រំលងម៉ឺនុយទំព័រ

ការបៀតបៀនពីដៃគូស្និលស្នាល

ការបៀតបៀនពីដៃគូស្និលស្នាល

រឿងជោគជ័យ
53

សព្វថ្ងៃនេះប្រទេសកម្ពុជាមានការអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យ នៅក្នុងនោះរួមទាំងការរីកចម្រើនប្រព័ន្ធឌីជីថល។ ការប្រាស្រ័យទាក់ទងមានភាពរីកចម្រើនខ្លាំងដែលអាចនិយាយគ្នា មើលឃើញគ្នានៅគ្រប់តំបន់។ យុវវ័យនៅក្នុងសង្គមសព្វថ្ងៃនេះ  ផ្តោតខ្លាំងចំពោះការប្រាស្រ័យទាក់ទងតាមបែបឌីជីថលមួយនេះ។ នៅក្នុងនោះក៏មានកត្តាមួយ ដែលជាផលវិបាកសម្រាប់យុវវ័យដែលមានជនខិលខូចមួយចំនួនយកប្រព័ន្ធផ្សព្វផ្សាយមួយនេះធ្វើទង្វើមិនត្រឹមត្រូវ ដើម្បីផលប្រយោជន៍របស់ខ្លួន។

ចាស្មីន (ឈ្មោះដាក់ឱ្យ)  ជាក្មេងស្រីម្នាក់ រស់នៅក្នុងខេត្តសៀមរាប ។ នាងមានអាយុ១៦ឆ្នាំ ដោយនាងមានបងប្អូនចំនួន៥នាក់ ស្រី៤នាក់ ប្រុស១នាក់ នាងជាកូនស្រីពៅ។ សព្វថ្ងៃនាងរៀនថ្នាក់ទី១១ នៃវិទ្យាល័យមួយនៅក្នុងក្រុងសៀមរាប ដែលនៅក្នុងថ្ងៃអនាគតនាងចង់ក្លាយជាប៉ូលីស។ នៅក្នុងថ្នាក់រៀនរបស់នាង នាងជាមនុស្ស ដែលមានប្រជាប្រិយភាព ចូលរួមការងារសង្គម និងជាសិស្សម្នាក់ដែលរៀនពូកែប្រចាំថ្នាក់របស់នាងថែមទៀត។ នៅចុងឆ្នាំនៃការរៀនថ្នាក់ទី១០របស់នាង នាងស្គាល់បុរសម្នាក់ តាមប្រព័ន្ធឌីជីថល ដោយបុរសនោះរស់នៅខេត្តផ្សេង។ នាង និងបុរសនោះ តែងតែឆាតរកគ្នាជាធម្មតាតាមបែបមិត្តភក្តិដែលស្គាល់គ្នាតាមអនឡាញ ពីមួយថ្ងៃទៅមួយថ្ងៃ នាងកាន់តែមានភាពស្និទ្ធស្នាលជាមួយបុរសនោះ មានបញ្ហាអ្វីតែងតែនិយាយប្រាប់គ្នា ហើយក៏បានចាប់ផ្ដើមទំនាក់ទងជាគូសង្សារ។ រំលងបានបាន១ខែ បុរសជាដៃគូ បានផ្ញើរូបអាក្រាតរបស់ខ្លួនឱ្យនាង និងបានលួងលោមនាងឱ្យនាងផ្ញើរូបអាក្រាតកាយផ្ញើទៅវិញ តាមរយៈការដោះដូរជាថវិការចំនួន៥០ដុល្លារ និងសន្យាថា លាក់ការសម្ងាត់ និងយកគ្នាជាគូអនាគត។ នាងមិនបានគិតច្រើនទេ ដោយសារនាងខ្វះខាតថវិកាផង ណាមួយនាងគិតថាគេនឹងយកនាងជាគូអនាគតផងនោះ នាងបានផ្ញើរូបអាក្រាតកាយចំនួន១សន្លឹកទៅដៃគូ របស់នាងវិញ។ បន្ទាប់ពី ចាស្មីន បានផ្ញើរូបរួច ដៃគូរបស់នាងមិនទាន់បានធ្វើសកម្មភាពអ្វីដែលធ្វើឱ្យនាងព្រួយបារម្ភនោះទេ ទើបនាងបានគិតថា «ដៃគូមានភាពស្មោះត្រង់ជាមួយខ្ញុំ»...។ មិនយូរប៉ុន្មានដៃគូរបស់នាងចាប់ផ្តើមធ្វើសកម្មភាពមកលើរូបនាង ដោយឱ្យនាងថតរូបផ្ញើទៅម្តងទៀត ប៉ុន្តែនាងមិនយល់ព្រមនោះទេ។ ដោយហេតុនេះហើយ ដៃគូនាងបានគម្រាមថា«ខ្ញុំនឹងបង្ហោះរូបនាង ហើយខ្ញុំនឹងមករកនាងដល់ផ្ទះ...»។ ចាស្មីនមានការតក់ស្លុត និងភ័យខ្លាចជាខ្លាំង ព្រោះនាងមិនដែលបានជួបរឿងបែបនេះទេ។

