រំលងម៉ឺនុយទំព័រ

តើបុរសត្រូវធ្វើអ្វីខ្លះ ដើម្បីជួយបង្កើនចំនួន និងគុណភាពមេជីវិតឈ្មោល?

តើបុរសត្រូវធ្វើអ្វីខ្លះ ដើម្បីជួយបង្កើនចំនួន និងគុណភាពមេជីវិតឈ្មោល?

ព័ត៌មានសុខភាពយុវវ័យ
43

ប្រសិនបើអ្នកកំពុងព្យាយាមយកកូនហើយនៅតែមិនបានសម្រេច ប្រហែលជាអ្នកអាចមានចំនួនមេជីវិតឈ្មោលតិច។ ប៉ុន្តែសូមកុំបារម្ភ តាមពិតទៅ នេះគឺជាមូលហេតុទូទៅបំផុតមួយនៃការពិបាកមានកូនចំពោះបុរស។

អ្នកត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីដឹងពីមូលហេតុពិតប្រាកដ ប៉ុន្តែមានរឿងមួយចំនួនដែលអ្នកអាចធ្វើបានដើម្បីបង្កើនចំនួនមេជីវិតឈ្មោលតាមធម្មជាតិ ហើយវិធីទាំងនោះគឺសាមញ្ញៗណាស់។

តើចំនួនមេជីវិតឈ្មោលប៉ុន្មានដែលចាត់ទុកថាតិច?

ចំនួនមេជីវិតឈ្មោល "ធម្មតា" គឺយ៉ាងហោចណាស់មាន ១៥លានក្បាល ក្នុងមួយមីលីលីត្រនៃទឹកកាម។ ប្រសិនបើអ្នកមានចំនួនមេជីវិតទាបជាងនេះ នោះគ្រូពេទ្យចាត់ទុកថាអ្នកមានចំនួនមេជីវិតឈ្មោល "តិច" ដែលពាក្យបច្ចេកទេសហៅថា Oligospermia។ នៅពេលដែលអ្នកមានមេជីវិតឈ្មោលតិច ឱកាសដែលមេជីវិតឈ្មោលទៅបង្កកំណើតជាមួយមេជីវិតញីក៏តិចដែរ ហើយត្រូវបានចាត់ទុកថាជាបញ្ហាពិបាកមានកូន។
ចំនួននៃមេជីវិតឈ្មោលតិច ក៏ជាផ្នែកមួយនៃការបង្ហាញពីគុណភាពនៃមេជីវិតឈ្មោលរបស់អ្នកដែរ។

បន្ថែមពីនេះ មេជីវិតឈ្មោលក៏ត្រូវមានសុខភាពល្អគ្រប់គ្រាន់ដើម្បីធ្វើដំណើរពីទ្វារមាសរបស់ដៃគូអ្នកទៅកាន់មាត់ស្បូន ស្បូន និងទៅដល់កន្សោមពង បើមិនដូច្នោះទេ អ្នកនឹងពិបាកធ្វើឱ្យដៃគូមានផ្ទៃពោះណាស់។

មានចំណុច ២ផ្សេងទៀតដែលគ្រូពេទ្យអាចវាស់វែងបានថា មេជីវិតឈ្មោលរបស់អ្នកមានសុខភាពល្អ ឬមាន "គុណភាព" នោះគឺ៖

  • ចលនា៖ ចលនារបស់មេជីវិត សំដៅលើល្បឿន ឬសមត្ថភាពដែលមេជីវិតឈ្មោលរបស់អ្នកធ្វើដំណើរទៅកាន់គោលដៅចុងក្រោយរបស់វា គឺកន្សោមពងរបស់ដៃគូអ្នក។ មេជីវិតឈ្មោលយ៉ាងហោចណាស់ ៥០% ត្រូវមានចលនា និងសមត្ថភាពហែល។

  • រូបរាង៖ មេជីវិតឈ្មោលធម្មតាមាន ក្បាលរាងដូចស៊ុត និងកន្ទុយវែងដូចកូនក្អុក។ មេជីវិតឈ្មោលប្រើកន្ទុយដើម្បី "ហែល" ទៅរកមេជីវិតញី។ មេជីវិតឈ្មោលដែលមានរាងធម្មតាកាន់តែច្រើន វានឹងកាន់តែងាយស្រួលសម្រាប់ពួកគេទៅដល់កន្សោមពងរបស់ដៃគូអ្នក។

មូលហេតុនៃចំនួនមេជីវិតឈ្មោលតិច

បញ្ហាជាច្រើនអាចនាំឱ្យបរិមាណមេជីវិតឈ្មោលទាប រួមមានទាំងប្រវត្តិសុខភាពកន្លងមក អាយុ និងបរិស្ថានរបស់អ្នក។ របៀបរស់នៅក៏ជាកត្តាមួយដែរ ដូច្នេះប្រសិនបើអ្នកជក់បារី ឬប្រើប្រាស់គ្រឿងញៀនដែលមានកម្រិត អាចប៉ះពាល់ដល់ការមានកូនរបស់អ្នកបាន។

