិអាល់កុលសុទ្ធត្រូវបានរកឃើញនៅក្នុង៖

  • ស្រាបៀរ ៣៥០ មល (ជាតិអាល់កុល ៥%)

  • ទឹកត្នោតជូរ ៣០០ មល (ជាតិអាល់កុល ៣%)

  • ស្រាក្រហម ១៥០ មល (ជាតិអាល់កុល ១២%)

  • ស្រាខ្លាំង ៤៥ មល (ជាតិអាល់កុល ៤០%) ឧ. Gin, Rum, Vodka, Whiskey

មនុស្សដែលមិនគួរពិសាគ្រឿងស្រវឹង រួមមាន៖

  • អ្នកមានអាយុតិចជាង ២១ឆ្នាំ

  • អ្នកមានផ្ទៃពោះ ឬត្រៀមមានផ្ទៃពោះ ស្រ្តីទើបឆ្លងទន្លេរួច ស្រ្តីកំពុងបំបៅដោះកូន

  • អ្នកបើកបរគ្រឿងយន្តគ្រប់ប្រភេទ អ្នកមានគម្រោងចេញដំណើរមានណាត់ទៅណាមួយដែលត្រូវធ្វើដំណើរតាមរយៈ យានជំនិះផ្សេងៗ

  • អ្នកកំពុងព្យាបាល រឺកំពុងប្រើប្រាស់ថ្នាំផ្សេងៗ​

  • អ្នកដែលមានប្រតិកម្មជាមួយគ្រឿងស្រវឹង

  • អ្នកដែលបានផ្តាច់ការញៀនស្រាបានរួចហើយ

  • អ្នកកំពុងមានជំងឺផ្សេងៗដូចជា ជំងឺលើសសម្ពាធឈាម ជំងឺបេះដូង រលាកថ្លើម រលាកលំពែង រលាកតម្រងនោមជាដើម

ផលប៉ះពាល់សុខភាពរយៈពេលខ្លី ឬភ្លាមៗ

ការប្រើប្រាស់គ្រឿងស្រវឹងច្រើនហួសប្រមាណមានផលប៉ះពាល់ភ្លាមៗដែលបង្កើនហានិភ័យនៃស្ថានភាពសុខភាពដែលបង្កគ្រោះថ្នាក់ជាច្រើន មានដូចខាងក្រោម៖

  • នៅលើស្បែក​ អាចឡើងរោល ក្រហមមុខ ហើម ឬអាឡែកស៊ី

  • បាត់បង់ការគ្រប់គ្រងអារម្មណ៍ ស្មារតី

  • ងងុយគេង បាត់បង់ជាតិស្ករ រាគ ក្អួត ចង្អោរ ចង្វាក់បេះដូងមិនប្រក្រតី ខ្យល់គ សន្លប់

  • គ្រោះថ្នាក់ចរាចរណ៍ លង់ទឹក រលាក ឆក់ខ្សែភ្លើង

  • អំពើហឹង្សាផ្សេងៗទាំងក្នុងគ្រួសារ និងអ្នកដទៃ ការរំលោភផ្លូវភេទ ការធ្វើអត្តឃាត រឺសម្លាប់ខ្លួន

  • ការពុលស្រា រឺអាល់កុល ដែលបណ្តាលមកពីកម្រិតជាតិអាល់កុលក្នុងឈាមខ្ពស់ នាំឱ្យមានការ​សង្រ្គោះ​បន្ទាន់

  • ប៉ះពាល់ដល់ផ្លូវភេទ រួមទាំងការរួមភេទដោយមិនបានការពារ ឬការរួមភេទជាមួយដៃគូច្រើន អាចបណ្តាលឱ្យមានផ្ទៃពោះដោយអចេតនា ឬជំងឺកាមរោគ រួមទាំងមេរោគអេដស៍

ផល់ប៉ះពាល់សុខភាពរយៈពេលវែង

ការប្រើប្រាស់គ្រឿងស្រវឹងច្រើនហួសប្រមាណអាចនាំទៅរកការវិវត្តនៃជំងឺរ៉ាំរ៉ៃ និងបញ្ហាធ្ងន់ធ្ងរផ្សេងទៀតរួមមាន៖

  • ជំងឺលើសសម្ពាធឈាម ជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺថ្លើម ប៉ះពាល់លំពែងដែលអាចឱ្យ​ទៅជា ជំងឺទឹកនោមផ្អែម បញ្ហារំលាយអាហារក្នុងក្រពះ ពោះវៀន ជំងឺតម្រងនោម

  • ជំងឺកង្វះអាហារូបត្ថម្ភ ដោយសារក្រពះ ពោះវៀនស្រូបអត់បានល្អ ដែលនាំឱ្យខ្វះជាតិវីតាមីន ប្រូតេអ៊ីន និងសារជាតិរ៉ែផ្សេងៗ

  • មហារីកសុដន់ មាត់ បំពង់ក បំពង់អាហារ ប្រអប់សំឡេង ថ្លើម ពោះវៀនធំ និងរន្ធគូទ

  • ការចុះខ្សោយនៃប្រព័ន្ធភាពស៊ាំ បង្កើនឱកាសនៃការឈឺចាប់

  • បញ្ហាក្នុងការសិក្សា និងការចងចាំថយចុះ រឺបាត់បង់ រួមទាំងជំងឺវង្វេង ជាពិសេសអ្នកកំពុងសិក្សា

  • បញ្ហាសុខភាពផ្លូវចិត្ត រួមទាំងជំងឺធ្លាក់ទឹកចិត្ត និងថប់បារម្ភ

  • បញ្ហាសង្គម រួមទាំងបញ្ហាគ្រួសារ បញ្ហាទាក់ទងនឹងការងារ និងភាពអត់ការងារធ្វើ

  • អសមត្ថភាពផ្លូវភេទ​ ទាំងបុរស និងស្រ្តី​ (បុរស ធ្វើឱ្យឆាប់ចេញទឹកកាម លិង្គមិនឡើងរឹង មេជីវិតបុរស​ថយចុះ ចំណែកស្រ្តី អាចប៉ះពាល់ទាំងសម្ភព និងរោគស្រ្តី និងអ្នកមានផ្ទៃពោះ​អាចឱ្យប៉ះពាល់ទារកក្នុងផ្ទៃ អាចរលូតកូន កូនកើតមុនកំណត់ រឺកូនមានសតិបញ្ញាមិនល្អ)

  • អាចឱ្យមុខចាស់ជាងវ័យ

  • ក្លាយជាអ្នកញៀនសុរា

រៀបរៀងដោយ: វេជ្ជ. ជា សុគន្ធារី គ្រូពេទ្យទទួលបន្ទុកគ្លីនិករ៉ាក់ចាក់អង្រែ

ប្រភពឯកសារ:

Last Reviewed: February 29, 2024

Source: Division of Population Health , National Center for Chronic Disease Prevention and Health Promotion , Centers for Disease Control and Prevention

អត្ថបទដោយ: RHAC

មតិយោបល់