រំលងម៉ឺនុយទំព័រ

បន្ទប់សុខភាពសិក្សាគឺជាផ្នែកមួយនៃការសិក្សារបស់សិស្ស

បន្ទប់សុខភាពសិក្សាគឺជាផ្នែកមួយនៃការសិក្សារបស់សិស្ស

រឿងជោគជ័យ
56

អ្នកស្រី ពេជ ចន្ថារី ជាគ្រូបង្រៀននៅវិទ្យាល័យ មិត្តភាពកម្ពុជា-ជប៉ុន កំពតក្រុង រយៈពេល២០ឆ្នាំ ចាប់តាំងពីឆ្នាំ២០០៤ មកដល់បច្ចុប្បន្ន។ នៅក្នុងកិច្ចពិភាក្សាមួយអ្នកគ្រូ ចន្ថារីបានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលការអប់រំនៅក្នុងប្រទេសកម្ពុជាមានការអភិវិឌ្ឈនគួរឱ្យកត់សម្គាល់។ ហើយការអភិវឌ្ឈនេះ មានទាំងការជួយគាំទ្រពីស្ថាប័នជាច្រើន រួមទាំងអង្កការសង្គមស៊ីវិលសម្រាប់វិស័យអប់រំកម្ពុជាផងដែរ។ អ្នកស្រីបានរំលឹកថា កាលពី២០ឆ្នាំមុន សាលារៀនមួយនេះ ពុំសូវមានធនធានគ្រូបង្រៀនច្រើននោះទេ ។  ម្យ៉ាងវិញទៀត បន្ទប់រៀនក៏មិនមានគ្រប់គ្រាន់សម្រាប់សិស្ស ដូចបច្ចុប្បន្ននេះដែរ។​ ជាពិសេសសាលា​មិនមានបន្ទប់សុខភាព​​សម្រាប់ ផ្តល់ការគាំទ្រដល់តម្រូវការសិស្សានុសិស្សនោះទេ។ អ្នកគ្រូបានលើកឡើងថា កាលពីមុន នៅពេលដែលមិនមានបន្ទប់សុខភាពសិក្សា សិស្សានុសិស្ស មានបញ្ហាប្រឈមច្រើនទាក់ទងនឹងចំណេះដឹង និងតម្រូវការស្តីពីសុខភាព។ នៅពេលដែលពួកគេត្រូវការកន្លែងឯកជនភាពស្វែងចំណេះដឹង និងស្វែងរកព័ត៌មានទាក់ទងនឹងសុខភាពដូចជា ការមករដូវ ការប្រើប្រាស់សំឡីអនាម័យ ការប្រឹក្សាយោបល់លើរឿងផ្សេងៗទៀតដែលពួកគេត្រូវការជំនួយពីអ្នកគ្រូ លោកគ្រូ ពួកគេមិនអាចទទួលបាន។

យោងតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្ររបស់ក្រសួងអប់រំ យុវជន និងកីឡាអំពី តម្រូវការជាចាំបាច់នូវបន្ទប់សុខភាពសិក្សា សម្រាប់ផ្តល់ភាពងាយស្រួលដល់សិស្សានុសិស្ស​លើផែ្នកសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធ អង្គការថែទាំសុខភាពគ្រួសារកម្ពុជា​(រ៉ាក់) បានសហការ និងគាំទ្រក្រសួងអប់រំ យុវជន និងកីឡា ក្នុងអំឡុងឆ្នាំ២០២១ រៀបចំបង្កើតបន្ទប់សុខភាពសិក្សាចំនួន១ ដល់សាលាមិត្តភាពកម្ពុជា-ជប៉ុន កំពតក្រុង ដើម្បីប្រើប្រាស់តាមតម្រូវការ។ តាមប្រសាសន៍របស់អ្នកគ្រូ បានឱ្យដឹងថា ការជួយរៀបចំបន្ទប់សុខភាពសិក្សានេះ ពិតជាសំខាន់ណាស់ ដើម្បីផ្តល់កន្លែងសុវត្ថិភាព និងឯកជនភាព ក្នុងការទទួលបានអំពីព័ត៌មានអំពីសុខភាព ការប្រឹក្សាយោបល់លើរឿងសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ ការថែទាំអនាម័យខ្លួនប្រាណ ការសង្រ្គោះបឋមនានា ដែលកើតមានឡើងកំឡុងពេលសិក្សា។ បច្ចុប្បន្ននេះគណៈគ្រប់គ្រងសាលារៀនបានធ្វើការផ្សព្វផ្សាយទៅដល់គ្រូបង្រៀន និងសិស្សានុសិស្សទាំងអស់គ្រប់កម្រិតថ្នាក់ ឱ្យបានដឹងអំពីដំណើរការនៃប្រើប្រាស់បន្ទប់សុខភាពសិក្សា និងបានលើកទឹកចិត្តទៅដល់សិស្សានុសិស្សទាំងអស់ឱ្យចូលមកប្រើប្រាស់ដោយគ្មានការខ្មាសអៀន។ សម្រាប់គ្រូមានការផ្លាស់វេនទៅតាមកាលវិភាគប្រចាំសប្តាហ៍ និងមានសៀវភៅកត់ត្រាវត្តមានសិស្ស​ ដើម្បីធានាលើដំណើរការរបស់បន្ទប់សុខភាពសិក្សាបានយូអង្វែង និងនិរន្តរភាពនៅថ្ងៃខាងមុខ។

អ្នកគ្រូ ពេជ ចន្ថារី បានបញ្ជាក់ថា «ខ្ញុំជាគ្រូប្រចាំការនៅក្នុងបន្ទប់សុខភាពសិក្សានេះ​​ ខ្ញុំពិតជាពេញចិត្តទៅលើការងារនេះណាស់ព្រោះវាពិតជាសំខាន់ណាស់សម្រាប់សិ្សស្សគ្រប់ៗរូប ពេលពួកគេត្រូវការជំនួយដូចជា ការប្រឹក្សាយោបល់អំពីសុខភាព​ផ្លូវភេទ សុខភាពបន្តពូជ និងការសង្រ្គោះបឋមនានា ដូច្នេះខ្ញុំអាចជួយដល់សិស្សបានទាន់ពេលវេលា មានភាពជិតស្និតជាមួយសិស្សដែលជាផ្នែកមួយនៃការសិក្សារបស់ពួកគេ»។ ជាលទ្ធផលដែលយើងទទួលបានពិបន្ទប់សុខភាពមួយនេះ មានសិស្សានុសិស្សចូលមកប្រើប្រាស់ជាមធ្យម ១៥នាក់ក្នុងមួយថ្ងៃ ដែលភាគច្រើនជាក្មេងស្រី។ ហើយបើគិតចាប់តាំងពីពេlបើកដំណើររការមកដល់បច្ចុប្បន្ន មានសិស្សានុសិស្សសរុបចំនួន ១.៤៩៣នាក់ ដែលបានចូលមកប្រើប្រាស់បន្ទប់សិក្សាមួយនេះ។

ជាចុងក្រោយនេះតំណាងឱ្យគណៈគ្រប់គ្រងសាលារៀន លោកគ្រូ/អ្នកគ្រូ សិស្សានុសិស្សទាំងអស់នៅក្នុងវិទ្យាល័យ មិត្តភាពកម្ពុជា-ជប៉ុន កំពតក្រុង សូមថ្លែងអំណរគុណទៅដល់ អង្គការថែទាំសុខភាពគ្រួសារកម្ពុជា (រ៉ាក់)  ម្ចាស់ជំនួយ និងក្រសួងអប់រំ យុវជន និងកីឡា ដែលបានជួយរៀបចំឲ្យមានបន្ទប់សុខភាពសិក្សាដ៏ស្រស់ស្អាត នៅក្នុងសាលារៀននេះដែលមានប្រយោជន៍ជាច្រើនទាក់ទងនឹងការលើកកម្ពស់សុខភាពសិក្សារបស់សិស្សានុសិស្ស និងជាផ្នែកមួយនៃការសិក្សារបស់សិស្សផងដែរ។

អត្ថបទដោយ: RHAC

មតិយោបល់