អង្គការថែទាំសុខភាពគ្រួសារកម្ពុជា ហៅកាត់ថាអង្គការរ៉ាក់ បង្កើតឡើងតាំងពីឆ្នាំ១៩៩៦ ជាអង្គការក្រៅរដ្ឋាភិបាល។ អង្គការរ៉ាក់ធ្វើការដើម្បីលើកកម្ពស់សុខភាពផ្លូវភេទ សុខភាពបន្តពូជដល់ស្រ្តី យុវវ័យ កម្មកររោងចក្រ និងក្រុមងាយរងគ្រោះនានា ដូចជាស្រ្តីធ្វើការក្នុងសេវាកម្សាន្ត បុរសស្រឡាញ់បុរស និងអ្នកប្លែងភេទនិងយេនឌ័រ។ រ៉ាក់ធ្វើការជាដៃគូជាមួយនឹងក្រសួងសុខាភិបាល ក្រសួងអប់រំយុវជននិងកីឡា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងផែនការ ព្រមទាំងសាលារៀន សាកលវិទ្យាល័យ រោងចក្រសហគ្រាស និងជាមួយអ្នកស្ម័គ្រចិត្តក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្ត ដើម្បីចូលរួមលើកកម្ពស់ចំណេះដឹង និងសេវាប្រកបដោយគុណភាពស្ដីពី សុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធ។ ក្រោមជំនួយពីរដ្ឋាភិបាលជប៉ុន(Japan Trust Fund) រ៉ាក់ បាននិងកំពុងសហការណ៍ជាមួយរោងចក្រ ចំនួន១០នៅក្នុងរាជធានីភ្នំពេញ ក្នុងនោះរួមមានរោងចក្រ G.W Greenway មួយផងដែរ ដោយធ្វើការបង្កើនចំណេះដឹងសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធដល់បងប្អូនកម្មករ កម្មការរនី ទាំងអស់។ ដើម្បីសម្រេចបានតាមទិសដៅរបស់ខ្លួនរ៉ាក់បានអនុវត្តគំនិតផ្ដួចផ្ដើមជាច្រើន ហើយក្នុងនោះមានការចាក់ផ្សាយព័ត៌មានពីសុខភាពផ្លូវភេទ និងបន្តពូជ តាមប្រព័ន្ធឌីជីថលត្រូវបានអនុវត្ត។
គោលបំណងនៃការចាក់ផ្សាយវីដេអូព័ត៌មានសុខភាពនេះគឺ ដើម្បីបង្កើនចំណេះដឹងសុខភាពផ្លូវភេទ និងបន្តពូជ និងការទទួលបានសេវាប្រកមដោយគុណភាព ក្នុងចំណោមកម្មកររោងចក្រនៅរាជធានីភ្នំពេញតាមរយៈទស្សនាមើល វីដេអូអប់រំលើប្រធានបទដូចជា ផែនការគ្រួសារ ការករោគតាមផ្លូវបន្តពូជ ជំងឺឆ្លងតាមការរួមភេទ មេរោគអេដស៍/ ជំងឺអេដស៍ ការថែទាំមុន និងក្រោយពេលសម្រាល សេវារំលូតសុត្ថិភាព ការស្រាវជ្រាវជំងឺមហារីកមាត់ស្បូន អំពើហិង្សាផ្លូវភេទផ្អែកលើយេនឌ័រ និងទីកន្លែងដែលអាចស្វែងរកសេវាសុខភាព ដោយឆ្លៀតពេលគាត់កំពុងសម្រាកហូបបាយថ្ងៃត្រង់នៅក្នុងរោងចក្រ។
ជាឧទាហណ៍ពីលទ្ធផលនៃការចាក់ផ្សព្វផ្សាយនេះ យើងសូមចែករំលែកករណីរបស់បងស្រី ធឿន ណារិន ដែលមានខ្លឹមសារដូចខាងក្រោម៖