វិធីងាយៗដើម្បីជួយមេជីវិតឈ្មោលរបស់អ្នកឱ្យមានគុណភាព

មានសកម្មភាពមួយចំនួនដែលអ្នកអាចធ្វើ ដើម្បីបង្កើនបរិមាណមេជីវិតឈ្មោលដែលមានសុខភាពល្អ និងគុណភាព ដែលរាងកាយរបស់អ្នកបានផលិត ដូចជា៖

  • លំហាត់ប្រាណ៖ យើងដឹងហើយថា ការធ្វើលំហាត់ប្រាណកម្រិតមធ្យមអាចជួយលើកទឹកចិត្ត និងធ្វើឲ្យមានអារម្មណ៍ល្អ។ តាមការសិក្សាបានឱ្យដឹងថា វាក៏អាចជួយបង្កើនចំនួនមេជីវិតផងដែរ។ អ្នកស្រាវជ្រាវបានរកឃើញថា បុរសដែលធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ ៣ដងក្នុងមួយសប្ដាហ៍ ដោយម្តងៗប្រហែល១ម៉ោង មានការកើនឡើងទាំងចំនួនមេជីវិត និងមេជីវិតឈ្មោលដែលមានចលនាផងដែរ។

  • កាត់បន្ថយភាពតានតឹង៖ វាងាយស្រួលនិយាយជាងធ្វើ ប៉ុន្តែអ្នកត្រូវតែធ្វើវា ជាពិសេសប្រសិនបើអ្នកកំពុងព្យាយាមយកកូន។ នៅក្នុងការសិក្សាមួយលើបុរស ៩៥០នាក់ អ្នកស្រាវជ្រាវបានរកឃើញថា បុរសដែលជួបប្រទះព្រឹត្តិការណ៍តានតឹងលើសពីពីរដង មុនពេលចាប់ផ្តើមការព្យាបាលការពិបាកមានកូន ទំនងជាមានបរិមាណ និងចលនាមេជីវិតឈ្មោលទាប។

  • បញ្ឈប់ការជក់បារី៖ បុរសដែលជក់បារី ទំនងជាមានចំនួន និងចលនាមេជីវិតឈ្មោលទាប ហើយការផលិតទឹកកាមក៏តិចជាងបុរសដែលមិនជក់បារីផងដែរ។

  • និយាយថាទេចំពោះគ្រឿងញៀន៖ គ្រឿងញៀនមួយចំនួន ដូចជាកូកាអ៊ីន និងហេរ៉ូអ៊ីន អាចប៉ះពាល់ដល់សមត្ថភាពរបស់អ្នកក្នុងការឡើងរឹង ឬរក្សាការឡើងរឹងរបស់លិង្គ។ គ្រឿងញៀនផ្សេងទៀត ដូចជា កញ្ឆា (Marijuana) អាចធ្វើឱ្យមានភាពពិបាកក្នុងការផលិតមេជីវិតឈ្មោល ហើយអាចកាត់បន្ថយចលនាមេជីវិតឈ្មោលរបស់អ្នក ឬរារាំងពួកគេពីការលូតលាស់ជាធម្មតាផងដែរ។

  • របបអាហារ៖ ការជ្រើសរើសរបបអាហារដែលផ្សំឡើងពី ផ្លែឈើ និងបន្លែស្រស់ៗ អាចបង្កើនគុណភាពទឹកកាមរបស់អ្នក។ ការញ៉ាំ អាហារដែលមានជាតិខ្លាញ់តិច និងប្រូតេអ៊ីនតិចក៏អាចជួយបានដែរ។

ដើម្បីបង្កើនសុខភាពមេជីវិតឈ្មោល សូមអនុវត្តរបៀបរស់នៅដែលមានសុខភាពល្អ ដូចមានរៀបរាប់ខាងលើ បន្ថែមពីនោះ ការរក្សាស៊ីតណ្ហភាពរាងកាយ ដោយចៀសវាងការត្រាំទឹកក្តៅញឹកញាប់ និងចៀសវាងសម្លៀកបំពាក់ តឹង រឺប ជាដើម។ គ្រប់គ្រងភាពតានតឹង និងពិគ្រោះជាមួយគ្រូពេទ្យ អំពីជាតិពុលក្នុងបរិស្ថាន ឬថ្នាំពេទ្យដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពអ្នក។

អត្ថបទពាក់ព័ន្ឋផ្សេងៗទៀត៖ស្វែងយល់ពីភាពអារ និងការពិបាកមានកូនរបស់បុរស៖ មូលហេតុ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលhttps://shorturl.at/fox5J

តើឈាមនៅក្នុងទឹកកាមគឺជាអ្វី?https://shorturl.at/W5dIi

អត្ថបទដោយ: RHAC

មតិយោបល់