រំលងម៉ឺនុយទំព័រ

ការត្រួតពិនិត្យទ្វារមាសដោយខ្លួនឯង

ការត្រួតពិនិត្យទ្វារមាសដោយខ្លួនឯង

ព័ត៌មានសុខភាពយុវវ័យ
975

ការស្គាល់ពីរាងកាយខ្លួនឯង ដើម្បីទទួលអារម្មណ៍នៃភាពខុសប្រក្រតីណាមួយកើតឡើង គឺជារឿងសំខាន់ណាស់!

អត្ថបទនេះ នឹងផ្តល់ជូននូវព័ត៌មានមូលដ្ឋានមួយចំនួនអំពីការត្រួតពិនិត្យមើលទ្វារមាសដោយខ្លួនឯង ជូនមិត្តនារីទាំងអស់!

ចំណាំ៖ ប្រសិនបើអ្នកមានការត្រួតពិនិត្យទ្វារមាស ឬធ្វើតេស្តកៀររំអិលនៅមាត់ស្បូន ជាប្រចាំ នោះអ្នកមិនចាំបាច់ធ្វើការពិនិត្យទ្វារមាសដោយខ្លួនឯងនោះទេ។ ទោះជាយ៉ាងណាក៏ដោយ អ្នកអាចចង់ដឹង និងពិនិត្យមើលការផ្លាស់ប្តូរ មិនធម្មតាណាមួយដែលអាចកើតមាន ប្រសិនបើអ្នកខកខានការត្រួតពិនិត្យជាប្រចាំរបស់អ្នក។ ប្រសិនបើអ្នករកឃើញបញ្ហា អ្នកអាចចាប់ផ្តើមការព្យាបាលបានរហ័ស និងប្រហែលជាអាចទទួលបានលទ្ធផលប្រសើរជាង។

តស់! មកស្វែងយល់ពីតំបន់ពិសេសរបស់អ្នកជាមុនសិន!

ផ្នែកខាងក្នុងនៃទ្វាមាសទ្វារមាស​គឺជា ​បំពង់​សាច់ដុំ​ដែល​មាន​សភាព​យឺត និង​មាន​ស្រទាប់​ទន់​អាច​បត់បែន​បាន​ដែល​ផ្តល់​នូវ​ទឹករំអិល និងពោរពេញដោយ​អារម្មណ៍រំញោច។ ទ្វារមាសភ្ជាប់ស្បូនមកពិភពខាងក្រៅ។ ទ្វាមាស និងបបូរតូច បបូរធំ បង្កើតជាច្រកចូល ហើយមាត់ស្បូនរបស់ស្បូនលូតពីក្នុងទ្វារមាស បង្កើតជាផ្នែកខាងក្នុង។

ទ្វារមាស​ជាកន្លែងស៊ក​លិង្គ នៅពេល​រួមភេទ ហើយវា​ក៏​ដើរតួ​ជា​បំពង់​សម្រាប់​បង្ហូរឈាម​រដូវ​ពី​ស្បូនចេញមកក្រៅ​ផងដែរ​។ ក្នុងអំឡុងពេលសម្រាលកូន ទារកឆ្លងកាត់ទ្វារមាស (ប្រឡាយកំណើត) ។

សន្ទះព្រហ្មចារី គឺជាភ្នាសស្តើងនៃជាលិកាដែលព័ទ្ធជុំវិញ និងបង្រួមរន្ធទ្វារមាស។ វា​អាច​ដាច់​រហែក ឬ​ប្រេះ​ដោយ​សកម្មភាព​ផ្លូវភេទ ឬ​ដោយ​ការ​ហាត់ប្រាណ។

តើអ្នកត្រូវត្រួតពិនិត្យមើលអ្វី?