នាងបានលុបរូបភាពរបស់នាងចេញពីឆាត និងបាន Block Messenger ,Telegram, Instagram និងលេខទូរស័ព្ទរបស់គេចោលមិនឱ្យទាក់ទងមកនាងទៀត ថែមទាំងនាងបានផ្លាស់ប្តូរ លេខទូរស័ព្ទថ្មី។ នាងមិនហ៊ានប្រាប់រឿងនេះទៅកាន់អ្នកណាម្នាក់ទេ សូម្បីឪពុកម្តាយនាង ព្រោះនាងខ្លាចការស្តីបន្ទោស ម្យ៉ាងវិញទៀតឪពុកម្តាយនាងមិនអនុញ្ញាតឱ្យមានសង្សានៅវ័យសិក្សាទេ។ នាងបានសម្រេចចិត្តប្រាប់រឿងនេះទៅកាន់មិត្តជិតស្និតរបស់នាងម្នាក់នៅក្នុងសាលាជាមួយគ្នា។ យ៉ាងណាមិញ នាងនៅតែមិនសប្បាយចិត្ត នាងចូលចិត្តស្ងៀមស្ងាត់ និងមិនសូវចូលក្នុងចំណោមមិត្តរបស់នាងនៅក្នុងថ្នាក់ ព្រោះខ្លាចរឿងរបស់នាងបែកធ្លាយដែលនាងមិនអាចទទួលយកបានទេ។

ថ្ងៃមួយបុគ្គលិកអង្គការរ៉ាក់បានចុះចែករំលែកចំណេះដឹងស្តីពីការបៀតបៀនផ្លូវភេទ និងការចាក់វីដេអូអប់រំគំនូជីវចលរ៉ាក់នៅក្នុងសាលារៀន។ ដែលក្នុងវីដេអូនោះបានបង្ហាញអំពីការចេះការពារខ្លួនក្នុងការប្រើប្រាស់បណ្តាញសង្គម ដូចជា Tik Tok Facebook ជាដើម។ ជាពិសេស ការលើកទឹកចិត្តចំពោះជនរងគ្រោះដែលមានបញ្ហា កុំមានភាពភ័យខ្លាច និងខ្មាសអៀនក្នុងការស្វែងរកដំណោះស្រាយ។ ក្រោយពីបានចូលរួមរួចមក នាងបានគិតដល់រឿងរបស់នាង និងបានប្រាប់រឿងនេះទៅកាន់បុគ្គលិក ដែលបានចែករំលែកចំណេះដឹងនោះ។ បុគ្គលិកបានជួយក្នុងការអន្តរាគមន៍ និងស្វែងរកជំនួយតាមរយៈលើកទឹកចិត្ត និងណែនាំអំពីការបៀតបៀន ដែលរ៉ាក់មានដៃគូដែលអាចជួយលុបរូបទាំងនោះបាន។ នា​ង​បាននិយាយថា​ «ខ្ញុំសូមចាំមើលទង្វើដៃគូរបស់នាងសិន បើមានសកម្មភាពផ្សេងដែលរំខានដល់ខ្ញុំ ខ្ញុំនឹងសុំជំនួយប្រឹក្សាបន្ថែម»។ បុគ្គលិករ៉ាក់បានយល់ស្របតាមការសម្រេចចិត្តរបស់ចាស្មីន។ តាំងពីពេលនោះមក នាងបានយល់ដឹង និងមានការប្រុងប្រយ័ត្នខ្ពស់រាល់ការទំនាក់ទំនងជាមួយជនដែលមិនស្គាល់មុខច្បាស់ ឬតាមប្រព័ន្ធអនឡាញ។ បន្ទាប់ពីមានការប្រឹក្សាយោបល់រួចមកនាងមានការសប្បាយចិត្តឡើងវិញ ព្រោះរឿងរបស់នាងមិនមានការបែកធ្លាយ និងបានចូលរួមយ៉ាងសកម្មដូចពីមុន (ពេលមិនទាន់មានបញ្ហា) ហើយខិតខំប្រឹងប្រែងរៀនសូត្របានលទ្ធផលល្អដូចកាលដើមឆ្នាំវិញ។

