
កិច្ចប្រជុំគណកម្មាធិការប្រជាជន និងការអភិវឌ្ឍន៍លើកទី ៥៨
អង្គការរ៉ាក់ តំណាងដោយលោកស្រីបណ្ឌិត សាផន សុមោលីរស្មី នាយិការរងអង្គការរ៉ាក់ បានអញ្ជើញចូលរួមជាសមាជិកគណៈប្រតិភូជាមួយប្រតិភូតំណាងរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចប្រជុំគណកម្មាធិការប្រជាជន និងការអភិវឌ្ឍន៍លើកទី ៥៨ ក្រោមមូលបទ “ធានាឱ្យជីវភាពរស់នៅរបស់ប្រជាជនប្រកបដោយសុខភាពល្អ និងលើកកម្ពស់សុខុមាលភាពរបស់មនុស្សគ្រប់រូប និងគ្រប់វ័យ” (Ensuring Health Lives and Promoting Well-being for All at All Ages) នៅទីក្រុងញូយយ៉ក ចាប់ពីថ្ងៃទី ០៧ ដល់ថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២៥។
នៅក្នុងឱកាសនៃកិច្ចប្រជុំដ៏មានអត្ថន័យនេះ លោកស្រីក៏ត្រូវបានអញ្ជើញចូលរួមជាវាគ្មិន កិត្តិយសតំណាងអង្គការសង្គមស៊ីវិល ក្នុងវេទិការអម ដែលរៀបចំឡើងដោយរដ្ឋាភិបាលប្រទេសអូស្ត្រាលី និង មូលនិធិប្រជាជនអង្គការសហប្រជាជាតិ ក្រោមប្រធានបទ “ប្រទេសនៅតំបន់មេគង្គ ទទួលបាននូវអនុភាពក្នុងផ្នែកសុខភាព និង សុខមាលភាពតាមរយៈភាពធន់ប្រជាសាស្ត្រ” (Mekong countries leveraging gains in health and well-being through demophraphic resillience) នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ផងដែរ។
នៅក្នុងវេទិកានេះលោកស្រី បានចែករំលែកអំពីតម្លៃនៃការចូលរួមជាសមាជិកអ្នកអង្កេតការនៃគណកម្មាធិការពិសេសតាមដានការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសិទ្ធអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឈន៍ ដោយសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់ខ្លួនលើការលើកកម្ពស់ផ្នែកសុខភាពនៅក្នុងប្រទេសកម្ពុជា។
ចាប់តាំងពីឆ្នាំ ១៩៩៦ អង្គការរ៉ាក់បានចូលរួមលើកកម្ពស់សុខមាលភាពប្រជាជន តាមរយៈការពង្រឹង និងកែលម្អគុណភាពសេវាសុខភាព និងការលើកកម្ពស់ការយល់ដឹង ការទទួលបានព័ត៌មានស្តីពីសុខភាព ការស្វែងរកការគាំទ្រមតិ ជាពិសេសទៅលើ សុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ។
ឱកាសនៃការចួលរួមនៅក្នុងគណកម្មាធិការពិសេសនេះ បានបង្ហាញឱ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជា ទទួលស្គាល់ការចូលរួមរបស់អង្គការសង្គមស៊ីវិលក្នុង ការលើកកម្ពស់គណនេយ្យភាព និងតម្លាភាព ដែលអាចធានាបានថាគោលដៅដែលបានឯកភាពនៅក្នុងសន្និសិទ្ធអន្តរជាតិស្តីពីប្រជាជន និងការអភិវឌ្ឈន៍ មានមូលដ្ឋាននៅក្នុងការពិតនៃសង្គមកម្ពុជា។
មតិយោបល់