រំលងម៉ឺនុយទំព័រ

ការយល់ដឹងពីជំងឺមហារីកមាត់ស្បូន និងការបង្ការ

ការយល់ដឹងពីជំងឺមហារីកមាត់ស្បូន និងការបង្ការ

ព័ត៌មានសុខភាពយុវវ័យ
175

បច្ចុប្បន្ននៅលើពិភពលោកជំងឺមហារីកកំពុងតែមានការរីករាលដាលយ៉ាងខ្លាំង ដោយឡែកជំងឺមហារីកមាត់ស្បូនជាប់ចំណាត់ថ្នាក់លេខ៣នៃមហារីកលើស្ត្រី។ នៅក្នុងប្រទេសកម្ពុជាជំងឺមហារីកមាត់ស្បូន​ជាប់ចំណាត់ថ្នាក់លេខ២នៃជំងឺមហារីកទាំងអស់ ។ ទិន្នន័យមហារីកមាត់ស្បូន កំពុងឈានមុខគេនៅប្រទេសកម្ពុជាដែលគេប៉ាន់ប្រមាណថាមានស្រី្តប្រមាណ១៥០០នាក់ ត្រូវបានគេធ្វើរោគវិនិច្ឆ័យថ្មី និងមានស្រ្តីប្រហែល៩៥០នាក់ស្លាប់ដោយសារជំងឺនេះជារៀងរាល់ឆ្នាំ ។ អង្គការសុខភាពពិភលោកបានប៉ាន់ស្មានថា ក្នុងមួយឆាកជីវិតរបស់ស្ត្រីអាចមាន៥០-៦០ភាគរយនៃស្ត្រីទាំងអស់នឹងត្រូវបានឆ្លងមេរោគ HPV ដែលជាមូលហេតុនាំឲ្យមានមហារីកមាត់ស្បូន ។ ជំងឺមហារីកមាត់ស្បូនអាចកើតលើស្រី្តដែលមានអាយុចន្លោះ១៥ ទៅ ៤៤ឆ្នាំ ។

តើជំងឺមហារីកមាត់ស្បូនអាចបណ្តាលមកពីអ្វី?

ភាគច្រើនលើសលុបនៃជងឺមហារីកមាត់ស្បូនមានទំនាក់ទំនងផ្ទាល់ជាមួយនឹងការឆ្លងមេរោគម្យ៉ាងឈ្មោះថា អេច ភី វី (HPV) ពីមុន ។​ ស្រ្តីភាគច្រើនពុំបានដឹងខ្លួនធ្លាប់មានឆ្លងមេរោគនេះពីមុនមកដែរឬទេ ព្រោះមេរោគនេះជារឿយៗពុំមានរោគសញ្ញាគួរឲ្យកត់សម្គាល់ ។ ហើយមានជំងឺមហារីកមាត់ស្បូនមួយចំនួនកើតឡើងដោយរកមូលហេតុមិនឃើញ ។

តើកត្តាអ្វីខ្លះដែលនាំឱ្យមានការប្រឈមមុខនឹងជំងឺមហារីកមាត់ស្បូន?

        ស្រ្តីទាំងអស់ដែលធ្លាប់ ឬកំពុងមានការរួមភេទ សុទ្ធតែមានការប្រឈមមុខនឹងជំងឺមហារីកមាត់ស្បូន ។​

ប្រសិនបើស្ត្រីមានលក្ខណៈណាមួយ ដូចខាងក្រោមគាត់នឹងមានការប្រឈមមុខរឹតតែខ្ពស់ ៖

  •  ស្រ្តីដែលរួមភេទមុនអាយុ២០ឆ្នាំ
  • ស្ត្រីដែលមានដៃគូររួមភេទច្រើន
  • ស្រ្តីដែលប្រឈមមុខ ឬធ្លាប់មានជំងឺកាមរោគ
  • ស្រ្តីដែលមានម្តាយ ឬបងស្រីធ្លាប់មានជំងឺមហារីក
  • ស្ត្រីដែលធ្លាប់ព្យាបាលដោយថ្នាំប្រឆាំងការរលាករយៈពេលយូរ
  • ស្រី្តដែលធ្លាប់មានលទ្ធផលតេស្តមហារីកមាត់ស្បូនពីមុនមិនធម្មតា
  • ស្រ្តីដែលជក់បារី  ជាដើម។

តើមានរោគសញ្ញានៃជំងឺមហារីកមាត់ស្បូនដែលអាចកត់សម្គាល់ដែរឬទេ?