ធឿន ណារិន ដែលជាកម្មការីនីធ្វើការនៅក្នុងរោងចក្រ G.W Greenway រយៈពេលជាង១ឆ្នាំមកហើយ បងណារិនមានកូនចំនួន១នាក់អាយុ៥ឆ្នាំ និងកំពុងមានផ្ទៃពោះចំនួន៥ខែ។ ហើយគ្រួសាររបស់បងស្រីដល់រដូវធ្វើស្រែចម្ការគឺប្ដីរបស់បងស្រីទៅធ្វើស្រែ ពេលមិនធ្វើស្រែគាត់រកការងារធ្វើជាជាងសំណង់។ ជារៀងរាល់ថ្ងៃធ្វើការម៉ោងសម្រាកញ៉ាំបាយថ្ងៃត្រង់បងណារិនបានអង្គុយញ៉ាំបាយដែលបានខ្ចប់មកពីផ្ទះនៅក្នុងរោងបាយរបស់រោងចក្រជារៀងរាល់ថ្ងៃ ។ បងណារិនតែងតែបានឃើញខាងផ្នែករដ្ឋបាលរោងចក្រចាក់បញ្ចាំងវីដេអូសុខភាពដែលស្ដីពីមេរោគអេដស៍/ជំងឺអេដស៍ មហារីកមាត់ស្បូន រំលូត ការថែទាំផ្ទៃពោះ អំពើហិង្សា បញ្ហារោគស្ត្រីដូចជាធ្លាក់ស ពន្យារកំណើតជាដើម។ បងណារិន មានចំណាប់អារម្មណ៍ចំពោះការចាក់ផ្សាយនេះណាស់ព្រោះគាត់គិតថាជាព័ត៌មានដែលមានប្រយោជន៍ និងពិបាកស្វែងរក។ បានបន្តថាការចាក់បញ្ចាំងវីដេសុខភាពដល់បងប្អូនកម្មករ កម្មការិនីនេះគឺពិតជាល្អខ្លាំងណាស់ព្រោះបានញ៉ាំបាយបណ្ដើរ បានស្ដាប់ព័ត៌មានសុខភាពបណ្ដើរដែលព័ត៌មានខ្លះស្ដាប់ហើយគួរជាទីចាប់អារម្មណ៍ជាខ្លាំងដូចជាព័ត៌មានការថែទាំផ្ទៃពោះ ដោយទឹកមុខរីករាយបងស្រីបានបញ្ជាក់ពីប្រធានបទមួយចំនួនដែលគាត់គិតថាកម្មករ កម្មការនី គួរទទួលបានជាចាំបាច់។ គាត់បន្តថា «ពេលខ្ញុំស្ដាប់វីដេអូអ្នកគ្រូពេទ្យរ៉ាក់និយាយហើយទើបខ្ញុំដឹងថាវាចាំបាច់ណាស់ស្រ្តីត្រូវថែទាំពេលមានផ្ទៃពោះទាំងមុន និងក្រោយសម្រាល ហើយត្រូវទៅតាមដានសុខភាពបន្តបន្ទាប់តាមការណាត់របស់គ្រូពេទ្យ ដើម្បីទទួលបានព័ត៌មាននិងចំណេះដឹងថែទាំសុខភាពខ្លួនឯង ឬកូន និងជាពិសេសគឺបានទទួលសេវាពន្យារកំណើតដើម្បីចៀសវាងការមានផ្ទៃពោះដោយចៃដន្យ»។
«ខ្ញុំសូមអរគុណដល់អង្គការរ៉ាក់ដែលបានសហការជាមួយរោងចក្រ G.W Greenway ដែលមានសកម្មភាពជាច្រើនផ្ដល់ព័ត៌មានសុខភាពជាច្រើនរួមមាន ការចាក់បញ្ចាំងវីដេអូ ការអប់រំកម្មករ កម្មការិនីអំឡុងពេលញាំបាយ ខ្ញុំសង្ឃឹមថា អង្គការរ៉ាក់បន្តការសហការនិងមានកម្មវិធីប្លែកៗផ្សេងទៀត មកផ្សព្វផ្សាយពីចំណេះដឹងសុខភាពដល់បងប្អូនកម្មករ ដែលធ្វើការនៅរោងចក្រ G.W Greenway បន្តទៀត» ។
មតិយោបល់