រំលងម៉ឺនុយទំព័រ

តើស្ត្រីគួរធ្វើអ្វីខ្លះក្រោយសម្រាល?

តើស្ត្រីគួរធ្វើអ្វីខ្លះក្រោយសម្រាល?

ព័ត៌មានសុខភាពយុវវ័យ
85

តើការពិនិត្យក្រោយសម្រាលគឺជាអ្វី?

ការពិនិត្យក្រោយសម្រាល គឺជាការពិនិត្យជាប្រចាំជាមួយអ្នកផ្តល់សេវាថែទាំសុខភាព ដើម្បីធានាថាអ្នកបានជាសះស្បើយឡើងវិញបន្ទាប់ពីសម្រាល​កូនរួច។ ទោះបីជាអ្នកមិនមានបញ្ហាអីក៏ដោយ អ្នកគួរតែទៅពិនិត្យសុខភាព ក្រោយសម្រាលរបស់អ្នក ដើម្បីពិនិត្យឱ្យបានហ្មត់ចត់ពីអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក។ អំឡុងពេលក្រោយសម្រាលកូន ស្ត្រីអាចមានបញ្ហាសុខភាពផ្លូវកាយ និងផ្លូវចិត្ត ចាប់ពីស្រាលរហូតដល់ធ្ងន់ធ្ងរ។ ស្ត្រីជាច្រើន​អាចបាត់​បង់ជីវិត ដោយសារបញ្ហាណាមួយដែលអាច​ជួយសង្រ្គោះបានប្រសិនបើពួកគេបានទទួលសេវាថែទាំក្រោយសម្រាល​បានត្រឹមត្រូវ។

រយៈពេលក្រោយសម្រាល គិតចាប់ពីពេលទម្លាក់សុករហូតដល់៤២ ថ្ងៃ​ ក្រោយសម្រាល។ បន្ទាប់ពីចេញពីមូលដ្ឋានសុខាភិបាល ការពិនិត្យក្រោយសម្រាល ត្រូវធ្វើក្នុងគោលបំណងផ្ដល់នូវកញ្ចប់សេវាថែទាំសុខភាព ទាំងមាតា និងទារកតាមពេលវេលាកំណត់ចំនួន ៣ដង ដូចខាងក្រោម៖

  • ថ្ងៃទី៧ ក្រោយសម្រាល

  • ថ្ងៃទី១៤ ក្រោយសម្រាល

  • កូនមានអាយុ ១ខែកន្លះ

ហេតុអ្វីបានជាអ្នកត្រូវការ ការពិនិត្យក្រោយសម្រាល?

ក្រោយពេលសម្រាលកូនជាធម្មតា ស្ត្រីនឹងមានការផ្លាស់ប្តូរច្រើន និងអារម្មណ៍ មិនសុខស្រួលក្នុងខ្លួន ប៉ុន្តែពេលខ្លះអាចជាសញ្ញាដែលបញ្ជាក់ពីបញ្ហាធ្ងន់ធ្ងរដែលត្រូវព្យាបាល។ នេះជាហេតុផលសំខាន់ដែលអ្នកត្រូវជួបអ្នកផ្តល់សេវាសុខភាព ពីព្រោះពួកគេអាចដឹងពីអ្វីដែលមិនប្រក្រតី ដំណោះស្រាយ ដើម្បីបង្ការបញ្ហាធ្ងន់ធ្ងរ។

ស្ត្រីគ្រប់រូបគួរទៅរកសេវាថែទាំក្រោយសម្រាល ជាពិសេសស្ត្រីដែលមាន បទពិសោធន៍បាត់បង់ទារក។ ប្រសិនបើអ្នកមានបទពិសោធន៍បាត់បង់បែប នេះ ការទៅពិនិត្យអាចជួយឱ្យអ្នកផ្តល់សេវាស្វែងរកមូលហេតុបាន។ អ្នកផ្តល់សេវាអាចប្រាប់អ្នកពីព័ត៌មានមួយចំនួនដូចជា៖ ការថែទាំសុខភាពនាពេលបច្ចុប្បន្ន ហានិភ័យចំពោះការបាត់បង់ផ្ទៃពោះលើកក្រោយ ពិការភាពពីកំណើត ស្ថានភាពសុខភាពរបស់អ្នក និងអនាគតរបស់កូនអ្នកដែលអាចរងផលប៉ះពាល់។

