រំលងម៉ឺនុយទំព័រ

បញ្ហាសុខភាពផ្លូវភេទដែលបុរសអាចជួបប្រទះ

បញ្ហាសុខភាពផ្លូវភេទដែលបុរសអាចជួបប្រទះ

ព័ត៌មានសុខភាពយុវវ័យ
25

បុរសជាច្រើនតែងជួបប្រទះបញ្ហានៅពេលរួមភេទ ដែលគ្រូពេទ្យហៅថា បញ្ហាមុខងារផ្លូវភេទ (Sexual dysfunction)។ សុខភាពរបស់អ្នក ភាពតានតឹងក្នុងអារម្មណ៍ កង្វល់ក្នុងទំនាក់ទំនង និងបញ្ហាផ្សេងៗទៀត អាចនាំឱ្យកើតមានបញ្ហាទាំងនេះ។

ប្រហែល ៣១% នៃបុរស និង ៤៣% នៃស្ត្រី ធ្លាប់ជួបការលំបាកខ្លះៗក្នុងពេលរួមភេទ។ ប៉ុន្តែ បញ្ហាផ្លូវភេទជាច្រើនប្រភេទអាចព្យាបាល ឬធ្វើឱ្យប្រសើរឡើងវិញបាន។ តាមរយៈការស្រាវជ្រាវជាបន្តបន្ទាប់ បច្ចុប្បន្នគ្រូពេទ្យបានយល់ដឹងកាន់តែច្បាស់អំពីមូលហេតុនៃបញ្ហាទាំងនេះ។

បញ្ហាផ្លូវភេទដែលជួបប្រទះញឹកញាប់

អ្នកអាចជួបបញ្ហានៅដំណាក់កាលខុសៗគ្នាក្នុងពេលរួមភេទ។ បុរសអាចជួបប្រទះ៖

  • ថយចុះ ឬមិនមានចំណង់ផ្លូវភេទ

  • មិនអាចឡើងរឹង ឬរក្សាការឡើងរឹងនៃលិង្គបាន

  • ការបញ្ចេញទឹកកាមលឿនពេក ឬយឺតពេក

  • មិនអាចឈានដល់ចំណុចកំពូលនៃអារម្មណ៍ផ្លូវភេទ (Orgasms)

បញ្ហាផ្សេងទៀតដែលអាចកើតមានមានដូចជា៖

  • ការខូចទ្រង់ទ្រាយនៃលិង្គ៖ ប្រភេទជំងឺ Peyronie (Peyronie’s disease) ដែលកើតឡើងនៅពេលមានការកកកុញនៃ កូឡាជែន (collagen) ឬជាលិកាស្លាកស្នាម បណ្តាលឱ្យលិង្គកោង។

  • ការបញ្ចេញទឹកកាមច្រាសទិស (Retrograde ejaculation)៖ ជាករណីដែលទឹកកាមត្រូវបានច្រានចូលទៅក្នុងប្លោកនោម ជំនួសឱ្យការបាញ់ចេញមកក្រៅតាមលិង្គ។ វាអាចកើតឡើងចំពោះបុរសដែលមានការខូចខាតសរសៃប្រសាទដោយសារជំងឺទឹកនោមផ្អែម ឬក្រោយការវះកាត់ប្លោកនោម និងក្រពេញប្រូស្តាត។

ការរួមភេទ និងអាយុ

ការផ្លាស់ប្តូរមួយចំនួនទាក់ទងនឹង ចំណង់ផ្លូវភេទ និងសមត្ថភាពផ្លូវភេទ គឺជារឿងធម្មតា នៅពេលអ្នកមានអាយុកាន់តែច្រើន។ អ្នកអាចត្រូវការការរំញោចមុនពេលរួមភេទ (Foreplay) ច្រើនជាងមុន ឬត្រូវការការរំញោចបន្ថែម ដើម្បីឱ្យលិង្គឡើងរឹង និងរក្សាការឡើងរឹងបាន។ បន្ទាប់ពីឈានដល់ចំណុចកំពូលនៃការរួមភេទ អ្នកក៏អាចត្រូវការពេលយូរជាងមុន ដើម្បីឱ្យលិង្គឡើងរឹងម្តងទៀត។

ទោះជាយ៉ាងណា ការផ្លាស់ប្តូរខ្លាំង ឬកើតឡើងភ្លាមៗ អាចជាសញ្ញានៃបញ្ហាសុខភាពផ្សេងទៀត។ ប្រសិនបើមានការផ្លាស់ប្តូរបែបនេះ សូមពិគ្រោះជាមួយគ្រូពេទ្យ។ 