ចាស្មីនបាននិយាយថា៖ «ខ្ញុំសូមថ្លែងអំណរគុណដល់បុគ្គលិករ៉ាក់ដែលបានចុះផ្សព្វផ្សាយស្តីពីប្រធានបទផ្សេងៗ ជាពិសេសការបៀតបៀនផ្លូវភេទ ដែលធ្វើឱ្យខ្ញុំចេះគិតពិចារណាសារជាថ្មី ថែមទាំងបានយល់ដឹងកាន់តែច្បាស់ពីការបៀតបៀន និងចេះការពារខ្លួនជាងមុន។ សម្រាប់យុវវ័យដែលកំពុងប្រើប្រាស់បណ្តាញសង្គម សូមមេត្តាប្រុងប្រយ័ត្នខ្ពស់ និងស្វែងរកជំនួយរាល់ការបៀតបៀនណាមួយដែលកើតឡើង សូមកុំស្ញៀមស្ងាត់។ ម្យ៉ាងទៀត សូមកុំចាញ់ការលួងលោមពីនរណាម្នាក់ដែលយើងមិនស្គាល់ ឬការស្រឡាញ់គ្នាដោយមិនដែលស្គាល់...»។

នាងបន្តទៀតថា៖ «សូមក្មេងស្រីទាំងអស់កុំដោយសារតែថវិកាហ៊ានផ្លាស់ប្តូរខ្លួនឯង ត្រូវចេះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយមុនធ្វើការសម្រេចចិត្ត។ វាជាការចាំបាច់ណាស់ដែលយុវវ័យត្រូវស្វែងយល់ពីចំណេះដឹងស្តីពីសុខភាព ជាពិសេសសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ ដើម្បីចេះសម្រេចចិត្តឱ្យបានត្រឹមត្រូវ ចេះការពារពីបញ្ហាផ្សេងៗ និងកុំមានការភ័យខ្លាច ហើយត្រូវក្លាហ៊ាននិយាយពីបញ្ហារបស់ខ្លួនដែលជួបប្រទះ...»។

រឿងរ៉ាវផ្សេងៗទៀត👇
អ្នកណាជាក្រុមគោលដៅលាក់មុខ ហើយប្រឈមខ្ពស់នឹងការឆ្លងមេរោគអេដស៍?https://shorturl.at/EBRlf

ជម្នះភាពខ្មាសអៀន ដើម្បីទទួលបានចំណេះដឹងត្រឹមត្រូវ អំពីសុខភាពផ្លូវភេទ និងសុខភាពបន្តពូជhttps://shorturl.at/XImDJ

ភាពពេញវ័យ និងសុបិន្តសើមរបស់ក្មេងប្រុសhttps://shorturl.at/IQPAK

ដោះស្រាយការយល់ខុស និងអាកប្បកិរិយាប្រថុយប្រថានជុំវិញការចាក់វ៉ាក់សាំងកុមារhttps://shorturl.at/gnJVw

អត្ថបទដោយ: RHAC

មតិយោបល់