ទោះបីជាអ្នកមានការងារច្រើនប៉ុណ្ណាក៏ដោយ បន្ទាប់ពីសម្រាលកូន អ្នកគួរផ្តល់អាទិភាពដល់សុខភាពរបស់ខ្លួនផងដែរ។ សូមសួរអ្នកផ្តល់សេវាអំពីអ្វីដែលអ្នកចង់ដឹង និងទទួលយោបល់អំពីវិធីធ្វើឱ្យជីវិតជាម្ដាយរបស់អ្នកមានសុខភាពល្អ។

បន្ថែមពីនេះ ការណែនាំអំពីការថែទាំក្រោយសម្រាលមានសារៈសំខាន់បន្ថែមទៀតលើការស្វែងយល់អំពីសុខភាពផ្លូវអារម្មណ៍ និងរាងកាយរបស់អ្នក និងអាចជាគន្លឹះក្នុងការធ្វើរោគវិនិច្ឆ័យរួមផ្សំណាមួយដូចជា៖

  • ជំងឺធ្លាក់ទឹកចិត្ត

  • ការថប់បារម្មណ៍

  • បញ្ហាប្រឈមជាមួយនឹងការបំបៅកូន ឬទិដ្ឋភាពផ្សេងទៀតនៃ

  • ការថែទាំកូនរបស់អ្នក

  • មានបញ្ហាក្នុងការគេង

  • អស់កម្លាំងខ្លាំង

  • ការឈឺចាប់

  • ហូរឈាម

  • ឈឺនៅពេលនោម

  • ការហូរទឹកនោមដោយឯកឯង

  • ស្ទះពោះវៀន ឬការកើនឡើងខ្យល់ក្នុងពោះវៀន

  • ទល់លាមក

  • កង្វះការគាំទ្រផ្នែកអារម្មណ៍

  • អសមត្ថភាពក្នុងការបំពេញតម្រូវការមូលដ្ឋាន ដូចជាការផ្តល់អាហារ ឬផ្លាស់ប្ដូរកន្ទបទារកជាដើម។

សូមកុំមើលងាយអំពីឥទ្ធិពលនៃជំងឺផ្លូវចិត្តក្រោយសម្រាល។ ប្រសិនបើអ្នកមានអារម្មណ៍ចម្លែកណាមួយ ដែលមិនធម្មតាសម្រាប់អ្នក ទោះបីមានតែ2-3 ថ្ងៃ ឬរយៈពេលយូរជាងនេះ សូមប្រាប់គ្រូពេទ្យ។ ប្រសិនបើវាមានរយៈពេលយូរ វាអាចជាជំងឺផ្លូវចិត្តក្នុងអំឡុងពេលសម្រាលកូន ដែលត្រូវទទួលការព្យាបាលជាមួយអ្នកជំនាញ។

នេះក៏ជាពេលសមស្របសម្រាប់ពិភាក្សាអំពីសុខភាពផ្លូវភេទរបស់អ្នកផងដែរ។ អ្នកផ្តល់សេវាសុខភាពអាចផ្តល់យោបល់អំពី៖

  • ពេលដែលមានសុវត្ថិភាពសម្រាប់ការរួមភេទឡើងវិញ

  • ការឈឺចាប់ណាមួយដែលអ្នកមានពេលរួមភេទ

  • ការថយចុះចំណង់រួមភេទ

  • មធ្យោបាយពន្យារកំណើតដែលសមស្របសម្រាប់អ្នក

ពេលវេលាសមស្របសម្រាប់ការមានផ្ទៃពោះថ្មីទៀត

អ្នកមិននៅតែឯងទេ! អ្នកអាចមានអារម្មណ៍នឿយហត់ ចុកចាប់ កង្វល់ ឬបញ្ហាផ្សេងៗ។ សូមកុំខ្លាច ឬខ្មាសអៀនក្នុងការស្នើសុំជំនួយពីអ្នកជំនាញ។

អត្ថបទពាក់ព័ន្ឋផ្សេងៗទៀត👇

ការថែទាំក្រោយសម្រាលhttps://shorturl.at/pDMPp

អត្ថបទដោយ: RHAC

មតិយោបល់