ការ​ពិនិត្យ​ដោយ​ខ្លួន​ឯង​គឺ​មិន​ស៊ី​ជម្រៅ​ដូច​ការ​ពិនិត្យ​អាង​ត្រគាក​ ដូចការធ្វើ​រោគវិនិច្ឆ័យដោយអ្នកជំនាញនោះទេ។ ហេតុនេះ អ្នក​គួរ​តែ​ធ្វើ​ការ​ពិនិត្យ​អាង​ត្រគាក​ជា​ប្រចាំ  ព្រោះការពិនិត្យអាងត្រកៀកអាចឱ្យអ្នកដឹងពីដុំគីសនៅកន្សោមពង ជំងឺកាមរោគ (STDs) ដុំសាច់ក្នុងស្បូន មហារីកដំណាក់កាលដំបូង និងសញ្ញាផ្សេងទៀតនៃបញ្ហាសុខភាពស្ត្រី។

ទោះជាយ៉ាងណា ការពិនិត្យទ្វារមាសដោយខ្លួនឯងអាចជួយអ្នករកឃើញសញ្ញានៃជំងឺកាមរោគ ឬការប្រែប្រួលទ្វារមាសរបស់អ្នក (ផ្នែកខាងក្រៅនៃប្រដាប់ភេទ) ដែលអាចបង្ហាញពីបញ្ហាសុខភាពផ្សេងទៀត។ ស្នាមអុជៗ ស្នាម​របួស ឬ​ស្នាម​ជាំ​អាច​ជា​សញ្ញា​ដំបូង​នៃ​មហារីក​ទ្វារមាស ដែលអ្នកត្រូវដឹង ដើម្បីទៅបន្ត​ពិនិត្យ​រោគវិនិច្ឆ័យដោយអ្នកជំនាញ។ ការ​ពិនិត្យ​ដោយ​ខ្លួន​ឯង​ ​ក៏​អាច​ជួយ​អ្នក​រក​ឃើញ​ការ​ផ្លាស់​ប្តូរ​នៃ​ជញ្ជាំង​ទ្វារមាស​របស់​អ្នក និង​​មាត់ស្បូន​របស់​អ្នក​ផង​ដែរ។

តើខ្ញុំធ្វើការពិនិត្យទ្វារមាសដោយខ្លួនឯងដោយរបៀបណា?

អ្នកអាចធ្វើវាបានគ្រប់ពេល ប៉ុន្តែពេលដែលល្អបំផុតនៅពេលដែលអ្នកមិនមករដូវ។ សូមចាំថា កុំ​ប្រើ​ក្រែម ឬទឹកលាងសម្អាតខាងក្នុង​ទ្វារមាស​យ៉ាង​ហោច​ណាស់ ២៤ ម៉ោង​មុនពេលធ្វើការពិនិត្យ។

អ្នកក៏ត្រូវត្រៀមឧបករណ៍ជំនួយមួយចំនួនដូចជា៖

  • ផ្ទាំងកញ្ចក់តូច

  • ពិល ឬពន្លឺភ្លើងដែលអាចជំនួសពិលបាន

  • ផ្ទាំងរូបភាពដ្យាក្រាមលម្អិតនៃប្រព័ន្ធបន្តពូជជាមួយនឹងផ្នែកប្រដាប់ភេទទាំងអស់ដែលមានឈ្មោះ (ដូច្នេះអ្នកនឹងដឹងពីអ្វីដែលអ្នកកំពុងមើល)។

  • ខ្នើយ និងកន្សែងមួយ

ជំហានទី១៖ អ្នកត្រូវប្រាកដចិត្តថាដៃរបស់អ្នកស្អាត ឬអ្នកពាក់ស្រោមដៃដែលគ្មានមេរោគ។ ហើយសូមប្រយ័ត្នចំពោះក្រចកដៃវែងរបស់អ្នកដែលនាំឱ្យដាច់រលាត់ស្បែកបាន។

ជំហានទី២៖ ដោះសម្លៀកបំពាក់របស់អ្នកចេញពីចង្កេះចុះក្រោម រួចអង្គុយលើគ្រែ ឬនៅលើកន្សែងទល់នឹងជញ្ជាំង ហើយយកខ្នើយទ្រាប់ខ្នង។ អង្គុយបត់ជើងទៅក្រោយ ហើយកន្ធែកជើងអ្នក។

ជំហានទី៣៖ សម្រាកសាច់ដុំអាងត្រគាករបស់អ្នក។ បន្ទាប់មកពិនិត្យផ្នែកនៃទ្វារមាស៖ ឆ្តេញ និង បបូរធំខាងក្រៅ និងបបូរតូចខាងក្នុង។ សូមចំណាំពណ៌ និងទំហំនៃផ្នែកនីមួយៗ ដូច្នេះប្រសិនបើមានអ្វីផ្លាស់ប្តូរ អ្នកនឹងសម្គាល់ ដឹងយ៉ាងងាយស្រួល។ អ្នកប្រហែលជាត្រូវទាញស្បែកគ្រប់ឆ្តេញមើល។ អ្នក​ក៏​ប្រហែល​ជា​ត្រូវ​វែករោមលើប្រដាប់ភេទ​ចេញ​ពី​គ្នា​ដើម្បី​មើលឱ្យ​ច្បាស់​លាស់​នៅ​តំបន់​នោះ។

