រំលងម៉ឺនុយទំព័រ

កិច្ចប្រជុំបុគ្គលិកប្រចាំឆ្នាំ២០២៤ របស់អង្គការរ៉ាក់

កិច្ចប្រជុំបុគ្គលិកប្រចាំឆ្នាំ២០២៤ របស់អង្គការរ៉ាក់

ការបណ្តុះបណ្តាល & ព្រឹត្តិការណ៍
144

(ភ្នំពេញ)៖ នៅថ្ងៃទី ២០ ដល់ ២១ ខែធ្នូ ឆ្នាំ ២០២៤ អង្គការថែទាំសុខភាពគ្រួសារកម្ពុជា (រ៉ាក់) បានរៀបចំកិច្ចប្រជុំបុគ្គលិកប្រចាំឆ្នាំ ២០២៤ នៅសណ្ឋាគារកាំបូឌីយ៉ាណា ក្រោមការដឹកនាំដោយលោកវេជ្ជ. វ៉ា ជីវ័ន នាយកប្រតិបត្តិអង្គការរ៉ាក់។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងសំខាន់ៗរួមមាន៖ រាយការណ៍លទ្ធផលការងារប្រចាំឆ្នាំ២០២៤ ធៀបជាមួយផែនការ ធ្វើការវាយតម្លៃប្រសិទ្ធិភាពនៃការប្រើប្រាស់ថវិកា បង្ហាញផែនការសកម្មភាព និងផែនការថវិកា ឆ្នាំ២០២៥ បង្កើនសាមគ្គីភាព និងការងារជាក្រុមរវាងបុគ្គលិក និងការលើកទឹកចិត្ត និងការផ្ដល់ជូនប័ណ្ណសរសើរដល់បុគ្គលិកឆ្នើម។ កិច្ចប្រជុំនេះមានការចូលរួមពីបុគ្កលិកចំនួន ៧២នាក់ ដែលមកពីគ្រប់គម្រោង នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាលខេត្តគោលដៅរបស់រ៉ាក់ ។ អង្គការរ៉ាក់ធ្វើការងារលើកកម្ពស់ចំណេះដឹង និងសេវាស្តីពីសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ។ យើងផ្តោតលើការដោះស្រាយឧបសគ្គសង្គម និងយេនឌ័រ កែលម្អគុណភាពសេវាសុខភាព ផ្តល់ភាពអង់អាចដល់មនុស្សគ្រប់រូប រួមមាន យុវវ័យ ក្រុមអ្នកមាននិន្នាការភេទចម្រុះ ស្ត្រីដែលរស់នៅជនបទ ជនមានពិការភាព ក្នុងការសម្រេចចិត្តទាក់ទងនឹងរឿងផ្លូវភេទរបស់ខ្លួន និងអាចទទួលបានសេវាកម្ម និងព័ត៌មានសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ ប្រកបដោយគុណភាព។

នៅក្នុងឆ្នាំ ២០២៤ រ៉ាក់ធ្វើការគ្របដណ្តប់លើ១៩ខេត្តក្រុង និង ៤១៧សាលា (កំពត៖ ២១៩ សៀមរាប៖ ១៩៣ និងបាត់ដំបង៖ ៥) ដែលមានទំហំអ្នកទទួលផលចំនួនជាង ២លាននាក់ ទាំងផ្ទាល់ និងតាមប្រព័ន្ធឌីជីថល។ តួយ៉ាងក្នុងឆ្នាំ២០២៤ រ៉ាក់បានធ្វើការអប់រំដោយផ្ទាល់បានចំនួនជាង ៣០ម៉ឺននាក់ (៣០៩,៩៤២នាក់) និងតាមប្រព័ន្ធឌីថលប្រម៉ាណជាង ២លាននាក់ (២,១៤៤,២០៦នាក់)។ ក្នុងនោះ សិស្សដែលទទួលបានការអប់រំរឿងផ្លូវភេទគ្រប់ជ្រុងជ្រោយមានចំនួនជាង ៧ម៉ឺននាក់ (៧៥,៩៧៣ នាក់) ក្រុមងាយរងគ្រោះ ចំនួនជាង៥ម៉ឺននាក់  (៥២,៤៥៨នាក់) និងកម្មកររោងចក្រ ជាង៣ម៉ឺននាក់ (៣២,៦៤៣នាក់) និងជនមានពិការភាព ១,៣១៥នាក់ផងដែរ។ យើងបានផ្តល់សេវាថែទាំសុខភាពចំនួនជាង៣សែនសេវា (៣៥៦,៦២៨) ដល់អតិថិជនបានប្រមាណជាង ១៣ម៉ឺននាក់ (១៣៥,៤៩១នាក់)។ នៅក្នុងចំណោមអតិថិជនដែលមកទទួលសេវាមានអតិថិជនដែលមកទទួលសេវារំលូត ប្រមាណជាង៨០០នាក់ (៨៨០នាក់) រកឃើញករណីវិជ្ជមានអេដស៍ ចំនួន៧៣៦ករណី និងជនរងគ្រោះដោយអំពើហិង្សាចំនួន ៦២២នាក់។ រ៉ាក់ក៏បានចូលរួមការពារគូស្រករពីការមានផ្ទៃពោះដែលមិនចង់បានជាង ៤ម៉ឺនគូ (៤៥,២៧២គូ) ជាមួយគ្នានោះផងដែរ រ៉ាក់ ក៏ផ្តល់វគ្គបណ្តុះបណ្តាលកសាងសមត្ថភាពស្តីពីចំណេះដឹង និងជំនាញ ផ្តល់សេវាជូនដល់ អ្នកផ្តល់សេវា គ្រូបង្រៀន យុវវ័យបង្គោល ស្ត្រីបង្គោល មិត្តអប់រំមិត្ត អ្នកស្ម័គ្រចិត្តតាមភូមិ បានប្រមាណ ជាង២ពាន់រូប ស្តីពីការអប់រំរឿងផ្លូវភេទគ្រប់ជ្រុងជ្រោយ សុខភាពបន្តពូជ និង បច្ចេកទេសរំលូតដោយ  សុវត្ថិភាព ក្នុងនោះមានគ្រូបង្រៀនចំនួន ៦០៥រូប បុគ្គលិកសុខាភិបាលចំនួន ៤០៣ នាក់ (អ្នកផ្តល់សេវា៖ ១៧០ និងបុគ្គលិកគ្រប់គ្រងឱសថ៖ ២៣៣) យុវវ័យបង្គោលចំនួន ២៥៦រូប មិត្តអប់រំមិត្តតាមរោងចក្រចំនួន ៥០រូប និងអ្នកស្ម័គ្រចិត្តភូមិ ៨០៧ ជាដើម។ មិនតែប៉ុណ្ណោះ រ៉ាក់ក៏ផ្តោតសំខាន់លើការសិក្សាស្រាវជ្រាវ ដើម្បីស្វែងយល់អំពីវឌ្ឈនភាព ស្ថានភាព និងការប្រឈមជុំវិញ សុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិផងដែរ។ តួយ៉ាងក្នុងឆ្នាំ ២០២៤ រ៉ាក់ បានធ្វើការសិក្សាស្រាវជ្រាវអំពីកិច្ចអន្តរាគមន៍ការអប់រំរឿងផ្លូវភេទគ្រប់ជ្រុងជ្រោយលើអាកប្បកិរិយាផ្លូវភេទរបស់      យុវវ័យកម្ពុជា និងការស្រាវជ្រាវអំពីការប្រើប្រាស់អ័រម៉ូនក្នុងចំណោមអ្នកប្លែងភេទ។