បញ្ហាសុខភាព

សុខភាពទូទៅរបស់អ្នក និងជំងឺ ឬបញ្ហាសុខភាពដែលអ្នកមាន ក៏អាចប៉ះពាល់ដល់ជីវិតផ្លូវភេទរបស់អ្នកផងដែរ។ បញ្ហាសុខភាពមួយចំនួនដែលអាចប៉ះពាល់ដល់ សមត្ថភាពផ្លូវភេទ ឬចំណង់ផ្លូវភេទ រួមមាន៖

  • ជំងឺបេះដូង និងសរសៃឈាម

  • ជំងឺទឹកនោមផ្អែម

  • អតុល្យភាពអ័រម៉ូន

  • ជំងឺប្រព័ន្ធសរសៃប្រសាទ ដូចជាជំងឺ Multiple sclerosis និងជំងឺ Parkinson

  • ជំងឺធាត់ជ្រុល

  • ជំងឺលើសឈាម

  • ជំងឺលើសជាតិខ្លាញ់ក្នុងឈាម

ការផ្លាស់ប្តូរភ្លាមៗនៃចំណង់ផ្លូវភេទ ឬសមត្ថភាពផ្លូវភេទ អាចជាសញ្ញាបញ្ជាក់ថាអ្នកមានបញ្ហាសុខភាព។ ចាំបាច់ត្រូវប្រាប់គ្រូពេទ្យ ប្រសិនបើអ្នកកត់សម្គាល់ឃើញសញ្ញាទាំងនេះ។

ថ្នាំពេទ្យមួយចំនួន ដូចជាថ្នាំព្យាបាលជំងឺផ្លូវចិត្ត/បាក់ទឹកចិត្ត និងថ្នាំលើសឈាម ក៏អាចប៉ះពាល់ដល់ការរួមភេទផងដែរ។ ប្រសិនបើអ្នកកត់សម្គាល់ឃើញបញ្ហាបន្ទាប់ពីចាប់ផ្តើមប្រើថ្នាំថ្មី ចាប់ផ្តើមសួរគ្រូពេទ្យពីវិធីគ្រប់គ្រងផលប៉ះពាល់ ឬមើលថាតើពួកគេអាចប្តូរថ្នាំផ្សេងជូនអ្នកបានដែរឬទេ។

ការជក់បារី ការញ៉ាំគ្រឿងស្រវឹងច្រើន និងទម្លាប់មិនល្អផ្សេងទៀត ក៏អាចធ្វើឱ្យប៉ះពាល់ដល់មុខងារផ្លូវភេទផងដែរ។ ផ្ទុយទៅវិញ ការហាត់ប្រាណទៀងទាត់ ការសម្រកទម្ងន់ និងការគ្រប់គ្រងស្រ្តេស អាចជួយឱ្យជីវិតផ្លូវភេទរបស់អ្នកប្រសើរឡើង។ 

បញ្ហាផ្លូវចិត្ត និងអារម្មណ៍

ភាពតានតឹង (Stress) ការថប់បារម្ភ (Anxiety) ជំងឺធ្លាក់ទឹកចិត្ត (Depression) និងបញ្ហាផ្លូវចិត្ត ឬអារម្មណ៍ផ្សេងៗទៀត អាចមានឥទ្ធិពលយ៉ាងខ្លាំងលើជីវិតផ្លូវភេទរបស់អ្នក។ ការព្រួយបារម្ភតែអំពីថា តើអ្នកនឹងអាចបំពេញតួនាទីបានល្អក្នុងពេលរួមភេទឬអត់ ក៏អាចធ្វើឱ្យអ្នកមិនអាចរីករាយនឹងភាពស្និទ្ធស្នាលផ្លូវភេទបានដែរ។ ដូចគ្នានេះផងដែរ អារម្មណ៍មានកំហុសចំពោះការរួមភេទ ការភ័យខ្លាចការមានផ្ទៃពោះ ឬការចងចាំពីបទពិសោធន៍ផ្លូវភេទដ៏ធ្ងន់ធ្ងរ ក៏អាចប៉ះពាល់ដល់ជីវិតផ្លូវភេទរបស់អ្នកផងដែរ។