ជាទូទៅជំងឺមហារីកមាត់ស្បូននៅតំណាក់កាលដំបូងគឺគ្មានរោគសញ្ញាអ្វីទាំងអស់ តែក្រោយមកអាចលេចចេញនូវរោគសញ្ញាមួយចំនួនដូចជា ធ្លាក់ទឹកថ្លាពណ៌លឿងមិនធម្មតាពីទ្វារមាស​ មានធ្លាក់ឈាមក្រោយពេលរួមភេទ មានធ្លាក់ឈាមដោយឯកឯងនៅចន្លោះរដូវ និងមានការឈឺចាប់ក្រោមព្រោះ។ ប្រសិនបើមានរោគសញ្ញាកាន់តែច្រើន វាអាចហួសពេលក្នុងការព្យាបាល ។​  ទោះបីជាគ្មានរោគសញ្ញាអ្វីក៏ដោយ ស្ត្រីគួរតែទៅពិនិត្យរកកោសិកាប្រែប្រួលមាត់ស្បូនឲ្យបានម្តងក្នុងមួយឆ្នាំ ឬ៣ឆ្នាំម្តងយ៉ាងតិច ។

តើមានវិធីសាស្ត្រអ្វីខ្លះដើម្បីត្រួតពិនិត្យរកមើលជំងឺមហារីកមាត់ស្បូន?

 ការស្រាវជ្រាវរកមើលជំងឺមហារីកមាត់ស្បូនមាន៣ប្រភេទដូចជា៖ វិធីទី១ការបន្តក់ទឹកថ្នាំទៅលើមាត់ស្បូនដើម្បីរកមើលតំបន់ប្រែប្រួលមិនធម្មតានៃមាត់ស្បូន។ វិធីនេះហៅថា VIA។ វាមានប្រសិទ្ធភាពចន្លោះពី៦០-៨៨%  ដែលអាចដឹងពីលទ្ធផលភ្លាម និងអាចព្យាបាលបានតែម្តង។ វិធីនេះក៏មានតំលៃថោកសមរម្យ ប៉ុន្តែវាមិនអាចបញ្ជាក់ពីកម្រិតនៃការប្រែប្រួលបានទេ។

វិធីទី២ គឺតេស្តកៀរយករំអិលពីមាត់ស្បូនទៅវិភាគដោយប្រើម៉ាស៊ីន ដើម្បីរកមើលមេរោគជុំវិញដែលអាចវិវត្តន៍ទៅជាមហារីកមាត់ស្បូន។ វិធីនេះហៅថា HPV ដែលមានប្រសិទ្ធភាពចន្លោះពី៧០-៨៩%។ ការជ្រើសយកវិធីនេះ យើងមិនអាចព្យាបាលបានភ្លាមៗនោះទេ ព្រោះយើងត្រូវរងចាំលទ្ធផល តេស្តជាមុនសិន ដើម្បីអាចបញ្ជាក់ពីការឆ្លង។ វិធីនេះក៏មិនអាចសន្និដ្ឋានពីកម្រិតនៃការប្រែប្រួលបានដែរ។

វិធីទី៣ គឺតេស្តកៀររំអិលលើមាត់ស្បូនយកទៅវិភាគដោយឧបករណ៍មន្ទីរពិសោធន៍រកមើលកោសិកាប្រែប្រួល។ វិធីនេះហៅថាPAP Smear ដែលមានប្រសិទ្ធភាពចន្លោះពី៥៧-៩៦%។ វិធីនេះមិនអាចព្យាបាលជំងឺបានភ្លាមទេ ព្រោះយើងត្រូវរងចាំលទ្ធផលតេស្តជាមុនសិន។ វិធីធ្វើតេស្តប្រភេទនេះអាចកំណត់ពីកម្រិតនៃការប្រែប្រួលបាន ។​

តើការធ្វើតេស្តរកមើលជំងឺមហារីកមាត់ស្បូន មានភាពឈឺចាប់ឬទេ?

ការពិនិត្យមាត់ស្បូនមិនមានការឈឺចាប់ទេ ស្រ្តីខ្លះមានអារម្មណ៍អួលៗ ឬផ្សាបន្តិចបន្តួចក្នុងពេលកំពុងពិនិត្យ ប៉ុន្តែនឹងបាត់ភ្លាមៗដោយឯកឯងនៅពេលពិនិត្យរួច ។

