រំលងម៉ឺនុយទំព័រ

កិច្ចប្រជុំបុគ្គលិក ប្រចាំត្រីមាសទី១ សម្រាប់ឆ្នាំ២០២៦

កិច្ចប្រជុំបុគ្គលិក ប្រចាំត្រីមាសទី១ សម្រាប់ឆ្នាំ២០២៦

ការបណ្តុះបណ្តាល & ព្រឹត្តិការណ៍
3

[ភ្នំពេញ]៖ នៅថ្ងៃទី២៩-៣០ ខែមេសា ឆ្នាំ២០២៦ អង្គការថែទាំសុខភាពគ្រួសារកម្ពុជា (រ៉ាក់-RHAC) បានរៀបចំកិច្ចប្រជុំបុគ្គលិកប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ នៅសណ្ឋាគារតារាអ៊ែផត ក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិត វ៉ា ជីវ័ន នាយកប្រតិបត្តិអង្គការរ៉ាក់។ កិច្ចប្រជុំនេះមានគោលបំណងបូកសរុបលទ្ធផលការងារ វាយតម្លៃប្រសិទ្ធភាពហិរញ្ញវត្ថុ និងលើកទិសដៅផែនការសកម្មភាពសម្រាប់ត្រីមាសទី២ ព្រមទាំងមានវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពបុគ្គលិកបន្ថែម។

នៅក្នុងមតិបើកកិច្ចប្រជុំ លោកវេជ្ជបណ្ឌិត វ៉ា ជីវ័ន បានសង្កត់ធ្ងន់ថា ការជួបជុំនេះគឺជាឱកាសដ៏សំខាន់សម្រាប់ការចែករំលែកបទពិសោធន៍ ការរៀនសូត្រពីគ្នាទៅវិញទៅមក និងការរឹតចំណងសាមគ្គីភាពក្នុងក្រុមការងារ។ ទន្ទឹមនឹងការងារស្នូល លោកនាយកប្រតិបត្តិបានលើកទឹកចិត្តឱ្យបុគ្គលិកទាំងអស់បន្តចូលរួមក្នុងសកម្មភាពទទួលខុសត្រូវសង្គម (CSR) ដូចជា ការថែរក្សាបរិស្ថាន អនាម័យ និងការជួយជ្រោមជ្រែងសហគមន៍ ដែលឆ្លុះបញ្ចាំងពីស្មារតីទទួលខុសត្រូវខ្ពស់របស់ស្ថាប័ន។

ជាចំណុចគន្លឹះក្នុងយុគសម័យឌីជីថល លោកនាយកប្រតិបត្តិបានរំលឹកដល់បុគ្គលិកឱ្យចេះទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យាទំនើប និងបញ្ញាសិប្បនិម្មិត (AI) ដូចជា ChatGPT ជាដើម ដើម្បីសម្រួលដល់ការងាររដ្ឋបាល ការសរសេរអ៊ីមែល និងការរៀបចំឯកសារឱ្យមានភាពរហ័សរហួន។ លោកបានបញ្ជាក់ថា៖ «យើងគួរប្រើប្រាស់បច្ចេកវិទ្យាជាឧបករណ៍ជំនួយ ដើម្បីបង្កើនប្រសិទ្ធភាពការងារ ប៉ុន្តែមិនត្រូវពឹងផ្អែកលើវាទាំងស្រុងនោះទេ។ បុគ្គលិកម្នាក់ៗត្រូវតែបន្តអភិវឌ្ឍចំណេះដឹង និងជំនាញផ្ទាល់ខ្លួនជាប្រចាំ»

ជាមួយគ្នានេះផងដែរ បុគ្កលិកបានទទួលការពង្រឺងសមត្ថភាពបម្ថែមទៅលើ ការបញ្ចូលទិន្នន័យ ការផ្ទៀងផ្ទាត់ និងការសម្អាតទិន្នន័យ ឱ្យស្របតាមកាលកំណត់។ បន្ថែមពីនេះ បុគ្កលិកបានទទួលនូវ ការបណ្ដុះបណ្ដាល ស្ដីពីរបៀបក្នុងការសរសេរអត្ថបទ រឿងរ៉ាវជីវិតពិត ករណីសិក្សា និង រឿងរ៉ាវជោគជ័យការផ្ដល់ចំណោះដឹង និងស្វែងយល់ពីគោលនយោបាយបង្ការការសម្លុត ការកេងប្រវ័ញ្ច និងការជួញដូរផ្លូវភេទ ដើម្បីធានាសុវត្ថិភាពក្នុងកន្លែងការងារ និងសហគមន៍។

នេះជាផែនការដែល រ៉ាក់ បានអនុវត្តន៍តាមការប្ដេជ្ញាចិត្ត និងផែនការយុទ្ធសាស្រ្តរយៈពេល៦ឆ្នាំស្ដីពីការចូលរួមយ៉ាងសកម្មក្នុងលើកកម្ពស់ និងផ្សព្វផ្សាយពីស្ថាប័ន និងពង្រឹងការងារបស់បុគ្កលិក ពង្រឹងប្រព័ន្ធអភិបាលកិច្ចល្អ និងការប្រើប្រាស់បច្ចេកវិទ្យា។

អត្ថបទដោយ: RHAC

មតិយោបល់