
ការតាំងចិត្តបញ្ចប់ការសម្រាលកូនតាមផ្ទះរបស់គណៈកម្មាធិការទទួលបន្ទុកស្ត្រី និងកុមារ ស្រុកសេសាន
ការសម្រាលតាមផ្ទះបន្តបង្កហានិភ័យធ្ងន់ធ្ងរដល់ម្តាយនិងទារកទើបកើតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង។ បើគ្មានឧបករណ៍ពេទ្យគ្រប់គ្រាន់ និងបុគ្គលិកជំនាញ ផលវិបាកដូចជាការធ្លាក់ឈាមក្រោយសម្រាល ឬឈឺពោះយូរអាចនាំឱ្យស្លាប់មាតានិងទារក។ ទោះបីជាមានមណ្ឌលសុខភាពឬមន្ទីរពេទ្យក៏ដោយ ក៏មានស្ត្រីមួយចំនួននៅតែសម្រាលកូននៅផ្ទះ ដោយសារភាពក្រីក្រ ផ្ទះនៅតំបន់ដាច់ស្រយាល បញ្ហាប្រឈមការធ្វើដំណើរនិងការដឹកជញ្ជូន និងការទទួលខុសត្រូវក្នុងគ្រួសារ ជាដើម។
ក្រោយពីការចូលរួមវគ្គបណ្ដុះបណ្តាលស្តីពីការងារអភិវឌ្ឍន៍ និងគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋមថ្នាក់ស្រុក និងឃុំដែលរៀបចំដោយអង្គការរ៉ាក់នៅក្នុងខែកក្កដា ឆ្នាំ២០២៥ អភិបាលស្រុកសេសានបានប្តេជ្ញាជាសាធារណៈក្នុងការកាត់បន្ថយការសម្រាលកូនតាមផ្ទះ និងធានាឱ្យស្ត្រីមានផ្ទៃពោះទាំងអស់សម្រាលនៅមណ្ឌលសុខភាព។ គំនិតផ្តួចផ្តើមនេះមិនត្រឹមតែស្របតាមតម្រូវការការបេ្តជ្ញាចិត្តរបស់រាជរដ្ឋាភិបាលប៉ុណ្ណោះទេ ថែមទាំងសង្កត់ធ្ងន់លើសារៈសំខាន់នៃសុខភាពមាតា និងទារក និងសុវត្ថិភាពនៃការសម្រាលកូនជាមួយអ្នកជំនាញដែលបានទទួលការបណ្តុះបណ្តាល។
លោក សាយ សុគីរី អនុប្រធានគណៈកម្មាធិការប្រឹក្សាស្ត្រី និងកុមារ ស្រុកសេសានបានប្រកាសថា ស្ត្រីមានផ្ទៃពោះទាំងអស់ត្រូវសម្រាលកូននៅមណ្ឌលសុខភាពដោយមានឆ្មប ជំនាញ និងឧបករណ៍ពេទ្យត្រឹមត្រូវ។ លោកនិងសហការីបានចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយដល់គ្រួសារនិងសហគមន៍អំពីហានិភ័យនៃការសម្រាលកូននៅតាមផ្ទះ និងអត្ថប្រយោជន៍នៃការថែទាំការសម្រាលកូនដោយគ្រូពេទ្យជំនាញនៅតាមគ្រឹះស្ថានសុខាភិបាល។ ដោយមានកិច្ចសហការពីថ្នាក់ដឹកនាំមូលដ្ឋាន រួមទាំងមេឃុំ បុគ្គលិកមណ្ឌលសុខភាព និងមេភូមិ លោកបានចុះជួបឆ្មបបុរាណ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមជាមួយឆ្មបបុរាណ ដោយជំរុញឱ្យពួកគាត់បញ្ឈប់ការសម្រាលកូននៅតាមផ្ទះ រួមទាំងដាក់វិធានការចំពោះឆ្មបបុរាណដែលបន្តជួយដល់ការសម្រាលកូននៅតាមផ្ទះដែលមិនមានសុវត្ថិភាព ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
ទោះបីជាមានការខិតខំប្រឹងប្រែងទាំងនេះក៏ដោយ ឧបសគ្គជាច្រើននៅតែមានដូចជា ភាពក្រីក្រ ផ្ទះនៅតំបន់ដាច់ស្រយាល និងផ្លូវដឹកជញ្ជូនមិនល្អធ្វើឱ្យមានការពិបាកក្នុងការធ្វើដំណើរ ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបានទាន់ពេលវេលា ព្រមទាំងបន្ទុកគ្រួសារដូចជា ការទទួលខុសត្រូវថែទាំកូន និងថែទាំផ្ទះសម្បែង។ល។
ការប្តេជ្ញាចិត្តរបស់អភិបាលខេត្ត និងការដឹកនាំរបស់លោក សុខ គីរី ក្នុងស្រុកសេសានបានរួមចំណែកក្នុងការកាត់បន្ថយការស្លាប់របស់មាតា និងទារក តាមរយៈការបង្កើនការសម្រាលដោយសុវត្ថិភាពនៅមណ្ឌលសុខភាព ការផ្លាស់ប្តូរអាកប្បកិរិយាសហគមន៍ដោយការលើកកម្ពស់ការយល់ដឹង និងលើកកម្ពស់ការអនុវត្តសុខភាពជាវិជ្ជមាន ការពង្រឹងភាពជាដៃគូក្នុងចំណោមអាជ្ញាធរមូលដ្ឋាន អ្នកផ្តល់សេវាសុខភាព និងសហគមន៍ និងការផ្តល់អំណាចដល់ស្ត្រីដោយធានាសុវត្ថិភាពនៃការមានផ្ទៃពោះ និងបទពិសោធន៍នៃការសម្រាលកូន។
ការប្រយុទ្ធប្រឆាំងនឹងការសម្រាលកូនតាមផ្ទះនៅស្រុកសេសាន ជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់សុខភាពមាតា និងទារកក្នុងខេត្តស្ទឹងត្រែង។ តាមរយៈការដឹកនាំដ៏រឹងមាំ ការចូលរួមសហគមន៍ និងគណនេយ្យភាព ស្រុកកំពុងកសាងបរិយាកាសសុវត្ថិភាពសម្រាប់ម្តាយ និងទារក។ ការប្តេជ្ញាចិត្តនេះ ប្រសិនបើត្រូវបានគាំទ្រយ៉ាងទូលំទូលាយដោយសហគមន៍ អាចផ្លាស់ប្តូរឥរិយាបថសុខភាព និងនាំមកនូវអត្ថប្រយោជន៍យូរអង្វែងសម្រាប់ស្ត្រីដែលងាយរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ។
មតិយោបល់