បញ្ហា ឬកង្វល់នៅក្នុងទំនាក់ទំនងជាមួយដៃគូ ក៏អាចបណ្តាលឱ្យមានបញ្ហាផ្លូវភេទផងដែរ។ ការខឹងនឹងដៃគូ ភាពធុញទ្រាន់ក្នុងទំនាក់ទំនង និងបញ្ហាផ្សេងៗដែលបន្តកើតមានក្នុងទំនាក់ទំនង អាចប៉ះពាល់ដល់ចំណង់ និងសមត្ថភាពផ្លូវភេទរបស់អ្នក។

ការស្វែងរកជំនួយ

អ្នកអាចមានអារម្មណ៍ភ័យខ្លាច ឬខ្មាស់អៀនក្នុងការនិយាយជាមួយគ្រូពេទ្យអំពីបញ្ហាផ្លូវភេទរបស់អ្នក។ ប៉ុន្តែ ការបើកចិត្តនិយាយអំពីកង្វល់របស់អ្នក គឺជាជំហានដំបូងដើម្បីទទួលបានជំនួយ

គ្រូពេទ្យនឹងសួរសំណួរអំពីអ្វីដែលកំពុងកើតឡើង។ គ្រូពេទ្យអាចធ្វើការពិនិត្យរាងកាយ និងណែនាំឱ្យធ្វើតេស្តផ្សេងៗទៀត ដូចជា ការធ្វើតេស្តឈាម ដើម្បីស្វែងរកថាតើមានបញ្ហាសុខភាពណាមួយដែលជាមូលហេតុបង្កឱ្យមានការលំបាក ឬបញ្ហាផ្លូវភេទរបស់អ្នកឬអត់។

ជម្រើសនៃការព្យាបាល

ប្រសិនបើបញ្ហាសុខភាព ដូចជាជំងឺបេះដូង ទឹកនោមផ្អែម ធាត់ជ្រុល ឬបាក់ទឹកចិត្ត កំពុងប៉ះពាល់ដល់ជីវិតផ្លូវភេទរបស់អ្នក គ្រូពេទ្យប្រហែលជាត្រូវព្យាបាលជំងឺទាំងនោះជាមុនសិន។

គ្រូពេទ្យអាចណែនាំឱ្យផ្លាស់ប្តូរទម្លាប់មិនល្អ ដូចជាការជក់បារី ឬការពិសាគ្រឿងស្រវឹងច្រើនពេក និងលើកទឹកចិត្តឱ្យអ្នកហាត់ប្រាណ។ កត្តាទាំងនេះអាចធ្វើឱ្យសុខភាពទូទៅរបស់អ្នកប្រសើរឡើង ព្រមទាំងបង្កើនសមត្ថភាពផ្លូវភេទផងដែរ។

ជម្រើសនៃការព្យាបាលផ្សេងទៀតរួមមាន៖

  • ការប្រឹក្សាយោបល់ (Counseling) ដើម្បីជួយអ្នកគ្រប់គ្រងភាពតានតឹង ការព្រួយបារម្ភ ការភ័យខ្លាច ឬអារម្មណ៍ខុសឆ្គង ឬដើម្បីដោះស្រាយជំងឺបាក់ទឹកចិត្ត និងកង្វល់សុខភាពផ្លូវចិត្តផ្សេងទៀត

  • ថ្នាំគ្រាប់សម្រាប់បញ្ហាឡើងរឹងនៃលិង្គ ដូចជា Cialis, Levitra, Stendra ឬ Viagra

  • ថ្នាំចាក់សម្រាប់បញ្ហាឡើងរឹងនៃលិង្គ ដូចជាថ្នាំ alprostadil

  • ការព្យាបាលជំនួសអ័រម៉ូនតេស្តូស្តេរ៉ូន (Testosterone replacement therapy) និងការព្យាបាលដោយ
    អ័រម៉ូនផ្សេងទៀតចំពោះអតុល្យភាពអ័រម៉ូន

  • ឧបករណ៍វេជ្ជសាស្ត្រ ដូចជាឧបករណ៍បូមពង្រីកលិង្គ (Vacuum erection devices) ដែលជួយឱ្យលិង្គឡើងរឹង

  • ការវះកាត់ដាក់ឧបករណ៍ជំនួយក្នុងលិង្គ (Penis implant surgery)

  • ការវះកាត់ដើម្បីកែតម្រូវរូបរាងលិង្គដែលវៀច ឬកោង

  • ការព្យាបាលដោយការទាញពង្រីកលិង្គ (Penile traction therapy) ដែលអ្នកត្រូវពាក់ឧបករណ៍នៅលើលិង្គដើម្បីកែតម្រូវភាពវៀច ឬកោង

ឯកសារយោង៖ WedMD

អត្ថបទដោយ: RHAC

មតិយោបល់