ជាទូទៅដើម្បីដឹងពីជំងឺមហារីកមាត់ស្បូនលើស្ត្រី ជម្រើសដ៏ល្អស្រ្តីគប្បីគួរមកពិភាក្សាជាមួយគ្រូពេទ្យជំនាញ និងធ្វើតេស្តស្រាវជ្រាវរកមើលការប្រែប្រួលមិនធម្មតានៃកោសិកាមាត់ស្បូន ។ ការពិនិត្យផ្តល់ប្រយោជន៍ឱ្យស្ត្រី មិនត្រឹមតែរកឃើញរាល់ការប្រែប្រួលនានានៃកោសិកាមាត់ស្បូនដែលអាចឈានទៅរកមហារីកមាត់ស្បូនប៉ុណ្ណោះទេ ហើយថែមទាំងផ្តល់ឱ្យស្រ្តីអាចទទួលបានការធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវ ។ ប្រសិនបើមានការកររោគ ឬប្រែប្រួលដំបូងយើងអាចធ្វើការព្យាបាលទប់ស្តាត់មិនឱ្យមានការវិវត្តទៅរកមហារីករាលដាល ព្រមទាំងព្យាបាលជំងឺរោគស្រ្តី និងការករោគនៅតាមផ្លូវបន្តពូជថែមទៀតផង ។

តើមានវិធីសាស្ត្រក្នុងការព្យាបាលកោសិកាមាត់ស្បូនមានការប្រែប្រួលដែរឬទេ?

ជំងឺមហារីកមាត់ស្បូនអាចព្យាបាលបានតែនៅតំណាក់កាលដំបូង គឺនៅពេលដែលការពិនិត្យមាត់ស្បូនរកឃើញថាមានការប្រែប្រួលកោសិកាមិនធម្មតា ដែលជាសញ្ញាអាចបញ្ជាក់បានថាវាអាចវិវត្តន៍ទៅជាមហារីកនៅថ្ងៃក្រោយ។ ក្នុងករណីនេះគ្លីនិករ៉ាក់មានការព្យាបាលដោយឧបករណ៍ស្អំត្រជាក់​ និងស្អំក្តៅទៅលើការប្រែប្រួលកោសិកាមាត់ស្បូនយ៉ាងមានប្រសិទ្ធភាព។​ ការព្យាបាលដោយឧបករណ៍ស្អំអាចលុបបំបាត់កោសិកាប្រែប្រួលនិងទប់ស្កាត់ការវិត្តន៍ទៅរកមហារីក។​ គួរបញ្ជាក់ផងដែរថារាងកាយស្រ្តីគួរទទួលការព្យាបាលភ្លាមដោយមិនត្រូវការរងចាំយូរបន្ទាប់ពីលទ្ធផលបង្ហាញពីភាពមិនធម្មតា។​

ស្ត្រី និងអ្នកដែលមានរាងកាយជាស្ត្រី គួរស្វែងយល់ពីការបង្ការជំងឺមហារីកមាត់ស្បូន

យើងគប្បីគួរមកពិនិត្យស្រាវជ្រាវរកមើលតំបន់ប្រែប្រួលមិនធម្មតានៃមាត់ស្បូនឱ្យបានទៀងទាត់រាល់មួយឆ្នាំម្តង ឫ៣ឆ្នាំម្តង និងអាចប្រើប្រាស់វិធីសាស្ត្រ ធ្វើតេស្តពិនិត្យ២មុខក្នុងពេលតែមួយ។ លើសពីនេះ គឺមានវ៉ាក់សាំងចាក់សម្រាប់ការពារជំងឺមហារីកមាត់ស្បូន សម្រាប់ក្មេងស្រីអាយុចាប់ពី៩ឆ្នាំដល់១៣ឆ្នាំ។ ការចាក់វាក់សាំងនេះមានចំនួន២កម្រិត។ ​សម្រាប់ស្រ្តីដែលមានអាយុចាប់ពី១៤ឆ្នាំដល់៤៥ឆ្នាំ អាចចាក់វ៉ាក់សាំង៣កម្រិត។ ស្រ្តីដែលធ្លាប់ឆ្លងកាត់ការរួមភេទតម្រូវឲ្យធ្វើតេស្តស្រាវជាវរកមើលមេរោគ HPV ឬកោសិកាប្រែប្រួលនៅលើមាត់ស្បូនជាមុនសិន​ មុននឹងចាក់វ៉ាក់សាំងការពារ។

វិធីសាស្ត្របង្ការមេរោគ HPV និងជំងឺកាមរោគផ្សេងៗ រួមទាំងជំងឺអេដស៍ផងដែរនោះ គឺការប្រើប្រាស់ស្រោមអនាម័យរាល់ពេលរួមភេទជាមួយដៃគូ ជាពិសេសចំពោះអ្នកដែលមានដៃគូរួមភេទច្រើន ឫមានដៃគូមិនជាប់លាប់។

រៀបចំដោយ​វេជ្ជ. គីម ​ថុនា គ្រូពេទ្យទទួលបន្ទុកគ្លីនិក រ៉ាក់ ទួលទំពូង ឆ្នាំ២០២៣

អត្ថបទដោយ: RHAC

មតិយោបល់