អ្នកស្រីបណ្ឌិត សាផន សុមោលីរស្មី នាយិការងប្រតិបត្តិអង្គការរ៉ាក់ក៏បានថ្លែងអំណរគុណជាអនេកចំពោះបុគ្គលិកទាំងអស់ ជាពិសេសអ្នកអនុវត្តការងារជួរមុខ ដែលបានចូលរួមខិតខំប្រឹងប្រែងធ្វើការងាររួមគ្នា ទោះជាលទ្ឋផលមិនល្អឥតខ្ចោះ តែជាលទ្ធផលដែលយើងខិតខំប្រឹងប្រែង និងជាមោទនាភាពដែលអង្គការរ៉ាក់ ត្រូវបានទទួលស្គាល់ជាស្ថាប័នធ្វើការងារលើកកម្ពស់ចំណេះដឹង និងសេវាស្តីពីសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធ។ នៅពេលយើងទៅចូលរួមកម្មវិធីណាមួយជាតំណាងឱ្យអង្គការរ៉ាក់ដែលទទួលស្គាល់ពីសំណាក់អ្នកដ៏ទៃដែលបង្ហាញពីសក្តានុពលរបស់រ៉ាក់ សុទ្ឋតែជាស្នាដៃរបស់យើងគ្រប់គ្នាក្នុងការចូលរួមអភិវឌ្ឈន៍សហគមន៍តាមរយះការលើកកម្ពស់ចំណេះដឹង សេវា ការប្រាស្រ័យទាក់ទងប្រជាជន និងអ្នកទទួលផល។ ឆ្នាំ២០២៥ នេះយើងមានលទ្ធភាពពេញលេញ ពេលវេលាគ្រប់គ្រាន់ និងជាពិសេសការប្ដេជ្ញាចិត្តខ្ពស់ក្នុងការធ្វើការងារ សាមគ្គីរវាងគ្នា និងគ្នា ពីកម្មវិធីមួយទៅ កម្មវិធីមួយ ដើម្បីទទួលបានលទ្ធផលជោគជ័យទាំងអស់គ្នា។

ក្នុងឱកាសបិទបញ្ចប់កិច្ចប្រជុំ លោកវេជ្ជបណ្ឌិត វ៉ា ជីវ័ន នាយកប្រតិបត្តិអង្គការ រ៉ាក់ បានមានប្រសាសន៍អបអរសាទរអំពីសមិទ្ធផលដែលទទួលបាន ដោយបានរួមចំណែកធ្វើឱ្យមានការផ្លាស់ប្តូរ ជីវិតប្រជាជន បងប្អូនក្នុងសហគមន៍ និងជាពិសេស ជនងាយរងគ្រោះ។ លោកបានលើកឡើងពីការបង្កើតបរិយាកាសនៃការជឿទុកចិត្តពីសំណាក់ក្រុមការងារ និងដៃគូសហការ ដោយលើកកម្ពស់វប្បធម៌នៃភាពស្មោះត្រង់ដែលអាចជាឱកាសក្នុងការរីកចម្រើន តាមរយៈការខិតខំប្រឹងប្រែង និងការចែករំលែកបទពិសោធន៍គ្នានឹងគ្នា។ លោកបានក្រើនរំលឹកបន្ថែមដល់បុគ្គលិកទាំងអស់ សូមឱ្យមានការតាំងចិត្តខ្ពស់ក្នុងការធ្វើការងារ មានអភិបាលកិច្ចល្អ តម្លាភាព គណនេយ្យភាព ប្រកបដោយគុណធម៌ និងក្រមសីលធម៌។

អត្ថបទដោយ: RHAC

មតិយោបល់