រំលងម៉ឺនុយទំព័រ

កិច្ចប្រជុំតម្រង់ទិសគម្រោង ស្តីពី "សុខភាពមាតានិងយុវវ័យតាមរយៈការផ្តល់សិទ្ធិអំណាចដល់សហគមន៍និងពង្រឹងប្រព័ន្ធសុខាភិបាលកម្រិតបឋមក្នុងខេត្តស្ទឹងត្រែង”

កិច្ចប្រជុំតម្រង់ទិសគម្រោង ស្តីពី "សុខភាពមាតានិងយុវវ័យតាមរយៈការផ្តល់សិទ្ធិអំណាចដល់សហគមន៍និងពង្រឹងប្រព័ន្ធសុខាភិបាលកម្រិតបឋមក្នុងខេត្តស្ទឹងត្រែង”

ការបណ្តុះបណ្តាល & ព្រឹត្តិការណ៍
64

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៥ អង្គការរ៉ាក់បានរៀបចំកិច្ចប្រជុំតម្រង់ទិសគម្រោង "សុខភាពមាតា និងយុវវ័យតាមរយៈការផ្តល់សិទ្ធិអំណាចដល់សហគមន៍ និងពង្រឹងប្រព័ន្ធសុខាភិបាលកម្រិតបឋមក្នុងខេត្តស្ទឹងត្រែង" បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម អ៊ុង សូវៀត ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង។ អង្គប្រជុំមានអ្នកចូលរួមសរុប ៤៣ នាក់ (ស្ត្រី ២៣ នាក់) រួមមាន នាយករងរដ្ឋបាលសាលាខេត្ត មន្ត្រីមន្ទីរអប់រំយុវជន​និងកីឡា ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ មេឃុំ ចៅសង្កាត់ ប្រធានមណ្ឌលសុខភាព និង នាយកសាលា លោកគ្រូ អ្នកគ្រូនៃវិទ្យាល័យ និងអនុវិទ្យាល័យមួយចំនួនផងដែរ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងបំណងដើម្បីផ្សព្វផ្សាយពីគម្រោងថ្មីស្តីអំពីការលើកកម្ពស់សុខភាពមាតានិងយុវវ័យតាម​រយៈការផ្តល់សិទ្ធិអំណាចដល់សហគមន៍ និងពង្រឹងប្រព័ន្ធសុខាភិបាលកម្រិតបឋមក្នុងខេត្តស្ទឹងត្រែង។ ពង្រឹងកិច្ចសហការរវាងគម្រោងកម្មវិធី RHAC-JOICFP និងអាជ្ញាធរពាក់ព័ន្ធរួមទាំងមន្ទីរសុខាភិបាល មន្ទីរអប់រំ យុវជននិងកីឡានៃរដ្ឋបាលខេត្តស្ទឹងត្រែង។

ថ្លែងក្នុងកិច្ចប្រជុំ លោកស្រី អេង សោភា នាយិការងរដ្ឋបាលសាលាខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ខេត្តស្ទឹងត្រែងសូមគាំទ្រសកម្មភាពរបស់អង្គការថែទាំសុខភាពគ្រួសារកម្ពុជា ( រ៉ាក់) ដែលបានចូលរួមយ៉ាងសកម្ម លើកកម្ពស់លទ្ធភាពទទួលបានសេវាថែទាំសុខភាពមាតា ប្រកបដោយគុណភាព និងសេវាពន្យារកំណើតសម្រាប់ស្រ្តី និងក្មេងស្រីក្នុងខេត្តស្ទឹងត្រែង តាមរយៈសកម្មភាពដូចជា ពង្រឹងគុណភាពសេវាសុខភាពបន្តពូជនៅមណ្ឌលសុខភាព ការបណ្តុះបណ្តាល ការគាំទ្រ បំពាក់សម្ភារ យន្តការតាមដាន និងបង្វឹកសម្រាប់ឆ្មបនៅតាមមណ្ឌលសុខភាពជាដើម។ ការដោះស្រាយរបាំងវប្បធម៌ និងសង្គមចំពោះអាពាហ៍ពិពាហ៍កុមារ និងការមានផ្ទៃពោះក្នុងវ័យជំទង់ជាការសំខាន់បំផុត ការអភិវឌ្ឍន៍យុទ្ធសាស្ត្រ និងផែនការសកម្មភាពទំនាក់ទំនង ដោយប្រជាជនសហគមន៍ ការអភិវឌ្ឍន៍ឧបករណ៍ប្រព័ន្ធផ្សព្វផ្សាយ ការជ្រើសរើស និងបណ្តុះបណ្តាលយុវជនបង្គោលក្នុងសាលារៀន និងក្រុមទ្រទ្រង់សុខភាពភូមិ។