ដើម្បី​ធ្វើ​ការ​ពិនិត្យ​ដោយ​ខ្លួន​ឯង​ឱ្យ​បាន​ពេញលេញ​បន្ថែម​ទៀត សូម​ញែកបបូរតូចទាំង២ចេញ​ពី​គ្នា​ថ្នមៗ ហើយដាក់​កញ្ចក់​ និងបញ្ចាំង​ពន្លឺ ដើម្បី​ឱ្យ​អ្នក​អាច​មើល​ទៅ​ក្នុង​ទ្វារមាសឃើញ។ សូមចាំថា ជញ្ជាំងទ្វារមាសគួរតែមានពណ៌ផ្កាឈូក។ ប្រសិនបើអាច សូមប្រើម្រាមដៃលូកចូលទៅក្នុងទ្វារមាស ហើយស្ទាបតាមជញ្ជាំងទ្វារមាស។ អ្នក​អាច​សម្គាល់​ឃើញ​ថា​វា​មាន​អារម្មណ៍​ដូច​ជាសាច់ថ្ពាល់ក្រអូម​មាត់ខាងក្នុង​របស់​អ្នក។ ប្រសិនបើអ្នកលូកចូលទៅជ្រៅបន្តិច អ្នកអាចមានអារម្មណ៍ថាប៉ះមាត់ស្បូន។ អ្នកនឹងមានអារម្មណ៍ដូចអ្នកប៉ះចុងច្រមុះខ្លួនឯង។

សូមបញ្ជាក់ថា៖ វាមិនជាអ្វីទេ ប្រសិនបើអ្នកមិនមានអារម្មណ៍ស្រណុកក្នុងការពិនិត្យបែបនេះ។ អ្នកអាចធ្វើការត្រួតពិនិត្យមើលសាមញ្ញៗនៅផ្នែកខាងក្រៅក៏បាន។ ប៉ុន្តែកុំភ្លេចទៅជួបគ្រូពេទ្យជំនាញខាងរោគស្ត្រីដើម្បីពិនិត្យអាងត្រគាកជាប្រចាំ។

តើខ្ញុំត្រូវធ្វើការពិនិត្យអាងត្រគាកញឹកញាប់ប៉ុណ្ណា?

វាអាចអាស្រ័យលើអាយុ ប្រវត្តិសុខភាព និងកត្តាផ្សេងៗទៀតរបស់អ្នក។

ពេលណាដែលអ្នកគួរទៅរកគ្រូពេទ្រជំនាញ?

ប្រសិនបើក្នុងអំឡុងពេលពិនិត្យទ្វារមាសដោយខ្លួនឯង អ្នកឃើញមានដុំសាច់ក្នុងប្រដាប់ភេទ ដំបៅ រលាក ចំណុច ឬពណ៌ខុសពីធម្មតា ឬមានក្លិនស្អុយ សូមធ្វើការណាត់ជួបគ្រូពេទ្យរបស់អ្នកភ្លាម។ បរិមាណនៃការធ្លាក់សតិចតួចដែលមិនមានក្លិនគឺជារឿងធម្មតា។ ប​រិមាណនៃការធ្លាក់សនេះអាចតិច ឬច្រើន អាស្រ័យលើថ្ងៃនៃវដ្ត   រដូវរបស់អ្នក។

ប្រសិនបើអ្នករកឃើញការសង្ស័យណាមួយ សូមចងចាំថា៖ ការធ្វើរោគវិនិច្ឆ័យ និងព្យាបាលកាន់តែលឿន នឹងនាំអ្នក ឱ្យមានអារម្មណ៍ធូរស្រាល និងមានសន្តិភាពក្នុងចិត្តបានកាន់តែរហ័ស។

សូមទៅជួបអ្នកជំនាញរបស់អ្នកឥឡូវនេះ!

អត្ថបទដោយ: RHAC

មតិយោបល់