​តំណាងអង្គការរ៉ាក់លោកស្រី សេក ស៊ីសុខុម ប្រធានកម្មវិធីបានធ្វើបទបង្ហាញពីសកម្មភាព និងសមិទ្ធផលអនុវត្តគម្រោងរបស់  រ៉ាក់ ដំណោះស្រាយបញ្ហា និងយុទ្ឋសាស្ត្រតាមរយៈការលើកកម្ពស់លទ្ធភាព ទទួលបានសេវាថែទាំសុខភាពមាតាប្រកបដោយគុណភាព និងសេវាពន្យារកំណើតសម្រាប់ស្រ្តី និងក្មេងស្រីក្នុងខេត្តស្ទឹងត្រែង តាមរយៈយុទ្ធសាស្ត្រ ការពង្រឹងគុណភាពសេវាសុខភាពបន្តពូជនៅមណ្ឌលសុខភាព និងការដោះស្រាយរបាំងវប្បធម៌ និងសង្គមចំពោះអាពាហ៍ពិពាហ៍កុមារ និងការមានផ្ទៃពោះក្នុងវ័យជំទង់។

ក្នុងកិច្ចប្រជុំនេះ លោកស្រី Kei Yoshidome អ្នកជំនាញជាន់ខ្ពស់ និងនាយកគម្រោងពីទីស្នាក់ការកណ្តាល JOICFP នៅទីក្រុងតូក្យូ បានថ្លែងថា កម្ពុជាជាប្រទេសសំខាន់នៅអាស៊ីសម្រាប់ JOICFP ដែលមានប្រវត្តិអនុវត្តគម្រោង ៥៧ឆ្នាំ។ គម្រោងនេះផ្តោតលើការលើកកម្ពស់សេវាសុខភាពមាតា-ទារក និងសេវាពន្យារកំណើតសម្រាប់ស្ត្រី ក្មេងស្រីវ័យជំទង់ និងជនជាតិភាគតិចនៅខេត្តស្ទឹងត្រែង ដែលប្រឈមបញ្ហាដូចជាការមានផ្ទៃពោះវ័យជំទង់ និងកង្វះសេវាថែទាំសុខភាពមាតា​ និងទារក និងសេវាពន្យារកំណើត។ លោកស្រីជឿជាក់ថា កិច្ចសហការនឹងនាំមកនូវលទ្ធផលជោគជ័យ។

លោកស្រីបន្ថែមថា JOICFP ប្តេជ្ញាកែលម្អសុខភាពផ្លូវភេទ បន្តពូជ និងសិទ្ធិស្ត្រី-ក្មេងស្រី ដោយធ្វើការនៅជាង ៤០ ប្រទេស។ នៅស្ទឹងត្រែង ដែលមានអត្រាមានផ្ទៃពោះវ័យជំទង់ខ្ពស់ គម្រោងនេះមានគោលដៅបង្កើតបរិយាកាសឱ្យប្រជាជនទទួលបានសេវា និងធ្វើការសម្រេចចិត្តលើសុខភាពខ្លួនឯង ដើម្បីកាត់បន្ថយផលប៉ះពាល់លើមាតា កុមារ និងសហគមន៍។ លោកបន្តថា អ្នកចូលរួមពាក់ព័ន្ធនឹងកិច្ចប្រជុំនេះសូមចូលរួមការដោះស្រាយរបាំងវប្បធម៌ ការរៀបអាពាហ៍ពិពាហ៍នៅ​ វ័យជំទង់ ការមានផ្ទៃពោះនៅវ័យជំទង់ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពមាតា និងទារកដែលអាចប្រឈមមរណភាពខ្ពស់ និងសំណូមពរឱ្យមន្ទីរពាក់ព័ន្ធទាំងអស់ និងការិយាល័យស្រុកប្រតិបត្តិដែលបានចូលរួមប្រជុំនាឱកាសនេះ បានធ្វើកិច្ចសហការឲ្យបានល្អក្នុងការចូលរួមប្រជុំបានទៀងទាត់ ដើម្បីជាប្រយោជន៍ និងជោគជ័យទាំងអស់គ្នា ព្រមទាំងការសហការជាមួយអង្គការរ៉ាក់។

ថ្លែងនៅក្នុងពិធីបិទនៃអង្គប្រជុំនេះលោក  អ៊ុង សូវៀត ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង បានប្រកាសគាំទ្រយ៉ាងពេញទំហឹង និងបង្ហាញពីការប្តេជ្ញាចិត្តសហការយ៉ាងជិតស្និទ្ធជាមួយគម្រោងដើម្បីសម្រេចបានជោគជ័យក្នុងការអនុវត្តសកម្មភាពរយៈពេលបីឆ្នាំក្នុងគោលដៅ ការពង្រឹងគុណភាពសេវាសុខភាពបន្តពូជយុវវ័យ នៅតាមមណ្ឌលសុខភាពនិងសហគមន៍ ជាពិសេសការពង្រឹងសុខភាពមាតា និងសុខភាពបន្តពូជ។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតមួយដែលអង្គការរ៉ាក់ និង JOICFP ធ្លាប់មានបទពិសោធន៍ធ្វើការអនុវត្តគម្រោងសុខភាពមនុស្សវ័យជំទង់ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៧ផងដែរ ដូចនេះជារឿងល្អណាស់សម្រាប់​ការអនុវត្តគម្រោងមួយនេះក្នុងខេត្តទាំងមូល៕

អត្ថបទដោយ: RHAC

មតិយោបល់